ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលបានប្រកាសកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថាលោកនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតមួយអាណត្តិទៀតទេនៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីក្នុងឆ្នាំនេះ បានបម្រើការដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអស់រយៈពេលជិតពាក់កណ្តាលសតវត្សរ៍នៅក្នុងព្រឹទ្ធសភា ជាអនុប្រធានាធិបតី ហើយចុងក្រោយបំផុតជាប្រធានាធិបតី។
នៅពេលលោក Biden ចាកចេញពីសេតវិមាននៅខែមករា លោកនឹងបានចំណាយពេលសឹងតែមួយអាជីពរបស់លោកទាំងមូលនៅក្នុងឆាកនយោបាយជាតិ។ លោក Biden ដែលនឹងឈានចូលវ័យ៨២ឆ្នាំនៅខែវិច្ឆិកាខាងមុខ នឹងបានបម្រើការដល់សាធារណជនយូរជាងមិត្តរួមការងារខាងគណបក្សប្រជាធិបតេយ្យមួយចំនួនរបស់លោករស់រានមានជីវិតផង។
ការចោទសួរអំពីអាយុរបស់លោក Biden បានបញ្ចប់អាជីពរបស់លោកបម្រើការឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
នៅឆ្នាំ១៩៧២ លោកបានធ្វើឱ្យសមាជិកបក្សប្រជាធិបតេយ្យភ្ញាក់ផ្អើលពេលលោកឈ្នះការប្រកួតប្រជែងតំណែងជាសមាជិកព្រឹទ្ធសភាក្នុងវ័យ២៩ឆ្នាំ ដោយក្លាយជាសមាជិកព្រឹទ្ធសភាក្មេងជាងគេទី៦ក្នុងប្រវត្តិសាស្ត្រអាមេរិក។ ឥឡូវនេះ វ័យកាន់តែជរារបស់លោកគឺជាមូលហេតុចម្បងមួយដែលនាំឱ្យក្រុមថ្នាក់ដឹកនាំបក្សប្រជាធិបតេយ្យជំរុញឱ្យលោកដកខ្លួនចេញពីការប្រកួតយកតំណែងប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ ដោយការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំងភាគច្រើនជឿថាលោកចាស់ពេកហើយក្នុងការធ្វើជាប្រធានាធិបតីមួយអាណត្តិទៀត។
លោក Biden ដែលជាមន្ត្រីសាធារណៈជាប់ឆ្នោតជាច្រើនទសវត្សរ៍ដែលមានទាំងភាពជោគជ័យនិងការវិវត្តថយក្រោយមួយចំនួនផងដែរ។ តទៅនេះគឺជាព្រឹត្តិការណ៍សំខាន់ៗក្នុងអាជីពរបស់លោក។
តួនាទីជាប្រធានាធិបតី
ការកាន់តំណែងប្រធានាធិបតីរបស់លោក Biden ត្រូវបានកំណត់ដោយបញ្ហាប្រឈមសាកលយ៉ាងច្រើន ហើយក្នុងចំណោមនោះរួមមានជំងឺរាតត្បាតកូវីដ១៩ ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ភាពគឃ្លើនថ្មីថ្មោងរបស់ចិន និងបញ្ហាសេដ្ឋកិច្ចនិងសង្គមនានា។
នៅក្នុងស្រុក លោក Biden ពិបាកដោះស្រាយបញ្ហានៃការកើនឡើងនៃអតិផរណា ដែលខ្ពស់បំផុតក្នុង៤ទសវត្សរ៍ចុងក្រោយ ដែលធ្វើឱ្យការចំណាយរបស់ពលរដ្ឋអាមេរិកាំងកើនឡើងខ្ពស់ខ្លាំង ក៏ដូចជាបញ្ហានៃការកើនឡើងនៃជនចំណាកស្រុកនៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក និងបញ្ហាសង្គម ការរើសអើងជាតិសាសន៍ និងភាពយុត្តិធម៌យេនឌ័រ។
