អនាគត​ស្រែ​អំបិល​នៅ​កម្ពុជា៖ ​កង្វះ​កម្លាំង​ពលកម្ម ​និង​​បញ្ហា​​អាកាសធាតុ

ខណៈ​ដែល​មាន​ជម្រើស​ការងារ​ផ្សេង​ក្នុង​វិស័យ​ឧស្សាហកម្ម ​និង​សេវាកម្ម​ក្នុង​ខេត្ត​កំពត ​និង​តំបន់​ក្បែរ​ខាង​ ​សហគមន៍​ផលិត​អំបិល​មួយ​កន្លែង​នៅ​ជាយ​ក្រុង​កំពត​បាន​លើក​អំពី​បញ្ហា​​កង្វះ​កម្លាំង​ពលកម្ម ​នៅ​ចំ​ពេល​ដែល​បញ្ហា​អាកាស​ធាតុ​មិន​ទៀង​ទាត់​ថែម​ទៀត ​ដែល​បាន​នាំ​ឱ្យ​ការ​ផលិត​អំបិល​ជួប​បញ្ហា​ប្រឈម។​

សង្កាត់​ត្រើយ​កោះ​ ខេត្ត​កំពត — ការ​ធ្វើ​ស្រែ​ដាំ​ស្រូវ​គឺ​អាស្រ័យ​លើ​ទឹក​ភ្លៀង ​តែ​ការ​ធ្វើ​ស្រែ​អំបិល​ទឹក​ភ្លៀង​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រជា​ពលរដ្ឋ។ នៅ​ក្នុង​សង្កាត់​ត្រើយ​កោះ ​ខេត្ត​កំពត ​សកម្មភាព​រៀប​ចំ​ដី ​បូម​ទឹក​សមុទ្រ​ដាក់​ស្រែ​ ​កាយ​អំបិល​ប្រមូល​ផល ​កំពុង​កើត​ឡើង​ក្នុង​អំឡុង​ពេល​រដូវ​ប្រាំង។ ​អ្នក​ភូមិ​ស៊ី​ឈ្នួល​ធ្វើ​ស្រែ​អំបិលកំពុង​តែ​បំពេញ​ការងារ​របស់​ពួក​គេ​នៅ​ក្នុង​វាលស្រែ​អំបិលទាំង​កណ្តាល​ថ្ងៃ​ត្រង់។​

អ្នកស្រី​សុខ ហួរ ​ថៅកែ​ស្រែ​អំបិល​ដែល​មាន​ដី​ស្រែ​រាប់​រយ​ហិកតា ​បាន​ថ្លែង​ប្រាប់​ VOA ​ថា ​ឆ្នាំ​មុន ​លោកស្រី​មិន​បាន​ធ្វើ​ស្រែ​អំបិល​នោះ​ទេ ​ដោយ​ទុក​ដី​ចោល ដោយ​សារ​បញ្ហា​អាកាសធាតុ​គឺ​ទឹក​ភ្លៀង​នៅ​រដូវ​ប្រាំង។ ​ប៉ុន្តែ​លោកស្រី​មាន​ប្រសាសន៍​ថា ​ឆ្នាំ​នេះ​ការ​ធ្វើ​ស្រែ​អំបិល​អាច​ទទួល​បាន​ទិន្នផល​មួយ​ចំនួន ​តែ​គេរង់​ចាំ​មើល​ទឹក​ភ្លៀង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

នៅ​ផ្ទះ​កន្លែង​ជ្រក​ថ្ងៃ​មួយ​ក្បែរ​ស្រែ​អំបិល​ អ្នក​ស្រី​បាន​ថ្លែង​ប្រាប់ ​VOA​ ​ថា៖​

