ការ​តស៊ូ​មតិ​ថ្នាក់​ជាតិ​អំពី​បញ្ហា​ស្ត្រី​និង​ពូជសាសន៍​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់​ចូល​ប្រឡូក​ក្នុង​នយោបាយ

អ្នកស្រី បុប្ផា ម៉ាឡូន (Bopha Malone) អតីតជនភៀសខ្លួនខ្មែរ បានប្រឡូកក្នុងនយោបាយអាមេរិក​លើក​ដំបូង ដោយ​ឈរ​ឈ្មោះជាបេក្ខជន​សមាជិក​រដ្ឋសភាប្រចាំសង្កាត់ទី៣នៃរដ្ឋ Massachusetts។ (រូបថតដោយ Bopha Malone)

សម្រាប់​អ្នកស្រី បុប្ផា ការ​ដែល​ដឹង​ថា ​ភាពក្លាហាន​របស់​អ្នកស្រី​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សមាជិក​រដ្ឋសភា​នេះ​ អាច​ជំរុញ​លើក​ទឹកចិត្ត​ដល់​ស្ត្រី​ដទៃ​ទៀត មាន​ន័យ​ថា៖ «‍នេះ​ហើយ​ គឺជា​ជ័យ​ជម្នះ​សម្រាប់​ខ្ញុំ»។

វ៉ាស៊ីនតោន - នៅ​ថ្ងៃទី៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ពលរដ្ឋ​អាមេរិកាំង​ដែល​បានចុះឈ្មោះ​បោះឆ្នោត នឹង​ទៅ​ចូលរួម​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ដើម្បី​ជ្រើសតាំង​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា អភិបាល​ក្រុង និង​សមាជិក​សភា​ប្រចាំ​រដ្ឋ​ជាដើម។ សម្រាប់​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​លើក​នេះ គេ​ឃើញ​មាន​ថាមពល​ដ៏​ពិសេស​មួយ ដោយសារ​តែ​ចំនួន​កើន​ឡើង​នៃ​បេក្ខជន​មកពី​សហគមន៍​ជន​អន្តោប្រវេសន៍ និង​បេក្ខជន​ស្ត្រី។

ការ​កើន​ឡើង​នៃ​បេក្ខជន​ស្ត្រី ជាពិសេស បាន​កើត​ឡើង​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ។ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ស្ត្រី​ចំនួន​១៨៣នាក់ បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​រដ្ឋសភា ១៥នាក់​ជា​បេក្ខជន​ព្រឹទ្ធសភា ១២នាក់​ជា​បេក្ខជន​អភិបាលក្រុង និង​២៣៨០នាក់​ជា​បេក្ខជន​សមាជិក​សភា​ប្រចាំ​រដ្ឋ។

ស្ត្រី​ទាំង​នេះ​បាន​សកម្ម​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​គាំទ្រ សម្រាប់​ការ​បោះឆ្នោត​បឋម​សម្រាប់​គណបក្ស​នីមួយៗ រួមមាន​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។ ហើយ​អ្នក​ខ្លះ​បាន​ឈ្នះ ឬឯ​អ្នក​ខ្លះ​ទៀត​បាន​ចាញ់ ប៉ុន្តែ​បាន​ចាកចេញ​ពី​ការ​ប្រកួតប្រជែង​ដោយ​ទទួលបាន​បទ​ពិសោធន៍​ដ៏​ច្រើន។