លោក Biden ក្នុងនាមជាបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ២០២០ បានសន្យាស្តារភាពថ្លៃថ្នូរដល់សេតវិមានវិញ បន្ទាប់ពីរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Donald Trump ត្រូវបានគេសម្គាល់ដោយសារបង្ហោះលើបណ្តាញសង្គម Twitter ដែលបច្ចុប្បន្នហៅថា X ដែលសារទាំងនោះមានលក្ខណៈហិង្សាដែលសំដៅលើបក្សប្រជាធិបតេយ្យ គូប្រជែងនយោបាយក្នុងបក្សសាធារណរដ្ឋនិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ។ លោក Biden សច្ចាថានឹងដោះស្រាយការបែកបាក់នយោបាយនៅសភាដើម្បីសម្រេចជោគជ័យផ្នែកនីតិបញ្ញត្តិ។
លោក Biden បានទទួលជោគជ័យក្នុងកម្រិតមួយ ដោយលោកឈ្នះសំឡេងគាំទ្រតិចតួចពីបក្សសាធារណរដ្ឋដើម្បីអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនដើម្បីចំណាយថវិការាប់ពាន់លានដុល្លារដើម្បីជួសជុលផ្លូវថ្នល់និងស្ពានដែលចាស់ខូចខាត ដើម្បីលើកតម្កើងការផលិតបន្ទះឈីបកំព្យូទ័រ និងដាក់ការត្រួតពិនិត្យថ្មីលើកាំភ្លើង ដែលជាការអនុម័តដំបូងក្នុងពេលជិត៣ទសវត្សរ៍នៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងច្បាប់ដាច់ដោយឡែកពីគ្នា សមាជិកគណបក្សប្រជាធិបតេយ្យបានយកឈ្នះលើការប្រឆាំងរបស់បក្សសាធារណរដ្ឋដែលរួបរួមគ្នាដើម្បីអនុម័តសេចក្តីព្រាងច្បាប់ជំនួយសង្គ្រោះសេដ្ឋកិច្ចដែលប៉ះពាល់ដោយជំងឺកូវីដ១៩ ហើយក្រោយមកលើគម្រោងដែលមានទឹកប្រាក់៣៦៩ពាន់លានដុល្លារដើម្បីជួយគ្រប់គ្រងផលប៉ះពាល់នៃបញ្ហាប្រែប្រួលអាកាសធាតុ ដែលជាកញ្ចប់ថវិកាធំបំផុតដែលសហរដ្ឋអាមេរិកបានបែងចែកដើម្បីជួយការពារបរិស្ថាន។
ទោះជាយ៉ាងនេះក្តី ការចំណាយរបស់រដ្ឋាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានរកឃើញថាជាបញ្ហា ដោយសេដ្ឋវិទូមួយចំនួនបន្ទោសទៅលើការផ្តល់ជំនួយនេះដែលបង្កឱ្យទំនិញឡើងថ្លៃខ្លាំងដែលរហូតមកដល់ពេលនេះមិនទាន់មានភាពស្រាកស្រាន្តនៅឡើយ។
សមិទ្ធផលគោលនយោបាយការបរទេសធំជាងគេបង្អស់របស់លោកនោះគឺប្រហែលជាការណ៍ដែលលោក Biden បានដឹកនាំក្រុមចម្រុះប្រទេសលោកខាងលិចដែលបញ្ជូនគ្រឿងសព្វាវុធដែលមានតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លារដល់អ៊ុយក្រែនដើម្បីជួយយោធាអ៊ុយក្រែនទប់ទល់ជាមួយកងកម្លាំងរុស្ស៊ីដែលដំបូងឡើយរំពឹងថានឹងវាយយកបានរដ្ឋធានីកៀវក្នុងរយៈពេលតែប៉ុន្មានថ្ងៃនៅពេលដែលរុស្ស៊ីបានចាប់ផ្តើមឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទោះជាយ៉ាងនេះក្តី សូម្បីតែជាមួយការគាំទ្រឥតងាករេរបស់លោក Bidenក្តី សង្គ្រាមនេះនៅជាប់គាំងដោយគ្មានតម្រុយថានឹងអាចបញ្ចប់បាននៅពេលណានោះទេ។
