កម្មករកាត់ដេរជិត១០០នាក់បានសន្លប់នៅរោងចក្រ Hung Wah នៅភ្នំពេញ កាលពីថ្ងៃច័ន្ទ។ រថយន្តពេទ្យប្រហែល១០គ្រឿងបានព្យាបាលនិងដឹកកម្មករទៅមន្ទីរពេទ្យ។កម្មករដែលរត់ចេញពីរោងចក្រនិយាយថា គេមិនដឹងថា តើកម្មករឈឺ និងដួលសន្លប់មកពីហេតុអ្វីទេ តែពួកគេរហិតរហៃភ្លាមៗ ពេលឃើញសហការីដួលសន្លប់។
កម្មការិនី ឡាយ ណាគ្រី និយាយថា៖
«ឃើញគេអញ្ចឹងមានអារម្មណ៍ថា ភ័យ។ ដល់ពេលភ័យអញ្ចឹងទៅ ខ្ញុំស្រាលដៃ ស្រាលជើងខ្លួនឯង»។
រីឯកម្មការិនីស៊ុន ដាវណ្ណ បន្ថែមថា៖
«អត់អីទេ គ្រាន់តែទន់ដៃ ទន់ជើង។ ពេលគេជ្រួលច្របល់អញ្ចឹងទៅ ខ្ញុំភ័យ»។
បញ្ហាកម្មករសន្លប់នៅរោងចក្រ Hung Wah ដែលផលិតខោអាវម៉ាក H&M មិនមែនជារឿងថ្មីទេ តែវាបង្ហាញពីករណីធ្វើការហួសកម្លាំង ដែលផ្តល់ប្រាក់ចំណូលដល់ប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅអាស៊ីនេះ។ ក្រុមហ៊ុនធំៗខ្លះបានស៊ើបអង្កេតការអះអាងរបស់អង្គការក្រៅរដ្ឋាភិបាលដែលថា មានកម្មករសន្លប់ជាង១.០០០នាក់នៅឆ្នាំនេះ ដោយសារធ្វើការយ៉ាងលំបាក និងច្រើនម៉ោងដើម្បីបានប្រាក់ខែដ៏ស្តួចស្តើង ចិញ្ចឹមពលរដ្ឋខ្មែរក្រីក្រច្រើនម៉ឺនគ្រួសារនៅជនបទ។
កំណើនកម្មករសន្លប់នៅឆ្នាំនេះបង្ហាញការធ្លាក់ចុះនូវលក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរដែលមានកំណើន២៨% និងមានចំណូល៣ពាន់លានដុល្លារលើសឆ្នាំមុន ហើយដែលជាកម្លាំងញើសរបស់កម្មករក្នុងរោងចក្ររបស់ក្រុមហ៊ុនចិនដីគោក និងតៃវ៉ាន់។
វិស័យកាត់ដេរផ្តល់ចំណូលឲ្យកម្ពុជាច្រើនបំផុតទីបី បន្ទាប់ពីកសិកម្ម និងទេសចរណ៍ តែឧស្សាហកម្មនេះប្រឈមនឹងកូដកម្ម បាតុកម្មទាក់ទងនឹងលក្ខខណ្ឌការងារ និងប្រាក់ខែទាប ដែលបណ្តាលឲ្យមានការប៉ះទង្គិចរវាងកម្មករិនី និងប៉ូលិសប្រដាប់ដោយកាំភ្លើងនិងដំបងឆក់។
ក្នុងខែកញ្ញាកាលពីឆ្នាំទៅ មានកម្មករជាង២១០.០០០នាក់ក្នុងរោងចក្រចំនួន៩៥បានធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារប្រសើរឡើង៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