បេក្ខជន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ផ្សេង​ទៀត​ដែល​ហ៊ាន​ប្រឡូក​ក្នុង​នយោបាយ​អាមេរិកាំង​លើក​ដំបូង គឺ​ជា​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិកាំង រស់នៅ​រដ្ឋ Massachusetts ដែល​មាន​ចំនួន​ពលរដ្ឋ​ខ្មែរ​ច្រើន​ទីពីរ​បន្ទាប់​ពី​ទីក្រុង​ឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។ អ្នកស្រី បុប្ផា ម៉ាឡូន (Bopha Malone) ដែល​ជាអគ្គនាយិការង​នៃ​ធនាគារ Enterprise Bank នៅ​ទីក្រុង ឡូវែល (Lowell) បាន​សម្រេច​ចិត្ត​ចូលរួម​ឈរ​ឈ្មោះ​ជា​បេក្ខជន​សមាជិក​រដ្ឋសភា​ប្រចាំ​សង្កាត់​ទី៣​នៃ​រដ្ឋ Massachusetts កាលពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ។ សង្កាត់​ទី៣​នេះ មាន​ពលរដ្ឋ​ចម្រុះ​ពូជសាសន៍​គួរសម ហើយ​គ្រប​ដណ្តប់​ទីក្រុង​ចំនួន​៣៧ រួម​ទាំង​ទីក្រុង​ឡូវែល ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​៣ម៉ឺន​នាក់​រស់នៅ។

អ្នកស្រី​ បុប្ផា ម៉ាឡូន អនុអគ្គនាយកធនាគារ Enterprise Bank គឺជាសកម្មជនសហគមន៍ម្នាក់នៅក្នុងសង្កាត់ទី៣នៃរដ្ឋ Massachusetts។ អ្នកស្រីបានឈរឈ្មោះលើកដំបូងជាបេក្ខជនសមាជិករដ្ឋសភានៃគណបក្សប្រជាធិបតេយ្យ។​ អ្នកស្រីបានចាញ់ការបោះឆ្នោតបឋម ប៉ុន្តែប្តេជ្ញាចិត្តនៅតែបន្តជួយសហគមន៍ដើម្បីការផ្លាស់ប្តូរប្រសើរឡើង។ (រូបថតដោយ Bopha Malone)

សម្រាប់​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ឆ្នាំ​២០១៨​នេះ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ការ​កើន​ឡើង​នៃ​ចំនួន​បេក្ខជន​ស្ត្រី ដូចជា​អ្នកស្រី បុប្ផា ម៉ាឡូន បេក្ខជន​ខ្មែរ​អាមេរិកាំង​នៃ​រដ្ឋ​ Massachusetts អ្នកស្រី Ilhan Omar បេក្ខជន​សូម៉ាលី​អាមេរិកាំង​នៃ​រដ្ឋ Minnesota អ្នកស្រី Rashida Tlaib បេក្ខជន​ប៉ាឡេស្ទីន​អាមេរិកាំង​នៃ​រដ្ឋ​ Michigan អ្នកស្រី Gina Ortiz Jones បេក្ខជន​ហ្វីលីពីន​អាមេរិកាំង​នៃរដ្ឋ Texas និង​ស្ត្រី​ជា​ច្រើន​នាក់​ទៀត បាន​កើតឡើង ស្រប​ពេល​ដែល​មាន​ការ​បញ្ចេញ​មតិ​ដ៏​ចម្រូង​ចម្រាស​អំពី​ស្ត្រី និង​តួនាទី​របស់​ស្ត្រី​ដោយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។ លោក​ ត្រាំ ក៏ធ្លាប់​ត្រូវបាន​ចោទ​ប្រកាន់​ពី​ការ​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ពី​មុន​ដែរ។

ការ​បញ្ចេញ​មតិ​ដ៏​ចម្រូង​ចម្រាស​អំពី​ស្ត្រី​ និង​តួនាទី​ស្ត្រី​នេះ ក៏​ជា​មូលហេតុ​មួយ​នៃ​មូលហេតុ​សំខាន់ៗ​ជាច្រើន ដែល​ជំរុញ​ទឹកចិត្ត​ឲ្យ​អ្នកស្រី បុប្ផា សម្រេច​ចិត្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​សមាជិក​រដ្ឋសភា ទោះបីជា​អ្នក​ស្រី​មិន​ធ្លាប់​ប្រឡូក​ក្នុង​នយោបាយ​ពី​មុន​ក៏ដោយ។

