មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​គ្រោង​តាំង​ពិព័រណ៍​រូបថត​ខ្មែរ​ក្រហម

ទាហាន​ខ្មែរ​ក្រហម​ម្នាក់​ឆែក​ឆេរ​ជន​ស៊ីវិល​ម្នាក់​នៅ​កណ្តាល​ក្រុង​ភ្នំពេញ នៅ​​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​​​​កង​កម្លាំង​​របស់​ក្រុម​ឧទ្ទាម​​ដែល​ដឹក​នាំ​ដោយ ប៉ុល ពត នេះ​ បាន​ចូល​កាន់​កាប់​រដ្ឋធានី​របស់សាធារណៈរដ្ឋ​ខ្មែរ (​ប្រទេស​កម្ពុជា​​នា​ពេល​នោះ) ​ក្នុង​ថ្ងៃ​

ក្រោយ​ពី​ខួប​ទី​៣៦​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម​ថ្ងៃទី​១៧មេសា ​ទើបតែ​បាន​កន្លង​ផុត​ទៅ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ជាទី​កន្លែង​ប្រមូល​ផ្ដុំ​ឯកសារដ៏​ធំ​ទាក់ទង​នឹង​របប​ខ្មែរក្រហម​ក្នុង​ប្រទេស​កម្ពុជា​ គ្រោង​នឹង​បើក​ការ​តាំង​ពិព័រណ៍​រូបថត​នៃ​ការ​ចូលកាន់​កាប់​ទីក្រុងភ្នំ​ពេញ​របស់​ពួក​ ខ្មែរក្រហម​នៅ​សម័យ​នោះ​ គឺជា​រូបភាព​ដែល​ថត​ដោយ​អ្នក​ថត​រូប​ជនជាតិ​បរទេស​ចំនួន​ពីរ​រូប។

ចាប់ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ​តទៅ ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​នឹង​ធ្វើការ​ដាក់​តាំង​ពិព័រណ៍​រូប​ ថត​ចំនួន​១៧​ផ្ទាំង​ ដើម្បី​រំឭក​ និង​ឧទ្ទិស​ដល់​ថ្ងៃ​ទី១៧ ​មេសា​ឆ្នាំ​១៩៧៥។​ ថ្ងៃ​ដែល​ពួក​ខ្មែរក្រហម​បាន​ ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​ទាំងស្រុង​ ហើយ​បាន​ឡើង​កាន់​អំណាច​ដោយ​ចុង​កាំភ្លើង។

លោក​ឆាំង យុ ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រូបថត​ទាំង​១៧​ផ្ទាំង​នេះ​គឺជា​ រូបថត​ដែល​កម្រ​ ហើយ​ថត​ដោយ​អ្នក​ថតរូប​ជនជាតិ​អាមេរិកាំង​ លោក ​Al Rockoff ​និង​អ្នកថត​រូប​ជនជាតិ​បារាំង​លោក ​Roland Neveu ​ហើយ​នេះ​គឺ​ជា​ការ​តាំង​ពិព័រណ៍​រូបថត​ជា​លក្ខណៈ​អចិន្ដ្រៃយ៍​ ដើម្បី​រំឭក​អ្នក​ទស្សនា​ និង​អ្នក​ចូល​ស្រាវជ្រាវ​មជ្ឈ​មណ្ឌល​របស់​លោក​អំពី​ការ​ចាប់ផ្ដើម​នៃ​របប​ឃោរឃៅ​របស់​ពួក​ខ្មែរក្រហម។

«ដើម្បី​សិក្សា​ស្វែងយល់​អំពី​ថ្ងៃ​១៧​មេសា ​តើ​ក្មេង​ជំនាន់​នេះ​យល់​យ៉ាងម៉េច​ចំពោះ​ថ្ងៃទី​១៧ ​មេសា ​ហើយ​ជនរង​គ្រោះ​យល់​យ៉ាងម៉េច​ ហើយ​បរទេស​យល់​យ៉ាង​ណាដែរ?​ ដើម្បី​ជាការ​ពិភាក្សា​មួយ​ចំពោះ​ថ្ងៃនេះ ដែ​លជាថ្ងៃ​ពួកខ្មែរ​ក្រហម​ចូល​មក​ដល់។ ហើយ​យើង​គិត​ថា ​ភ្ញៀវ​ ដែល​ចូល​មក​ដល់​កន្លែង ​យើង​នឹង​បាន​ឃើញ​រូប​ទាំងនេះ។​ ពេល​ចេញ​ទៅ​វិញ​ វា​ឆ្លុះ​បញ្ចាំង​អំពី​ទីក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន»។

