នារីរាងស្តើង សម្បុរស្រអែម ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម គឺអ្នកស្រី ស្តើង ភារ៉ុង។អ្នកស្រីនៅតែចងចាំអារម្មណ៍ពេលដែលអ្នកស្រីសម្រេចចិត្តចាកចេញពីស្រុកកំណើតលើកដំបូងមករស់នៅទីក្រុងភ្នំពេញដើម្បីបន្តការសិក្សាថ្នាក់ឧត្តម សិក្សាក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ។
អ្នកស្រីភារ៉ុងបានស្វះស្វែងជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីបន្តការសិក្សា ដោយក្តីសុបិន្ត និងសង្ឃឹមថាជីវិតរបស់ខ្លួននឹងផ្លាស់ប្តូរដោយការអប់រំ បើទោះបីជាអ្នកស្រីធ្លាប់រងគំនាបពីសំណាកក្រុមគ្រួសារ និងអ្នកជិតខាងក៏ដោយ។
អ្នកស្រីភារ៉ុងរំឭកអំពីអតីតកាល៖
«ឪពុកម្តាយខ្ញុំអត់ចង់ឱ្យខ្ញុំមករស់នៅទីក្រុងភ្នំពេញទេ ដោយសារតែគាត់បារម្ភថាខ្ញុំរស់នៅម្នាក់ឯង»។
អ្នកស្រីបន្តថា៖
«ចំពោះអ្នកជិតខាងវិញ គេតែងនិយាយថាទៅរៀននៅភ្នំពេញគឺគេអត់គិតថាយើងមករៀនទេ គឺគេគិតថាយើងមកធ្វើអីផ្សេងដែលសង្គមស្អប់ខ្ពើម ដោយពាក្យសម្តីរើសអើងផ្សេងៗ ដែលមើលមកឃើញថាយើងមករស់នៅទីក្រុងភ្នំពេញម្នាក់ឯងចឹងគឺជាស្ត្រីមិនល្អ»។
ជាទូទៅ ស្ត្រីខ្មែរក្រីក្រមួយចំនួនដែលចាកចេញពីស្រុកកំណើតមករស់នៅទីក្រុង តែងត្រូវបានគេវាយតម្លៃថា ពួកគេមកប្រកបរបរផ្នែកបម្រើសេវាកម្សាន្ត ដើម្បីជីវភាព។
ក្នុងកំឡុងពេលដែលអ្នកស្រីភារ៉ុងមករស់នៅទីក្រុងតែឯង ដោយផ្សងព្រេងនាងជួលផ្ទះស្នាក់នៅក្នុងតម្លៃ ២០ដុល្លារក្នុងមួយខែ ដោយរស់នៅតែម្នាក់ឯង។
«ផ្ទះហ្នឹងបើច្រានតែដៃមួយក៏ទៅដែរ ខ្ញុំរស់នៅជាមួយសត្វជាច្រើនដូចជាកន្លាតកណ្តុរអីអញ្ចឹង”។
អ្នកស្រីរៀបរាប់បន្តទាំងទឹកមុខស្វាហាប់ថា៖
«ខ្ញុំអត់ខ្លាចទេព្រោះអីខ្ញុំកើតមកខ្ញុំធ្លាប់ស្គាល់អស់ហើយ។ ប៉ុន្តែពេលណាដែលយើងរស់នៅម្នាក់ឯង ហើយជុំវិញខ្លួនសុទ្ធតែអ្នកផឹកអ្នកស៊ីដែលធ្វើឱ្យយើងខ្លាចនៅពេលយប់ដែលយើងស្នាក់នៅ អញ្ចឹងរាល់យប់ដែលខ្ញុំគេងខ្ញុំមានអារម្មណ៍ខ្លាចរហូត ខ្ញុំខ្លាច[អំពី] សុវត្ថិភាពខ្លួនឯង”។
ក្រោយការព្យាយាមជំនះបញ្ហាប្រឈមទាំងនេះ អ្នកស្រីភារ៉ុងបានបញ្ចប់បរិញ្ញាប័ត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយក្លាយជាមនុស្សដំបូងក្នុងគ្រួសារដែលបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ។
បញ្ហាដែល ស្ត្រីវ័យ២៤ឆ្នាំរូបនេះជួបប្រទះគឺ មិនខុសឆ្ងាយពីស្ត្រីជនបទវ័យក្មេងដទៃទៀតដែលចាកចេញពីស្រុកកំណើតមកបន្តការសិក្សានៅរាជធានីឡើយ។ រាជធានីភ្នំពេញគឺជា មជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ផ្នែកវិស័យឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជា លូតលាស់ផ្នែកទេសចរណ៍និងសេវាកម្ម និងជាបណ្តុំនៃគ្រឹះស្ថានអប់រំជាច្រើន។
