ភ្នំពេញ៖ លោកស្រី Hillary Clinton រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងប្រឈមនឹងសំណួរជាច្រើនទាក់ទងនឹងដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ខណៈដែលលោកស្រីសំណេះសំណាលជាសាធារណៈជាមួយនិស្សិតច្រើនរយនាក់ពីសាកលវិទ្យាល័យនានានៅក្នុងទីក្រុងភ្នំពេញ។ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលនឹងលើកឡើងពីការបណ្តេញចេញដោយបង្ខំ ការរំលោភដីធ្លី ការចាប់ខ្លួនអ្នកតវ៉ារឿងជម្លោះដីធ្លី និងការឃុំខ្លួន និងការចោទប្រកាន់អ្នកការពារសិទ្ធិមនុស្ស ព្រមទាំងករណីរបស់លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង។
គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលគ្រោងនឹងលើកយកសំណួរដ៏ពិបាកៗទាក់ទងនឹងការរំលោភលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាសម្រាប់លោកស្រី Hillary Clinton រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដែលនឹងមកទស្សនកិច្ចនៅកម្ពុជាជាលើកទីមួយនៅថ្ងៃសៅរ៍នេះ។
លោកស្រី Hillary Clinton នឹងធ្វើទស្សនកិច្ចជាផ្លូវការលើកទីមួយនៅកម្ពុជាពីថ្ងៃទី៣០ ខែតុលាដល់ថ្ងៃទី១ ខែវិច្ឆិកា បន្ទាប់ពីទស្សនកិច្ចរបស់លោក Colin Powell អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានធ្វើឡើងនៅក្នុងឆ្នាំ២០០៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Hillary Clinton មានបំណងបញ្ជូនសារមួយយ៉ាងច្បាស់លាស់ពីការបន្តការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Hillary Clinton គ្រោងនឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយព្រះមហាក្សត្រ នរោត្តមសីហមុនី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង សមាជិកគណបក្សប្រឆាំង សមាជិកអង្គការសង្គមស៊ីវិល ព្រមទាំងសំណេះសំណាលជាមួយសិស្ស-និស្សិត និងអ្នកផ្សេងៗទៀតដែលនឹងអនុញ្ញាតឱ្យ អ្នកចូលរួមមានឱកាសដើម្បីចោទសួរលោកស្រីពីបញ្ហាដែលគេចង់ដឹង។
សុខ សម្ផស្សលីកា និស្សិតឆ្នាំទីពីរនៃវិទ្យាស្ថានភាសាបរទេស បាននិយាយថា នាងនឹងលើកយកសំណួរមួយចំនួនទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់។
នៅពេលដែលខ្ញុំចូលជួបជាមួយនឹងគាត់ (លោកស្រី Hillary Clinton) ខ្ញុំនឹងលើកយកសំណួរខ្លះដែលជាសំណួរផ្តោតសំខាន់ទៅលើបញ្ហាប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន។ ខ្ញុំចង់សួរគាត់ថា តើលោកស្រីមានយុទ្ធសាស្ត្របែបណា ដើម្បីធ្វើឱ្យប្រទេសកម្ពុជាដែលមានឈ្មោះប្រជាធិបតេយ្យនោះ ជាប្រជាធិបតេយ្យពិតប្រាកដ។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស Licadho បានថ្លែងថា អង្គការសិទ្ធិមនុស្សចង់ជម្រាបជូនលោកស្រីអំពីការរំលោភសិទ្ធិមនុស្សមួយចំនួន ដូចជា ការបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុងដោយគ្មានសំណងសមរម្យ បញ្ហាជម្លោះដីធ្លី ការចាប់ប្រជាពលរដ្ឋតវ៉ារឿងជម្លោះដីធ្លីដាក់ពន្ធនាគារដោយតុលាការ ការប្រើប្រាស់តុលាការដើម្បីគាបសង្កត់សិទ្ធិសេរីភាពក្នុងការជួបជុំ ការដង្ហែក្បួន និងការបញ្ចេញមតិ ការឃុំខ្លួន និងការចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្សមួយចំនួន។
យើងសុំឱ្យលោកស្រី Hillary Clinton ជួយធ្វើកិច្ចអន្តរាគមន៍យ៉ាងណា ដើម្បីធ្វើឱ្យប្រទេសកម្ពុជាគោរពតាមគោលការណ៍សិទ្ធិមនុស្ស។ ការគោរពសិទ្ធិមនុស្សដើម្បីឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថា គណបក្សប្រឆាំងនឹងស្នើសុំដល់លោកស្រី Hillary Clinton ផ្តល់យោបល់ឲ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបានត្រឹមត្រូវដែលជាមូលដ្ឋានគ្រឹះការពារសិទ្ធិមនុស្ស បូរណភាពទឹកដីខ្មែរ ការពារមិនឱ្យតុលាការរំលោភសិទ្ធិមនុស្ស។
គណបក្សសម រង្ស៊ីនឹងលើកករណីលោកសម រង្ស៊ី ដើម្បីរកដំណោះស្រាយជាតិ និងអន្តរជាតិ ដើម្បីជំរុញឱ្យឯកឧត្តមសម រង្ស៊ីវិលត្រឡប់មកបំពេញកាតព្វកិច្ចជូនប្រទេសជាតិវិញដោយសុវត្ថិភាព។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ធ្លាប់បានថ្លែងក្នុងសប្តាហ៍នេះថា ប្រទេសកម្ពុជាបានបើកចំហសេរីភាពនៃការបញ្ចេញមតិ និងគោរពសិទ្ធិមនុស្ស។
លោកផៃ ស៊ីផានបានបញ្ជាក់ថា ករណីរបស់លោកសម រង្ស៊ី គឺជាករណីរបស់តុលាការ។ ប្រទេសកម្ពុជាមានអធិបតេយ្យភាព និងគ្មានប្រទេសណាមួយអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាបានទេ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រី Hillary Clinton នឹងធ្វើទស្សនកិច្ចតំបន់ប្រាសាទអង្គរវត្តដែលត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងដែលលោកស្រីនឹងពិនិត្យប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងដំណើរវិវត្តិនៃសាលាក្តីខ្មែរក្រហមដែលមានការគាំទ្រពីសហរដ្ឋអាមេរិក៕