សកម្មជន ស៊្រុន ស្រ៊ន ថា ការវាយលោកបែកក្បាលជាការសម្លុតកុំឱ្យបន្តផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស

រូបថតដែលបង្ហោះកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញលោក ស្រ៊ុន ស្រ៊ន សកម្មជនម្នាក់ផ្សព្វផ្សាយអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្លែងនៅក្នុងកម្មវិធីមួយ នៅរាជធានីភ្នំពេញ ។ (Facebook/សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ស្ដីពីកម្ពុជា)

សកម្ម​ជន​ដែល​តែង​តែ​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស ​លោក​ ស៊្រុន ស្រ៊ន​ ត្រូវ​បាន​វាយ​បែក​ក្បាល​ក្នុង​ប្រទេស​ថៃ ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ​ទី​ ៣១ ​ខែ​ធ្នូ ឆ្នាំ​ ២០២៣​ នៅ​គ្រា​ដែល​លោក​កំពុង​ផ្សព្វ​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​អំពី​សារៈ​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​ដែល​ជា​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្រ្គាម​នៅ​កម្ពុជា ​និង​នាំ​កម្ពុជា​មក​រក​ផ្លូវ​ប្រជា​ធិបតេយ្យ។​

លោក ​ស្រ៊ុន ស្រ៊ន ​ដែល​ជា​សកម្ម​ជន​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​បាន​ថ្លែង​នៅ​ក្នុង​ការ​ឡាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ ​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ក្រុម​មនុស្ស​បី​នាក់​នោះ​ប្រហែល​មិន​មាន​ចេតនា​សម្លាប់​រូប​លោក​នោះ​ទេ​ តែ​ជា​ការ​សម្លុត​រូប​លោក​និង​ក្រុម​ការងារ​ មិន​ចង់​ឱ្យ​បន្ត​ផ្សព្វ​ផ្សាយ​អំពី​សារៈ​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ទៅ​ដល់​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ថៃ។​

លោក​បន្ថែម​ថា​ នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ ក៏​មាន​អ្នក​ដក​កាំភ្លើង​ខ្លី​ភ្ជង់​ពី​ចម្ងាយ​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «ព្រឹត្តិ​ការណ៍​នោះ​បាន​បង្ហាញ​ថា​ អ្នក​ទាំង​បី​នោះ​គ្មាន​ចេតនា​សម្លាប់​ពួក​ខ្ញុំ។​ បើ​ពួកគេ​មាន​ចេតនា​សម្លាប់ ​ម៉្លេះ​ពួក​គេ​រត់​មក​រក​ក្បែរ​ខ្ញុំ​ ហើយ​គេ​វាយ​ខ្ញុំ​ វាយ​សោភា​ត្រូវ​ហើយ​ គឺ​គេ​យក​កាំបិត​មក​ចាក់ ​ក៏​ស្លាប់​ដែរ»។​

លោក​បន្ថែម​ថា៖ ​«គន្លឹះ​នេះ​បញ្ជាក់​ថា​ គេ​ចង់​សម្លុត​ពួក​យើង ​ឱ្យ​ពួក​យើង​ឈប់​ផ្សាយ។​ គេ​ចង់​សម្លុត​ពួក​យើង​ឱ្យ​ពួក​យើង​ឈប់​មក​អប់​រំ​បណ្តុះ​បណ្តាល​ពលករ​ចំណាក​ស្រុក»។​

ការ​វាយ​ប្រហារ​នេះ​ក៏​ត្រូវ​បាន​ប៉ូលិស​ថៃ​សាកសួរ​សាច់​រឿង​ពី​លោក ​ស្រ៊ុន ស្រ៊ន ​ផង​ដែរ។​

លោក ​ស្រ៊ុន ស្រ៊ន ​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​ថៃ ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រមព្រៀង​ប្រវត្តិ​សាស្រ្ត​ឆ្នាំ​ ១៩៩១ ​នេះ​ ដល់​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ថៃ ​រួម​មាន​ពលករ​ខ្មែរ​ និង​សកម្ម​ជន​ដែល​កំពុង​ជ្រក​កោន​នៅ​ទីនោះ។

