ក្រុម​សិទ្ធិ​មនុស្ស​កម្ពុជា៖ ​សេចក្តី​ព្រាង​ច្បាប់​បទ​ល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ ​និង​ឯកជនភាព

រូបឯកសារ៖ កម្មវិធីបណ្តាញសង្គមនៅលើទូរស័ព្ទដៃទំនើបមួយ កាលពិថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ភ្នំពេញ — សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ​ដែល​ VOA​ ទទួល​បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ជា​ច្រើន​ពី​ក្រុម​សិទ្ធិ​មនុស្ស​ស្តីពី​ប្រការ​មួយ​ចំនួន ​ដែល​អាច​ឲ្យ​រដ្ឋាភិបាល​បន្ត​ពង្រឹង​ការ​បង្ក្រាប​របស់​ខ្លួន​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​អំពី​ឯកជន​ភាព​ និង​ការ​ប្រមូល​ទិន្នន័យ​ផង​ដែរ។​

សេចក្តី​ព្រាង​ច្បាប់​ ដែល​ត្រូវ​បាន​ចាប់​ផ្តើម​តាក់​តែង​ឡើង​វិញ​ និង​ធ្លាប់​ត្រូវ​បាន​ប្រកាស​ជា​លើក​ដំបូង​ នៅ​ក្នុង​ឆ្នាំ​ ២០១០ ​នោះ មាន​គោល​បំណង​គ្រប់គ្រង​លំហ​អ៊ីនធឺណិត​ ដោយ​អនុញ្ញាត​ឲ្យ​នគរបាល​យុតិ្តធម៌​និង​តុលាការ​អាច​ស៊ើប​អង្កេត​បទ​ល្មើស​ព្រហ្មទណ្ឌ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ សេចក្តី​ព្រាង​ច្បាប់​ដែល​ចុះ​កាល​បរិច្ឆេទ​ កាល​ពី​ខែ​សីហា​ ហើយ​ VOA ​ទទួល​បាន​បង្ហាញ​ថា​ ច្បាប់​នេះ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បន្ត​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ពេល​ច្បាប់​នេះ​ ពឹង​ផ្អែក​លើ​ស្ថានភាព​ដែល​មាន​ការ​បកស្រាយ​មិន​ច្បាស់​លាស់។​

VOA ​បាន​ផ្តល់​ច្បាប់​ចម្លង​នៃ​សេចក្តី​ព្រាង​ច្បាប់​ដែល​បែក​ធ្លាយ​នេះ​ទៅ​ឲ្យ​លោក ​ប៊ុន ហុន​ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ ដែល​ទទួល​បន្ទុក​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។​ មន្រ្តី​ជាន់​ខ្ពស់​រូប​នោះ​បាន​បដិសេធ​មិន​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​សេចក្តី​ព្រាង​នេះ​ទេ ប៉ុន្តែ​លោក​ក៏​មិន​បាន​ច្រាន​ចោល​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ។​

លោក ​ប៊ុន ហុន​ ប្រាប់​ VOA ​ថា៖​ «យើង​ក៏​មិន​ទាន់​បញ្ចប់​ការ​ពិភាក្សា​គ្នា​ចូល​មក​សុំ​គោល​ការណ៍​រដ្ឋាភិបាល​ថា​ ទទួល​យក​សេចក្តី​ព្រាង​ហ្នឹង​នៅ​ឡើយ​ទេ។​ អ៊ីចឹង​ស្អីៗ​ ហ្នឹង​នៅ​មាន​បញ្ហា​ច្រើន​ទៀត។​ហើយ​អ្នក​ណា​អ្នក​ឲ្យ​សេចក្តី​ព្រាង​បែប​ហ្នឹង​ទៅ? ​ជួន​កាល​អ្នក​ឲ្យ​ហ្នឹង​មិន​ដឹង​ថា​ គាត់​បាន​មក​ពីណា​មក​ពី​ណី​អត់​ដឹង​ដែរ​ទេ»។​

