ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ជំនួយដល់គម្រោងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍកសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ដែលនឹងជួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីបង្កើនផលិតភាពកសិកម្មនិងសម្រួលដល់ការដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារ និងការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជនបទ។
ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ជំនួយទឹកប្រាក់ឥតសំណងជាង៥,៧លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាសម្រាប់ការកែលម្អផលិតកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាព ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅបណ្តាខេត្តតាមតំបន់ទន្លេសាប។
ជំនួយទឹកប្រាក់នេះត្រូវបានផ្តល់ដោយប្រទេសហ្វាំងឡង់សម្រាប់គម្រោងកាត់បន្ថយភាពក្រីក្រ និងជួយកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋខ្មែរចំនួន២,៥លាននាក់នៅតាមបណ្តាខេត្តនៃតំបន់ទន្លេសាប ដូចជាខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប នេះបើយោងតាមសេចក្តីថ្លែងការណ៍។
សេចក្តីថ្លែងការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា គម្រោងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍកសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបនឹងជួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីបង្កើនផលិតភាពកសិកម្ម និងសម្រួលដល់ការដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារ ការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ជនបទ ពង្រឹងសេវាកម្មហិរញ្ញវត្ថុតាមជនបទសម្រាប់កសិកម្មខ្នាតតូច និងអភិវឌ្ឍគោលនយោបាយសមស្របនិងបទបញ្ញត្តិនានា ដើម្បីគាំទ្រសហគមន៍កសិកម្មខ្នាតតូច។
លោកស្រីចំរុង អាយុ៥៤ឆ្នាំ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានថ្លែងថា អ្នកភូមិភាគច្រើនមានមុខរបរនេសាទសម្រាប់លក់យកប្រាក់ទិញអង្ករបរិភោគប្រចាំថ្ងៃ ហើយជីវភាពរបស់អ្នកភូមិភាគច្រើនប្រឈមនឹងភាពក្រីក្រ។
«ខ្ញុំធ្វើនេសាទបានបីគីឡូក្រាមក្នុងមួយថ្ងៃ ដែលលក់បានប្រមាណ៣.០០០រៀលនៅពេលត្រីឡើងថ្លៃ»។
លោកស្រីម៉យ លេ អាយុ៤៥ឆ្នាំ នៅឃុំដំណាក់ចាស់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បាននិយាយថា លោកស្រីចង់ឱ្យរដ្ឋាភិបាលជួយអភិវឌ្ឍផ្លូវថ្នល់សម្រាប់ដឹកស្រូវយកទៅលក់នៅទីផ្សារនិងបណ្តុះបណ្តាលជំនាញអំពីរបៀបធ្វើស្រែដើម្បីឱ្យទិន្នផលខ្ពស់ និងអំពីរបៀបចិញ្ចឹមត្រីសម្រាប់កាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់នេះ។
«រដ្ឋាភិបាលអាចធ្វើការអភិវឌ្ឍតំបន់នេះបាន។ រដ្ឋាភិបាលអាចកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់នេះបានហើយ។ រដ្ឋាភិបាលអភិវឌ្ឍផ្លូវសម្រាប់ដឹកទិន្នផលស្រូវបន្តិចបន្តួចយកទៅលក់ស្រួល ដែលនឹងធ្វើឱ្យអ្នកភូមិទាំងអស់សប្បាយរីករាយ។ បើទឹកទន្លេឡើងខ្លាំង វាលិចដំណាំស្រូវខូចអស់»។
ក្រុមមន្ត្រីមូលដ្ឋានបាននិយាយថា ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនៃតំបន់ទន្លេសាបមានជីវភាពក្រខ្សត់ ដោយការធ្វើស្រែ និងការនេសាទចិញ្ចឹមជីវិត ដោយទទួលបានប្រាក់ចំណូលទាប គ្មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន ហើយក្មេង ដែលមិនទៅសាលារៀន បានជួយរកប្រាក់ចំណូលសម្រាប់គ្រួសារ ផ្ទៃដីធ្វើស្រែមិនគ្រប់គ្រាន់ និងទិន្នផលស្រូវទាប ហើយនិងកំណើនប្រជាពលរដ្ឋដែលជាបន្ទុកនៃភាពក្រីក្រ។
ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបជាង១៦លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០០៩ ក្នុងនោះរួមបញ្ចូលទាំងប្រាក់កម្ចី ជំនួយឥតសំណង ប្រាក់ធានាកម្មវិធីសម្របសម្រួលហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការវិនិយោគភាគហ៊ុន និងគម្រោងជំនួយផ្នែកបច្ចេកទេស៕