នៅខាងផ្នែកការទូតដដែលនោះដែរ អត្រានៃការគាំទ្រលោក Biden បានធ្លាក់ចុះខ្លាំងបន្ទាប់ពីទាហានអាមេរិកាំង១៣នាក់ត្រូវបានសម្លាប់នៅពេលដែលអាមេរិកនិងកងកម្លាំងសម្ព័ន្ធមិត្តបានដកទ័ពចេញពីអាហ្វហ្គានីស្ថាន។
ជម្លោះរវាងអ៊ីស្រាអែលនិងហាម៉ាសក៏នាំឱ្យមានបញ្ហាប្រឈមនានាសម្រាប់លោក Biden ដែលគាំទ្រអ៊ីស្រាអែល សូម្បីតែបន្ទាប់ពីបាតុកម្មតវ៉ាគាំទ្រប៉ាឡេស្ទីនបានផ្ទុះឡើងនៅតាមមហាវិទ្យាល័យនានានៅសហរដ្ឋអាមេរិកក៏ដោយ។ ខណៈសង្គ្រាមនេះនៅតែបន្តអូសបន្លាយដែលឥឡូវឈានចូលដល់ខែទី១០ លោក Biden បានអំពាវនាវឱ្យបញ្ចប់ហើយបានងាកទៅរិះគន់ការធ្វើប្រតិបត្តិការនៃសង្គ្រាមរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។
តួនាទីជាអនុប្រធានាធិបតី
មុនលោក Biden ឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២០ លោកគឺជាទីប្រឹក្សាកំពូលរបស់លោកប្រធានាធិបតី Barack Obama ក្នុងអំឡុងពេលលោកកាន់តំណែងជាអនុប្រធានាធិបតីរយៈពេល៨ឆ្នាំ ចាប់ពីឆ្នាំ២០០៩មក។
លោក Biden ត្រូវបានចាត់តាំងឱ្យគ្រប់គ្រងគម្រោងធំៗជាច្រើន រួមទាំងការដកទ័ពអាមេរិកចេញពីអ៊ីរ៉ាក់និងការចែកចាយថវិកាសហព័ន្ធរាប់ពាន់លានដុល្លារទៅដល់រដ្ឋាភិបាលតាមរដ្ឋនិងតាមមូលដ្ឋាននានាដើម្បីជួយស្តារសេដ្ឋកិច្ចពីវិបត្តិសេដ្ឋកិច្ច ក៏ដូចជាធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Mitch McConnell ដែលពេលនោះជាមេដឹកនាំសំឡេងភាគតិចក្នុងព្រឹទ្ធសភា ដើម្បីជៀសវាងការបិទសកម្មភាពរដ្ឋាភិបាលនិងបញ្ចៀសការខកខានមិនសងបំណល់។
នៅពេលលោក Obama ធ្វើឱ្យលោក Biden ភ្នាក់ផ្អើលកាលពីឆ្នាំ២០១៧ ដោយផ្តល់នូវមេដាយកិត្តិយសស៊ីវិលខ្ពស់បំផុតរបស់ប្រទេសគឺមេដាយសេរីភាពផ្តល់ដោយប្រធានាធិបតីនោះ លោក Obama បានពណ៌នាលោក Biden ថាជា «អនុប្រធានាធិបតីដ៏ល្អបំផុតដែលអាមេរិកមាន»។
លោក Obama និងលោក Biden មានជិតស្និទ្ធគ្នាយ៉ាងខ្លាំង ហើយគ្រួសាររបស់ពួកគេក៏ជិតស្និទ្ធគ្នាផងដែរ រួមទាំងមិត្តភាពរវាងលោកស្រី Michelle Obama និងលោកស្រី Jill Biden ក៏ដូចជាមិត្តភាពរវាងកូនស្រីលោក Obama និងចៅស្រីរបស់លោក Biden ផងដែរ។
លោក Obama បានជ្រើសរើសលោក Biden ជាអនុប្រធានាធិបតីរបស់លោក មួយផ្នែកធំគឺដោយសារតែបទពិសោធន៍យ៉ាងច្រើនរបស់លោកនៅលើឆាកអន្តរជាតិជាសមាជិកព្រឹទ្ធសភា ដែលលោក Obama សង្ឃឹមថាអាចធ្វើឱ្យមានតុល្យភាពជាមួយនឹងបទពិសោធន៍ដែលមានកម្រិតរបស់លោកក្នុងវិស័យនោះ។
