លោកស្រី Sue Morton  ត្រូវ​គេ​ចងចាំ​អំពី​កេរដំណែល​​តស៊ូមតិ​​ជួយ​ជនភៀស​ខ្លួន​ខ្មែរ​​​និង​ពិភពលោក

ពិធីបុណ្យសព លោកស្រី Sue Morton នៅជាយក្រុង Denver រដ្ឋ Colorado កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ (រូបថតផ្តល់ឲ្យ)

នៅពេល​លោកស្រី​ ស៊ូ ម័រតុន​ (Sue Morton) ជា​ស្ថាបនិក​អង្គការ​ជនភៀសខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ហៅថា​ Refugees International បាន​ទទួល​អនិច្ចកម្ម​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៨៨ឆ្នាំ នៅ​គេហដ្ឋាន ​ជាយ​ក្រុង Denver ក្នុង​រដ្ឋ កូឡូរ៉ាដូ (Colorado) កាលពី​ខែវិច្ឆិកា ​ក្រុម​មិត្តភក្តិ​និង​ជនភៀសខ្លួន​ខ្មែរ​ចងចាំពីស្នាដៃ កេរដំណែល​ និង​ការ​លះបង់​ដ៏​ធំធេង​របស់លោកស្រី​ក្នុងការ​ជួយ​ដល់​ជនភៀសខ្លួន​នៅ​ទូទាំង​ពិភពលោក​ រួមទាំង​ជនភៀសខ្លួន​ខ្មែរ​ផងដែរ​ដែល​ត្រូវ​បាន​ភៀសខ្លួន​ពី​សង្គ្រាម​ស៊ីវិល​ដ៏មហន្តរាយ​ ការកាប់​សម្លាប់​ ព្រាត់ប្រាស់​គ្រួសារ​ មក​រស់នៅ​ក្នុង​ប្រទេស​អាមេរិក​និង​ប្រទេស​ផ្សេងៗ​ទៀត​ក្រោម​កម្មវិធី​ការជួយ​ឧបត្ថម្ភ​ គាំទ្រ​គ្រប់​បែប​យ៉ាង​របស់​អង្គការ​ដែល​លោកស្រី​បានបង្កើត​ឡើង​កាលពី​ជាងបួន​ទសវត្សរ៍​មុន។

លោកស្រី​ ដានី ម័រតុន ជា​កូនប្រសារ​របស់​លោកស្រី​ ស៊ូ ម័រតុន​ បាន​បញ្ជាក់​ថា​មួយ​ជីវិត​លោកស្រី ម័រតុន ជាម្តាយ​ក្មេក​បាន​ផ្តោត​ទៅលើ​ការជួយ​ជនភៀសខ្លួន​ និង​ការ​តស៊ូមតិ។

«គឺថា​នៅក្នុង​ខួរក្បាល​របស់​គាត់​ហ្នឹង​ គឺមាន​តែ​កិច្ចការ​ជនភៀសខ្លួន​តែ​ប៉ុណ្ណឹង​ទេ នៅ​ឆ្នាំ​១៩៨៩​ និង​១៩៩០​ហ្នឹង អីវ៉ាន់​របស់​គាត់​ហ្នឹង​ គឺថា​អីវ៉ាន់​របស់​គាត់​ ក្រដាស​ស្នាម​របស់​គាត់​ដែល​ត្រូវ​ផ្ញើ​ទៅ​ពួក​ព្រឹទ្ធសភា​ ពួក​តំណាង​រាស្ត្រ​ឬ​ក៏​ប្រធានាធិបតី​ហ្នឹង​គឺថា​រាយ​ពេញ​ អាបាត់​តេម៉ង់(ផ្ទះ) ​របស់​ខ្ញុំហ្នឹង»។

លោកស្រី​ បាន​បន្ថែម​ថា ​លោក​ស្រី​ ម័រតុន​ ដែល​ជា​អ្នកតស៊ូ​មតិ​ពេល​នោះ​ បាន​តវ៉ា​ទៅ​សភា​ ព្រឹទ្ធសភា​និង​សេតវិមាន​ដើម្បី​ឲ្យគិតគូ​ពី​ជនភៀសខ្លួន​ខ្មែរ​និង​ជនភៀសខ្លួន​មក​ពី​ជុំវិញ​ពិភពលោក។

«ឥឡូវហ្នឹង​ជិត​៤០ឆ្នាំ​ហើយ​ដែលខ្ញុំ​បាន​ស្គាល់​គាត់​ហ្នឹង​ គ្មាន​អ្វី​សំខាន់​ក្រៅអំពី​ធ្វើ​ម៉េច​ធ្វើឲ្យ​ជនភៀសខ្លួន​ហ្នឹង​ ទទួល​បាន​ភាព​កក់ក្តៅ​ មាន​ផ្ទះសម្បែង​ មាន​កន្លែង​នៅ​ នោះ​គឺ​បំណង​របស់​គាត់​ គ្មានអ្វី​ដែល​គាត់​សប្បាយ​ចិត្ត​ក្រៅពី​រឿងនេះ​ទេ​ នោះ​ជា​កិច្ចការ​របស់​គាត់​ដែល​គាត់​បាន​ធ្វើ»។

