សមាជិក​សភា​អាមេរិក​ម្នាក់​ផ្តល់​តម្លៃ​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី​«មិន​គិត​ពន្ធ»ពេល​កម្ពុជា​ស្នើ​បន្ត

ឯកអគ្គរាជទូត​កម្ពុជា​លោក​ ជុំ​ ស៊ុនរី​ ជួប​ជាមួយ​សមាជិក​សភា​អ្នកស្រី​ Carol Miller មក​ពី​រដ្ឋ​ West Virginia នៃ​សហរដ្ឋ​អាមេរិក​នៅ​វិមាន​សភា​​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី២៧​ ខែកក្កដា ឆ្នាំ២០២១។ (រូបថត​ផ្តល់​ឱ្យ​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន)

សមាជិក​សភា​អាមេរិកាំង​មួយ​រូប​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ខណៈ​កម្ពុជា​ចាប់ផ្តើម​បន្តការ​ពិភាក្សា​នានា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ ដោយ​ផ្តោតមួយ​ផ្នែក​ទៅលើ​ការបន្ត​ប្រព័ន្ធ​អនុគ្រោះពន្ធ​លើមុខ​ទំនិញ​នាំចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក​នានា។​ ការណ៍​នេះកើត​ឡើង​នៅពេល​ដែល​ប្រព័ន្ធ​អនុគ្រោះពន្ធ ​GSP ​បានអស់​សុពលភាព​កាលពីចុងឆ្នាំ​២០២០ ​សម្រាប់​ការនាំ​ទំនិញ​ចូល​ទីផ្សារ​អាមេរិក​ ដោយមិន​បង់ពន្ធ។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ដ៏​សំខាន់​មួយ​រូប​ខាង​ផ្នែក​ពាណិជ្ជកម្មបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួប​ជាមួយ​នឹង​អ្នកការទូត​កម្ពុជា​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​ទទួល​បាន​ឋានៈ​អនុគ្រោះពន្ធ​ឡើង​វិញ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​អាមេរិក។

លោកស្រី ​Carol Miller ​សមាជិក​សភា​អាមេរិកាំង​មកពី​គណបក្ស​សាធារណរដ្ឋ​ដែល​ទទួល​បន្ទុក​អនុគណៈកម្មការ​ពាណិជ្ជកម្ម​នៃគណៈកម្មការ​ចំណូលពន្ធ​របស់​រដ្ឋសភា​បាន​ទទួល​ជួប​ជាមួយ​លោក​ឯកអគ្គរាជទូត​កម្ពុជា​ ជុំ ស៊ុនរី ​កាលពី​ចុងខែ​កក្កដា​នៅ​វិមាន​សភាជាតិ។

លោកស្រី​ Miller​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរភាសា​តាម​សារអេឡិកត្រូនិក​ថា​ លោកស្រី​រីករាយ​នឹងធ្វើការ​ជាមួយ​កម្ពុជា​ក្នុងការ​បង្កើន​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ៖

«ខ្ញុំសូមផ្តល់​តម្លៃខ្ពស់​ចំពោះ​ឱកាស​ទទួល​ជួប​ឯកឧត្តម​ ជុំ ស៊ុនរី​ ដើម្បី​ពិភាក្សា​កិច្ចការ​ដ៏មាន​សារ:សំខាន់​ចំពោះ​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា»។

លោកស្រី​ Carol Miller ​ដែល​ជា​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ West Virginia​ ដែល​ជា​រដ្ឋ​មួយ​សម្បូរ​ភ្នំ​និង​ទីទួល​ឡើងចុះ​ ហើយ​ពលរដ្ឋ​ចូលចិត្ត​ជិះកង់​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ផលិតផល​កង់​ដែលកម្ពុជា​នាំ​ចូល។

ឯកអគ្គរាជទូត​កម្ពុជា​លោក​ ជុំ​ ស៊ុនរី​ ជួប​ជាមួយ​សមាជិក​សភា​អ្នកស្រី​ Carol Miller មក​ពី​រដ្ឋ​ West Virginia នៃ​សហរដ្ឋ​អាមេរិក​នៅ​វិមាន​សភារដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី២៧​ ខែកក្កដា ឆ្នាំ២០២១។ (រូបថត​ផ្តល់​ឱ្យ​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន)

លោកស្រី ​Miller ​បាន​បន្ថែម​ថា៖​

«នៅ​ក្នុង​រដ្ឋ​ វេស វីជីនៀ (West Virginia)​ខ្ញុំសូម​អរគុណ​ជាអនេក​ចំពោះ​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក ជាមួយ​ប្រទេស​កម្ពុជា។ ជា​ផលិតផលនាំចេញ​ដ៏​សំខាន់​មួយ ​គឺ​កង់​ដែល​នាំចូល​ពី​កម្ពុជា ​បានជួយ​បង្រ្គប់​កំណើន​នៃ​តម្រូវការ​ នៅពេល​ពលរដ្ឋ​នៅក្នុង​រដ្ឋ West Virginia ​ស្វែងរក​សកម្មភាព​កម្សាន្ត​ក្រៅផ្ទះ ​ក្នុងអំឡុង​ពេល​ជំងឺ​កូវីដ១៩​ រាតត្បាត។ ខ្ញុំទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​លើបញ្ហា​អាទិភាព​នានា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ដ៏​មាន​សារ:សំខាន់​ ក្នុងឋាន:​ជាសមាជិក​នៃ​គណ:កម្មការ ​The Ways and Means Committee​ ទទួល​បន្ទុក​កិច្ចការ​ត្រួតពិនិត្យ​គោល​នយោបាយពន្ធ​ទាំងអស់ ​ហើយនិង​បន្ត​ស្ថាបនា​សក្តានុពល​នៃទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​វប្បធម៌​នាពេល​អនាគត»។

នៅក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ធូរស្រាល​ពីជំងឺ​កូវីដ១៩​ ហើយ​បើកទ្វារ​ការិយាល័យ​នានា​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​ ក្រុម​មន្ត្រី​ការទូត​កម្ពុជា​ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដឹកនាំ​ដោយ​លោក​ឯកអគ្គរាជទូត​ ជុំ ស៊ុនរី បាន​ចាប់ផ្តើម​ជួប​ជាមួយ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ និង​មន្ត្រី​សហរដ្ឋ​អាមេរិក​ ដើម្បី​ពិភាក្សា​បញ្ហា​នានា ​ជាពិសេស​លើការ​បន្តប្រព័ន្ធ​អនុគ្រោះពន្ធ GSP ​ក្រោយពេល​អស់​សុពលភាព​នៅ​ថ្ងៃទី៣១​ ខែធ្នូ ​ឆ្នាំ​២០២០។ នេះ​បើតាម​ការ​បញ្ជាក់​ជាផ្លូវការ​ពី​ស្ថានទូត​ តាម​សារ​អេឡិចត្រូនិច​តេឡេក្រាម នៅពេល ​VOA ​បានសុំ​ការបំភ្លឺ​ពីលោក​ឯកអគ្គរាជទូត​កម្ពុជា​ ជុំ ស៊ុនរី​ តាមរយ:​អ៊ីមែល។

នៅក្នុង​សារ​ដដែល​ជាភាសា​អង់គ្លេស​ដែល​បកប្រែ​ក្រៅផ្លូវការ​បាន​បញ្ជាក់​ថា​ លោក​ឯកអគ្គរាជទូត​បាន​ពិភាក្សា អំពីការ​លើក​កម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​លោកស្រី​ Carol Miller។ សារដដែល​បាន​បន្ថែម​សេចក្តីថា៖

«ការផ្លាស់ប្តូរ​យោបល់​និង​កិច្ចពិភាក្សា ​បាន​ផ្តោត​ជាសំខាន់​លើបញ្ហា​លើក​កម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា-អាមេរិក ​និងការ​បន្តប្រព័ន្ធ​អនុគ្រោះពន្ធ ​GSP ​របស់​អាមេរិក»។

ដោយឡែក​ លោក​ឯកអគ្គរាជទូត​កម្ពុជាកាល​ពី​ថ្ងៃ​ទី២៨ ​ខែកក្កដា​ នៅ​សប្តាហ៍​ដដែល​នោះ​ ក៏​បាន​ជួបជាមួយ​លោក​ Patrick Murphy ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ក្នុង​ក្រសួងការ​បរទេស​អាមេរិក​ផងដែរ​ ដើម្បី​ផ្តោតទៅលើ​ទំនាក់​ទំនង​ទ្វេភាគី​។ ជំនួប​នេះ​ត្រូវបាន​បញ្ជាក់​ដោយ​ក្រុមមន្ត្រី​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ Patrick Murphy​ (ឆ្វេង)​និង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ​លោក ​ជុំ​ ស៊ុនរី​ ជួបប្រជុំ​ក្នុង​ក្រសួង​ការបរទេស​អាមេរិក​ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​កក្កដា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឱ្យ​ដោយ​ស្ថានទូតកម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន)

សហរដ្ឋ​អាមេរិក​គឺជា​ទីផ្សារ​នាំ​ទំនិញ​ដ៏​ធំជាង​គេ​បំផុត​មួយ​សម្រាប់​កម្ពុជា។ នៅក្នុង​ឆ្នាំ​២០២០​ កម្ពុជា​បាន​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​ក្នុង​ទំហំ​ជាទឹកប្រាក់​ចំនួន​៦,៥ពាន់​លាន​ដុល្លារ​ដែល​ភាគច្រើន​ជា​ផលិតផល​សម្លៀក​បំពាក់។ ក្នុង​ចំណោម​នេះ​គឺ​ទំនិញ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១ ០០០​លាន​ដុល្លារ​បាន​រួច​ពន្ធ​ក្រោម​កម្មវិធី​ពន្ធអនុគ្រោះ​ GSP ដែល​មាន​ផលិតផល​បម្រើ​ដល់​ការធ្វើ​ដំណើរ​ដែល​មានដូចជា​កាបូប​និង​វ៉ាលី។ នេះ​បើតាម​ស្ថិតិ​របស់​ការិយាល័យ​ស្ថិតិ​របស់​សហរដ្ឋ​អាមេរិក​និង​ភាគី​កម្ពុជា។

ប្រព័ន្ធ​ GSP​ របស់​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រទេស​ដែល​ទទួល​បាន​អាច​នាំ​ទំនិញ​ចំនួន​៥០០០​មុខ​ចូល​ដោយ​មិន​បង់​ពន្ធ​ឬ​បង់ពន្ធ​តិចតួច​បំផុត។ អាមេរិក​ប្រើប្រព័ន្ធ​នេះ​ដើម្បី​ជួយ​ប្រទេស​នានា​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​លើក​កម្ពស់​សិទ្ធិមនុស្ស​ សិទ្ធិ​ការងារ​ និង​នីតិរដ្ឋ។ ​

​ពេលនេះ​កម្ពុជា​កំពុង​ស្វះស្វែង​រក​ ការ​បន្តប្រព័ន្ធ​អនុគ្រោះពន្ធ​ពីសហរដ្ឋ​អាមេរិក​ទៅមុខ​ទៀត​ជាពិសេស​ស្វែងរក​ការ​គាំទ្រ​ពីសភា​សហរដ្ឋ​អាមេរិក​ ក្នុងពេល​កម្ពុជា​ប្រឈម​នឹងការ​រិះគន់​ពី​សហរដ្ឋ​អាមេរិក​ និង​ ការធ្វើសេចក្តី​ស្នើច្បាប់​លេខ H.R. 4686 ​ហៅថា​ Cambodia Democracy Act ​ដើម្បី​ស្តារ​លទ្ធិប្រជាធិប​តេយ្យ​កម្ពុជាឡើងវិញ​ និង​ដើម្បី​បន្តដាក់​ទណ្ឌកម្ម​ដល់មន្ត្រី​កម្ពុជា​ ដែលធ្វើ​ឲ្យខូចខាត​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស។ សេចក្តី​ស្នើច្បាប់​ដែល​រៀបចំ​ឡើងវិញ​ដោយលោក​សមាជិក​សភា ​Steve Chabot ​មកពីរដ្ឋ ​Ohioនេះ​ បានអនុម័ត​ជាឯកច្ឆន្ទ​ដោយ​គណ:កម្មការ​ការបរទេស​នៃសភា​អាមេរិក​ កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ​បន្ទាប់ពី​បានខកខាន​កាលពីឆ្នាំ២0២០ ​មិនបាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​និង​មិនបាន​ទៅដល់​តុ​ប្រធានាធិបតី ​ដើម្បីចុះ​ហត្ថលេខា​ក្លាយជា​ច្បាប់​ទេ​កន្លង​មក។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បានបញ្ជាក់​ពីជំនួប​លោក​ឯកអគ្គរាជទូត​កម្ពុជា​ ជុំ ស៊ុនរី ​ជាមួយ​លោក ​Partrick Murphy​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក្នុងពេល​លោក​ស្ថិត​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដោយ​បានបញ្ជាក់​ប្រាប់​ VOA តាម​សារ​អ៊ីមែល​ថា៖

«លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បានជួប​លោក​ឯកអគ្គរាជ​ទូត​កម្ពុជា​ ស៊ុនរី ​នៅឯ​ក្រសួងការ​បរទេសអាមេរិក​ កាលពី​ថ្ងៃទី២៨​ ខែកក្កដា​ ដែល​ជំនួបនេះ​គឺជា​ផ្នែកមួយ​នៃការបន្ត​ពិភាក្សា​រវាង​ប្រទេស​ទាំងពីរ»។

មន្ត្រី​អ្នកនាំពាក្យដដែល​បាន​បញ្ជាក់​ប្រាប់ ​VOA​ បន្ថែមថា៖

«លោក​ឯកអគ្គរដ្ឋទូត​ទាំងពីរ (ឯកអគ្គរាជទូត​កម្ពុជា​និង​ ឯកអគ្គរដ្ឋទូត​អាមរិក) បាន​ពិភាក្សា​អំពីបញ្ហា​សំខាន់ៗ​ទ្វេភាគី​និងពហុភាគី​សម្រាប់​ប្រទេស​ទាំងពីរ​ រួមទាំង​ផលប៉ះពាល់​នៃជំងឺ​កូវីដ១៩»។