អ្នកស្រី បុប្ផា ម៉ាឡូន បាន​ប្រាប់ VOA ថា៖ «‍ខ្ញុំ​គិត​ថា ស្ត្រី​យើង​ធុញទ្រាន់​នឹង​ការណ៍​ដែល​អ្នក​ដទៃ ជាពិសេស​បុរស​ជនជាតិ​ស្បែក​ស ធ្វើ​សេចក្តី​សម្រេច​ជំនួស​យើង ឲ្យ​យើង​ធ្វើ​បែប​នេះ ឬ​បែប​នោះ​អំពី​ខ្លួន​ប្រាណ​យើង និង​ជីវិត​របស់​យើង។ ខ្ញុំ​យល់​ថា នេះ​គឺជា​មូលហេតុ​មួយ​នៃ​មូលហេតុ​ជា​ច្រើន​ដែល​ស្ត្រី​កាន់​តែ​ច្រើន​ឡើង​ចាប់ផ្តើម​ប្រឡូក​ក្នុង​នយោបាយ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «‍ស្ត្រី​យើង​កំពុង​តែ​បំពេញ​តួនាទី​ជា​អ្នក​ដឹកនាំ ហើយ​យើង​ចង់​មាន​សំឡេង​នៅ​ក្នុង​ការ​ពិភាក្សា​ផ្សេងៗ»។

ការ​ប្រកួត​ប្រជែង​ដ៏​លំបាក

សម្រាប់​បេក្ខជន​ដែល​ឈរ​ឈ្មោះ​ជា​លើក​ដំបូង ដូចជា​អ្នកស្រី បុប្ផា ម៉ាឡូន ការ​បោះឆ្នោត​បឋម​ដើម្បី​ជ្រើសរើស​បេក្ខជន​ម្នាក់​តំណាង​ឲ្យ​គណបក្ស​ ពិតជា​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង ហើយ​ពេល​ខ្លះ «‍គួរ​ឲ្យ​ភ័យ​ខ្លាច» ទៀត​ផង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី បុប្ផា។​

អ្នកស្រី បុប្ផា បាន​ចាញ់​ការ​បោះឆ្នោត​បឋម​ក្នុង​ការ​ប្រកួតប្រជែង​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី៤ ខែ​កញ្ញា​កន្លង​ទៅ ដែល​មាន​បេក្ខជន​ចំនួន​១០នាក់​មក​ពី​សហគមន៍​ចម្រុះ​ពូជសាសន៍ ចូលរួម។ អ្នក​ស្រី​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​ជាង​១ពាន់​សំឡេង។

ទោះជា​យ៉ាង​ណា​ក្តី ការ​ប្តេជ្ញា​ចិត្ត និង​សេចក្តី​ក្លាហាន​របស់​អ្នកស្រី ត្រូវបាន​ទទួល​ស្គាល់​ដោយ​បេក្ខជន​ផ្សេងៗ​ទៀត។

លោក Dan Koh ដែល​ជា​បេក្ខជន​កូរ៉េ​អាមេរិកាំង និង​ដែល​បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​ទី២ បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​អ៊ីមែល អំពី​លក្ខណៈ​សម្បត្តិ​របស់​អ្នក​ស្រី បុប្ផា ម៉ាឡូន ថា៖

«‍នាង​គឺជា​មនុស្ស​ឆ្លាតវៃ ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​យកចិត្ត​ទុកដាក់​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​សហគមន៍​មាន​ភាព​ល្អ​ប្រសើរ និង​ខិតខំ​ជួយ​អ្នក​ដទៃ។ ខ្ញុំ​ពិតជា​មាន​កិត្តិយស ដែល​បាន​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ជាមួយ​គាត់»។