លោក ​ប៊ុន ហុន​ មិន​ចង់​ឲ្យ​អ្នក​សារ​ព័ត៌មាន​រាយ​ការណ៍​ពី​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ។​ លោក​បញ្ជាក់​ថា៖​ «សេចក្តី​ព្រាង​នេះ​វា​មិន​មែន​ជា​សេចក្តី​ព្រាង​ ដែល​យើង​បាន​បញ្ចប់​កិច្ច​ការ​អី​នៅ​ឡើយ​ទេ។ ​អ៊ីចឹង​ហើយ​សូម​ថា ​កុំ​ទាន់​យក​ផ្សាយ​អី​ ព្រោះ​រឿង​នេះ​អ្នក​ឲ្យ​ហ្នឹង​មិន​ដឹង​គាត់​ពី​ណា​ពីណី​មក​ឲ្យ​ទេ»។​

សេចក្តី​ព្រាង​ច្បាប់​នេះ​តម្រូវ​ឲ្យ​អ្នក​ផ្តល់​សេវា ​«រក្សា​ទុក​ទិន្ន​ន័យ​ចរាចរណ៍​យ៉ាង​ហោច​ណាស់​ ១៨០ ​ថ្ងៃ» ដើម្បី​សម្រួល​ដល់​ការ​ស្នើ​សុំ​ពី​ «អាជ្ញាធរ​មាន​សមត្ថកិច្ច»។​

រូបថត​ឯកសារ៖ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៤។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​បញ្ជាក់​ពី​ប្រភេទ​អ្នក​ផ្តល់​សេវា ​ដែល​ស្ថិត​នៅ​ក្រោម​វិសាលភាព​នៃ​ច្បាប់​នេះ​ទេ។​ សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ថា​ រូបវ័ន្ត​បុគ្គល ​ឬ​នីតិបុគ្គល​ណា​មួយ​ដែល​ផ្ទុក​ទិន្នន័យ​ក្នុង​នាម​អ្នក​ដទៃ​ ឬ​ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​លទ្ធភាព​ក្នុង​ការ​ទាក់​ទង​ តាម​រយៈ​ប្រព័ន្ធ​ទូរ​គមនាគមន៍​ត្រូវ​ចាត់​ទុក​ថា​ ជា​អ្នក​ផ្តល់​សេវា។​

គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា ​តើ​និយមន័យ​នេះ​កំណត់​ត្រឹម​តែ​អ្នក​ផ្តល់​សេវា​ទូរស័ព្ទ​ និង​អ៊ីនធឺណិត​ ឬ​ក៏​រួម​បញ្ចូល​ទាំង​ហាង​កាហ្វេ​អ៊ីនធឺណិត ​និង​ស្ថាប័ន​ដែល​ផ្តល់​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ទៅ​ឲ្យ​បុគ្គលិក​របស់​ពួក​គេ​ដែរ​ ឬ​យ៉ាង​ណា។

«ការ​កំណត់​នៃ​អត្ថន័យ​ជុំវិញ​ទៅ​នឹង​ស្អី​ទៅ​ជា​ព័ត៌​មាន​ក្លែង​ក្លាយ។​ត្រង់​ចំណុច​នេះ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ​ដែល​គាត់​ចូលចិត្ត​ប្រើ​ហ្វេសប៊ុក​ ឬ​ក៏​ប្រព័ន្ធ​ទំនាក់​ទំនង​ផ្សេងៗ​ទៀត​ហ្នឹង​ ​គាត់​មិន​ដឹង​ថា​ប្រភព​ព័ត៌មាន​ហ្នឹង​ក្លែង​ក្លាយ​ ឬ​មិន​ក្លែង​ក្លាយ​ទេ​ ចេះ​តែ​ផ្ញើ​តៗ​គ្នា។​ អ៊ីចឹង​ វា​អាច​ជំរុញ​ឲ្យ​គ្រោះ​ថ្នាក់​ច្រើន​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ»