មន្ត្រី​ដដែល​បាន​អះអាង​ដូច្នេះ​ក្នុងពេល​សហរដ្ឋ​អាមេរិក​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ ​ប្រភេទ​ Johnson&Johnson ជាង១លាន​ដូសកាលពី​ចុងខែ​កក្កដា​និង​ដើមខែសីហា​នេះ។ បន្ថែម​ពីលើនេះ​លោក ​Chad Roedemeier ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានប្រាប់ ​VOA ​តាមសារ E-mail ​ដោយ​បាន​បញ្ជាក់​ពីជំនួប​រវាង​អ្នកការទូតទាំងពីរ ​និងការ​ពិភាក្សា​រឿង​បញ្ហា​នានា​រវាង​ប្រទេស​ទាំងពីរ​។ ​តែ​សម្រាប់​រឿងប្រព័ន្ធ​អនុគ្រោះពន្ធ ​GSP ​លោក​ថា ​មុនឆ្នាំ​ដែល​ផុត​សុពលភាព​សភា​អាមេរិក​មិនទាន់​ផ្តល់​ឡើងវិញ​នូវកម្មវិធី​ អនុគ្រោះពន្ធ ​GSP ​នោះទេ។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ក្រោមយន្តការកូវ៉ាក់(COVAX) បានមកដល់កម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

លោក ​បានថ្លែង​តាមខ្លឹមសារ​ដើមថា៖

«សភា​សហរដ្ឋ​អាមេរិក​នឹង​សម្រេច​លើបញ្ហា​ថាតើ​ត្រូវបន្ត​ការអនុញាត​ឲ្យមាន​ប្រព័ន្ធ ​អនុគ្រោះពន្ធ​GSP ឬយ៉ាងណា»។

លោក​បន្តថា៖ «ការទទួល​បានការ​នាំចូល​ទៅកាន់​ទីផ្សារ​អាមេរិក ​តាមរយ:​ការសម្រប​សម្រួល​ទៅតាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ​ជួយបង្កើត​ឲ្យមាន​ការរីក​ចម្រើន​ទំនាក់ទំនង​ពាណិជ្ជកម្ម ​រវាងមុខ​ជំនួញ​នានា​របស់​សហរដ្ឋ​អាមេរិក​ និង ​កម្ពុជា»។

នៅពេល​សួរពី​ឧបសគ្គ​នានា​ចំពោះ​ការទទួលបាន​ប្រព័ន្ធ​អនុគ្រោះពន្ធ ​GSP ​ពីសហរដ្ឋ​អាមេរិក ​លោក​ Chad Roedemeier ​នៃស្ថានទូត​អាមេរិក​ដដែល​បានលើក​ឡើងថា៖

«យើងព្រួយ​បារម្ភ​អំពីការ​ខ្វះ​លំហ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ការរឹតត្បិត​សិទ្ធិមនុស្ស ​សេរីភាព​ជាមូលដ្ឋាន និង​សិទ្ធិការងារ»។

លោក ​កុយ គួង​ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជា​ ពុំបាន​ឆ្លើយតប​ទៅនឹង​សំណួរ ​VOA​ រឿង​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ទេ​ ដោយ​បង្វែរ​សំណួរ​ទៅខាង​ផ្នែក​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ តែចំពោះ​ផ្នែក​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និងកម្ពុជា ​លោកបាន​បញ្ជាក់​ប្រាប់ ​VOA ​តាម​ប្រព័ន្ធ​ផ្ញើសារ​តេឡេក្រាម​ថា៖

«ទំនាក់​ទំនង​ការទូតរ​វាង​ប្រទេស​ទាំងពីរ​នៅតែ​ស្ថិតក្នុង​កម្រិត​ល្អ​ជាធម្មតា​ ហើយ​ថ្មីៗនេះ ​ឯកអគ្គរាជទូត​កម្ពុជានៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ជួប​ឯកឧត្តម​ Patrick Murphy​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​នានា»។

ប្រទេស​កម្ពុជា​ដែល​ភាគច្រើន​នាំ​ផលិតផល​សម្លៀក​បំពាក់​និង​សម្ភារ​ផ្សេងៗ​ផលិត​ដោយ​កម្មករ​រោងចក្រ​យ៉ាងតិច​៨០​ម៉ឺននាក់​នោះ ​ត្រូវការ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ ដែល​មិន​យកពន្ធ​លើ​មុខទំនិញ​កម្ពុជា​ ជាពិសេស​ចំពោះ​វិស័យ​កាត់ដេរ ​ដែលជា​វិស័យ​សំខាន់​មួយ​ក្នុង​ចំណោម​៤ ​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស​ ក្រៅពីវិស័យ​សំណង់​ ទេសចរណ៍​ និង​កសិកម្ម៕