«បើ​មេឃ​អំណោយ​ផល ​យើង​ធ្វើ​ដល់​ខែ​៦​ទៅ។ ​យើង​អត់​ខ្វះ​ទេ​ ទីផ្សារ។ ​ហើយ​បើ​ចេះ​តែ​ភ្លៀង​ ​ អាហ្នឹង​យើងខ្វះ​ទៀត​ហើយ​ អាហ្នឹង។ ​យើង​អត់សន្និដ្ឋាន ​អត់​បាន​ទេ​ស៊ី​សង​លើ​មេឃ។ ​វា​ពិបាក​អ៊ីចឹង ​ធ្វើ​អាហ្នឹង»។​

អ្នកស្រី​ សុខ​ ហួរ ជាថៅកែ​ស្រែអំបិល​ នៅ​សង្កាត់ត្រើយកោះ ខេត្ត​កំពត​ ​នៅថ្ងៃទី​១៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩។ (ខាន់ ​សុគុំមនោ/VOA Khmer)

អ្នកស្រី​បន្ថែម​ថា ​ប្រសិន​បើ​មិន​មាន​អំបិល​គ្រប់គ្រាន់​នៅ​លើ​ទីផ្សារ​ សហគមន៍​អំបិល​នឹង​នាំ​ចូល​អំបិល​ពី​ប្រទេស​ផ្សេង​ រួម​មាន​ថៃ ​វៀតណាម ​និង​ចិន​ផង​ដែរ។​

កាល​ពី​ឆ្នាំ​មុន​ ដោយ​សារ​ធ្វើ​ស្រែ​អំបិល​មិន​បាន​ផល​ ​កម្ពុជា​បាន​នាំ​ចូល​អំបិល​រាប់​ពាន់​តោន​ពី​ប្រទេស​ចិន។ ​ក្នុង​មួយ​ឆ្នាំៗ​ កម្ពុជា​ត្រូវ​ការ​អំបិល​ប្រមាណ​ពី​៩​ទៅ​១០​ម៉ឺន​តោន​សម្រាប់​តម្រូវការ​ក្នុង​ស្រុក។​

បើ​តាម​អ្នក​ស្រី​សុខ ហួរ​ ​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​កង្វះ​កម្លាំង​ពលកម្ម​សម្រាប់​ការងារ​ធ្វើ​ស្រែ​អំបិល​នេះ។​ អ្នកស្រីបានថ្លែង​ដូច្នេះ​ថា៖​

«បច្ចុប្បន្ន​ប្រឈម​នឹង​អត់​កម្មករ​ធ្វើ​ ហ្មង​អូន។​ អត់​កម្មករ ​ហើយ​មេឃ​មិន​សូវ​ល្អ​អំណោយ​ផល​ឲ្យ​យើង។ ​ព្យុះ​នៅ​ស្រុក​គេ​ក៏​មក​ប៉ះពាល់​នៅ​ស្រុក​យើង​ដែរ។ ​ពីរ​ហ្នឹង​វា​ពិបាក​ជាង​គេ។ ​ពិបាក​ជាង​គេ​គឺ​ខ្វះ​កម្មករ​តែ​ម្តង ​ព្រោះ​អត់​មាន​កម្មករ​ធ្វើ​ទាល់​តែ​សោះ។ ​កម្មករ​យើង​ត្រូវ​ប្រើ​ច្រើន​ ត្រូវ​ប្រើ​រាប់​រយ។​ ឥឡូវ​នៅ​សល់​តែ​ម្ភៃ​សាមសិប​នាក់​ហ្នឹង​ មិន​ចង់​បាន​ផង»។

អ្នកស្រី​ សុខ ហួរ ​បាន​រក​ស៊ី​ធ្វើ​ស្រែ​អំបិល​នេះ​តាំង​ពី​ឆ្នាំ​២.០០០ ​ហើយ​លោកស្រី​ចាត់​ទុក​មុខ​របរ​នេះ​សំខាន់​ក្នុង​ការ​រក​ចំណូល។ ​អ្នកស្រី​បាន​បញ្ជាក់​ថា៖​