លោក Biden ធ្លាប់ត្រូវបានគេគិតជាយូរមកហើយថាអាចជាអ្នកដែលបន្តតំណែងប្រធានាធិបតីពីលោក Obama ប៉ុន្តែលោកមិនបានឈរឈ្មោះក្នុងឆ្នាំ២០១៦នោះទេ ដោយថ្លែងថាក្រុមគ្រួសាររបស់លោកកាន់ទុក្ខក្រោយការស្លាប់របស់កូនប្រុសរបស់លោកគឺលោក Beau ដែលបានស្លាប់ដោយសារតែជំងឺមហារីកខួរក្បាលក្នុងវ័យ៤៦ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សេចក្តីរាយការណ៍ក្នុងឆ្នាំ២០១៩ ដោយកាសែត The New York Times បានលើកឡើងថា លោក Obama មិនជំរុញឱ្យលោក Biden ឈរឈ្មោះជាប្រធានាធិបតីក្នុងឆ្នាំ២០១៦នោះទេ ព្រោះលោកជឿថាលោកស្រី Hillary Clinton ដែលជាបេក្ខជននាំមុខនៅពេលនោះមានឱកាសឈ្នះការបោះឆ្នោតនៅពេលនោះជាងគេ។
តំណែងជាសមាជិកព្រឹទ្ធសភា
បន្ទាប់ពីលោក Biden បានឈ្នះការប្រកួតយកតំណែងសមាជិកព្រឹទ្ធសភាដើម្បីតំណាងឱ្យរដ្ឋ Delaware ក្នុងឆ្នាំ១៩៧២ លោកបានចំណាយពេល៣៦ឆ្នាំបន្ទាប់នៅក្នុងព្រឹទ្ធសភា ដោយជិះរថភ្លើងរាប់រយគីឡូម៉ែត្រទៅធ្វើការភាគច្រើនទៅមករវាងទីក្រុង Wilmington និងរដ្ឋធានីវ៉ាស៊ីនតោន។ លោកលេចធ្លោឡើងតំណែងក្នុងបក្សប្រជាធិបតេយ្យហើយបានឡើងធ្វើប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសដ៏មានអំណាច២ដង និងបានធ្វើជាប្រធានគណៈកម្មាធិការតុលាការព្រឹទ្ធសភាម្តងផងដែរ។
លោក Biden ដែលត្រូវបានគេស្គាល់ថាជាអ្នកដែលធ្វើការឆ្លងបក្សជាមួយសមាជិកគណបក្សសាធារណរដ្ឋនានាដូចជាលោក John McCain និងលោក Chuck Hagel ជាដើមនោះ លោកតែងតែតស៊ូមតិឱ្យមានទំនាក់ទំនងរវាងបក្សទាំងពីរ។ ទោះជាយ៉ាងនេះក្តី បើទោះបីជាលោកមានទំនាក់ទំនងជាមួយតំណាងរាស្ត្របក្សសាធារណរដ្ឋ លោកពិបាកប្រើប្រាស់ទំនាក់ទំនងនេះដើម្បីទទួលបានការគាំទ្រលើការអនុម័តសេចក្តីព្រាងច្បាប់ នៅពេលលោកឡើងកាន់តំណែងប្រធានាធិបតីនេះ។
ជ័យជម្នះរបស់លោក Biden នៅក្នុងព្រឹទ្ធសភារួមបញ្ចូលទាំងការគាំទ្រដល់ច្បាប់ប្រឆាំងអំពើហិង្សាលើស្ត្រី ដែលធ្វើឱ្យមានភាពកាន់តែងាយស្រួលក្នុងការកាត់ទោសលើអ្នកដែលប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ការវាយប្រហារផ្នែកផ្លូវភេទ ការប្រើហិង្សាក្នុងទំនាក់ទំនង និងការតាមដាននរណាម្នាក់ជាប់ជាដើម។ លោកក៏បានជួយដល់ការអនុម័តច្បាប់ Brady Bill ដែលតម្រូវឱ្យមានការឆែកឆេរប្រវត្តិរូបមុននឹងអនុញ្ញាតឱ្យទិញកាំភ្លើងភាគច្រើន។
ពួកអ្នករិះគន់ថ្លែងថា បើក្រឡេកមើលលើរឿងអតីតកាល សំឡេងឆ្នោតមួយចំនួនរបស់លោកគឺជារឿងបរាជ័យ។ លោក Biden បានបង្ហាញអារម្មណ៍ស្តាយក្រោយចំពោះការសម្រេចចិត្តជាច្រើនរបស់លោកពេលលោកនៅព្រឹទ្ធសភា រួមបញ្ចូលទាំងការគាំទ្រសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មឆ្នាំ១៩៩៤ដែលនាំឲ្យមានអត្រានៃការជាប់ឃុំឃាំងពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកកាន់តែច្រើននិងសំឡេងគាំទ្ររបស់លោកដែលអនុញ្ញាតឱ្យមានការឈ្លានពានអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣។
