រដ្ឋ​សភា​ឯកបក្ស​​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​សមាស​ភាព​ដដែល​របស់​​រដ្ឋាភិបាល​លោក​ ហ៊ុន សែន

លោក ហេង សំរិន ថ្លែងក្នុង​កិច្ច​ប្រជុំ​​បោះឆ្នោត​ជ្រើសតាំងថ្នាក់ដឹកនាំ​រដ្ឋសភាថ្មី និង​ការ​បោះឆ្នោត​ផ្តល់សេចក្តី​ទុក​ចិត្ត​រដ្ឋាភិបាល​ថ្មី ក្នុង​វិមាន​រដ្ឋសភា នា​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ (រូបថត​ពី​ទូរទស្សន៍)

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រដ្ឋសភា​ដែល​​ដឹកនាំ​ដោយ​គណបក្ស​តែមួយ​ ​បាន​បោះឆ្នោត​ជ្រើស​តាំង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សម្រាប់​នីតិ​កាល​​ទី៦​ ​របស់​ខ្លួន។​ ​សមាជិក​រដ្ឋសភា​ថ្មី​​ចំនួន​១២៥​ មកពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​បាន​លើក​ដៃ​គាំទ្រ​​​​ឲ្យ​លោក​ ​ហេង សំរិន​ ​បន្ត​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​សភា​ ​និង​​បាន​បោះឆ្នោត​​​ផ្តល់​ទំនុក​ចិត្ត​ដល់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ​បន្ត​ដឹកនាំ​កម្ពុជា​រយៈពេល​៥​ឆ្នាំ​ទៀត។

ក្រោយ​ការ​កោះប្រជុំ​លើក​ដំបូង​របស់​សភា​ឯកបក្ស​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្រុម​សមាជិក​រដ្ឋ​សភា​ទាំង​ ​១២៥​រូប​ ​របស់​ ​គណបក្ស​កាន់​អំណាច​ ​បាន​បន្ត​បោះឆ្នោត​ជ្រើស​តាំង​រចនាសម្ព័ន្ធ​គ្រប់​គ្រង​របស់​ខ្លួន​រយៈ​ពេល​៥ឆ្នាំ​ទៅ​មុខ​ទៀត​ ​មុន​នឹងឈាន​ដល់​ការ​បោះឆ្នោត​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​ដល់​គណៈរដ្ឋ​មន្ត្រី​និង​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។

​ប្រធាន​កិត្តិយស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​ជា​អតីត​ប្រធាន​រដ្ឋ​នៃ​សម័យ​រដ្ឋ​កម្ពុជា​ ​លោក​ ​ហេង សំរិន​ ​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​បន្ត​ធ្វើ​ជាប្រធាន​រដ្ឋសភា​ ​ក្នុង​វ័យ ៨៤ឆ្នាំ​ ​ខណៈ​តំណាង​រាស្រ្ត​មួយ​ចំនួន​នឹង​ត្រូវ​ផ្លាស់ប្តូរ​ ​ដោយ​សារ​មាន​វិសមិតភាព​ការងារជាមួយ​រដ្ឋាភិបាល។

​សមាជិកជាន់​ខ្ពស់​របស់បក្ស​កាន់អំណាច​ពីរ​រូប​ទៀត​គឺ​ ​លោក​ ​ងួន ញ៉ិល​ ​និង​ ​អ្នកស្រី​ ​ឃួន សុដារី​ ​ត្រូវ​បាន​បោះឆ្នោត​ជា​អនុប្រធាន​ទី១​ និង​អនុ​ប្រធាន​ទី២​ នៃ​រដ្ឋសភា។​ ​សមាជិក​សភា​ទាំងអស់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក៏​បានបោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​ក្នុង​សំឡេង​១២៥​លើ​១២៥​ ដោយរក្សា​តំណែង​រដ្ឋមន្ត្រី​ទាំង​២៩រូប​ឲ្យ​នៅ​ដដែល​ដោយ​គ្មាន​ការ​ផ្លាស់ប្តូរ។

អ្នកស្រី ឃួន សុដារី (ឆ្វេង​ជួរ​មុខ) អនុប្រធាន​ទី​២​រដ្ឋសភា ដែល​ទើប​ជាប់ឆ្នោត​ក្នុង​អាណត្តិទី​៦ និង​លោក ងួន ញ៉ិល (ស្តាំ​ជួរ​មុខ) អនុប្រធានទី១រដ្ឋសភា ដែលទើប​ជាប់​ឆ្នោត​ក្នុង​អាណត្តិ​ទី​៦ អង្គុយ​ក្នុង​វិមាន​រដ្ឋសភា​ នា​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨។ (រូបថត​ពី​ទូរទស្សន៍)