មាត្រា​ ៤៥​ នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ដាក់​ពិន័យ ​ឬ​ដាក់​ពន្ធនាគារ​លើ​បុគ្គល​ណា​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ «ដោយ​មាន​បំណង​ ឬ​ចេតនា»​ ដើម្បី​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ក្លែងក្លាយ ​ដែល​អាច​ប៉ះពាល់​ដល់​ «សុវត្ថិភាព​សាធារណៈ»​ «សន្តិសុខ​ជាតិ»​ «ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​និង​ប្រទេស​ដទៃ» ​និង​ប៉ះ​ពាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ញុះញង់​ឲ្យ​មាន​ភាព​អមិត្ត​ មាន​ការ​ស្អប់​ខ្ពើម ​និង​ការ​រើស​អើង​ពូជ​សាសន៍​ជាដើម។​ ប្រសិន​បើ​ត្រូវ​បាន​កាត់​ឲ្យ​មាន​ទោស​ បុគ្គល​មួយ​រូប​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ​៣ ​ឆ្នាំ​ និង​ការ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ ២៥០០ ​ដុល្លារ​អាមេរិក។​

មាត្រា ​៤០ ​ចែង​ថា ​បុគ្គល​ណា​ដែល​មាន​ចេតនា​ ហើយ​បាន​ប្រព្រឹត្ត​ការ​រំខាន​ការ​បំភ័យ​ការ​គំរាម​កំហែង​ ការ​រំលោភ​បំពាន​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ​ការ​ជេរ​ប្រមាថ​អ្នក​ដទៃ ​តាម​រយៈ​មធ្យោបាយ​កុំព្យូទ័រ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ១​ ខែ​ទៅ​ ៦ ​ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ២​ លាន​រៀល​ទៅ ​៥ ​លាន​រៀល។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា ​(CCC)​ លោក​ សឿង សារឿន​ ដែល​តំណាង​ឲ្យ​សម្ព័ន្ធ​អង្គការ​ជាតិ​និង​អន្តរជាតិ​ មាន​ប្រសាសន៍​ថា​ ការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ មុន​ពេល​អនុម័ត​ច្បាប់​នេះ​ ដោយ​សារ​តែ​វា​ពាក់ព័ន្ធ​ដល់​អ្នក​ផ្តល់​សេវា​ក្នុង​វិស័យ​ឯកជន ​និង​សាធារណ​ជន​ទូទៅ​ ដែល​ប្រើប្រាស់​ហ្វេសប៊ុក​ជា​ចម្បង។​

លោក​ថ្លែង​ប្រាប់​ VOA ​ថា៖​«នៅ​ពេល​យើង​ពិនិត្យ​ជា​បឋម​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​ យើង​ឃើញ​ថា​ មាន​បញ្ហា​មួយ​ចំនួន​ដែល​យើង​កង្វល់។ ​ទីមួយ​ ទាក់ទង​ថា ​តើ​ព័ត៌មាន​ឯកជន​ភាព​ហ្នឹង​ត្រូវ​បាន​ការពារ​យ៉ាង​ដូច​ម្តេច?​ ហើយ​យើង​ឃើញ​សេចក្តី​ព្រាង​ច្បាប់​នេះ ​គឺ​ផ្តល់​សិទ្ធិ​ទៅ​ដល់​វិស័យ​ឯកជន​ ដើម្បី​គ្រប់គ្រង​ព័ត៌មាន​របស់​ឯកជន​រហូត​ដល់ ​១៨០​ ថ្ងៃ​អី​ជាដើម។ល។​ យើង​ឃើញ​ថា​ វា​ដូច​ជា​មិន​ត្រឹម​ត្រូវ​ទេ។​ វិស័យ​ឯក​ជន​មិន​អាច​គួរ​ធ្វើ​អ៊ីចឹង​បាន​ទេ»។​

លោក​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​មាត្រា​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ចែក​ចាយ​ព័ត៌មាន​ក្លែងក្លាយ​ ដែល​អាច​ត្រូវ​ចោទ​ប្រកាន់​ និង​មាន​ការ​កាត់​ទោស​អ្នក​ប្រព្រឹត្ត​ឲ្យ​ជាប់​ពន្ធនា​គារ​ផង​ដែរ។