«មុខ​របរ​ធ្វើ​អំបិល​ហ្នឹង វា​ស្រួល​ដែរ។ ស្រួល​ត្រង់​ថា ​យើង​អត់​ចាំ​បាច់​ដើរ​រក​ស៊ី​ផ្លូវ​ឆ្ងាយ។ ​យើង​រក​ស៊ី​ក្នុង​ស្រុក​យើង។​ ដល់​រដូវ​ធ្វើ ​យើង​ធ្វើ​តែ​ម្តង។ ​អត់​មាន​ដល់​រដូវ ​យើង​អត់​ធ្វើ។ ​យើង​អាច​ធ្វើ​អី​ក៏​បាន​ ធ្វើ​ចម្ការ​ ធ្វើ​អី​ក៏​បាន។ ​បើយើង​រក​ស៊ី​ផ្លូវ​ឆ្ងាយ ​យើង​ខ្លាច​ដែរ​ ទៅ​ផ្លូវ​ឆ្ងាយ។ ​រក​ស៊ី​អំបិល​នេះ​វា​ល្មម​ដែរ ​អាច​ថា​ ​គ្រួសារ​យើង​ធូរ​ធារ​តិច​ទៅ ​ធ្វើ​បាន​ទៅ។​ ​ឆ្នាំ​ណា​ធ្វើ​មិន​បាន​ យើង​ខាត​តិច​តួច​អ៊ីចឹង​ទៅ​ណា៎។ ​ដូច​ឆ្នាំ​ទៅ​ ខាត​ទាំង​ស្រុង​ តែ​ធ្វើ​ម៉េច​ បើ​មេឃ ​វា​អត់​អំណោយ​ផល​ឲ្យ​យើង​ផង»។​

ប្រជា​កសិករ​ស្រែអំបិល​កំពុង​ចាប់​ផ្តើម​ដំណើរ​ការ​ផលិត​អំបិល​ក្នុង​ខែ​ប្រាំង​ឆ្នាំ​២០១៩ នៅ​សង្កាត់ត្រើយកោះ ខេត្ត​កំពត ​នៅថ្ងៃទី​១៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩។ ​(អូន ឆេងប៉រ/ VOA Khmer)

លោក ​ពៅ សុន​ ចៅ​សង្កាត់​ត្រើយ​កោះ ​មាន​ប្រសាសន៍​ថា ​កង្វះ​ពលកម្ម​ជា​បញ្ហា​នា​ពេល​នេះ​ ដោយសារ​ពលរដ្ឋ​ពេញ​កម្លាំង​បាន​ទៅ​ធ្វើ​ការ​រោងចក្រ​ នៅ​ក្នុង​ខេត្ត​មួយ​នេះ។​

ចៅ​សង្កាត់ ​ពៅ សុន ​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ផ្ទះ​របស់​លោក​ថា៖​

«ប៉ុន្តែ​បច្ចុប្បន្ន​យើង​មាន​បញ្ហា​ប្រឈម​ខ្លះ ​ដោយសារ​អំបិលឆ្នាំ​មុន​នោះ​ធ្វើ​អត់​បាន​ ដោយសារ​ធម្មជាតិ ​គ្រោះ​ធម្មជាតិ​ផង ​ហើយ​ឆ្នាំ​នេះ​ប្រហែល​ជា​បាន​ផល​លើស​ឆ្នាំ​មុន ​តែ​មិន​បាន​ច្រើន​លើស​លប់​ពេក​ទេ ​ដោយសារ​ការ​ផលិត​នេះ​ វា​ជួប​បញ្ហា​ប្រឈម​រឿង​កម្មករ។​ យើង​ឃើញ​ថា​ ​សព្វថ្ងៃ​ គេ​ចូល​រោងចក្រ​សហគ្រាស​អស់​ហើយ។​ គេ​ធ្វើ​ការ​ក្នុង​ម្លប់!​ អ៊ីចឹងអ្នក​ដែល​ពេញ​កម្លាំង ​ពី​ដើម​ធ្លាប់​រែក​អំបិល ឥឡូវ​ចូល​រោងចក្រ​អស់​ច្រើន ​ហើយ​នៅ​សល់​តែ​កម្មករ​ចាស់ៗ​មួយ​ចំនួន​ដែលគាត់​នៅ​ហ្នឹង»។​