លោកស្រី Sue Morton ចូលរួមពិធីរៀបការកូបប្រុស ជាមួយស្វាមីនៅទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន កាលពីឆ្នាំ១៩៨៦។ (រូបថតផ្តល់ឲ្យ)

លោកស្រី Sue Morton ចូលរួមពិធីរៀបការកូបប្រុស ជាមួយស្វាមីនៅទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន កាលពីឆ្នាំ១៩៨៦។ (រូបថតផ្តល់ឲ្យ)

លោកស្រី​ដានី​ដែល​ជា​ជនភៀសខ្លួន​ខ្មែរមកពី​ខេត្ត​រតនគិរី ហើយកំពុង​រស់នៅទីក្រុង​ Seatle រដ្ឋ​Washington បាន​ឲ្យដឹង​ថា​លោកស្រី​ម័រតុនមិនខ្លាច​សន្តិសុខ​បានធ្វើ​ដំណើរ​ទៅ​ទល់ដែន​ ហើយ​បានជួយ​កុមារ​កំព្រា​ចំនួន​២៣នាក់​ដែល​នៅ​ជំរំខ្លង​យ៉ៃ​ទល់ដែន​ខ្មែរថៃ​ឲ្យមាន​ការ​ទទួល​សុំ​កូន​ចញ្ចឹម​នៅ​អាមេរិក ​អង់គ្លេស ​បារាំង​ជាដើម​។ លោកស្រី​ ម័រតុន​ ត្រូវគេដឹងថា​បាន​សុំកូន​ខ្មែរ​ម្នាក់​មក​ចិញ្ចឹម​ផងដែរ​គឺ​លោក​ ភីធឺ ម័រតុន ​ក្រៅពី​បាន​ជួយ​ជនភៀសខ្លួន​ខ្មែរ​រាប់​ម៉ឺននាក់​ដែល​ហៀប​ត្រូវគេ​បញ្ជូន​ទៅ​កម្ពុជា​វិញ​ដែល​អាចត្រូវ​ស្លាប់​ក្នុង​ចម្ការ​មីន​ ​ក្នុង​សង្គ្រាម​។ រឿងនោះ​ហើយ​ដែល​ជំរុញ​ទឹកចិត្ត​ឲ្យ​លោកស្រី​ជួយ​ជ្រោម​ជ្រែងជនភៀសខ្លួន​និងចាប់​ផ្តើម​កិច្ចការ​មនុស្សធម៌​នេះ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ជនភៀសខ្លួន Refugees International ក្រោយ​មរណភាព​របស់​លោកស្ត្រី​ បាន​ឲ្យដឹងថា​កេរដំណែល​របស់​លោកស្រី​ ស៊ូ ម័រតុន កំពុង​ស្ថិត​នៅរស់​រវើក​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​ការងារ​អង្គការ​ជនភៀសខ្លួន Refugees International ដែល​នៅតែ​ត្រូវបាន​ដឹកនាំ​ដោយ​ទស្សន​វិស័យ​របស់​លោកស្រី​និង​ឧទាហរណ៍​ជាក់ស្តែង​ដែល​លោកស្រី​បាន​បង្កើត​កិច្ចការ​មនុស្សធម៌​និយម​ប្រកប​ដោយ​ក្តីមេត្តា​ ករុណា។

លោក Lionel Rosenblatt អតីត​ប្រធានអង្គការ​ ជនភៀសខ្លួន​អន្តរជាតិ Refugees International បានថ្លែងថា ៖

«លោកស្រី ​ស៊ូ ជាអ្នកតស៊ូ​មតិ​ឥត​ឈប់ឈរ តែងតែ​មាន​ភាព​វិជ្ជមាន និង​ការ​បញ្ចុះ​បញ្ចូល។ ការ​ធ្វើ​ការ​ជាមួយ​លោកស្រី ស៊ូ ​ដើម្បី​កសាង​សុបិន​របស់​លោកស្រី​គឺ​ជា​ឯកសិទ្ធិ​ពិសេស។ ជនភៀសខ្លួន​នៅជុំវិញ​ពិភពលោក​បាន​ទទួល​អត្ថប្រយោជន៍​ពី​លោកស្រី Sue Morton និងពី​ចក្ខុវិស័យ​របស់​លោកស្រី​សម្រាប់​ជនភៀសខ្លួន​អន្តរជាតិ»។

