ឆេះ​ក្លឹប​កំសាន្ត​ស្លាប់​មនុស្ស​៥នាក់​របួស​២នាក់

  • នៅ វណ្ណារិន

រូបឯកសារ៖ បុរស​ម្នាក់​ព្យាយាម​ជះ​ទឹក​ពន្លត់​ភ្លើង ដើម្បី​កុំ​ឲ្យ​ភ្លើង​ឆេះ​ដល់​ផ្ទះ​របស់​ខ្លួន។ REUTERS

អគ្គិភ័យ​នៅ​ក្លឹបកំសាន្ត​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ​បាន​សម្លាប់​មនុស្ស​អស់​៥នាក់​និង​បណ្តាល​ឱ្យ​មនុស្ស​ពីរនាក់​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ។

អគ្គិភ័យ​នៅ​ក្លឹបកំសាន្ត​មួយ​នៅជាយ​រាជធានី​ភ្នំពេញ​បាន​សម្លាប់​មនុស្ស​អស់​៥នាក់​និង​បណ្តាល​ឱ្យ​មនុស្ស​ពីរនាក់​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ។

អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា​ភាគច្រើន​នៃ​អ្នក​ដែល​ស្លាប់​ទាំង៥នាក់​គឺ​ជា​ស្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្លឹបកំសាន្ត​ Key Club ​ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ចាក់​អង្រែក្រោម។ អ្នករបួស​ពីរនាក់​ទៀតជា​បុរស​ហើយកំពុង​ទទួល​ការព្យាបាល​នៅ​ មន្ទីរពេទ្យ។

អាជ្ញាធរ​បាន​ប្រើ​ពេល​មួយម៉ោង​ទំរាំ​អាច​ពន្លត់​អគ្គិភ័យនេះ​បាន។

លោក​ព្រំ យ៉ន ​ប្រធាន​ប៉ូលិស​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ការជួយ​ពន្លត់​មាន​ការលំបាក​ដោយសារ​ក្នុង​ក្លឹបនេះ​មិន​មាន​ប្រព័ន្ធ​ទឹក​អេឡិចត្រូនិក។

លោក​បាន​បន្ថែម​ថា៖ «គ្រោះថ្នាក់​ណាស់​ព្រោះ​ពេល​កំពុង​ឆេះក្លឹប​តូច​ចង្អៀត​ហើយ​មាន​សាឡុង​បង្កើត​ទៅ​ជាផ្សែង​កាន់​តែ​ច្រើន​ធ្វើ​ឱ្យ​ខ្វះ ​អុកស៊ីសែន‍។ អ្នក​ស្លាប់ភាគច្រើន​ឈ្លក់​ផ្សែង‍»។​

​មាន​ឡាន​ទឹក​២០គ្រឿងត្រូវបាន​ប្រើ​ប្រាស់​នៅក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ​ហើយ​អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​មនុស្ស​ជាច្រើន​នាក់។

ក្លឹប​កំសាន្ត​ Key Club ​ជា​កន្លែង​ដែល​បម្រើ​សេវា​រាំ​កំសាន្ត។

លោក​ជា សុខហៃ ​ចៅ​សង្កាត់​ចាក់​អង្រែក្រោម​បាន​បញ្ជាក់​ថា៖

«មកដល់ពេល​នេះ​យើង​មិនទាន់​ដឹង​ថា​មូលហេតុអ្វី ​បាន​ជា​មាន​ភ្លើង​ឆេះ។ យើង​នឹង​បង្កើត​ក្រុមស្រាវជ្រាវ‍»។​

លោក​បាន​បន្ថែម​ថា​ទីនេះ​ជា​កន្លែង​ដែល​ក្រុមយុវជន​និយម​មក​កំសាន្ត​លេង​ហើយ​វាជួនជា​សំណាង​ល្អ​ដែល​ភ្លើង​ឆេះ​នៅក្បាល​ព្រលប់ក្នុង​ពេល​មិន​ទាន់​មាន​ភ្ញៀវ​មក​ចូល​កំសាន្តបើ​មិន​ដូច្នេះ​ទេ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ជា​ច្រើន៕