លោក​ចៅ​សង្កាត់​បាន​បញ្ជាក់​បន្ថែម​ថា៖​

«ខ្ញុំ​គិត​ថា​ ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច។ ​ដល់​ពេល​មេឃ​រាំង​ខ្លាំង​បាន​អំបិល​ច្រើន​ហើយ​អត់​អ្នក​ប្រមូល​ផល​តែ​ម្តង ​ខ្ញុំ​បារម្ភ​អ៊ីចឹង»។​

បើ​យោង​តាម​លោក​ចៅ​សង្កាត់​រូប​នេះ​ ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​សង្កាត់​ត្រើយ​កោះក៏​បាន​លក់​ដី​ស្រែ​អំបិល​ចោល ​ដោយ​សារ​ពួកគេ​ជួប​ការ​លំបាក​ក្នុង​មុខ​របរ​មួយ​នេះ។ ​លោក​បញ្ជាក់​ថា ​ឥឡូវ​នេះ​មាន​ប្រជា​ពលរដ្ឋ​តែ​១០​ទៅ​១៥គ្រួសារ​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ធ្វើ​ស្រែ​អំបិល​នេះ​ជា​លក្ខណៈ​គ្រួសារ ​ហើយ​ចំនួន​នេះ​បានធ្លាក់​ចុះ​ពី​៧០​គ្រួសារ​ កាល​ពី​ពេល​មុន។​

លោក​ ពៅ សុន ​មាន​ប្រសាសន៍​ថា៖​

«សង្កាត់​ខ្ញុំ​ហ្នឹង ​ឃើញ​មាន​បង​ប្អូន​យើង​មួយ​ចំនួន ​ក្រុម​ផលិត​ហ្នឹង ​ដោយសារ​អំបិល​ហ្នឹង ​គាត់​ធ្វើ​អត់​បាន​ផង ​ហើយ​ម្យ៉ាង​រក​កម្មករ​ធ្វើ​អត់​បាន​ផង​ ក៏​បាន​ផ្ទេរ​ដី​មួយ​ចំនួន​ទៅ​ឲ្យ​ក្រុម​ផលិត​ធំៗ។ ​បាន​ន័យ​ថា​ ​ក្រុម​ធំៗ​ គេ​មាន​លទ្ធ​ភាព​ធ្វើ។​ គេ​សល់​ទុន​ច្រើន។​ គេ​អត់​ក្ស័យ​ធន។​ គេ​ក៏​បាន​ទិញ​ពី​ក្រុម​តូចៗ​ហ្នឹង ​អស់​មួយ​ចំនួន​ដែរ​ហើយ។ ​ប៉ុន្តែ​ដី​នៅ​ដដែល​អត់​បាត់​បង់​ទេ ​ដី​ស្រែ​អំបិល​ហ្នឹង»។​

