សព្វ​ថ្ងៃ​នេះ​មាន​ចំនួន​មនុស្ស​តិចតួច​​ដែល​ចេះ​ចង​គាធ​ពិដាន​ដែល​មាន​ក្បាច់​គោម​ច្រើន

អ្នកស្រី​ គឹម ស្រេង​ អាយុ៥៨ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ គឺជា​អ្នក​ចង​គាធ​ដើម្បី​ត្បាញ​ហូល​នៅអង្គការ​ Institute of Khmer Traditional Textiles​ នៅ​ក្នុង​ក្រុង​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កក្កដា ​ឆ្នាំ​២០២០។ (ខាន់សុគុំមនោ/វីអូអេ)

ខេត្តសៀមរាប — អ្នកស្រី​ គឹម ស្រេង ​កំពុង​អង្គុយ​ចង​គាធ​ដើម្បី​ត្បាញ​ហូល​នៅ​ផ្ទះ​ស្នាក់​នៅ​របស់​អ្នក​ស្រី​ នៅ​ក្នុង​ក្រុង​សៀមរាប។ អ្នកស្រី​រៀន​ចង​គាធ​ និង​ត្បាញ​ហូល​តាំង​ពីរបប​ខ្មែរ​ក្រហម​បាន​ដួល​រលំ។

លោក​យាយ​ ម្តាយ​និង​បងស្រី​របស់​អ្នកស្រី​ សុទ្ធ​តែ​ជា​អ្នក​តម្បាញ​ ហើយ​បងប្អូន​អ្នកស្រី​ជា​ច្រើន​នាក់ទៀត​ក៏​ជា​អ្នក​តម្បាញ​ដែរ​ នៅ​ជំនាន់​នោះ។​

នៅ​ស្រុក​កំណើត​ក្នុង​ភូមិ​ពៃ​ ឃុំត្នោត​ ស្រុកបាទី​ ខេត្ត​តាកែវ​ គ្រួសារ​របស់​អ្នកស្រី​មាន​កី​តម្បាញ​មួយ​សម្រាប់​អ្នកស្រី​ បងស្រី ​និង​ម្តាយ​របស់​អ្នក​ស្រី​ ដើម្បីត្បាញ​ហូល។​ នៅ​ក្នុង​ភូមិ​របស់​អ្នក​ស្រី នារីៗ​ដ​ទៃ​ទៀត​ភាគ​ច្រើន ​ក៏ជា​អ្នក​តម្បាញ​ដូច​សមាជិក​គ្រួសារ​អ្នកស្រី​ដែរ។ ​

អ្នកស្រី​ គឹម ស្រេង បានរៀបការ​នៅ​ឆ្នាំ ​១៩៨៦។​ អ្នកស្រី​ អួង ​ជា ​ដែល​ជា​ម្តាយ​ក្មេក​របស់​អ្នកស្រី​ ក៏​ជា​អ្នក​តម្បាញ​ផង​ដែរ។​ កាល​ពី​ឆ្នាំ​២០០១ អ្នកស្រី ​អួង​ ជា​ ត្រូវ​បាន​លោក ​Kikuo Morimoto​ ស្ថាបនិក​អង្គការ ​Institute of Khmer Traditional Textiles​ (វិទ្យាស្ថាន​វាយនភណ្ឌ​ប្រពៃណី​ខ្មែរ)​ ទាក់ទង​ឲ្យ​មក​ធ្វើ​ការ​នៅ​ខេត្ត​សៀមរាប​ ជា​អ្នក​ចង​គាធ ​និង​ត្បាញ​ហូល​។​ អ្នកស្រី​ក៏​ហៅ​កូន​ប្រសារ​គឺ​អ្នកស្រី ​គឹម ស្រេង ​មក​ជាមួយ។​

ចាប់​តាំង​ពី​ពេល​នោះ​មក​ ​អ្នក​ស្រី​ គឹម​ ស្រេង ​បាន​ក្លាយ​ជា​អ្នក​ចង​គាធ​និង​អ្នក​ត្បាញ​ហូល​ដ៏​មាន​ស្នាដៃ​ម្នាក់ ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ស្នា​ដៃ​ប្រណិតៗ​ដទៃៗ​ទៀត​ នៅ​អង្គការ​នេះ។​