​គេ​ឃើញ​ថា​ ​ទាំង​ក្បាលម៉ាស៊ីន​រដ្ឋសភា​ ​និង​ក្បាល​ម៉ាស៊ីន​រដ្ឋា​ភិបាល​កំពូល​ ​មិន​ត្រូវ​បាន​ផ្លាស់ប្តូរ​នោះ​ទេ​ ​ពោល​គឺ​ ​លោក​ ​ហេង សំរិន​ ​ដែល​បាន​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​តាំង​ពី​ឆ្នាំ​២០០៦​ ​នៅ​បន្ត​ធ្វើ​ជា​ប្រធាន​ ​ចំណែក​លោក​ ​ហ៊ុន សែន​ ​ដែល​ជា​នាយក​រដ្ឋមន្រ្តីកម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨៥​មក​ ​នៅ​បន្ត​ធ្វើជា​នាយករដ្ឋមន្រ្តី​ ​ដូច​ទៅ​នឹង​ការ​ប្រកាស​របស់​លោក​នៅ​មុនពេល​បោះឆ្នោត។

លោក​ ​ហេង សំរិន​ ​ដែល​កាន់​តំណែង​ជា​ប្រធានរដ្ឋសភា​តាំងពីឆ្នាំ​២០០៦​ ​មក​បាន​ថ្លែងក្នុង​អង្គ​ប្រជុំ​រដ្ឋ​សភា​នោះ​ដោយ​ប្តេជ្ញា​ថា​ ​នឹង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន​និង​អនាគត។

លោក​ថ្លែង​ថា៖​ «យើង​ខ្ញុំ​នឹង​ខិត​ខំ​បំពេញ​នូវ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ក្នុង​ភាព​ជា​តំណាង​របស់ប្រជា​ពលរដ្ឋ ​ដើម្បី​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ ​ពង្រឹង​នីតិរដ្ឋ​ និង​បម្រើ​ជានិច្ច ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​ ​នូវ​ផល​ប្រ​យោជន៍​របស់​ប្រជា​ពល​រដ្ឋ​ ​ប្រជាជាតិ​និង​មាតុភូមិ​កម្ពុជា​នៃ​យើង»។

ក្រៅពី​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានអនុប្រធាន​និង​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​រដ្ឋាភិបាល​ ​រដ្ឋសភា​ជាតិ​ក៏​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធាន​ ​និង​អនុប្រធាន​សម្រាប់​គណៈកម្ម​ការ​ទាំង​១០​របស់​រដ្ឋសភា​ផង​ដែរ។​ ​ប្រធាន​គណៈកម្មការ​ទាំង​១០​រួមមាន​ ​លោក​ ​ប៉ា សុជាតិវង្ស​ ​ជា​ប្រធាន​គណៈកម្មការ​ទី១ លោក​ ​ជាម យៀប​ ​ជា​ប្រធាន​គណៈកម្មការ​ទី២​ ​លោក​ ​ជា វណ្ណដេត​ ​ជា​ប្រធាន​គណៈកម្មការ​ទី៣ លោក​ ហ៊ុន ណេង​ ​ជា​ប្រធាន​គណៈកម្មការ​ទី៤ លោក​ ​ឈាង វុន​ ​ជា​ប្រធាន​គណៈកម្មការ​ទី៥​ ​លោក ប៉ែន បញ្ញា​ ​ជា​ប្រធាន​គណៈកម្មការ​ទី៦​ ​លោក​ ​ហ៊ុន ម៉ានី​ ​កូន​ប្រុសពៅ​របស់​ ​លោក​ ​ហ៊ុន សែន​ ​ បាន​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​ទី៧។​ ​អ្នកស្រី ឡោក ខេង​ ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​ទី៨ អ្នកស្រី​ ​ងិន សុផុន​ ​ជា​ប្រធាន​គណៈកម្មការ​ទី៩​ ​និង​លោក​ ​ប៉ែន ស៊ីម៉ន​ ​ជា​ប្រធាន​គណៈកម្មការ​ទី១០។