​សង្កាត់ទី៣​នៃ​រដ្ឋ​ Massachusetts នេះ មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង ៧៣៥,០០០នាក់។ សង្កាត់​នេះ កំពុង​ជួប​នឹង​បញ្ហា​ប្រឈម​ចម្បង​មួយ​ចំនួន ដូចជា បញ្ហា​ការងារ សេវា​សុខភាព​សាធារណៈ ការ​អប់រំ និង​បញ្ហា​គ្រឿងញៀន។ អ្នកស្រី បុប្ផា បាន​ឈរឈ្មោះដោយ​ផ្តោត​គោលនយោបាយ​សំខាន់​លើ​បញ្ហា​សេវា​សុខភាព​សាធារណៈ និង​ការ​អប់រំ។

តាមរយៈ​ការ​សន្ទនា និង​ការ​ពិភាក្សា​នានា​ជាមួយ​នឹង​សមាជិក​ក្នុង​សហគមន៍ អ្នកស្រី បុប្ផា បាន​យល់​ឃើញ​ថា សហគមន៍​ភាគច្រើន​ប្រឈម​នឹង​បញ្ហា​សេវាសុខភាព​សាធារណៈ និង​ការ​អប់រំ​មាន​កម្រិត ដែល​រារាំង​ពួកគេ​ក្នុងការ​ទទួល​បាន​ឱកាស​ការងារ​ល្អ។

អ្នកស្រី​បាន​លើកឡើង​ថា ពេលខ្លះ​អ្នក​ស្រី​ភ័យ និង​ព្រួយបារម្ភ​ច្រើន អំពី​ការ​ឈរឈ្មោះ​លើក​ដំបូង​នេះ ក៏​ប៉ុន្តែ​កត្តា​មួយ​បាន​ជំរុញ​ទឹកចិត្ត​របស់​អ្នក​ស្រី​ឲ្យ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​នោះ។

អ្នកស្រី បុប្ផា បាន​និយាយ​ថា៖ «‍ខ្ញុំ​ចង់​ធានា​ថា មនុស្ស​គ្រប់រូប​ទទួល​បាន​ឱកាស​ដូច​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​ប្រសើរ​ឡើង ដូចខ្ញុំ ហើយ​នេះ​មាន​ន័យ​ថា យើង​ត្រូវ​ផ្តោត​លើ​ការ​អប់រំ និង​សេវា​សុខភាព»។

អ្នកស្រី បុប្ផា ម៉ាឡូន (Bopha Malone) អតីតបេក្ខជនសមាជិករដ្ឋសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Massachusetts ថតរូបជាមួយស្វាមី និងកូនទាំងពីរនាក់របស់អ្នកស្រី។ (រូបថតដោយ Bopha Malone)

ទោះបីជា​ចាញ់​ការ​បោះឆ្នោត​បឋម​ក្តី អ្នកស្រី បុប្ផា ម៉ាឡូន មិន​មែន​ជា​បុគ្គល​ថ្មី ដែល​សមាជិក​ក្នុង​សហគមន៍​ទើប​តែ​ស្គាល់​នោះ។​ អ្នកស្រី បុប្ផា បាន​និង​កំពុង​បម្រើ​ និង​ចូលរួម​កិច្ចការ​នានា​ក្នុង​សហគមន៍​អស់​រយៈពេល​ជាង​១០ឆ្នាំ​មក​ហើយ។ អ្នកស្រី​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​អង្គការ​មិន​យក​ប្រាក់​កម្រៃ​មួយ​ចំនួន​ដូចជា បណ្តាញ Women Working Wonders សមាគម Working Cities Challenge និង​សមាគម Community Teamwork Inc. ហើយនឹង​សកល​វិទ្យាល័យ Middlesex Community College ជាដើម។

លោកស្រី Lura Smith ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​រស់នៅ​ក្នុង​ទីក្រុង​ឡូវែល​ជាង​៤ទសវត្សរ៍​ បាន​ប្រាប់ VOA ថា អ្នកស្រី បុប្ផា បាន​ចូលរួម​សកម្មភាព​សហគមន៍​ជាច្រើន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រសើរក្នុង​សហគមន៍។