លោកក៏បានរងការរិះគន់ចំពោះតួនាទីរបស់លោកជាប្រធានសវនាការតែងតាំងប្រធានតុលាការកំពូលលោក Clarence Thomas ក្នុងឆ្នាំ១៩៩១ ដែលលោករងការចោទប្រកាន់ដោយអ្នកស្រី Anita Hill ពីបទបៀតបៀនផ្លូវភេទ។ ក្នុងឆ្នាំ២០១៩ លោក Biden ធ្វើការសុំអភ័យទោសប៉ុន្តែមិនមែនជាលើកទីមួយទេ ទៅលើសា្ថនការណ៍នោះ ដោយលោកបានថ្លែងថា៖«រហូតដល់ថ្ងៃនេះ ខ្ញុំមានការសោកស្តាយដែលខ្ញុំមិនបានរកនឹកឃើញវិធីដែលអាចជួយឱ្យអ្នកស្រី Hill ទទួលបានសវនាការដែលអ្នកស្រីសក្តិសមទទួលបាន»។ អ្នកស្រី Hill និងពួកអ្នកគាំទ្របានបន្ទោសលោក Biden ដែលមិនបានធ្វើគ្រប់គ្រាន់ដើម្បីការពារអ្នកស្រីពីការប្រមាថនៅក្នុងអំឡុងសវនាការនោះ។
ការឈរឈ្មោះជាប្រធានាធិបតី
មុននឹងទទួលបានជោគជ័យក្នុងការឈរឈ្មោះធ្វើជាប្រធានាធិបតីក្នុងឆ្នាំ២០២០ លោក Biden ធ្លាប់ឈរឈ្មោះប្រកួតតំណែងនេះ២ដងរួចមកហើយគឺបរាជ័យក្នុងឆ្នាំ១៩៨៨ និងឆ្នាំ២០០៨ មិនទទួលបានការតែងតាំងក្នុងបក្សប្រជាធិបតេយ្យនោះទេ។
ទីបំផុតលោកបានឈ្នះការបោះឆ្នោតជាតិក្នុងឆ្នាំ២០២០ប្រឆាំងនឹងលោក Trump ដែលបានបដិសេធមិនទទួលស្គាល់ជ័យជម្នះរបស់លោក Biden ហើយបន្តអះអាងដោយខុសថាមានការបន្លំសន្លឹកឆ្នោតនិងភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោតដើម្បីឱ្យលោកចាញ់មិនបានកាន់តំណែងមួយអាណត្តិទៀត។ លោក Biden បានឈ្នះការបោះឆ្នោតដែលប្រកៀកប្រកិតគ្នាខ្លាំងនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងដើម្បីឈ្នះសំឡេងគាំទ្រពីអង្គបោះឆ្នោតដោយសំឡេង ៣០៦ និង ២៣២ ដែលជាចំនួនសរុបដូចគ្នានឹងអ្វីដែលលោក Trump បានប្រកាសថាជាជ័យជម្នះ «ភ្លូកទឹកភ្លូកដី» នៅពេលលោកឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីក្នុងឆ្នាំ២០១៦។
លោក Biden បានឈ្នះសំឡេងឆ្នោតជាង៧លានលើសលោក Trump ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកតាមការពិតទៅឈ្នះតំណែងប្រធានាធិបតីគឺទៅតាមរដ្ឋនីមួយៗ ដែលរដ្ឋដែលមានប្រជាជនច្រើនបំផុតមានសំឡេងអង្គបោះឆ្នោតច្រើនបំផុតផងដែរ។ ដូច្នេះហើយរដ្ឋដែលមិនទាន់សម្រេចចិត្តឬរដ្ឋដែលម្តងបោះឆ្នោតឱ្យបក្សនេះម្តងបក្សនោះគឺជារដ្ឋដែលសម្រេចលទ្ធផលឆ្នោត។
នៅពេលលោកកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក Biden ក្នុងវ័យ៧៨ឆ្នាំនៅពេលនោះ បានក្លាយជាប្រធានាធិបតីមានវ័យចាស់បំផុត ដែលលើសលោក Trump ដែលបានក្លាយជាប្រធានាធិបតីពេលលោកអាយុ៧០ឆ្នាំ ពេលលោកឈ្នះឆ្នោតចូលកាន់សេតវិមានក្នុងឆ្នាំ២០១៧៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា