ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ

ដំបូល​​របស់​ផ្សារ​ធំ​ថ្មី​ដែល​ប្រកប​ដោយ​សោភណ្ឌភាព​​និង​​មាន​​រចនាបទ​បារាំង​​ ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ពុធ​ទី​២៥​ខែ​ឧសភា​​ឆ្នាំ​២០១១​នេះ ​នៅ​ទី​ក្រុង​ភ្នំពេញ ក្រោយ​ការ​ជួស​ជុល​អស់​រយៈពេល​៧​ឆ្នាំ។ ផ្សារ​ធំ​ថ្មី​ជា​ផ្សារ​ធំ​មួយ​ដែល​ត្រូវ​ស្

ផ្សារ​ធំថ្មី​ដែល​ជា​កេរ​ដំណែល​មួយ​របស់​ប្រទេស​បារាំង​ ត្រូវ​បាន​បើក​សម្ពោធជាថ្មី​ឡើងវិញ​នៅ​ថ្ងៃ​ពុធ​នេះ ​ដែល​ក្រុម​ន្រ្តីផ្លូវការ​ចាត់ទុក​ថា ​ផ្សារ​នេះ​និង​ក្លាយ​ទៅជា​មណ្ឌល​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ការទាក់ទាញ​ទេសចរ។

ដោយ​រក្សា​ការ​លាប​ពណ៌​លឿង​ដូច​កាល​ពី​៧៤​ឆ្នាំមុន ​ផ្សារ​ធំថ្មី​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ចាប់ផ្តើម​ជួស​ជុល​ឡើង​វិញ​កាល​ពី​ខែ​មករា ឆ្នាំ​២០០៩។ នេះ​គឺ​ជា​ផ្សារ​បុរាណ​ ក៏​ប៉ុន្តែ​សំណង់​មាន​លក្ខណៈ​ទំនើប និង​មាន​ស្តង់​សម្រាប់​លក់​ទំនិញ​សុរប​ជាង​៣.០០០តូប។

ទំនិញ​ទាំងនោះ​រួមមាន​បន្លែ ​ផ្លែឈើ​ ត្រីសាច់​ គ្រឿង​អលង្កា ​សម្លៀក​បំពាក់​ គ្រឿង​អេឡិច​ត្រូនិក សៀវភៅ​ និង​របស់​អនុវស្សាវរីយ៍​ជាដើម។

លោក​ អេរិក បឺហ្កណត (Eric Beugnot) នាយក​ទីភ្នាក់ងារ​បារំាង​សម្រាប់​ការអភិវឌ្ឍ​ AFD ​ដែលជា​ភ្នាក់ងារ​ផ្តល់​កម្ចី​សម្រាប់​ការ​ជួសជុល​ផ្សារធំ​ថ្មី​ឡើង​វិញ។ លោក អេរិក បឺហ្កណត ​មាន​ប្រសាសន៍​ថា ​គោលដៅ​នៃ​ការ​ជួស​ជុល​នេះ ​គឺ​ដើម្បី​សុខមាលភាព​នៅ​ក្នុង​ទីផ្សារ។ លោក​បាន​ថ្លែង​តាមរយៈ​អ្នក​បក​ប្រែ​ភាសា​ថា នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ថែ​រក្សា​កេរដំណែក​បេតិកភណ្ឌ។ លោក​បឺហ្កណត ថ្លែង​ថា៖

«ផែនការ​បច្ចេកទេស​ផង​ដែរ ​គម្រោង​គឺ​មាន​គោលដៅ​ក្នុង​ការ​ធានា​សុវត្ថិភាព​រូបវ័ន្ត​របស់​ប្រជាពល​រដ្ឋ​ និង​ការ​កែលម្អ​លក្ខខណ្ឌ​អនាម័យ។ ហើយ​ជាពិសេស​អភិរក្ស ​ឬ​រក្សា​នូវ​គុណភាព​បេតិកភណ្ឌ​នៃ​អគារ»។

ផ្សារធំ​ថ្មី​ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាលពី​ខែ​កញ្ញា​ឆ្នាំ១៩៣៧ ​ក្រោម​ព្រះ​រាជ​អធិបតី​ភាព របស់​ព្រះមហាក្សត្រ​ព្រះបាទ​ស៊ីសុវត្ថិ​មុន្នីវង្ស។

ទី​ភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ​បាន​ផ្តល់​ជំនួយ​ប្រមាណ​ជា​៦​លាន​ដុល្លារ​សម្រាប់​ការ​ជួស​ជុល​ផ្សារ​នេះ។

ផ្សារ​ធំ​ថ្មីកំពុង​ត្រូវ​បាន​ជួស​ជុល​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១០។

សព្វ​ថ្ងៃ​ផ្សារ​ធំៗ​បី​គឺ​ជា​គោលដៅ​មួយ​សម្រាប់​ទេសចរ​បរទេស​មក​ទស្សនា​នៅ​ក្នុង​នាម​ជាកេរ​ដំណែល ប្រវត្តិសាស្រ្ត​ដែល​នៅ​សេស​សល់​ពី​សម័យ​អាណា​និគម​និយម​បារាំង។

លោក​កែប ជុតិមា ​អភិបាល​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​រំលឹក​អំពី​ប្រវត្តិសាស្រ្ត​ខ្លះៗ​របស់​ផ្សារ​ធំ​ថ្មី ​ដោយ​ចាត់​ទុក​ថា ផ្សារ​នេះ​គឺ​ជា​មោទនភាព​របស់កម្ពុជា។ លោក មាន​ប្រសាសន៍​ថា៖

«ផ្សារ​ធំ​ថ្មី​បាន​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា​ក្នុង​ទសវត្យរ៍​ទី​៣០​រហូតដល់​៧០។ ប្រវត្តិ​នៃ​ផ្សារ​ធំថ្មីនេះ យើង​ត្រូវ​តែ​ចងចាំ​ ហើយ​ត្រូវមាន​មោទនភាព​ទាំងអស់​គ្នា​ថា ​នេះ​ជា​បេតិកភណ្ឌរបស់​ប្រជាជន​កម្ពុជា»។

ទី​ក្រុង​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​កើន​ដល់​ជាង​ពីរលាន​នាក់​នៅ​ក្នុង​ពេល​បច្ចុប្បន្ននេះ។ នេះ​បើផ្អែក​ទៅ​តាម ការ​ប៉ាន់​ប្រមាណ​របស់​លោក​អភិបាល​ក្រុង​ភ្នំពេញ​កែប ជុតិមា។

ការ​រីក​ចម្រើន​របស់​ក្រុង​ភ្នំពេញ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ឃ្លាត​ឆ្ងាយ​ពីការ​ថែ​រក្សា​សំណង់​ចាស់ៗ​ជា​សម្បត្តិ​បេតិកភណ្ឌ​ប្រវត្តិសាស្រ្ត។ សំណង់​ថ្មី​បែប​ទំនើប​បាន​រីក​ដុះដាល​ រីឯ​សំណង់​បុរាណ​មួយ​ចំនួន​ដូចជា​អតីត​ពន្ធនាគារ​តេបី ​(T3) ត្រូវ​បាន​រំលាយ​ចោល។

លោក​គ្រី ស្យង់កុនណាន ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​ជួស​ជុល​អគារផ្សារ​ធំ​ថ្មី​ឡើង​វិញ​ គឺ​ជា​សមិទ្ធិផល​មួយ​ចុង​ក្រោយ​រវាង​ប្រទេស​បារំាង​ជាមួយ​ និង​សាលាក្រុង​ភ្នំពេញ៕