លោក​ សឿង សារឿន ​បន្ថែម​ថា៖​ «ការ​កំណត់​នៃ​អត្ថន័យ​ជុំវិញ​ទៅ​នឹង​ស្អី​ទៅ​ជា​ព័ត៌​មាន​ក្លែង​ក្លាយ។​ត្រង់​ចំណុច​នេះ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ​ដែល​គាត់​ចូលចិត្ត​ប្រើ​ហ្វេសប៊ុក​ ឬ​ក៏​ប្រព័ន្ធ​ទំនាក់​ទំនង​ផ្សេងៗ​ទៀត​ហ្នឹង​ ​គាត់​មិន​ដឹង​ថា​ប្រភព​ព័ត៌មាន​ហ្នឹង​ក្លែង​ក្លាយ​ ឬ​មិន​ក្លែង​ក្លាយ​ទេ​ ចេះ​តែ​ផ្ញើ​តៗ​គ្នា។​ អ៊ីចឹង​ វា​អាច​ជំរុញ​ឲ្យ​គ្រោះ​ថ្នាក់​ច្រើន​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ»។​

បើ​តាម​លោក​ សឿង សារឿន ​អង្គការ​របស់​លោក​កាល​ពី​កន្លង​ទៅ​បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក ​ស ខេង ​ចំនួន​ ២ ​ដង​ដើម្បី​ស្នើ​សុំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​នេះ។​ ប៉ុន្តែ​សំណើ​សុំ​នេះ​មិន​ទទួល​បាន​ការ​ឆ្លើយតប​នោះ​ទេ។​

រូបឯកសារ៖ ជនជាតិចិនក្នុង​ឯកសណ្ឋានអាវពណ៌ទឹកក្រូច ត្រូវបានចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេសចិនវិញ ដោយ​មន្ត្រីប៉ូលិសចិន មុនពេលពួកគេឡើងយន្តហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​បុគ្គល​ជាច្រើន​ដែល​ភាគ​ច្រើន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ។​ ការ​ចាប់​ខ្លួន​នេះ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម​ក្នុង​ការ​គាំទ្រ​គណបក្ស​នេះ​ ក្នុង​រយៈ​ពេល ​៣ ​ឆ្នាំ​ ចុង​ក្រោយ​និង​ភាគ​ច្រើន​នៅ​ពេល​ដែល​លោក​ សម រង្ស៊ី​ មេ​ដឹកនាំ​បក្ស​ប្រឆាំង​បាន​ព្យាយាម​ត្រឡប់​មក​កម្ពុជា​វិញ​ មិន​បាន​សម្រេច​ កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៩។​

អាជ្ញាធរ​កម្ពុជា​ក៏​បាន​ចាប់​ខ្លួន​ពលរដ្ឋ​កម្ពុជា​ជាង ​៣០​ នាក់​ ចាប់​ពី​ខែ​មករា​ ដល់​ខែ​មេសា ​ដោយ​សារ​ការ​ចោទ​ប្រកាន់​លើ​ការ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ។​ នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch។​ អង្គការ​សិទ្ធិ​មនុស្ស​ចាត់​ទុក​សកម្មភាព​នេះ​ថា​ ជា​ការ​ប៉ុនប៉ង​ដើម្បី​បង្ក្រាប​មតិ​ប្រឆាំង​ ដែល​រិះគន់​ការ​ដោះ​ស្រាយ​របស់​រដ្ឋាភិបាល​លើ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ និង​ផល​ប៉ះពាល់​លើ​សេដ្ឋ​កិច្ច។​

«ច្បាប់​ដែល​មិន​អាច​រក្សា​តុល្យភាព​រវាង​តម្រូវ​ការ​សន្តិសុខ​កម្ពុជា​ និង​តម្រូវ​ការ​ធុរកិច្ច​និង​អ្នក​ប្រើ​ប្រាស់​ អាច​នឹង​ប៉ះពាល់​ជា​អវិជ្ជ​មាន​ដល់​ការ​វិនិយោគ​បរទេស ​និង​កាត់​បន្ថយ​ឱកាស​សម្រាប់​ក្រុមហ៊ុន​បច្ចេក​វិទ្យា ​ក្នុង​ទ្រង់ទ្រាយ​តូច​និង​មធ្យម​ ទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​កម្ពុជា»

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​នេះ​ មាន​បទ​បញ្ញត្តិ​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ផ្សេង​ទៀត​ ដូចជា​ការ​លួច​អត្ត​សញ្ញាណ​ ការ​ក្លែង​បន្លំ​ និង​ការ​លួច​ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ ​បទ​ល្មើស​កម្ម​សិទ្ធិ​បញ្ញា​ និង​បទ​ល្មើស​ទាក់ទង​នឹង​រូប​ភាព​អាស​អាភាស។​