ទោះ​ជា​យ៉ាងណា​ ​លោក​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​អនាគត​នៃ​ការ​ធ្វើ​ស្រែ​អំបិល​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​មាន​គំនិត​ថា ​នៅ​សង្កាត់​ខ្ញុំ​នេះ​ក៏​ដូច​ជា​នៅ​ខេត្ត​កំពត​ដែរ​ នៅ​ទូទាំង​ប្រទេស​គឺ​ថា​ ​មាន​តែ​ខេត្ត​កំពត​មួយ​ទេ​ដែល​មាន​អំបិល​ ធ្វើ​អំបិល​បាន​ ហើយ​អំបិល​នេះ​គឺ​ជា​អំបិល​ធម្មជាតិ​សុទ្ធៗ ​មិន​មែន​ជា​អំបិល​កែ​ច្នៃ​ជាតិ​គីមី​អី​ទេ។ ​តាម​ខ្ញុំ ​ខ្ញុំ​គិត​ថា មិន​ចង់​ឲ្យ​ស្រែ​អំបិល​បាត់​បង់​ដែរ ​ដោយសារ​ដី​ស្រែ​អំបិល​នេះ​វា​មិន​ចេះ​តែ​ធ្វើ​បាន​គ្រប់​ខេត្ត​ទេ ​មាន​តែ​ខេត្ត​កំពត។​ អ៊ីចឹង​យើង​គួរ​តែ​ថែ​រក្សា​ដី​ស្រែ​អំបិល​ហ្នឹង​ ឲ្យ​បាន​គង់​វង្ស»។​

អ្នកស្រី ​សុខ ពិន ​អាយុ​៤០​ឆ្នាំ​ ជា​អ្នក​ភូមិ​ម្នាក់​ ដែល​នៅ​បន្ត​ធ្វើ​ស្រែ​អំបិល ​មាន​ប្រសាសន៍​ថា​ ​អ្នកស្រី​នៅ​បន្ត​ធ្វើ​ស្រែ​អំបិល​លើ​ដី​៦​ហិកតា​នៅ​ឆ្នាំ​នេះ។ ​អ្នកស្រី​បន្ត​ថា​ ឆ្នាំ​នេះ​អ្នកស្រី​អាច​ធ្វើ​ស្រែ​អំបិល​បាន ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន ​ដោយ​សារ​មិន​ទាន់​មាន​ភ្លៀង។ ​អ្នកស្រី​បញ្ជាក់​ថា​ បើ​អាកាស​ធាតុ​ក្តៅ​ មិន​ភ្លៀង ​នោះ​អាច​ប្រមូល​អំបិល​បាន​ពី​៤០០​ទៅ​៥០០​តោន​សម្រាប់​រដូវ​កាល​មួយ​នេះ។​

ស្ត្រី​រូប​នេះ​បាន​ថ្លែង​បន្ត​ថា​ អំបិល​មាន​ទីផ្សារ ​តែ​តម្លៃ​អាស្រ័យ​លើ​គុណភាព​អំបិល។​

អ្នកស្រី​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖​

«ទីផ្សារ​វា​ចុះ​តិចៗ​ដែរ ​ចេះ​តែ​ភ័យ​ដែរ ​ដូច​ថា ​មួយ​ខែ​ចុះ​មួយ​ខែ​ មួយ​អាទិត្យ​ចុះ​មួយ​អាទិត្យ​អ៊ីចឹង​ទៅ។​ មក​ម្តង​ ចុះ​បន្តិចៗ។ ​យើង​អត់​ឃើញ​មក​ម្តង​ឲ្យ​ឡើង​ថ្លៃ។​ ដូច​ថា ​ពី​មុន​២​ម៉ឺន​[រៀល]​ ឥឡូវ​១៨.០០០[រៀល]​ ឥឡូវ​១២.០០០​[រៀល]។ ​វា​ចុះ​អ៊ីចឹង!​ ​ទីផ្សារ​វា​អត់​មាន​ឃើញ​ឡើង ​វា​ចេះ​តែ​ចុះ»។​

ទោះ​ជា​យ៉ាង​ណា​ ​អ្នកស្រី​មាន​ប្រសាសន៍​ថា ​អ្នកស្រី​មាន​បំណង​លក់​ស្រែ​អំបិល​នេះ​ ប្រសិន​បើ​ត្រូវ​ថ្លៃ​នៅ​ពេល​ខាង​មុខ។​