យោងតាមផែនការណ៍នារីរតនៈទី៤ សេចក្តីសង្ខេបទី៤ទាក់ទងនឹងវិស័យអប់រំ ចេញផ្សាយដោយក្រសួងកិច្ចការនារី បានបង្ហាញថា កត្តាសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាបញ្ហាប្រឈមក្រៅប្រព័ន្ធអប់រំចំពោះក្មេងស្រីក្នុងការក្រេបជញ្ជក់ចំណេះដឹង។ ក្នុងនោះក៏បានសរសេរផងដែរថា បទដ្ឋានសង្គមលើទំនាក់ទំនងយេនឌ័រនៅតែជាបញ្ហាប្រឈមដ៏ចម្បងដែលរារាំងដល់ការបង្កើនឱកាសដល់ស្ត្រី និងក្មេងស្រីក្នុងការទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលនានា។
ការទំនុកបម្រុងគ្រួសារពីស្ត្រីចំណាកស្រុក
បច្ចុប្បន្នអ្នកស្រី ស្តើង ភារ៉ុង ជាជំនួយការផ្ទាល់របស់ឯកអគ្គរាជទូតចក្រភពអង់គ្លេសនៅភ្នំពេញ និងជាស្ថាបនិកមួយរូបនៃក្រុមយុវជនឈ្មោះថា ក្លឹបរួបរួមនៃយុវជនកម្ពុជា ដែលធ្វើការងារស្ម័គ្រចិត្តលើកកម្ពស់ស្ត្រី និងការអប់រំ។
របាយការណ៍របស់រាជរដ្ឋាភិបាលស្តីអំពីការធ្វើចំណាកស្រុកពីជនបទទៅទីក្រុងបានឱ្យដឹងថាចំណាកស្រុកបានកើនឡើងក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ដែលរួមមានស្ត្រីវ័យក្មេងជាច្រើនផងដែរ។ មួយភាគបីនៃស្ត្រីវ័យក្មេងទាំងនោះបានមកធ្វើការងារក្នុងរោងចក្រកាត់ដេរ ហើយគេបានកត់សម្គាល់ថា ស្ត្រីចំណាកស្រុករកប្រាក់ចំណូលបានតិចជាងបុរសដែលចំណាកស្រុកដូចគ្នា ប៉ុន្តែស្ត្រីបានផ្ញើប្រាក់កាសឱ្យទៅគ្រួសារនៅតាមជនបទបានច្រើនជាងបុរស។
អង្គការមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) បានកត់សម្គាល់ឃើញថា ស្ត្រីទំនងជាមិនចំណាកស្រុកដើម្បីបន្តការសិក្សាច្រើនទេបើធៀបនឹងបុរស។ អនុសាសន៍ក្នុងរបាយការណ៍នេះ បានជម្រុញឱ្យមានការបង្កើត «កម្មវិធីលើកទឹកចិត្តស្ត្រីចំណាកស្រុកដើម្បីការសិក្សា» ដោយផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាដល់ស្ត្រីទាំងនោះ ពង្រឹងសេវាថែទាំកុមារ និងបន្ថែមប្រាក់ឈ្នួលដល់ស្ត្រីចំណាកស្រុក។ គេរំពឹងថា វានឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេស។
បុរសមានឱកាសច្រើនជាងស្ត្រី
ស្រដៀងគ្នានឹង អ្នកស្រី ភារ៉ុងដែរ កញ្ញា ថុល ថាវរី អ្នកនិពន្ធសៀវភៅ «នារីប្រពៃ» មករស់ទីក្រុងតែឯង។ កញ្ញា ថាវរី បានរៀបរាប់ពីកត្តារាំងស្ទះក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដោយយល់ថា ក្មេងប្រុសមានឱកាសប្រសើរជាងក្មេងស្រី។
កញ្ញា ថាវរី លើកឡើងថា៖
