នៅថ្ងៃព្រហស្បតិ៍នេះ សមាជិកសភាភាគច្រើន បានអនុម័តមាត្រានៃសេចក្តីព្រាងច្បាប់អាស៊ីដខ្លាំងដ៏មានរឿងចម្រូងចម្រាស់ទាក់ទងដល់ការព្យាបាលជនរងគ្រោះដោយសារអាស៊ីដខ្លាំង ដោយឥតគិតថ្លៃរហូតដល់ជាសះស្បើយ ជំនួសការព្យាបាលបឋម។
មាត្រាដែលធ្វើឲ្យមានកង្វល់ គឺមាត្រា១១អំពីការព្យាបាលដល់ជនរងគ្រោះដោយទឹកអាស៊ីដ ត្រូវបានអនុម័តដោយសំឡេង៩១លើ៩៣ បន្ទាប់ពីគេបានលុបចោលពាក្យ «បឋម ពីមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬ គ្រឹះស្ថានព្យាបាលសាធារណៈផ្សេងទៀត ត្រូវផ្តល់ការសង្គ្រោះ និងការព្យាបាលបឋមដល់ជនរងគ្រោះដោយសារអាស៊ីដខ្លាំង ដោយឥតគិតថ្លៃ» មកជា «មណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬ គ្រឹះស្ថានព្យាបាលសាធារណៈផ្សេងទៀត ត្រូវផ្តល់ការសង្គ្រោះ និងការព្យាបាលដល់ជនរងគ្រោះដោយសារអាស៊ីដខ្លាំង ដោយឥតគិតថ្លៃ»។
លោកស្រី ឃួន សុដារី ប្រធានគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងនៃរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងសម័យប្រជុំសភាថា ជនរងគ្រោះដោយសារអាស៊ីដរងទុក្ខលំបាកវេទនាទាំងផ្លូវកាយផ្លូវចិត្ត និងសុខភាពផ្លូវកាយផ្លូវចិត្ត និងដល់អាយុជីវិតថែមទៀតផង។
«យើងឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជួយដល់ជនរងគ្រោះដោយសារអាស៊ីដដោយការសង្គ្រោះ ការព្យាបាលដោយឥតគិតថ្លៃ។ នេះគឺជាឆន្ទៈមួយល្អប្រពៃណាស់ ពីព្រោះគិតថាជនរងគ្រោះដោយសារទឹកអាស៊ីដនេះ មិនមែនព្យាបាលរយៈពេលខ្លីទេ គឺរយៈពេលវែងណាស់។ ដូច្នេះ នេះគឺជាឆន្ទៈនយោបាយ និងទឹកចិត្តយកចិត្តទុកដាក់ចំពោះសុខុមាលភាព សណ្តាប់ធ្នាប់សង្គម និងសុខភាពរបស់ប្រជាពលរដ្ឋដដែល»។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសម រង្សី បានថ្លែងថា ការលុបពាក្យ «បឋម» នេះ គឺជាការណ៍ត្រឹមត្រូវ។ ជំពូកទី៣ មិនមែនត្រឹមតែគាំពារប៉ុណ្ណោះទេ ប៉ុន្តែទាំងការពារដល់ជនរងគ្រោះដោយសារអាស៊ីដដើម្បីធ្វើជាសាក្សីនៅក្នុងតុលាការ។
លោកស្រី មួរ សុខហួរ បានបន្ថែមថា មាត្រា១១គួរបន្ថែម ការព្យាបាលដោយឥតគិតថ្លៃអស់មួយជីវិត។ ជនប្រព្រឹត្តបទល្មើសត្រូវបានរឹបអូសយកទ្រព្យសម្បត្តិមកសងជំងឺចិត្តចំពោះជនរងគ្រោះ។ រដ្ឋត្រូវមានមូលនិធិសង្គម ឬ ថវិកាជាតិ និងត្រូវបណ្តុះបណ្តាលជំនាញដល់គ្រូពេទ្យសម្រាប់ព្យាបាលជនរងគ្រោះដោយសារអាស៊ីដ។
«មាត្រា១១ បាននិយាយអំពីមណ្ឌលសុខភាព មន្ទីរពេទ្យ គ្រឹះស្ថានព្យាបាលសង្គ្រោះ និងព្យាបាលដោយឥតគិតថ្លៃជូនដល់ជនរងគ្រាះ។ ខ្ញុំយល់ឃើញថា គួរបន្ថែមពាក្យដោយឥតគិតថ្លៃអស់មួយជីវិត។ ខ្ញុំយល់ឃើញថា រដ្ឋត្រូវតែផ្តល់ជំនួយសង្គ្រោះផ្នែកច្បាប់ដល់ជនរងគ្រោះដោយឥតគិតថ្លៃ»។
លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងសម័យប្រជុំសភាថា មាត្រានេះ បានចែងច្បាស់លាស់។ រដ្ឋាភិបាលចង់បង្ហាញឆន្ទៈយកចិត្តទុកដាក់ចំពោះជនរងគ្រោះដោយសារអាស៊ីដខ្លាំង។
«យើងចែងច្បាស់ថាមន្ទីរពេទ្យ និងគ្រឹះស្ថានព្យាបាលរបស់រដ្ឋត្រូវព្យាបាលគេ (ជនរងគ្រោះដោយសារអាស៊ីដខ្លាំង) ឱ្យជាសះស្បើយដោយមិនគិតថ្លៃ និងឱ្យគេរួចផុតពីការស្លាប់។ ករណីខ្លះពាក់ព័ន្ធដល់ការកែសម្ផស្ស។ រាជរដ្ឋាភិបាលមិនអាចទទួលបញ្ហានោះបានទេ»។
លោកវេជ្ជបណ្ឌិត ហង ឡៃរ៉ាប៉ូ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អង្គការជួយសង្គ្រោះជនរងគ្រោះដោយទឹកអាស៊ីដបានចំនួន៣៤៥នាក់។
លោក អ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ថា ការវាយប្រហារទឹកអាស៊ីដនៅទូទាំងប្រទេសកម្ពុជាអាចមានដល់ទៅ៤០ករណីក្នុងមួយឆ្នាំ។
រដ្ឋសភាបានអនុម័តដល់មាត្រា១៣ ក្នុងចំណោមមាត្រាសរុប២៧ នៃសេចក្តីព្រាងច្បាប់អាស៊ីដ នៅក្នុងការពិភាក្សាថ្ងៃដំបូងនេះ៕