នៅ​ព្រឹកថ្ងៃព្រហស្បតិ៍​នេះ​ដែរ​ ​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​ទើប​ត្រូវ​បាន​រដ្ឋសភាដឹកនាំ​ដោយសមាជិក​គណបក្ស​ប្រជាជន​កម្ពុជាទាំង​១២៥​រូប​ ​បោះ​ឆ្នោត​ផ្តល់​ទំនុក​ចិត្ត​ក្នុង​ការ​ដឹកនាំ​ប្រទេសរយៈពេល​៥​ឆ្នាំ​បន្ត​ទៀត​បាន​ប្រកាស​ថា​ ​សមាជិក​រដ្ឋសភា​ទាំង​១២៥​រូប​ ​នឹង​មាន​ការ​ផ្លាស់​ប្តូរខ្លះ​ដើម្បី​ជៀស​វាង​វិសមិតភាព​ក្នុងការ​ដឹកនាំ។​ ​លោក​បន្ថែម​ថា​ ​មន្រ្តី​ដែល​មាន​ងារ​ជា​ឧប​នាយក​រដ្ឋមន្រ្តី​ ​អាច​បន្ត​ការងារ​របស់​ខ្លួន​ជា​តំណាងរាស្រ្ត​បាន​ ​ប៉ុន្តែ​សមាជិក​សភាដែល​មាន​ងារ​ត្រឹម​ទេស​រដ្ឋ​មន្រ្តី​ រដ្ឋមន្រ្តី​ ឬ​ដែល​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល ត្រូវ​លាលែង​ចេញពី​តំណែង​ជា​សមាជិក​រដ្ឋ​សភា​។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុង​កិច្ច​ប្រជុំបោះឆ្នោត​ជ្រើសតាំងថ្នាក់ដឹកនាំ​រដ្ឋសភាថ្មី និង​ការ​បោះឆ្នោត​ផ្តល់សេចក្តី​ទុក​ចិត្ត​រដ្ឋាភិបាល​ថ្មី ក្នុង​វិមាន​រដ្ឋសភា នា​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ (រូបថត​ពី​ទូរទស្សន៍)

លោក​ថ្លែងថា៖​ «បើសិនជា​ឃើញ​ឈ្មោះ​ខ្លួន​ជា​រដ្ឋមន្ត្រី​ប្រតិភូ​ ​ឬ​ក៏​ជា​រដ្ឋលេខាធិការ​ ​ក៏​សុំ​មេត្តា​ដាក់​ពាក្យ​លាលែង ដើម្បី​ផ្តល់​ឱកាស​សម្រាប់​សមាជិក​ ​សម្រាប់​អ្នក​ជំនួស​ថ្មី​ ​មក​កាន់​ទីកន្លែង​នៅ​ក្នុង​រដ្ឋ​សភា​ ​ឯ​ថ្នាក់​រដ្ឋ​លេខា​ធិការ​ ​រដ្ឋមន្ត្រី​ ​ទេស​រដ្ឋមន្ត្រី គឺ​ត្រូវ​ធ្វើការ​ខាង​រាជ​រដ្ឋាភិបាល»។

លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ក៏បាន​ប្ដេជ្ញា​អនុវត្ត​កម្មវិធី​នយោបាយ​សំខាន់ៗ​ចំនួន​៤​របស់​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​ឲ្យបាន​ជោគជ័យ ដែល​មាន​ដូចជា​ ​ធានា​ការពារ​នូវ​សន្តិភាព​ ​ស្ថិរភាព​ ​សន្តិសុខ​ ​និងសុវត្ថិភាព​ភូមិ-ឃុំ​ ​ធានា​បន្ត​ពង្រឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​លើ​គ្រប់​វិស័យ ធានា​ដល់​ការជំរុញ​លើក​កម្ពស់​និង​កែលម្អ​ជីវភាព​របស់​ប្រជាជន​ ​និង​ធានា​នូវ​សុវត្ថិភាព​សង្គម​និង​លំនឹង​ក្នុង​ការ​រស់នៅ​របស់​ប្រជា​ជន​ ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត។

ក្រោយ​ការ​ប្រកាស​ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា​និង​ការ​ប្រកាស​បោះឆ្នោត​ផ្តល់​ទំនុក​ចិត្ត​ដល់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​បាន​ចេញ​សេចក្តីថ្លែងការណ៍មួយ​ប្រកាស​មិន​ទទួល​ស្គាល់​រដ្ឋសភា​ និង​រដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច។

សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​ចេញ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នេះ លើក​ឡើង​ថា​ ​រដ្ឋសភា​ ​និង​រដ្ឋាភិបាល​ថ្មី​ ​ដែល​កំពុង​បង្កើត​ឡើង​នេះ គឺ​មិន​ឆ្លុះ​បញ្ចាំងពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​នោះ​ទេ។​ ​សេចក្តី​ថ្លែងការណ៍​នោះ​បន្ថែម​ថា​ ​រដ្ឋសភា​ឯកបក្ស​ ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ ​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​នា​ពេល​អនាគត។

សេចក្តីថ្លែងការណ៍​ដដែល​នោះ​ត្រូវ​បាន​សរសេរ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«រដ្ឋ​ឯកបក្ស​ដែល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​ឡើង​នា​ថ្ងៃទី​៥ ខែកញ្ញា​ ​ឆ្នាំ​២០១៨​ នេះ នឹង​នាំ​ឲ្យ​កម្ពុជា​ត្រូវ​ទទួល​រង​នូវ​ទណ្ឌកម្ម​ផ្សេងៗ​ពី​សហគមន៍​អន្តរជាតិ​ ​ហើយ​ការ​បន្ត​ដឹកនាំ​របៀប​នេះ​តទៅ​ទៀត នាំ​តែ​ការ​ឈឺ​ចាប់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​តែ​ប៉ុណ្ណោះ»។

តាម​រយៈ​សេចក្តីថ្លែងការណ៍​នោះ​ ​គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​អំពាវនាវ​ទៅ​សហ​ប្រធាន​នៃ​សន្និសីទ​សន្ដិភាព​ទីក្រុង​ប៉ារីស​ស្តីពី​ប្រទេស​កម្ពុជា​ ​សុំ​ឲ្យ​បើក​កិច្ចប្រជុំ​ពិភាក្សា​ជា​បន្ទាន់​ ​ដើម្បី​ធានា​នូវ​ការ​គោរព​ការប្តេជ្ញា​ចិត្ត​របស់​សហគមន៍​អន្តរជាតិ​ ​និង​ដើម្បី​នាំ​កម្ពុជា​មក​កាន់​គន្លង​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស​វិញ។

​គេ​សង្កេត​ឃើញ​ថា​ ​សមាជិក​ថ្នាក់​ដឹកនាំ​ទាំង​ក្នុង​រដ្ឋសភា​ ​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល​ ​សុទ្ធ​តែ​មាន​សាច់​ញាតិ​ ​ដែល​ជា​កូន​ក្មួយ​ ​ឬ​បងប្អូន​របស់​មេដឹក​នាំ​សំខាន់ៗ​ ​តួយ៉ាង​ដូច​ជា​កូន​ក្មួយ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​កូន​ប្រុស​របស់​លោក​ ​ស ខេង​ ​ជាដើម។

ក្រុម​សមាជិក​រដ្ឋសភា​ដែល​មកពីគណបក្ស​ប្រជាជន​កម្ពុជា​ទាំង​១២៥​រូប លើកដៃគាំទ្រ​ការ​ជ្រើសតាំង​ថ្នាក់ដឹកនាំរដ្ឋសភាថ្មី និង​ការ​បោះឆ្នោត​ផ្តល់សេចក្តី​ទុក​ចិត្ត​រដ្ឋាភិបាល​ថ្មី ក្នុង​វិមាន​រដ្ឋសភា នា​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ (រូបថត​ពី​ទូរទស្សន៍)

លោក​ ​មាស នី​ ​អ្នកសិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ ​និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​ប្រាប់​ ​VOA​ ​ថា ការ​ដឹកនាំ​ប្រទស​តាម​បែប​ឯកបក្ស ឬ​ពហុបក្ស​ ​មិនមែន​ជាអាទិភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​រីក​ចម្រើនពិតប្រាកដ ឬ​អត់​នោះទេ។​ ​លោក​បន្ថែម​ថា​ ការ​អនុវត្ត​តាម​បែប​បក្ខពួក​ ​ឬ​ខ្សែ​ស្រឡាយ​និយម​ ​ជា​ឧបសគ្គ​ក្នុង​ការ​ដឹកនាំ​រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព។​