លោកស្រី Lura បាន​និយាយ​ថា៖​ «‍ខ្ញុំ​បាន​ឃើញ​គាត់​លើក​ទឹកចិត្ត​មនុស្ស​ជាច្រើន​ក្នុង​សហគមន៍ ហើយ​បាន​ចំណាយ​ពេល​ជួយ​អ្នក​ដទៃ»។

លោកស្រី​បាន​បន្ត​ថា ទោះ​បីជា​អ្នកស្រី បុប្ផា បាន​ចាញ់​ការ​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​រដ្ឋសភា​លើក​ដំបូង​នេះ​ក្តី អ្នកស្រី បុប្ផា បាន​ចូលរួម​ក្នុង​ចលនា​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​សង្គម។

លោកស្រី Lura មាន​ប្រសាសន៍​ថា៖ «‍នេះ​ខ្ញុំ​និយាយ​ពី​អ្នកស្រី ម៉ាឡូន។ ទោះបីជា​បាន​ចូល ឬ​មិន​បាន​ចូល​បម្រើ​ក្នុង​រដ្ឋសភា​ក្តី ក៏​គាត់​នៅ​តែ​រក្សា​ជំហរ​របស់​គាត់ ក្នុង​ការ​ចូលរួម​ក្នុង​ចលនា​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដែល​គាត់​ចង់​ឃើញ​កើត​មាន​ឡើង។ គាត់​គឺជា​មនុស្ស​បែប​នេះ»។

ដោយឡែក ​សហគមន៍​ខ្មែរ​អាមេរិកាំង​ខ្លះ​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ Massachusetts បាន​គាំទ្រ​ការ​ឈរ​ឈ្មោះ​របស់​អ្នកស្រី បុប្ផា ម៉ាឡូន។ អ្នក​ខ្លះ យល់​ឃើញ​ថា ការ​ឈរ​ឈ្មោះ​របស់​អ្នកស្រី បុប្ផា អាច​ក្លាយ​ជា​កត្តា​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហគមន៍ ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត និង​នយោបាយ​កាន់តែ​សកម្ម​ឡើង។ នេះ​បើ​តាម​ការ​យល់ឃើញ​របស់​លោក សុវណ្ណា ពៅ (Sovanna Pouv) ប្រធាន​អង្គការ Cambodian Mutual Assistance Association នៅ​ទីក្រុង​ឡូវែល។

លោក​បាន​ប្រាប់ VOA ថា៖ «‍ខ្ញុំ​គិត​ថា ផល​ប្រយោជន៍​នៃ​ការ​ដែល​មាន​បេក្ខជន​ខ្មែរ​អាមេរិកាំង​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​រដ្ឋសភា​នេះ អាច​ជំរុញ​លើក​ទឹកចិត្ត​បងប្អូន​យើង​ឲ្យ​ចេញ​ទៅ​បោះឆ្នោត។ គាត់ [បុប្ផា] គឺជា​ផ្នែក​មួយ​នៃ​ចលនា​ផ្លាស់ប្តូរ ហើយ​នេះ​គឺជា​រឿង​ល្អ»។

អតីត​ជន​ភៀស​ខ្លួន

កើត​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​១៩៨០ អ្នកស្រី បុប្ផា ម៉ាឡូន បាន​ធំដឹង​ក្តី​នៅ​ក្នុង​ក្រុមគ្រួសារ​មួយ ដែល​ឲ្យ​តម្លៃ​លើ​ការ​តស៊ូ។ ក្រុម​គ្រួសារ​របស់​អ្នកស្រី បាន​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ក្នុង​ចន្លោះឆ្នាំ​១៩៧៥​និង​ឆ្នាំ​១៩៧៩ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​១លាន​៧សែន​នាក់។

