ព្រឹត្តិការណ៍បាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើនៅកម្ពុជា ត្រូវបានយកមករំឭកនៅក្នុងអគារមួយកន្លែងស្ថិតក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍។ សំឡេងផ្ទុះគ្រាប់កាំភ្លើងបញ្ចប់ជីវិតអ្នកការពារព្រៃឈើរូបនេះ ក៏ត្រូវបានជំនួសមកវិញនូវសំឡេងសូត្រមន្តរបស់ព្រះសង្ឈជាច្រើនអង្គដែលនិមន្តមកធ្វើពិធីសាសនារំឭកដល់វិញ្ញាណក្ខន្ធរបស់លោក ឈុត វុទ្ធី។
ប្រាំមួយឆ្នាំកន្លងផុតទៅ សាច់ញាតិ និងក្រុមសកម្មជននៅតែមានមន្ទិលអំពីយុត្តិធម៌នៅពេលដែលពួកគេធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់សម្រាប់លោក ឈុត វុទ្ធី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺនៅគ្រាដែលលោកនាំអ្នកកាសែតពីរនាក់ទៅតាមដានបទល្មើសព្រៃឈើនៅទីនោះ។
កញ្ញា ឆឺយ សុលីនណា វ័យ១៨ឆ្នាំ ជាកូនស្រីបង្កើតរបស់លោក ឈុត វុទ្ធី អតីតប្រធានអង្គការការពារធនធានធម្មជាតិ បានប្រាប់ VOA នៅមុនពិធីបង្សុកូលថា ប្រាំមួយឆ្នាំមកនេះគ្រួសារកញ្ញានៅមិនទាន់ជឿថា ឃាតកដែលផ្តាច់យកជីវិតឪពុករបស់កញ្ញាត្រូវបានចាប់ខ្លួនយកមកដាក់ទោសនោះឡើយ។ កញ្ញានិយាយថា៖
«រឿងហ្នឹងក៏វាលក្ខណៈតែ មិនប្រាកដហើយ តែលក្ខណៈថា ក្លែងបន្លំ ហើយខ្ញុំគិតថា ឃាតក បើគិតថា ឃាតកមកដល់សព្វថ្ងៃនេះ ក៏អត់ទាន់បានរកឃើញដែរ។ វាដូចជាអត់មានពន្លឺ នៅអយុត្តិធម៌ដល់ក្រុមគ្រួសារខ្ញុំ»។
កញ្ញាបាននិយាយបន្តថា ការរស់នៅដោយគ្មានឪពុកជាជីវិតដែលពិបាក តែទោះបីជាបែបណាក្តី កញ្ញាថា នឹងបន្តជម្នះស្វែងរកការយល់ដឹងដើម្បីបើកកកាយហេតុការណ៍ដែលនាំដល់ការស្លាប់របស់លោកឈុត វុទ្ធី។
«នៅពេលដែលខ្ញុំរស់នៅដែលអត់មានប៉ារបស់ខ្ញុំ គឺមានការលំបាកយូរឆ្នាំមកនេះ ប៉ុន្តែខ្ញុំនៅតែខំប្រឹងដោយខ្លួនឯង ហើយនិងខំប្រឹងរៀនដើម្បី ដូចប៉ាខ្ញុំដែរ ហើយដើម្បីស្វែងរកយុត្តិធម៌ដល់ប៉ាខ្ញុំ»។
មិនមែនមានតែកញ្ញា ឆឺយ សុលីនណា ទេ ដែលគិតថា យុត្តិធម៌មិនទាន់ត្រូវបានរកឃើញនៅឡើយ សម្រាប់លោកឈុត វុទ្ធីដែលបានស្លាប់នៅពេលលោកមានអាយុត្រឹមតែ៤៦ឆ្នាំប៉ុណ្ណោះ។
លោក វន់ ពៅ មេដឹកនាំសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA ដែលបានចូលរួមពិធីបង្សុកូលកាលពីថ្ងៃព្រហស្បតិ៍ថ្លែងថា៖
«ក្នុងនាមខ្ញុំធ្លាប់ធ្វើការជាមួយគាត់កន្លងមក កាលជំនាន់នោះ យើងធ្វើការទាក់ទងការការពារធនធានធម្មជាតិនៅតំបន់ព្រៃឡង់។ អីចឹង ក្នុងថ្ងៃនេះដែរ ខ្ញុំក៏សុំអំពាវនាវដល់រដ្ឋាភិបាល សូមផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារលោកឈុត វុទ្ធី ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់លោកឈុត វុទ្ធី»។
បើតាមទិន្នន័យស៊ើបអង្កេតរបស់អាជ្ញាធរ លោក ឈុត វុទ្ធី ត្រូវបានកម្លាំងអាវុធហត្ថម្នាក់គឺលោក អ៊ិន រតនា បាញ់ស្លាប់ បន្ទាប់ពីមានជម្លោះប្រកែកគ្នា រឿងដែលកងកម្លាំងចង់រឹបអូសអង្គចងចាំនៃកាមេរ៉ាដែលក្រុមលោកបានថតនៅឯទីតាំងរបស់ក្រុមហ៊ុន Timber Green ដែលទទួលការអនុញ្ញាតឱ្យកាប់រានដីព្រៃ និងសម្អាតបាតអាង សម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីឫស្សីជ្រុំ ភាគខាងជើងខេត្តកោះកុង។
មន្ត្រីអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏បានស្លាប់នៅក្នុងហេតុការណ៍នេះផងដែរ។ អាជ្ញាធរបានធ្វើការសន្និដ្ឋានផ្សេងគ្នា មុននឹងចេញសេចក្ដីសន្និដ្ឋានចុងក្រោយថា សន្តិសុខម្នាក់របស់ក្រុមហ៊ុន Timber Green ឈ្មោះ រ៉ាន់ បូរ័ត្ន បានទៅដណ្ដើមកាំភ្លើងពីមន្ត្រីអាវុធហត្ថ អ៊ិន រតនា រហូតរាលកៃបណ្ដាលឱ្យស្លាប់មន្ត្រីអាវុធហត្ថរូបនេះ។
ក្រៅពីតុលាការកាត់ទោសឈ្មោះ រ៉ាន់ បូរ័ត្ន ពីបទ «មនុស្សឃាតដោយអចេតនា» មិនមានជនណាផ្សេងទៀតត្រូវបានស៊ើបអង្កេត និងយកមកទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។ សំណុំរឿងបាញ់ប្រហារនេះ ក៏ត្រូវបានបិទបញ្ចប់តាំងពីចុងឆ្នាំ២០១២មក។
ការបន្តស្វែងរកយុត្តិធម៌ជារឿងម្យ៉ាងសម្រាប់ក្រុមសកម្មដែលគាំទ្រលោក ឈុត វុទ្ធី ក៏ប៉ុន្តែការគាបសង្កត់សិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ គឺជារឿងប្រឈមមួយទៀត។
ក្នុងអគារមានប្រវែងប្រមាណ១០ម៉ែត្របួនជ្រុង ដែលគេស្គាល់ថា ជាផ្ទះសាមគ្គីរបស់បណ្តុំអង្គការសង្គមស៊ីវិលនានា និងដែលជាទីកន្លែងនៃការធ្វើពិធីបង្សុកូលរំឭកដល់វិញ្ញាណក្ខន្ធរបស់លោក ឈុត វុទ្ធីកាលពីថ្ងៃព្រហស្បតិ៍នោះ លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា ថ្លែងថា បរិកាសនយោបាយមិនអំណោយផលដល់ក្រុមសកម្មជនធ្វើពិធីធំដុំជូនដល់លោក ឈុត វុទ្ធី នោះឡើយ។
បរិយាកាសនយោបាយដែលលោក ទឹម ម៉ាឡៃ បានលើកឡើងនោះ គឺសំដៅដល់ការរួញតូចនៃលំហនយោបាយ និងសង្គមស៊ីវិល ខណៈដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានប្រើវិធានការច្បាប់ ចាត់ការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគួប្រជែងរបស់ខ្លួន នៅមុនការបោះឆ្នោតសភាខែកក្កដា ឈានចូលមកដល់ និងចាត់ការចាប់ចងអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់នានា ក្នុងអ្វីដែលអាជ្ញាធរឡើងលើកឡើងថា ដើម្បីពង្រឹងនីតិរដ្ឋ និងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។