បើ​យោង​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ក្នុង​ខែ​មិថុនា​ អ្នក​ជំនាញ​នៃ​ក្រសួង​យុត្តិធម៌​អាមេរិក​ បាន​រៀប​ចំ​សិក្ខាសាលា​មួយ​នៅ​ភ្នំពេញ​ជាមួយ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។​ ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ល្បីៗ​ជា​ច្រើន​មាន​វត្តមាន​នៅ​ក្នុង​សិក្ខា​សាលា​នេះ​ ដើម្បី​ផ្តល់​មតិ​យោបល់​ និង​ការ​អនុវត្ត​ល្អៗ​ ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​ និង​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​កម្ពុជា។​

លោក​ Chad Roedemeier អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ប្រាប់​ VOA ​តាម​សារ​អ៊ីម៉ែល​ថា​ ស្ថានទូត​បាន​ដឹង​ពី​សេចក្តី​ព្រាង​ច្បាប់​ និង​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល ​ដើម្បី​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ក្នុង​ការ​ការពារ​សេរីភាព​ដែល​ពល​រដ្ឋ​កម្ពុជា​មាន​ និង​ការ​ពិចារណា​លើ​តម្រូវការ​របស់​អ្នក​ប្រើ​ប្រាស់​ប្រជា​ពលរដ្ឋ​និង​ការ​រក​ស៊ី។​

លោក ​Roedemeier ​បញ្ជាក់​ថា៖​ «ច្បាប់​ដែល​មិន​អាច​រក្សា​តុល្យភាព​រវាង​តម្រូវ​ការ​សន្តិសុខ​កម្ពុជា​ និង​តម្រូវ​ការ​ធុរកិច្ច​និង​អ្នក​ប្រើ​ប្រាស់​ អាច​នឹង​ប៉ះពាល់​ជា​អវិជ្ជ​មាន​ដល់​ការ​វិនិយោគ​បរទេស ​និង​កាត់​បន្ថយ​ឱកាស​សម្រាប់​ក្រុមហ៊ុន​បច្ចេក​វិទ្យា ​ក្នុង​ទ្រង់ទ្រាយ​តូច​និង​មធ្យម​ ទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​កម្ពុជា»។​

លោក​បន្ថែម​ថា សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ​ក៏​ត្រូវ​តែ​ការពារ​ផង​ដែរ។​

លោកស្រី​ ចក់ សុភាព​ នាយិកា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​និយាយ​ថា ​ប្រការ​ផ្សេង​ទៀត​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ ដែល​បែក​ធ្លាយ​នេះ​ មាន​ចំណុច​ជា​ច្រើន​ដែល​ប៉ះពាល់​សិទ្ធិ​សេរីភាព។​លោក​ស្រី​បន្ត​ថា​ ក្តី​បារម្ភ​របស់​លោកស្រី​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ ដូច​ជា ​«សណ្តាប់​ធ្នាប់​សាធារណៈ» ​និង​ «សន្តិ​សុខ» ​ដែល​លោក​ស្រី​កត់​សម្គាល់​ថា​ មាន​ភាព​មិន​ច្បាស់​លាស់​ និង​ទូលាយ​សម្រាប់​អាជ្ញាធរ​បក​ស្រាយ។​

លោក​ស្រី​បញ្ជាក់​ថា៖​ «យើង​មើល​ឃើញ​ថា​ មាន​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដែល​មាន​លក្ខណៈ​ទូលំ​ទូលាយ​ ហើយ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ដែល​អាជ្ញាធរ​ធ្វើ​ការ​បក​ស្រាយ​ទៅ​តាម​ឆន្ទានុ​សិទ្ធិ​របស់​ខ្លួន។​ហើយ​យើង​ឃើញ​ថា​ មិន​មាន​ការ​ចែង​នូវ​និយម​ន័យ​ឲ្យ​បាន​ជាក់​លាក់​ថា​ តើ​នៅ​ពេល​ដែល​យើង​សំដៅ​ទៅ​ដល់​ការ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ហ្នឹង​បាន​ន័យ​ថា​យ៉ាង​ម៉េច»។​