លោកស្រី Eileen Shields West ជាអតីត​ប្រធាន​ក្រុម​អភិបាល​ នៃ​ អង្គការ​ជនភៀស​ខ្លួន​អន្តរជាតិ Refugees International បាន​ថ្លែង​ថា៖

«លោកស្រី Sue Morton បាន​ឃើញភាព​អយុត្តិធម៌​ ហើយ​បាន​សម្រេច​ចិត្ត​ធ្វើ​សកម្មភាព​ ដោយ​បញ្ចុះបញ្ចូល​ប្រធានាធិបតី Jimmy Carter និង​អ្នកបង្កើត​គោល​នយោបាយ​ ឱ្យ​បើក​ព្រំដែន​សហរដ្ឋអាមេរិក​ ដល់​ជន​ភៀស​ខ្លួន​ដែល​ភៀសខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម ​កម្ពុជា ​និង​ឡាវ»។

លោកស្រី​បន្ថែម​ថា​ដំណើរ​រឿង​នោះគឺ​នៅក្នុង​ឆ្នាំ១៩៧៩ នៅពេល​ដែល​អ្វី​ដែល​គេ​ហៅថា ​"អ្នកជិះទូក" ​ត្រូវ​ប្រទេស​ជាច្រើន​គេចវេស​ពីការ​ទទួល​ជន​ភៀស​ខ្លួន​ ហើយ​ជារឿយៗ​ត្រូវ​ស្លាប់​ក្នុងការស្វែង​រកកន្លែង​សុវត្ថិភាព។ លោកស្រី​រៀបរាប់​បន្តថា​នៅ​យប់​ថ្ងៃទី ​១៩ ​ខែកក្កដា​ ឆ្នាំ ១៩៧៩ ​លោកស្រី ​ស៊ូ ​និង​តារា​ចម្រៀង Joan Baez ហើយ​បន្ទាប់​មក​សមាជិក​ព្រឹទ្ធសភា ​Paul Simon​ បាន​ដឹកនាំ​ការដង្ហែ​ភ្លើង​ទៀន​ពី Lincoln Memorial ទៅផ្នែក​ខាងជើង​នៃ​សេតវិមាន។ ពួកគេ​បាន​ច្រៀងបទ​ Amazing Grace ឬ​«ព្រះគុណ​អស្ចារ្យ»​ ពួកគេ​មិន​នឹកស្មាន​ថា​នឹងមាន​អ្វី​កើត​ឡើង​បន្ទាប់​នោះទេ។ ពេលនោះ​ ប្រធានាធិបតី Carter បាន​ចេញមក​ថ្លែង​ទៅកាន់​ហ្វូង​មនុស្ស​ដោយ​និយាយ​ថា លោក​ទើបតែ​បាន​បញ្ជា​ឱ្យ​កងនាវា​ទី ៧ ​របស់​សហរដ្ឋ​អាមេរិក​ ឱ្យ​ទៅយក​ជនភៀសខ្លួន​ទាំងអស់​នៅលើ​ទូក​ដែល​កំពុង​ភៀសខ្លួន​ពីអាស៊ី​អាគ្នេយ៍។

លោកស្រី Sue Morton ថតនៅឆ្នាំ១៩៦៤ ក្នុងរដ្ឋ Tennessee (រូបថតផ្តល់ឲ្យ)

លោកស្រី Eileen Shields West បាន​បន្ថែម​ថា «​អ្វី​ដែល​បាន​ចាប់​ផ្តើម​គឺនៅពេល​ដែល​ចលនា​របស់​ពលរដ្ឋ​នាំ​ទៅដល់​ការ​បង្កើត​ជនភៀសខ្លួន​អន្តរជាតិ​ ដែលជា​អង្គការ​តស៊ូមតិ​ឯករាជ្យ​ដែល​មាន​មូលដ្ឋាន​នៅរដ្ឋធានី​វ៉ាស៊ីនតោន​ ដែល​ឥឡូវនេះ​ការពារ​សិទ្ធិ​ជន​ភៀសខ្លួន​នៅជុំវិញ​ពិភពលោក និង​ខិតខំ​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​វិបត្តិ​ភៀសខ្លួន»។