លោកនិយាយថា៖
«សួរថា ហេតុអ្វីមកក្នុង? អត់ទៅធ្វើនៅខាងក្រៅទៀត? សូមជម្រាបថា ការជួបជុំគ្នានេះ ជាការពង្រឹងស្មារតី ហើយចង់បង្ហាញសារឲ្យរដ្ឋាភិបាល បញ្ជាក់ថា សិទ្ធិសេរីភាពនេះកាន់តែតូចទៅហើយ ប្រសិនបើរដ្ឋាភិបាលចង់ឲ្យប្រទេសប្រជាធិបតេយ្យ មានប្រជាធិបតេយ្យពិតប្រាកដ គួរតែបើកឱកាស ឬក៏ផ្តល់នូវឱកាសសម្រាប់ពលរដ្ឋហ្នឹង ក្នុងការជជែកគ្នា ដោយមិនមានការគំរាមកំហែង។ ពួកយើងមានន័យថា មានអារម្មណ៍រងសម្ពាធ»។
លោក ទឹម ម៉ាឡៃ ថ្លែងថា ការរារាំងរបស់អាជ្ញាធរមិនឲ្យធ្វើពិធីរំឭកដល់ការស្លាប់របស់លោក ឈុត វុទ្ធ តែងតែបានកើតឡើង ក្នុងឆ្នាំកន្លងទៅ ដោយកាលពីពីរឆ្នាំមុន អាជ្ញាធរថែមទាំងបានរារាំងមិនឲ្យចាក់បញ្ចាំងខ្សែភាពយន្តឯកសាររឿង «ខ្ញុំជា ឈុត វុទ្ធី»។
លោកនិយាយថា ការសម្រេចចិត្តធ្វើពិធីដ៏តូចនេះគឺដើម្បីការបញ្ចៀសការរំខានដល់អ្នកក្បែរខាង ហើយនិងការប្រឈមមុខជាមួយនឹងអាជ្ញាធរ។
លោក ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថា ការអធិប្បាយនានាដែលថា អយុត្តិធម៌សម្រាប់ក្រុមគ្រួសារលោក ឈុត វុទ្ធី គឺជាការសមែ្តងមតិដែលគ្រាន់តែសម្រាប់ការទាញប្រយោជន៍នយោបាយតែប៉ុណ្ណោះ។ លោកថា ក្រុមគ្រួសារ និងអ្នកគាំទ្រលោក ឈុត វុទ្ធី នៅតែអាចប្តឹងសើរើរឿងក្តីបាញ់ប្រហារនេះបានដដែល ប្រសិនបើពួកគេនៅមានមន្ទិលទៅលើឃាតកដែលបានសម្លាប់លោក ឈុត វុទ្ធី។
«ដើម្បីប្រយោជន៍យុត្តិធម៌ ធ្វើអីចឹង វាអត់បានដល់ប្រយោជន៍យុត្តិធម៌អីទេ។ វាចំណេញនយោបាយរបស់ក្រុមគាត់។ ក៏ប៉ុន្តែដើម្បីប្រយោជន៍យុត្តិធម៌ គ្រួសារជនរងគ្រោះវាអត់បានអី ជាជាងគាត់គួរតែដាក់ភស្តុតាង ទឡ្ហីករណ៍ ឬសក្ខីកម្មផ្សេងទៀតដែលរឹងនាំ ដែលអាចតម្រូវឲ្យតុលាការធ្វើការសើរើសំណុំរឿងនេះបន្ត។ បើសិនជាអត់អាហ្នឹងទេ គ្រាន់តែដើរនិយាយចោទ...វាអត់មានចំណេញអីទេសម្រាប់យុត្តិធម៌បាទ»។
ទោះបីជាមានការយល់ឃើញចំពោះការស្លាប់លោក ឈុត វុទ្ធី បែបណាក៏ដោយ កញ្ញា ឆឺយ សុលីនណា កូនស្រីបង្កើតរបស់លោក ឈុត វុទ្ធី បានបញ្ជាក់បន្ថែមថា ការធ្វើពិធីរំឭកដល់វិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី នឹងត្រូវតែធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាលត្រូវវែកមុខឲ្យឃើញឃាតកពិតប្រាកដ ដែលបានបាញ់ប្រហារលោក ឈុត វុទ្ធី។ កញ្ញាអះអាងថា ក្រោយការស្លាប់របស់ឪពុក ការកាប់បំផ្លាញព្រៃឈើក៏នៅតែបន្តកើតមានមិនឈប់នោះឡើយ៕