នៅពេល​អាយុ៩ឆ្នាំ អ្នកស្រី បុប្ផា និង​ក្រុមគ្រួសារ បាន​ភៀសខ្លួន​មក​រស់នៅ​ទីក្រុង Harrisburg រដ្ឋ Pennsylvania នៅ​ឆ្នាំ​១៩៨៩ បន្ទាប់​ពី​ពួកគេ​បាន​ចំណាយ​ពេល​៦ឆ្នាំ​រស់នៅ​ជំរំ​នានា​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ និង​ប្រហែល​៦ខែ​រស់នៅ​ប្រទេស​ហ្វីលីពីន មុន​នឹង​បាន​ទទួល​សិទ្ធិ​មក​រស់នៅ​សហរដ្ឋ​អាមេរិក។

អ្នកស្រី បុប្ផា ម៉ាឡូន (Bopha Malone) (រូបខាងស្តាំ) ថតរូបជាមួយបងប្អូន​និងមិត្តភ័ក្ភនៅជំរំជនភៀសខ្លួននៅប្រទេសហ្វីលីពីន ទីដែលនាងនិងក្រុមគ្រួសារបានរស់នៅរយៈពេល៦ខែ មុននឹងទទួល​បាន​សិទ្ធិមក​រស់នៅ​ទីក្រុង Harrisburg រដ្ឋ Pennsylvania នៅឆ្នាំ១៩៨៩។ (រូបថតដោយ Bopha Malone)

ដោយសារ​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ជា​ជន​ភៀស​ខ្លួន មក​រស់នៅ​សហរដ្ឋ​អាមេរិក ដោយ​មិន​មាន​ទ្រព្យ​អ្វី​ជាប់​ខ្លួន ក្រៅពី​សម្លៀក​បំពាក់​ខ្លះៗ​នោះ អ្នកស្រី បុប្ផា និង​ក្រុមគ្រួសារ នឹក​ឃើញ​ពី​អតីតកាល​ជូរចត់ និង​ការ​តស៊ូ ដើម្បី​កសាង​ជីវិតថ្មី​នៅ​សហរដ្ឋ​អាមេរិក ស្របពេល​ដែល​បរិបទ​នយោបាយ​អាមេរិក​បច្ចុប្បន្ន​ក្រោម​រដ្ឋបាល​លោក ត្រាំ មាន​ទំនោរ​ប្រឆាំង​នឹង​ជន​ភៀស​ខ្លួន និង​ជន​អន្តោប្រវេសន៍។

បច្ចុប្បន្ន​នេះ រដ្ឋបាល​លោក ត្រាំ​ កំពុង​អនុវត្ត និង​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ លើ​ការ​ធ្វើ​អន្តោប្រវេសន៍​ចូល​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់ និង​លើ​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​មិន​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ។ ថ្មីៗនេះ ការ​បំបែក​កូនៗ​របស់​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ពី​ឪពុក​ម្តាយ​របស់​ពួកគេ ដែល​ត្រូវបាន​ឃុំខ្លួន​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ នៅ​តាម​ព្រំដែន​អាមេរិក​និង​ម៉ិកស៊ិក បាន​ក្លាយ​ជា​ការ​អនុវត្ត​គោល​នយោបាយ​ដ៏​ចម្រូង​ចម្រាស​មួយ​របស់រដ្ឋបាល​លោក​ ត្រាំ។