លោក​បញ្ជាក់​ថា៖​ «គ្រួសារ​និយម​ បក្ខពួក​និយម​ ​វា​បាន​ធ្វើ​ឲ្យ​រំខាន​ដល់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋមិន​ឲ្យដំណើរ​ការ​ទៅ​បាន​ដោយ​រលូន។​ ​កាលណា​ចង់ធ្វើ​អី​មួយ​ទៅ​វាប៉ះ​ខ្នង​អ្នក​នេះ​ ប៉ះ​អ្នក​នោះ​អញ្ចឹង​ទៅ​ធ្វើ​ឲ្យ​កន្លែង​ខ្លះ​ការ​ងារហ្នឹង​វា​ដើរ​ទៅ​មុខ​អត់​រួច ហើយ​រឿង​សំខាន់​ក៏​យើង​បានដឹង​ហើយ​ដែរ​ ​នៅ​តាម​ក្រសួង​ ​មន្ទីរ​នីមួយៗ​ហ្នឹង គឺ​កន្លែង​ខ្លះ​ដែល​សាធារណជន​បញ្ជាក់ថា កន្លែង​ខ្លះ​វាទំនង​ក្លាយ​ជា​ក្រសួង​របស់​គ្រួសារ​អី​អញ្ចឹង​ទៅ អាត្រង់​ហ្នឹង​ក៏​វាជាផ្នែក​មួយ​នៃ​ទំនាស់​ផល​ប្រយោជន៍»។

លោក​ ​មាស នី​ ​បន្ថែម​ថា​ ​កា​រកែ​ទម្រង់​ការ​ដឹកនាំ​ប្រទេស​ ​អាច​នឹង​មាន​ភាព​ប្រសើរ​ឡើង​ប្រសិន​បើ​ការ​ដឹកនាំ​បែប​បក្ខ​ពួក​និយម​ ​ឬ​គ្រួសារ​និយម​ត្រូវ​បាន​កាត់​បន្ថយ។

លោក​មាន​ប្រសាសន៍​ថា៖​ «បើសិនជា​រដ្ឋាភិបាល​គាត់​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ត្រង់​ហ្នឹង​បាន អាហ្នឹង​ខ្ញុំគិត​ថា​ការ​ធ្វើ​កំណែ​ទម្រង់​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​បានរលូន​ជាង​មុន ប៉ុន្តែ​បើសិនជា​ដោះ​អាហ្នឹង​មិន​បាន​ទេ ខ្ញុំគិត​ថា​វានឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការ​ជា​ប្រក្រតី​របស់ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ ដែល​ធ្វើ​ឲ្យ​នៅ​តែ​មាន​ការ​ពិបាក​ដូច​ដែល​យើង​ឃើញ​ក្នុង​អាណត្តិ​មុនៗ​ដែរ។ ហើយ​អាហ្នឹង​វាក៏ជាផ្នែក​មួយ ជួន​កាល​ធ្វើ​ឲ្យបាត់​បង់​ដល់​ទំនុក​ចិត្ត​ពលរដ្ឋ​ទៅ​លើ​រដ្ឋាភិបាល ដែល​យើង​មើល​ឃើញ​ដូច​ឆ្នាំ​២០១៣​ ​ឆ្នាំ​២០១៧​អញ្ចឹង»។

​ការ​បើក​សម័យ​ប្រជុំ​រដ្ឋសភា​អាណត្តិ​ទី៦​ជា​លើក​ដំបូង​ កាលពីថ្ងៃ​ពុធ ​ ​បាន​ធ្វើឲ្យរដ្ឋសភា​កម្ពុជា​ ​ក្លាយ​ជារដ្ឋសភា​ឯកបក្ស​ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ឈ្នះ​ការ​បោះ​ឆ្នោត​ និង​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​១២៥​ ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គណបក្ស​ប្រជែង​ដ៏​ធំ​របស់​ខ្លួន ​កាលពី​ចុង​ឆ្នាំ​២០១៧​កន្លង​ទៅ។

ស្ថាន​ទូត​នៃ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ចំនួន​៩ ​រួមមាន​សហរដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប អូស្ត្រាលី អាល្លឺម៉ង់​ ​កាណាដា​ ​អង់គ្លេស​ ​បារាំង​ ​ស៊ុយអែត និង​ប៊ុលហ្គារី មិន​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នា​ព្រឹកនោះទេ។

​ក្នុង​ចំណោម​ប្រទេសកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​ទាំង​៩នោះ​ ​ប្រទេស​មួយ​ចំនួន​ធំបាន​រិះគន់​ការ​បោះឆ្នោត​ ​និង​បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩​ ​ខែ​កក្កដា​ ​ដោយ​ចាត់​ទុក​ថា​ ​ ជា​ការបោះឆ្នោតខុស​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

យ៉ាង​ណា​ក្តី​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ច្រាន​ចោល​ការ​រិះគន់​របស់​អន្តរ​ជាតិ​ដោយ​និយាយ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ទៅ​តាម​ច្បាប់​ ​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ៕