អ្នកស្រី​បាន​បញ្ជាក់​ថា៖

«ចង់​អីតើ!​ ​តែ​វា​អត់​មាន​គេ​មក​ទិញ!​ បើ​មាន​ត្រូវ​តម្លៃ​បោះ​បង់​ចោល! ​ហត់​ណាស់!​ ចាស់​ហើយ​ ទៅ​មិន​រួច។​ យើង​កាន់​តែ​ចាស់​ធ្វើ​ការ​កាន់​តែ​ធ្ងន់ ​រែក​ពន់​អ៊ី​ចឹង។​ យូរៗ​ទៅ​ ដូច​ថា​ ​វា​ឆ្អែត​ វា​ឆ្អន់»។​

ប្រជា​កសិករ​ស្រែអំបិល​កំពុង​ចាប់​ផ្តើម​ដំណើរ​ការ​ផលិត​អំបិល​ក្នុង​ខែ​ប្រាំង​ឆ្នាំ​២០១៩ នៅ​សង្កាត់ត្រើយកោះ ខេត្ត​កំពត ​នៅថ្ងៃទី​១៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩។ ​(ខាន់ ​សុគុំមនោ/VOA Khmer)

អ្នកស្រី​ ពិន ​ដែល​មាន​កូន​២​នាក់​កំពុង​សិក្សា ​មាន​ប្រសាសន៍​ថា ​អ្នកស្រី​មិន​ចង់​បន្សល់​ដី​ទុក​ឲ្យ​កូន ​រួច​បន្ត​មុខ​របរ​ធ្វើ​ស្រែ​អំបិល​នេះ​នោះ​ទេ៖​

«មាន​អី​ចែក​កូន​ ចែក​អី ​មាន​តែ​ដី​ប៉ុណ្ណឹង។ ​ហើយ​ដល់​យើង​ទុក​ទៅមិន​ចង់​ឲ្យ​កូន​កាន់​កាប់​ខាង​ហ្នឹង ​ព្រោះ​អី​វា​ហត់។​ អាណិត​កូន!​ ​ចង់​ឲ្យ​កូន​រៀន!​ ចង់​ឲ្យ​ទៅ​ធ្វើ​ការធ្វើ​អី។ ​ព្រលឹម​ឡើង​គេ​ទាញ​ម៉ូតូ ​យើង​ទាញ​បង្គា​ដង​រែក ​ហត់​ណាស់!»​

លោក ​ឆោម ចន្ធី​ ជា​អ្នកស៊ី​ឈ្នួល​គេ​ទទួល​ខុសត្រូវ​ស្រែ​អំបិល ​មាន​ប្រសាសន៍​ថា ​ លោក​បាន​ធ្វើ​ការងារ​នេះ​ជិត​២០​ឆ្នាំ​មក​ហើយ។ ​លោក​បាន​ទទួល​កម្រៃ​៩០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​សម្រាប់​ការងារ​មួយ​នេះ។ ​លោក​បញ្ជាក់​ថា ​ការងារ​មួយ​នេះ​អាច​ឲ្យ​លោក​អាច​រក​ចំណូល​មួយ​ចំនួន​ចិញ្ចឹម​គ្រួសារដែល​មាន​កូន​៥​នាក់។​ ​តែ​លោក​ថា ​បច្ចុប្បន្ន​នេះ ​លោក​មិន​ទាន់​មាន​ដី​ជា​កម្ម​សិទ្ធិ​ខ្លួន​ឯង​សម្រាប់​រស់​នៅ​ទេ។​

បុរស​វ័យ​៥០​ឆ្នាំ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា៖​

«ដូច​ថា​ ​ឃើញ​មុខ​របរ​ប៉ុណ្ណឹង​អាច​ចិញ្ចឹម​គ្រួសារ​បាន​ ​ប៉ុន្តែ​នៅ​តែ​ទាស់​ដូច​ខ្ញុំ​ថា​អត់​មាន​ដី​ម្តុំ​នៅ​តែ​ប៉ុណ្ណឹង។​ នៅ​យូរៗ​ដី​គេ ​យើង​អត់​មាន​ដី​ណា ​យើង​នៅ​លើ​ដី​គេ»។