នៅ​អង្គការ​នេះ អ្នក​ស្រី​គឺ​ជា​អ្នក​ចង​គាធ​និង​អ្នក​ត្បាញ​ម្នាក់​ក្នុង​ចំណោម​អ្នក​ចង​គាធ​១០​នាក់​និង​អ្នក​ត្បាញ​១៤​នាក់​ប៉ុណ្ណោះ។​ អ្នកស្រី​មិន​ដឹង​ខ្លួន​ថា អ្នក​ស្រី​ជា​បុគ្គល​ដ៏​សំខាន់​ម្នាក់​ ដែល​រួម​ចំណែក​នៅ​ក្នុង​ការ​រក្សា​អត្ត​សញ្ញាណ​របស់​ប្រទេស​ឡើយ។​

ខណៈ​កំពុង​ចងគាធ អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «បើ​ថា​យើង​អត់​ធ្លាប់​ចេះ​ហ្មង​ យើង​ធ្វើ​ យើង​ថា​ យើង​មោទនភាព​ យើង​អត់ចេះ​ ហើយ​យើង​រៀន​ចេះ។​ ដល់​តែ​យើង​ធ្វើ​ជាប់​អ៊ីចឹង​ឯង​ ​ យើង​ធម្មតា។​ ពេលណា​យើង​ផ្តើម​ អាពិបាកៗ​ យើង​អរ​ដែរ​ គិត​ថា​ មិន​គួរ​ថា​យើង​ធ្វើ​បាន​អ៊ីចឹង​សោះ​...ហ្អា...​យើង​អរ​ក្នុងចិត្ត​យើង»។

ហូល​ដែល​ផលិត​នៅ​អង្គការ​ Institute of Khmer Traditional Textiles​ អាច​មាន​តម្លៃ​រាប់ពាន់​ដុល្លារ​ ដោយសារ​តែ​ហូល​ទាំងនេះ​លំបាកធ្វើ​ ​ការធ្វើត្រូវ​ការ​រយៈពេល​យូរ ​ហើយ​អ្នក​ចេះ​ចង​គាធ ​អ្នក​ត្បាញ​ហូល​ និង​សិប្បកម្ម​ត្បាញ​ហូល​មាន​ចំនួន​តិច​ប៉ុណ្ណោះ។ (ផន បុប្ផា/វីអូអេ)

អ្នកស្រី​ គឹម ​ស្រេង អាយុ៥៨ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ គឺជា​អ្នក​ចង​គាធ​ដើម្បី​ត្បាញ​ហូល​នៅអង្គការ​ Institute of Khmer Traditional Textiles​ នៅ​ក្នុង​ក្រុង​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កក្កដា ​ឆ្នាំ​២០២០។ (ផន បុប្ផា/វីអូអេ)

នៅទី​នេះ ហូល​ត្រូវ​បាន​ត្បាញ​ពី​សរសៃ​សូត្រ​ ដែល​យក​ចេញ​ពី​ដង្កូវ​នាង។ ​ហូល​ខ្លះ​មាន​ក្បាច់​គោម​ច្រើន​ ដែល​នាំ​ឲ្យ​ការ​ចង​គាធ​មាន​ការ​លំបាក។​ ចង​គាធ​ហូល​ពិដាន​មួយ​អាច​ស៊ី​ពេល​ជាង​កន្លះ​ឆ្នាំ​រហូត​ដល់​១​ឆ្នាំ ​ឬ​អាច​យូរ​ជាង​នេះ។​

អ្នក​ស្រី ​គឹម ស្រេង​ ពន្យល់​ថា៖​ «ការងារ​នេះ​ត្រូវ​អត់​ធ្មត់។​ បើ​យើង​ឆេវ​ឆាវ​ យើង​ធ្វើ​អត់​បាន។​ ទាល់តែ​យើង​អត់​ធ្មត់ ​ហើយ​ខំ។​ អត់​មាន​ថា​ អង្គុយ​ម៉ាប៉ុក​ទៅ​ហ្នេះ​ម៉ា​ប៉ុក​ទៅ​នោះ គឺ​ធ្វើ​អត់​បាន​ទេ។​ [...] អី​ដែល​ពិបាក​ជាង​គេ​ គឺ​រឿង​ធ្វើ​ពិដាន​នេះ​ហើយ​ ព្រោះ​[រូប]​សត្វ​ច្រើន​ប្លែកៗ​ពី​គ្នា ​ខ្នាល់​ក៏​វា​ច្រើន។​ បើ​យើង​ចង​ខ្នាល់​ធម្មតា ​ខ្នាល់​២០​ឬ​១០​ជាង​ មិន​សូវ​ពិបាក​ទេ។​ បើ​យើង​ចង​អា​នេះ ​វា​មាន​ជា​ដើម​ឈើ​ រូប​នាគ ​រូប​ហង្ស​ មាន​ត្រី ​មាន​អី​គ្រប់​បែប​យ៉ាង​ អ៊ីចឹង​វា​ពិបាក​ធ្វើ​ទម្រាំ​យើង​ធ្វើ​ត្រូវ​មួយៗ»។​