អ្នក​តស៊ូ​មតិ​បាន​និយាយ​ថា​ កង្វះ​ខាត​ច្បាប់​ក្នុង​ការ​គ្រប់​គ្រង​សេរីភាព​អ៊ីនធឺណិត​ មិន​បាន​បញ្ឈប់​រដ្ឋាភិបាល​ពី​ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​បុគ្គល​នានា​ចំពោះ​ការ​បញ្ចេញ​មតិ​នៅ​តាម​អ៊ីនធឺណិត​នោះ​ទេ។ ​ពួក​គេ​ថា ​រដ្ឋាភិបាល​ក៏​បាន​ប៉ុនប៉ង​ដាក់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​រៀបចំ​ក្រប​ខណ្ឌ​នានា​ ដើម្បី​តាម​ដាន​សកម្មភាព​នៅ​លើ​អ៊ីនធឺណិត​ផង​ដែរ។​

នៅ​ក្នុង​ខែ​កក្កដា ​ឆ្នាំ​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើឲ្យ​បង្កើត​ច្រក​ចេញ​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​ថ្នាក់​ជាតិ​ ដើម្បី​គ្រប់គ្រង​ និង​តាម​ដាន​ចរាចរណ៍​អ៊ីនធឺណិត ​ដែល​បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ពី​អង្គការ​សិទ្ធិ​មនុស្ស​និង​ធុរកិច្ច​ជា​ច្រើន។​ សំណើ​នេះ​មាន​ចែង​លម្អិត​នៅ​ក្នុង​អនុក្រឹត្យ​ស្តីពី​ «ការ​បង្កើត​ច្រក​ចេញចូល​ប្រព័ន្ធ​អ៊ីនធឺណិតថ្នាក់​ជាតិ»​ និង​ចែង​ថា​ ​នៅ​ពេល​ដែល​ច្រក​ចេញ​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​ថ្នាក់​ជាតិ ​ត្រូវ​បាន​បង្កើត​ឡើងច្រក​នេះ​ នឹង​គ្រប់​គ្រង​ប្រតិបត្តិ​ការ​អ៊ីនធឺណិតទាំង​អស់​នៅ​ក្នុង​ប្រទេស។​

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋាភិបាល​ កាលពី​ខែ​ឧសភា ​ឆ្នាំ​ ២០១៨​ ​ក្រសួង​ទូរ​គមនាគមន៍​ ក្រសួង​ព័ត៌មាន ​និង​ក្រសួង​មហាផ្ទៃ​ បាន​បង្កើត​ក្រុម​ការងារ​មួយ​ ដើម្បី​តាម​ដាន​ភាព​ត្រឹម​ត្រូវ​នៃ​ព័ត៌មាន​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត ​និង​បណ្តាញ​សង្គម​ដោយ​ក្រសួង​នីមួយៗ​ មាន​តួនាទី​ផ្សេងៗ​គ្នា​នៅ​ក្នុង​យន្តការ​តាម​ដាន​សកម្ម​ភាព​នៅ​លើ​អ៊ីនធឺណិត​នេះ។​

រដ្ឋាភិបាល​ក៏​បាន​ណែនាំ​ឲ្យ​អ្នក​ផ្តល់​សេវាអ៊ីនធឺណិត​បិទ​គេហទំព័រ​ចំនួន​ ១៧ ​ប៉ុន្មាន​ថ្ងៃ​ មុន​ការ​បោះឆ្នោត​សកល​ កាលពី​ឆ្នាំ​ ២០១៨​ ក្រោម​ហេតុ​ផល​ថា គេហទំព័រ​ទាំង​នោះ​ទំនង​នឹង​ «រារាំង​ដល់​ការ​បោះ​ឆ្នោត»។ ​រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ឲ្យ​ស្ថាប័ន​រដ្ឋ​ទាំង​អស់​រហូត​ដល់​ថ្នាក់​ក្រោម​ត្រូវ​តាម​ដាន​ខ្លឹម​សារ​ដែល​ប្រជា​ពលរដ្ឋ​បង្ហោះ​ រួម​ទាំង​ការ​ផ្ញើ​សារ​ឯក​ជន​នៅ​ក្នុង​ក្រុម​ផង​ដែរ៕