ចំណែក​លោក ​សូត្រ ពៅ ​អាយុ​៤៨​ឆ្នាំ ​ជា​កម្មករ​ធ្វើ​ស្រែ​អំបិល​ដែល​អាច​រក​ចំណូល​បាន​ចន្លោះ​ពី​៥ម៉ឺន​ទៅ​៦ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ​លោក​មាន​ប្រសាសន៍​ថា​ លោក​មក​ស៊ី​ឈ្នួល​គេ​ជា​រៀល​រាល់​ឆ្នាំ​ ​នៅ​ពេល​រដូវ​កាល​ធ្វើ​ស្រែ​អំបិល​មក​ដល់។​ ការងារ​មួយ​នេះ​ ​លោក​គ្រាន់​បាន​ចំណូល​ខ្លះ​យក​ផ្គត់​ផ្គង់​គ្រួសារ ​និង​បង់​ថ្លៃ​ជំពាក់​ធនាគារ។​

លោក​ ពៅ ​ដែល​មាន​កូន​ពីរ​នាក់ ​មាន​ប្រសាសន៍​ថា៖​

«ដូច​ថា​ មក​រក​អំបិល ​រក​អី​ចឹង​ទៅ!​ យើង​ស៊ី​ឈ្នួល​ធ្វើ​ស្រែ​ឲ្យ​គេ​អ៊ីចឹង​ទៅ។ ​ចប់​ពី​ស្រែ​អំបិល​ ​យើង​ទៅ​ដក​ស្ទូង​ដើរ​ស៊ី​ឈ្នួល​គេ​ទៀត​ទេ។ ​ចប់​ស្រែ​អំបិល ​យើង​ដើរ​ធ្វើ​សំណង់​នាយ​អាយ​អ៊ីចឹង​ទៅ!​ ការងារ​ចេះ​តែ​ដើរ​រក​តេះតោះៗ​អ៊ីចឹង​ទៅ»។​

ទោះ​ជា​យ៉ាង​ណា ​លោក​ក៏​បង្ហាញ​ក្តី​បារម្ភ​ទៅ​ថ្ងៃ​ខាង​មុខ ​ប្រសិន​បើ​លែង​មាន​ស្រែ​អំបិល​ធ្វើ​នៅ​ពេល​អនាគត។ ​លោក​បាន​ថ្លែង​ថា៖

«បារម្ភ​ដែរ​ហ្នឹង!​ យើង​អត់​ការងារ​ធ្វើ។ យើង​អត់​ការងារ​ធ្វើ ​យើង​មាន​តែ​ធ្វើ​ការងារសំណង់​ ធ្វើ​អី​ចឹង​ទៅ។ ​អ្នក​ក្រ​វេទនា​ណាស់ ​គេ​ឲ្យ​ធ្វើ​អី ​ចេះ​តែ​ធ្វើ​ទៅ!​ បើ​យើង​អត់​រក ​យើង​អត់​អង្ករ​ឲ្យ​កូន​ហូប។ ​អត់​លុយ​ឲ្យ​កូន​ចាយ»។​

ទោះ​ជា​យ៉ាងណា​ លោកស្រី ​សុខ ហួរ ​ជា​ម្ចាស់​ដី​ស្រែ​អំបិល ​ដែល​លោក ​សូត្រ ពៅ ​កំពុង​ធ្វើ​ការ​ស៊ី​ឈ្នួល ​មាន​ប្រសាសន៍​ថា ​លោកស្រី​នៅ​តែ​មាន​បំណង​ធ្វើ​ស្រែ​អំបិល​នេះ​រហូត​ បើ​ទោះ​ជាមាន​បញ្ហា​ប្រឈម​ដោយ​សារ​អាកាសធាតុ​ និង​កម្លាំង​ពលកម្ម​ក៏​ដោយ៕