នៅ​មុន​ការ​វាយ​ប្រហារ​នោះ ​ក្រុម​របស់​លោក ​ស៊្រុន ស្រ៊ន ​បាន​ជួប​ជាមួយ​ពលករ​ខ្មែរ​មួយ​ចំនួន​ ហើយ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ដោយ​រៀបរាប់​ថា​ «ពលរដ្ឋ​បង្រៀន​ច្បាប់​ដល់​ពលរដ្ឋ»​ នៅ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា ​នៅ​វត្ត​គូសាង ​ខេត្ត​សមុទ្រ​ប្រាការ​ ប្រទេស​ថៃ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ អាន សុខខឿន ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស ​និង​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

លោក​ ស៊ឹង សែន​ករុណា ​អ្នក​នាំ​ពាក្យ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រាប់​វីអូអេ​ថា ​ករណី​នេះ​ជា​ការគំរាម​កំហែង​មួយ​ ព្រោះ​លោក​ ស្រ៊ុន ស្រ៊ន​ ជា​សកម្មជន​សង្គម​ដែល​ផ្សព្វ​ផ្សាយ​ផ្ដោត​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ២៣​ តុលា​ ទៅ​កាន់​ពលរដ្ឋ។ ​លោក​បន្ដ​ថា​ ចំពោះ​ករណី​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​លោក​ ស្រ៊ុន ស្រ៊ន ​លោក​ចង់​ឃើញ​អាជ្ញាធរ​ថៃ​ចាត់​វិធាន​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ​និង​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទា​ទោស។​

លោក ​ស៊ឹង សែន​ករុណា ​ថ្លែង​ថា៖​ «អ៊ីចឹង​ការ​ប្រើ​ប្រាស់​នូវ​អំពើ​ហិង្សា​ដែល​នៅ​ប្រទេស​ថៃ​នេះ​ យើង​ទទូច ​និង​អំពាវនាវ​ទៅ​ដល់​អាជ្ញាធរ​ថៃ ​សូម​ចាត់​វិធាន​ការ​ឱ្យ​បាន​តឹង​រ៉ឹង​ ហើយ​ចាប់​ជន​ប្រព្រឹត្ត​នៅ​ទី​នោះ​យក​មក​ផ្ដន្ទា​ទោស​ ដើម្បី​បង្ហាញ​អំពី​ការ​អនុវត្ត​ច្បាប់ ​និង​គោរព​ទៅ​ដល់​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ពីព្រោះ​លោក ​ស្រ៊ុន ស្រ៊ន ​មិន​បាន​ភៀស​ខ្លួន​ទេ ​គឺ​គាត់​បាន​ទៅ​ទីនោះ​ដោយ​ស្រប​ច្បាប់»។​

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​ថៃ​គប្បី​ចាត់​វិធានការ ​និង​ចាប់​ខ្លួន​ជន​ដែល​ប្រព្រឹត្ត ​ដើម្បី​រក​យុត្តិធម៌​ឱ្យ​ជនរង​គ្រោះ​ និង​ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​ថៃ​ និង​ការ​ការពារ​សុវត្ថិ​ភាព​ជន​បរទេស​ដែល​ស្នាក់​នៅ​ប្រទេស​ថៃ។​

គួរ​បញ្ជាក់​ថា​ កន្លង​មក​ លោក ​ស្រ៊ុន ស្រ៊ន​ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ឃាត់​ខ្លូន ​និង​សាក​សួរ​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ​អស់​រយៈ​ពេល​ប្រមាណ​២​ម៉ោង​ទាក់​ទង​នឹង​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​ ២៤​ ខែ​ឧសភា​ ឆ្នាំ​ ២០២៣​ អំពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។​ លោក​ត្រូវ​បាន​ដោះលែង​វិញ​ បន្ទាប់​ពី​ធ្វើ​កិច្ច​សន្យា​មួយ៕​