ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសទាំងពីរឡើងវិញ និងអនុវត្តកំណែទម្រង់ប្រជាធិបតេយ្យ ដែលរួមមានការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាចេញនៅថ្ងៃទី១៥ ខែមករាឆ្នាំ២០១៩នេះបញ្ជាក់ថា លោក Joseph H. Felter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍កំពុងធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃគឺនៅថ្ងៃទី១៥ និងទី១៦ខែមករាឆ្នាំ២០១៩។ ក្នុងដំណើរទស្សនកិច្ចនោះ លោកឧបការីរងបានជួបជាមួយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិដើម្បីពិភាក្សាពីចក្ខុវិស័យរួមពាក់ព័ន្ធនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភាក្សាពីការដែលទំនាក់ទំនងរវាងយោធា និងយោធាដ៏ល្អមួយអាចជួយកម្ពុជាក្នុងការរក្សាអធិបតេយ្យភាពរបស់ខ្លួនបានដោយគ្មានការបង្ខិតបង្ខំ។
សេចក្តីប្រកាសព័ត៌មានដដែលនោះបញ្ជាក់ថា៖
«លោកនឹងពិភាក្សាពីជំហានបន្ទាប់សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៅពេលដែលរដ្ឋាភិបាលកម្ពុជាមានភាពជឿនលឿនក្នុងការពង្រឹងស្ថាប័ន និងអនុវត្តកំណែទម្រង់ ដែលរួមមានការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ហើយអនុញ្ញាតឲ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយសេរី»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិបានទេ។
ដំណើរទស្សនកិច្ចរបស់ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិករូបនេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជាតិនៅកម្ពុជាកាលពីឆ្នាំ២០១៨ បញ្ចប់ទៅដោយរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយសារអវត្តមានគណបក្សប្រឆាំងដ៏ធំ។ នៅមុនការបោះឆ្នោតនោះ គណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលរំលាយ ប្រធានគណបក្សនេះគឺលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួន ព្រមទាំងមានការបង្ក្រាបយ៉ាងចាស់ដៃលើសំឡេងប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យជាដើម។
ដំណើរទស្សនកិច្ចនេះក៏ធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយផ្សាយថាកម្ពុជាបានបើកផ្លូវឲ្យមានការសាងសង់កំពង់ផែទឹកជ្រៅមួយ នៅក្នុងខេត្តកោះកុង ដែលទំនងជាមានគោលដៅសម្រាប់បម្រើដល់សកម្មភាពនាវាចរណ៍របស់កងទ័ពរំដោះប្រជាជនចិន។ យ៉ាងណាក្តី របាយការណ៍នេះត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោលថា ជារឿងមិនពិត។
លោក មាស នី អ្នកសិក្សាពីការវិវត្តសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យប្រាប់ VOA ថា ដំណើរទស្សនកិច្ចរបស់ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកមកកាន់កម្ពុជានេះ បង្ហាញថា សហរដ្ឋអាមេរិកនៅតែមានបំណងក្នុងការរក្សាទំនាក់ទំនងជាមួយកម្ពុជាទាំងផ្នែកការទូត និងយោធា។ លោកបន្ថែមថា ដំណើរទស្សនកិច្ចនេះអាចជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា ខណៈដែលរដ្ឋាភិបាលកម្ពុជាក៏កំពុងបារម្ភពីសម្ពាធផ្សេងៗរបស់អន្តរជាតិ។
លោកមានប្រសាសន៍ថា៖
«វានឹងអាចមានចាប់ផ្តើមពន្លឺភ្លើងខៀវខ្លះឡើងមកវិញ នៅក្នុងការជួយឲ្យកម្ពុជាហ្នឹងបានធ្វើទំនាក់ទំនងដោយស្មើភាពជាមួយប្រទេសដទៃដែរ ជាពិសេសសហរដ្ឋអាមេរិក ហើយនឹងចិនដោយស្មើភាពគ្នា នៅក្នុងស្ថានភាពដែលកម្ពុជាអាចនាំគ្នាធ្វើដំណើរចូលមកក្នុងគន្លងប្រជាធិបតេយ្យនៃការគោរពសិទ្ធិមនុស្សវិញ»។
ចាប់តាំងពីឆ្នាំ២០១០មក កម្ពុជា និងអាមេរិកតែងធ្វើសមយុទ្ធយោធារួមគ្នា ដែលហៅថា CARAT ជារៀងរាល់ឆ្នាំ។ ប៉ុន្តែចាប់តាំងពីទំនាក់ទំនងកម្ពុជាអាមេរិកមានភាពរកាំរកូស ពោលគឺចាប់ពីឆ្នាំ២០១៧មក សមយុទ្ធនោះត្រូវបានលុបចោល ដោយកម្ពុជាអះអាងថា មិនមានពេលគ្រប់គ្រាន់សម្រាប់អនុវត្ត។ យ៉ាងណាក្តី ក្រោយការផ្អាកសមយុទ្ធជាមួយអាមេរិកប្រមាណជា១ឆ្នាំ កម្ពុជាក៏បានចាប់ផ្តើមសមយុទ្ធយោធាជាមួយប្រទេសចិនវិញ៕