លោកស្រី​ ស៊ូ ម័រតុន ​បាន​ទទួល​ពានរង្វាន់​ដ៏ល្បីល្បាញ​នៅ​សហរដ្ឋ​អាមេរិក Visionary Leadership Award ឬ​ហៅថា​ពាន​រង្វាន់​ ភាព​ជាអ្នក​ដឹកនាំ​ប្រកប​ដោយ​ទស្សន​វិស័យ ពី​អង្គការ Refugees International កាលពី​ថ្ងៃ​ទី២៨ ​ខែ​មេសា​ឆ្នាំ​២០១៥​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក ​យ័ប គឹមទឹង​ អ្នកស្រុក​បាត់ដំបង​ ជា​ជនភៀសខ្លួន​ក្នុង​ទសវត្សរ៍​១៩៨០​ ហើយ​ពេលនេះ​កំពុង​រស់នៅ​រដ្ឋ វីជីនៀ ​បាន​អះអាង​ថា​តួនាទី​របស់​លោកស្រី​ ស៊ូ ម័រតុន​គឺ​ជារឿង​សំខាន់​ ហើយ​លោក​នៅតែ​មាន​ការ​ដឹង​គុណ​ចំពោះ​អង្គការ​ជនភៀសខ្លួន​ទាំងអស់​ដែល​បាន​ជួយ​លោក​មកដល់​សហរដ្ឋ​អាមេរិក​ ទាំងក្នុង​ជីវភាព​ក្រីក្រ​ គ្មាន​លុយ​កាក់​ ជាពិសេស​ជួយ​តវ៉ា​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឲ្យមាន​កម្មវិធី​ជួយ​ជនភៀសខ្លួន​ រហូត​បាន​មាន​ជីវភាព​សមរម្យ។

«ខ្ញុំថា​បើអត់​មានលោកស្រី​ ស៊ូ ម័រតុន ​អ៊ីចឹង​ ជួនកាល​គេ​មិនដឹង​ពី​រឿង​សុខទុក្ខ​របស់​ជនភៀសខ្លួន​ ដល់​ពេលហ្នឹង​គេ​មិនសូវ​អើពើ​ ហើយ​យើង​មក​នៅ​ប្រទេសថ្មី​ពិបាក​រស់នៅ​ពីព្រោះ​ជីវិត​រស់នៅ​ស្រុកនេះ​ផ្សេង​ពី​ជីវិត​រស់​នៅស្រុក​ខ្មែរ​ ម្ល៉ោះ​ហើយ​ខ្ញុំមាន​សេចក្តី​អរគុណ​ដល់​អ្នក​សំខាន់​អ៊ីចឹង​ដូចលោកស្រី​ ស៊ូ ម័រតុន»។

លោក Bryant Ben ​អ្នក​ស្រុក​កំពង់ចាម​ជាអ្នក​រស់នៅ​ក្នុង​ក្រុង​ឡងប៊ិច​ រដ្ឋ កាលីហ្វ័ញ៉ា ​ដែល​ជា​ជនភៀស​ខ្លួន​ក្នុង​ជំនាន់​ទសវត្សរ៍​១៩៨០ បាន​បង្ហាញ​ពីភាព​សោក​ស្តាយ​ចំពោះ​មរណភាព​លោកស្រី​ ស៊ូ ម័រតុន​ដែល​ជា​អ្នក​ជួយជនភៀសខ្លួន​ខ្មែរ​និង​ជន​ភៀសខ្លួន​ពាសពេញ​ពិភពលោក​ឲ្យ​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ប្រកប​ដោយ​សុវត្ថិភាព​និង​មាន​អនាគត​ភ្លឺស្វាង។

«ដូច្នេះ​ហើយ​ការ​ទទួល​មរណភាព​របស់​គាត់​គឺជារឿង​គួរឲ្យ​សោក​ស្តាយ​ ហើយ​ខ្ញុំ​ជឿថា​ស្នាដៃ​គាត់​និង​គំនិត​គាត់​នឹងបន្ត​ទៅមុខទៀត​សម្រាប់​ជនភៀសខ្លួន​ទូទៅ​ក្នុង​ពិភពលោក»។

ជនភៀសខ្លួន​ខ្មែរ​ជាង​១សែននាក់​ត្រូវ​សហរដ្ឋ​អាមេរិក​បាន​ជួយឲ្យ​បាន​ចូលមក​តាំង​ទីលំនៅ​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ទសវត្សរ៍​១៩៨០​ នៅពេល​កម្ពុជា​មាន​សង្គ្រាម​ស៊ីវិល ការ​សម្លាប់​រង្គាល​ ព្រាត់ប្រាស់​គ្រួសារ​កើត​ឡើង​ចាប់​តាំង​ឆ្នាំ​១៩៧០​មក។ អង្គការ​អន្តរជាតិ​ជាច្រើន​ដូច​ជា Refugees International អង្គការ World Vision, អង្គការ ​កាតុលិក និងឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន United Nations High Commissioner for Refugees និងអង្គការ​ សមាគម​ជាច្រើន​ទៀត បាន​ជួយ​ជន​ភៀសខ្លួន​កម្ពុជា​ និង​ ជនភៀសខ្លួន​ពីអាស៊ី​ចេញពី​សង្គ្រាម​កាលពី​៥ទសវត្សរ៍​មុន​៕