លើស​ពី​នេះ​ទៅ​ទៀត​ ហូល​ទាំង​នេះ​ធ្វើ​ដោយ​ដៃ​សុទ្ធ​ជាមួយ​នឹង​ល័ក្ត​ធម្មជាតិ​ ដែល​មិន​ងាយ​ចេញ​ពណ៌​និង​រក្សា​ពណ៌​បាន​យូរ។​ ការ​ត្បាញ​អាច​ត្រូវ​ការ​រយៈ​ពេល​រហូត​ដល់​ទៅ​៦​ខែ។​

អ្នកស្រី ​គឹម ស្រេង​ ប្រាប់​វីអូអេ​ថា៖​ «ហូល​ខ្មែរ​ដែល​ធ្វើ​ពី​សូត្រ​ខ្មែរ​នេះ​ យើង​ពិបាក​ធ្វើ​ ព្រោះ​អី​យើង​ទម្រាំ​បាន​មួយៗ​ ទម្រាំ​ចេញ​ពី​ដង្កូវ​នាង​មក​ យើង​នៅ​ព័ទ្ធ។​ ព័ទ្ធ​ហើយ​យើង​នៅ​ដាក់​ដែក។ ​ដាក់​ដែក​ហើយ​យើង​រវៃគួប​ពីរ​បី​សារ។​ យើង​ធ្វើ​ទម្រាំ​បាន​មួយៗ ​វា​ចូល​រាប់​ឆ្នាំ។​ ហើយ​ពេល​ចង ​វា​ពិបាក​ចង។​ វា​មិនស្រួល​ដូច​យើង​ថា​ហ្អឹម​...​អា​នេះ​មិន​ពិបាក​ទេ។ ​ទាល់​តែ​យើង​ធ្វើ​បាន​ពិបាក»។​

អ្នកស្រី​និយាយ​ទៀត​ថា៖​ «អ៊ីចឹង​បាន​វា​មាន​តម្លៃ។​ គេ​ឲ្យ​តម្លៃ​ថ្លៃ»។​

ហូល​ទាំង​នេះ​អាច​មាន​តម្លៃ​រហូត​ទៅ​ដល់​ជិត​ ៣០០០​ដុល្លារ​ ដោយសារ​តែ​ហូល​ទាំង​នេះ​លំបាក​ធ្វើ។​ការ​ធ្វើ​ត្រូវ​ការ​រយៈពេល​យូរ​ ហើយ​អ្នក​ចេះ​ចង​គាធ​ អ្នក​ត្បាញ​ហូល ​និង​សិប្បកម្ម​ត្បាញ​ហូល ​មាន​ចំនួន​តិច​ប៉ុណ្ណោះ។​

រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ អ្នកស្រី​ ភឿង សកុណា ​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​បាន​ជា​យើង​បាន​រៀបចំ​អត្ថបទ​សិក្សា​អំពី​ហូល​ខ្មែរ​ហូល​ពិដាន​...​ហូល​ពិដាន​ហ្នឹង ​មិន​សូវ​មាន​អ្នក​ចេះ​ធ្វើ​ទេ។​អ៊ីចឹង​បើ​សិន​មាន​ចាស់ៗ​ ដែល​គាត់​ចេះ​ចង​ហូល ​ចង​គាធ ​និង​គោម​អី​ហ្នឹង ​គឺ​វា​ល្អ​ណាស់។​ [ពួកគាត់]​ជា​ធន​ធាន​មនុស្ស​មួយ​ដ៏​មាន​តម្លៃ​ណាស់ ​សម្រាប់​ប្រទេស​យើង»។​

លោក​ស្រី​បន្ថែម​ថា៖​ «តែ​បើ​យើង​គិត​ពី​កម្លាំង​ការងារ​ និង​ការ​ប្រើ​ល័ក្ខ​ធម្មជាតិ​ទាំង​ស្រុង ​អត់​មាន​គីមី​ទេ​ វា​ទុក​បាន​យូរ​អង្វែង​...​និយាយ​ទៅ​អំពី​តម្លៃ​អំពី​ការងារ​ ហើយនិង​រយៈ​ពេល​ដែល​ទុក​ត​កូន​តចៅ​ហ្នឹង​ គឺ​ថា​ វា​ថ្លៃ​មែន តែ​វា​ក៏​យ៉ាប់​ធ្វើ​ដែរ។​ ហើយ​តម្លៃ​ទី​១​ គឺ​តម្លៃ​នៃ​ការ​ចេះ​ដឹង​របស់​ដូនតា​ បង្ហាញ​ពី​ការ​ផ្ទេរ​ចំណេះ​ដឹង​របស់​ចាស់ៗ​ពី​បុរាណ​រ ហូត​មក​ដល់​ឥឡូវ​ គឺ​យើង​នៅ​មាន​ការ​ផ្ទេរ​ចំណេះ​ដឹង។​ ហើយ​បើអត់​មាន​ការ​ផ្ទេរ​ចំណេះ​ដឹង​ទេ​ យើង​រៀន​ធ្វើ​អត់​បាន​ទេ»។​

ហូល​ខ្មែរ ត្រូវបានផលិត​នៅ​អង្គការ​ Institute of Khmer Traditional Textiles​ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ (ផន បុប្ផា/វីអូអេ)

ជា​រៀងរាល់​ថ្ងៃ​ អ្នក​ស្រី ​គឹម ស្រេង​ ចង​គាធ​ពី​ពេល​ព្រឹក​រហូត​ដល់​ពេល​ល្ងាច​ លើក​លែង​តែ​ពេល​បាយ​ថ្ងៃ​ត្រង់។​ អ្នកស្រី​ចង​គាធ​និង​ត្បាញ​ជាង​ ៤០​ឆ្នាំ​មក​ហើយ។​ នៅ​ពេល​វីអូអេ​ទៅ​សម្ភាស​ កាល​ពី​ខែ​កក្កដាកន្លងទៅ​នេះ​ អ្នកស្រី​និយាយ​បណ្តើរ​ ចង​គាធ​បណ្តើរ​ ហាក់​ដូច​ជា​មិន​ត្រូវ​ការ​ពេល​គិត​ពី​វិធី​ចង​នោះ​ឡើយ។​ ផ្ទាំង​ពិដាន​ដែល​អ្នកស្រី​កំពុង​តែ​ចងអ្នកស្រី​បាន​ចាប់​ផ្តើម​ធ្វើ​ តាំង​ពី​ខែ​មករា​មក​ម៉្លេះ។​

ទោះ​ជាយ៉ាងណា​ក៏ដោយ ​អ្នក​ស្រី​ថា ​ផ្ទាំង​ហូល​ទាំង​មូល​អាច​ចប់​មុន​ដំណាច់​ឆ្នាំ​ ២០២០​ ឬ​អាច​បន្ត​រហូត​ដល់​ឆ្នាំ​ ២០២១​ ទើប​អ្នក​ស្រី​អាច​ចង​រួច​រាល់។​

លោក​ Kikuo ​Morimoto​ បាន​បង្កើត​អង្គការ ​IKTT​ នេះ​ឡើង​ ដើម្បី​ថែ​រក្សា​ហូល​ខ្មែរ ​និង​របៀប​ធ្វើ​ហូល​ផាមួង​ឲ្យ​បាន​គង់វង្ស។ លោក​សិក្សា​ហូល​ខ្មែរ​នេះ ​នៅ​ឆ្នាំ​ ១៩៩៥។​ ក្រោយ​ការ​សិក្សា​ ទើប​លោក​ដឹង​ថា ​មាន​លោក​យាយៗ​មិន​ច្រើន​ទេ ដែល​ចេះ​ត្បាញ​ហូល​ខ្មែរ​បាន​ល្អ​ប្រណិត។​ លោក​គិត​ថា​ បើ​លោក​មិន​បង្កើត​សិប្បកម្ម​មួយ​ ដើម្បី​ថែ​រក្សា​ចំណេះ​វិជ្ជា​នេះ​ឲ្យ​បាន​ឆាប់​ទេ​ ​វា​នឹង​បាត់​បង់​ជា​រៀង​រហូត​ជាមួយ​យាយៗ។​ លោក​បាន​នាំ​លោក​យាយ​មួយ​ចំនួន​ ដែល​មាន​ជំនាញ​ត្បាញ​ហូល​ពី​ខេត្ត​តាកែវ ​និង​ខេត្ត​កំពត​ ដើម្បី​មក​ត្បាញ​ហូល​នៅ​សិប្បកម្ម​នេះ។​

អង្គការ ​IKTT​ បាន​ដាក់​តាំង​លក់​ហូល ​ដែល​អ្នកស្រី​ គឹម ស្រេង ​បាន​ធ្វើ។​

អ្នកស្រី ​ទិត រដ្ឋា ​អាយុ​៣៥​ឆ្នាំ​ ធ្វើ​ការ​នៅ​អង្គការ​នេះ​ តាំង​ពី​ឆ្នាំ​ ២០០២​ មក​ម៉្លេះ។ ​អ្នកស្រី​ប្រាប់​វីអូអេ​ថា​ មាន​ភ្ញៀវ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ ដែល​មក​ជាវ​ហូល​នៅ​អង្គការ​នេះ។​

«ដោយសារ​តែ​វា​ជា​សូត្រ​ខ្មែរ​សុទ្ធ​ ពណ៌​ធម្មជាតិ​ ហើយ​យើង​ចំណាយ​ពេល​យូរ​ ព្រោះ​អី​យើង​ចិញ្ចឹម​កូន​នាង​មក​ទម្រាំ​បាន​សូត្រ​ ហើយ​សូត្រ​ហ្នឹង​ក៏​យើង​មិន​ប្រាកដ​ថា​ បាន​មួយ​សំពត់​[ហូល]​ហ្នឹង​ដែរ​ព្រោះ​អី​ពេល​ខ្លះ​ វា​សរសៃ​ធំ​ យើង​មិន​អាច​យក​មក​ធ្វើ​ អាហ្នឹង​[ហូល]​កើត​ទេ​ ព្រោះ​យើង​យក​តែ​សរសៃ​តូចៗ ​ដែល​ល្មម​ធ្វើ​អាហ្នឹង​កើត។​ សរសៃ​ធំ​ យើង​ទុក​ធ្វើ​អី​ផ្សេង»។​

អ្នកស្រី​បន្ថែម​ទៀត​ថា៖​ «ឥឡូវនេះ​នៅ​ជប៉ុន​ក៏​នៅ​មាន​លក់​ខ្លះៗ​ដែរ។​ ប៉ុន្តែ​ដោយសារ​តែ​កូវីដ​ យើង​មាន​បញ្ហា​សេដ្ឋកិច្ច​ខ្លះអ៊ីចឹង​ទៅ​ ក៏​អត់​មាន​អី​ចេញ​ទៅ​ណា​កើត»។​

អ្នកស្រី​ រដ្ឋា​ និយាយ​អំពី​អ្នក​តម្បាញ​ជើង​ចាស់​នៅ​ទីនោះ​ ដោយ​លើក​ឡើង​ថា៖​ «សម្រាប់​ខ្ញុំ​ គឺ​គាត់​សំខាន់។​ គាត់​សំខាន់​ដោយសារ​តែ​គាត់​ពូកែ​ចង​គាធ។​ គាត់ជា​គ្រូ​ម្នាក់​សម្រាប់​កន្លែង​ខ្ញុំ[...] ​ព្រោះ​អី​គាត់​ជា​មនុស្ស​ចាស់​ទុំ​ដែរ។​ គាត់​មកពី​ខេត្ត​តាកែវ។​ ពេល​គាត់​មក​ដល់​ខេត្ត​សៀមរាប ពួក​ខ្ញុំ​អត់​មាន​អ្នក​ណា​ចេះ​ទេ​...​ហើយ​គាត់​ជួយ​បង្រៀន»។​

អង្គការ​ IKTT ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ​Kikuo​ Morimoto​ នៅ​ឆ្នាំ​១៩៩៥ ​ដើម្បី​ថែ​រក្សា​ហូល​ខ្មែរ​ និង​របៀប​ធ្វើ​ហូល​ផាមួង​ឲ្យ​បាន​គង់វង្ស​ នៅ​ឆ្នាំ​១៩៩៥។ (ផន បុប្ផា/វីអូអេ)

អ្នកស្រី​ គឹម ស្រេង ​គឺ​ជា​បុគ្គលិក​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​ជាង ​១២០ ​នាក់​ នៅ​អង្គការ​នេះ​ដែល​អាច​ផលិត​ហូល​ខ្មែរ​ដែល​មាន​គុណភាព​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស។​

ដោយ​មាន​បទ​ពិសោធន៍​ច្រើន​ អ្នក​ស្រី​បាន​ក្លាយ​ជា​អ្នក​បង្ហាត់​បង្រៀន​របៀប​ចង​គាធ​ និង​ត្បាញ​ហូល​ទៅ​អ្នក​ជំនាន់​ក្រោយ ​ដែល​ធ្វើ​ការ​នៅ​អង្គការ​នេះ​ ឲ្យ​បន្ត​ចំណេះ​ដឹង​ពី​អ្នក​ស្រី​ផង​ដែរ។​

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ អ្នក​ស្រី ​គឹម ស្រេង​ ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​អត្ត​សញ្ញាណ​ជាតិខ្មែរ​មួយ​នេះ​ ដោយសារ​តែ​របរ​នេះ​ត្រូវ​ការ​រយៈ​ពេល​យូរ​ មុន​ពេល​ពួក​គេ​អាច​ទទួល​កម្រៃ។

«មាន​អី​ មាន​តែ​សោក​ស្តាយ​ ខ្លាច​បាត់​ប្រពៃណី​ខ្មែរ​យើង​ដល់​ក្មេង​ជំនាន់ក្រោយ។​ វា​អត់​ស្គាល់​ដូច​នៅ​ខេត្ត​ផ្សេងៗ​អ៊ីចឹង!​ នៅ​តាកែវ​ ស្រុកខ្ញុំ​ក៏ដោយ ​អី​ក៏ដោយ​ ព្រោះ​អី​តែ​យើង​ឈប់​ធ្វើ​ទៅ​ ក្មេង​ស្រករ​ក្រោយ ​មិន​ស្គាល់​អត់​ដឹង​ថា​ ហូល​ធ្វើ​ម៉េច​អី»។

«អ៊ីចឹង​វា​សោកស្តាយ​ដែរ ​បើ​ប្រពៃណី​ខ្មែរ​បាត់​បង់​ទៅ។ ​អ៊ីចឹង​យើង​ធ្វើ​ម៉េច​ហ្ន៎?​ អាច​បង្រៀន​វា​ធ្វើ​ម៉េច​បាន? ​បើ​ក្មេងៗ ​វា​ចង់​ជឿន​លឿន។​ គេ​រៀន​ចេះ​ភាសា​ ចេះ​អី​ទៅ​ គេ​ធ្វើការ​ងារ​ស្រួលៗ»។​

អ្ននស្រី​ផ្ទាល់​មាន​ហូល​តែ​ពីរ​ក្បិន​ប៉ុណ្ណោះ​ ដែល​អ្នក​ស្រី​ត្បាញ​ដោយ​ខ្លួន​ឯង​សម្រាប់​ស្លៀក។​

មួយ​ក្បិន​អ្នក​ស្រី​ត្បាញ​សម្រាប់​ស្លៀក​ក្នុង​ពិធី​មង្គល​ការ​របស់​អ្នកស្រី​ នៅ​ឆ្នាំ ​១៩៨៦។​ កាល​ពី​ឆ្នាំ ​២០១៧​ អ្នកស្រី​ទិញ​ហូល​ពី​ផ្សារ​ ដើម្បី​ស្លៀក​ចូលរួម​ក្នុង​មង្គល​ការ​របស់​កូន​អ្នកស្រី។ អ្នកស្រី ​គឹម ស្រេង​ ដែល​មាន​កូន​បី​នាក់​ សុទ្ធ​តែ​ប្រុស​និយាយ​ថា ប្រសិន​បើ​អ្នក​ស្រី​មាន​កូនស្រី​ អ្នកស្រី​ចង់​ឲ្យ​កូន​បន្ត​ចំណេះ​នេះ​ពី​អ្នកស្រី៕​