«ខ្ញុំគិតថាឱកាសសម្រាប់ក្មេងប្រុសមានច្រើនជាង ឧទាហរណ៍បើសិនជាម៉ែឪមានលុយត្រឹមតែបង់ថ្លៃសាលាទេ តែអត់មានលុយឱ្យគាត់មកជួលបន្ទប់នៅ អញ្ចឹងក្មេងប្រុសអាចសុំលោក[សង្ឃ]បាននៅ។ ប៉ុន្តែនៅក្នុងវត្តអត់មានកន្លែងសម្រាប់ឱ្យសិស្សស្រីនៅបានទេ។ បញ្ហាមួយទៀតសិស្សស្រីត្រូវអស់លុយច្រើនបន្ថែមទៀតទៅលើការស្នាក់នៅ ហូបចុក»។
អ្នកនិពន្ធរូបនេះរៀបរាប់ពីបញ្ហាដែលខ្លួនជួបប្រទះក្នុងនាមជាស្ត្រិវ័យក្មេងដែលចាកចេញពីស្រុកកំណើតមករស់នៅក្នុងទីក្រុង។
«គំនាបសង្គមមានតាំងពីមុនខ្ញុំមកភ្នំពេញម៉្លេះ មានតាំងពីខ្ញុំនៅរៀន[វិទ្យាល័យ]។ ពេលដែលខ្ញុំទៅរៀន ភាគច្រើនគេព្យាយាមបញ្ចុះបញ្ចូលម៉ែខ្ញុំ។ គាត់ថាឱ្យវា[ថាវរី] រៀនធ្វើអី ម៉េចមិនឱ្យវាធ្វើការរោងចក្រ ធ្វើអីអញ្ចឹងទៅ យកលុយមកជួយម៉ែឪ។ អញ្ចឹងគំនាបខាងផ្នែកសង្គម ខាងមនុស្សនៅជុំវិញខ្លួនបន្តុះបង្អាប់ការទទួលបានការអប់រំសម្រាប់ស្ត្រី»។
ទោះជាយ៉ាងនេះក្តី ថាវរី នៅតែតស៊ូរៀនសូត្ររហូតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកព័ត៌មានវិទ្យានិងបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសប៉ែកអឺរ៉ុបរយៈពេល៣ឆ្នាំ និងបានសម្រេចគោលបំណងខ្លួនក្នុងការធ្វើដំណើរកម្សាន្តនៅបណ្តាប្រទេសជាច្រើនក្នុងសាកលលោកផងដែរ។
កន្លែងសិក្សា និងស្នាក់នៅដែលមានសុវត្ថិភាព
អ្នកស្រីសឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលផ្នែកអប់រំនិងយេនឌ័រនៃអង្គការខុមហ្វ្រែល យល់ថា ដើម្បីសម្រួលដល់ស្ត្រីចំណាកស្រុកមកសិក្សានៅទីក្រុង រដ្ឋាភិបាលគួរគិតគួរធានាសុវត្ថិភាព ពង្រឹងសន្តិសុខ និងការស្នាក់នៅសម្រាប់ស្ត្រី។
«គាត់[សាលា] គួរតែមានកន្លែងឱ្យសិស្សស្នាក់នៅ ហើយបង្ហាញពីសុវត្ថិភាពពិតប្រាកដ។ សន្តិសុខនៅកន្លែងគាត់ស្នាក់នៅហ្នឹងឱ្យច្បាស់លាស់។»
អ្នកស្រីបញ្ជាក់បន្ថែមថា៖
«កាលណាកន្លែងស្នាក់ធ្វើឱ្យមនុស្សជឿជាក់។ អញ្ចឹងអារម្មណ៍ភ័យខ្លាច អារម្មណ៍ភ័យព្រួយបារម្ភហ្នឹង វានឹងថយ។ អញ្ចឹងកម្រិតនៃការរៀនសូត្រនឹងក៏បានខ្លាំង ការផ្តោតលើការសិក្សាបានខ្លាំង ហើយមួយទៀតវាគឹជាគម្រូភាពមួយសម្រាប់ស្ត្រីក្រោយៗ។»
ស្ថិតិយេនឌ័រចម្បងៗរបស់ក្រសួងកិច្ចការនារីឆ្នាំ២០១៤ បានបង្ហាញថា អត្រាចុះឈ្មោះចូលរៀនរវាងស្ត្រីនិងបុរសគឺស្រដៀងគ្នាទាំងនៅថ្នាក់បឋមសិក្សា និងថ្នាក់អនុវិទ្យាល័យ ប៉ុន្តែមានគម្លាតរវាងស្ត្រី និងបុរសនៅថ្នាក់ឧត្តមសិក្សា។
អ្នកស្រីស្តើង ភារ៉ុងបានលើកទឹកចិត្តឱ្យក្មេងស្រីនៅជនបទឲ្យតស៊ូព្យាយាម និងចៀសវាងការបោះបង់ការសិក្សា។
«ការសិក្សាគឺជារឿងដែលសំខាន់ ដែលស្ត្រីគ្រប់រូបគួរតែទន្ទេញចាំជានិច្ចនៅក្នុងចិត្ត ហើយកុំបោះបង់ ព្រោះកាលណាដែលយើងរៀនបានខ្ពស់ ការមាក់ងាយ ការរើសអើងគឺលែងមានហើយ»៕