លោក​ឆាំង យុ​ អះអាង​ថា​ មាន​អ្នក​មក​ទស្សនា​មជ្ឈមណ្ឌល​ឯកសារ​របស់​លោក​ចំនួន​ចន្លោះ​ពី​៦០០​ នាក់​ទៅ​៨០០​នាក់​ជារៀង​រាល់ខែ។​ ដូច្នេះ​ពួកគេ​នឹង​អាច​ឃើញ​រូប​ទាំងនេះ​ ដាក់តាំង​នៅ​តាម​ជាន់​នានា​ ដូច​ជា​រូបថត​នៃ​ការ​អបអរសាទរ​នូវ​ជ័យជម្នះ​របស់​ពួក​កងទ័ព​ខ្មែរក្រហម​ រូបថត​អំពី​ការ​ទទួល​ស្វាគមន៍​របស់​ប្រជា​ពលរដ្ឋ​ក្រុង​ភ្នំពេញ​ និង​ការ​លើក​ទង់​ពណ៌ស​ ដែល​ជា​សញ្ញា​នៃ​ការ​ចុះ​ចាញ់​សង្រ្គាម​ រូបថត​នៃ​ការ​ការពារ​មន្ដ្រី​រដ្ឋការ​របស់​របប​លោក​សេនាប្រមុខ​លន់ នល់​ និង​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក ​នៅ​សម័យ​នោះ​ដោយ​កង​ទ័ព​នៃ​របប​លន់ នល់។ ​រូបថត​ដទៃ​ទៀត​ ដូចជា​ រូប​ដែល​ពិពណ៌នា​អំពី​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​តាម​មហា​វិថី​ព្រះមុន្នីវង្ស​ ការ​ដឹក​ជញ្ជូន​ពលរដ្ឋ​ខ្មែរ​ចូល​ស្ថានទូត​បារាំង​ដោយ​រថយន្ដ​កាកបាទ​ក្រហម​ ការ​ផ្លោះ​របង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ចូល​ស្ថានទូត​បារាំង​ដើម្បី​ស្វែងរក​កន្លែង​សុវត្ថិភាព ​រូបថត​កងទ័ពខ្មែរក្រហមស្ពាយ​កាំភ្លើង​ ​និង​ការ​ទម្លាក់​អាវុធ​របស់​កងទ័ព​លន់ នល់ ​រួមទាំង​រូបថត​ស្ដ្រី​ម្នាក់​យំ​ឱប​សពប្ដី​របស់​គាត់​ពេល​កំពុង​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីក្រុង​ជាដើម។

លោក​ឌឹម​ សុវណ្ណារុំ​ អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​មិន​ធ្វើ​សេចក្ដី​អធិប្បាយ​ចំៗ​លើ​ការ​តាំង​ពិព័រណ៍​នេះ​ទេ​ ក៏​ប៉ុន្ដែ​លោក​មាន​ប្រសាសន៍​ថា​ ការ​ឧទ្ទិស​ណាមួយ​ដើម្បី​ជា​ការ​ចងចាំ​ថ្ងៃ​១៧​មេសា​គឺ​ជា​ការ​រំឭក​នូវ​ប្រវត្តិ​សាស្ដ្រ​របស់​ប្រទេស​ដែល​ត្រូវ​បំផ្លាញ​ និង​កាប់​សម្លាប់​ដោយ​ពួក​ខ្មែរក្រហម។ ​មាន​មួល​ហេតុជាច្រើនដែល​នាំ​ឲ្យ​មាន​បេសកម្ម​របស់​សាលាក្ដី​ខ្មែរក្រហម​នៅ​ទី​នេះ។

«ការ​ធ្វើ​ក្នុង​ទិសដៅ​ណាមួយ​ដើម្បី​ចងចាំ​នៅ​ថ្ងៃ​ហ្នឹង​ជា​រឿង​មួយ​ដែល​សំខាន់។​ ប្រទេស​កម្ពុជា​ខ្ទេច​ខ្ទាំ​ក៏​ដោយសារ​ថ្ងៃ​១៧ ​មេសា​ហ្នឹងដែរ​ រាប់​ទាំង​មនុស្ស​ជាង​ពីរ​លាន​នាក់​ ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ហ្នឹង។​ ហើយ​អង្គជំនុំជម្រះ​ក្នុង​តុលាការ​កម្ពុជា​កំពុង​ចោទ​ប្រកាន់​លើ​មេ​ដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ»។

របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​គ្រប់គ្រង​ប្រទេស​កម្ពុជា​អស់រយៈ​ពេល​ចំនួន​បី​ឆ្នាំ​ប្រាំបី ​ខែ​និង​ម្ភៃថ្ងៃ។ ​បច្ចុប្បន្ន​ ថ្ងៃ​ទី​១៧​មេសា​បាន​ក្លាយ​ទៅ​ជា​ការ​ប្រារព្ធ​មួយ​យ៉ាង​ទៀត​ទាត់។​ លោក ​ប៊ូ ម៉េង​ អតីត​អ្នក​ទោស​គុក​ទួលស្លែង​ ដែល​បាន​នៅ​រស់រាន​មាន​ជីវិត​ បាន​ធ្វើ​ពិធី​សាសនា​សម្រាប់​រំឭក​ខួប​ថ្ងៃ​១៧​មេសា​នេះ​ដែរ​ រីឯ​ដែលមេ​ដឹកនាំ​គណបក្ស​ជំទាស់​លោក​សម រង្ស៊ី​បាន​ចាប់​យក​ឱកាស​នេះ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ថា​ ជា​មេដឹក​នាំ​ខ្មែរក្រហម​ជំនាន់​ថ្មី៕