អ្នកស្រី បុប្ផា ម៉ាឡូន បាន​លើក​ឡើង​ទាក់ទង​នឹង​បញ្ហា​នេះ​ថា៖ «‍ប្រទេស​របស់​យើង​បាន​ខ្វែង​គំនិត​គ្នា​កាន់តែ​ខ្លាំង។ ហើយ​យើង​ឃើញ​មាន​មតិ​សាធារណៈ​ប្រឆាំង​នឹង​បញ្ហា​អន្តោប្រវេសន៍​នេះ​ច្រើន។ សម្រាប់​ខ្ញុំ​ដែល​ធ្លាប់​ជា​ជន​ភៀស​ខ្លួន និង​ជន​អន្តោប្រវេសន៍ ខ្ញុំ​ចង់​ធ្វើ​កិច្ចការ​នានា​ដើម្បី​ធានា​ថា យើង​អាច​បង្ហាញ​សង្គម​អាមេរិក​ទាំង​មូល​ឲ្យ​ឃើញ​ថា ជន​អន្តោប្រវេសន៍​គឺជា​ក្រុម​ពលរដ្ឋ​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​រឹងមាំ។ នេះ​ហើយ​គឺជា​តម្លៃ​របស់​ពលរដ្ឋ​អាមេរិក»។

អ្នក​ស្រី បុប្ផា ម៉ាឡូន ​អាយុ​៣៨ឆ្នាំ មាន​កូន​ប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់។ អ្នកស្រី​សង្ឃឹម​ថា ភាព​ក្លាហាន​របស់​អ្នកស្រី​ក្នុង​ការ​ប្រឡូក​ក្នុង​នយោបាយ អាច​ជំរុញ​លើក​ទឹកចិត្ត​កូនៗ​របស់​អ្នកស្រី ឲ្យ​មាន​ភាព​ក្លាហាន និង​ចូលរួម​ក្នុង​សង្គម​នៅ​ពេល​ពួក​គេធំ​ដឹង​ក្តី។

អ្នកស្រី​ក៏​បាន​លើក​ឡើង​ថា រឿងរ៉ាវ​របស់​អ្នកស្រី​គឺ​ស្រដៀងគ្នា​នឹង​រឿងរ៉ាវ និង​ដំណើរ​ជីវិត​របស់​ស្ត្រី​ជន​ភៀសខ្លួន និង​អន្តោប្រវេសន៍​ស្រប​ច្បាប់​ជាច្រើន​នាក់​ផ្សេង​ទៀត ដែល​បាន​ទាក់ទង​មក​ប្រាប់​អ្នក​ស្រី​ថា៖ «‍ពួកគេ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​មួយ​ដែល​ថា ថ្ងៃណាមួយ​ពួកគេ​នឹង​អាច​សម្រេច​កិច្ចការ​នេះ​ដូច​អ្នកស្រី បុប្ផា ដែរ ឲ្យ​តែ​ពួកគេ​មាន​ភាព​ក្លាហាន និង​ការ​តស៊ូ»។

សម្រាប់​កូន​ស្រី​អាយុ​៧ឆ្នាំ​របស់​អ្នកស្រី​វិញ ដែល​មាន​ឈ្មោះ​ថា ទេវី ម៉ាឡូន (Taevy Malone) នាង​យល់​ថា៖ «‍គាត់​តែងតែ​ប្រាប់​ខ្ញុំ​ថា ឲ្យ​ខ្ញុំ​មាន​ភាព​ក្លាហាន ហើយ​ថា ពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​អាច​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ជួយ​សង្គម។ ខ្ញុំ​យល់​ថា រាល់ថ្ងៃ​នេះ គាត់​ចូលចិត្ត​ជួយ​អ្នក​ដទៃ ហើយ​ការ​នេះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​យក​គំរូ​តាម​ម្តាយ​ខ្ញុំ»។

សម្រាប់​អ្នកស្រី បុប្ផា ការ​ដែល​ដឹង​ថា ​ភាពក្លាហាន​របស់​អ្នកស្រី​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សមាជិក​រដ្ឋសភា​នេះ​ អាច​ជំរុញ​លើក​ទឹកចិត្ត​ដល់​ស្ត្រី​ដទៃ​ទៀត មាន​ន័យ​ថា៖ «‍នេះ​ហើយ​ គឺជា​ជ័យ​ជម្នះ​សម្រាប់​ខ្ញុំ»៕