ឃុំព្រែកតាមាក់ ខេត្តកណ្តាល — ដូចនឹងម្តាយដទៃទៀតដែរ អ្នកស្រី ផាត់ ពៅ មានក្ដីស្រមៃសម្រាប់កូនៗរបស់អ្នកស្រី។
ស្ត្រីវ័យកណ្ដាលរូបនេះ រីកធំធាត់ជាមនុស្សពេញវ័យនាអំឡុងទសវត្សរ៍ទី៨០។ កាលនោះអ្នកស្រីមានក្ដីប្រាថ្នាថា ចង់សិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់។
ប៉ុន្តែដូចយុវតីដទៃទៀតដែរ បន្ទាប់ពីរបបខ្មែរក្រហម អ្នកស្រីត្រូវចំណាយពេលវេលាប្រចាំថ្ងៃជាច្រើនដើម្បីធ្វើការក្នុងផ្ទះនិងជួយធ្វើការងារឪពុកម្តាយ។ គ្រួសាររបស់អ្នកស្រីមិនមានថវិកា ដើម្បីជួយទំនុកបម្រុងការសិក្សារបស់អ្នកស្រី ដូច្នេះហើយ អ្នកស្រី ផាត់ ពៅ មិនមានឱកាសសម្រេចក្ដីស្រមៃនោះទេ ដោយអ្នកស្រីត្រូវឈប់រៀនត្រឹមថ្នាក់មធ្យមសិក្សាបឋមភូមិ។
នៅពេលដែលអ្នកស្រីចាប់ដៃកសាងជីវិតនិងគ្រួសារជាមួយ លោក ឌុំ វុទ្ធ ដែលជាស្វាមីអ្នកស្រី ផាត់ ពៅ មានក្ដីស្រមៃថា កូនប្រុសស្រីរបស់អ្នកស្រីនឹងទទួលបានឱកាសរៀនសូត្របានវែងឆ្ងាយជាងអ្នកស្រី។
នៅឯគេហដ្ឋានរបស់អ្នកស្រីក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្ត្រីវ័យ ៥០ ឆ្នាំរូបនេះបានប្រាប់ VOA យ៉ាងដូច្នេះថា៖
«ខ្ញុំចង់ [រៀនឲ្យចប់] ខ្ញុំចង់មែនទែនបានស៊ូជាមួយកូន។ ខ្ញុំថាកូន និយាយជាមួយកូនទាំងអស់ថា កូនអើយ ម៉ែគ្មានអីចែកកូនទេ អញ្ចឹងកូនខំរៀនណាកូនណា! មានតែកេរ្ត៍វិជ្ជាទេដែលខ្ញុំចែកឲ្យកូន។ ហើយកូនខ្ញុំតាមខ្ញុំទាំងអស់»។
ឆ្លើយតបទៅនឹងការទូន្មាននិងសេចក្តីប្រាថ្នារបស់អ្នកស្រី ផាត់ ពៅ និងស្វាមី កូនៗទាំងបួនរូបរបស់អ្នកស្រី ខិតខំរៀនសូត្រដោយរួមទាំងកូនស្រីទីបីរបស់អ្នកស្រីផងដែរ គឺកញ្ញា ឌុំ រីដា។
កើតក្នុងឆ្នាំ ១៩៩៦ ក្នុងភូមិមួយ តាមបណ្ដោយមាត់ទន្លេមេគង្គ ដែលស្ថិតនៅភាគខាងជើងឈាងខាងកើតរាជធានីភ្នំពេញ យុវតី ឌុំ រីដា ត្រូវបានគេស្គាល់ថាជាកូនស្រីដែលស្ដាប់បង្គាប់ឪពុកម្ដាយនិងជាសិស្សល្អក្នុងសាលាដែលសំភីរៀនសូត្រ បើទោះជាជីវភាពគ្រួសារមិនសម្បូរហូរហៀរក៏ដោយ។ រីដា ចង់បន្តការរៀនសូត្រឱ្យបានច្រើនបំផុតដើម្បីធ្វើឲ្យក្តីសុបិនរបស់ម្ដាយរបស់ រីដា បានសម្រេច។ នេះបើយោងតាមអ្នកស្រី ផាត់ ពៅ។
ការខិតខំនេះមិនអសាបង់នោះទេ។ យុវតី ឌុំ រីដា បានក្លាយជាសិស្សឆ្នើម ដែលបានឈ្នះតំណែងជាសិស្សពូកែទូទាំងប្រទេសលើផ្នែកអក្សរសាស្ត្រខ្មែរ អំឡុងពេលដែលខ្លួនសិក្សានៅថ្នាក់មធ្យមសិក្សា។ រីដា ក៏បានទទួលអាហារូបករណ៍រៀនឥតបង់ថ្លៃនៅគ្រឹះស្ថានមធ្យមសិក្សាដ៏ល្បីល្បាញ និងមានតម្លៃខ្ពស់មួយក្នុងរាជធានីភ្នំពេញ កាលពី ៤ ឆ្នាំមុន។
កញ្ញា ឌុំ រីដា ដែលនៅបន្តភាពឆ្នើមផ្នែកការសិក្សាធិការ គ្រោងនឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ ក្នុងខែកក្កដាខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏អកុសលមួយនៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅបានផ្លាស់ប្ដូរ និងបញ្ចប់ក្ដីសង្ឃឹម និងសុបិនទាំងនោះ។
នៅរសៀលថ្ងៃនោះ អ្នកស្រី ផាត់ ពៅ កំពុងបំពេញកិច្ចការងារដ៏មមាញឹកដូចសព្វមួយដងនៅឯគេហដ្ឋានរបស់អ្នកស្រី រួមមានការចិតផ្លែល្ពៅធ្វើជាភេសជ្ជៈសម្រាប់លក់ជូនអ្នកភូមិផ្សែផ្សំថវិកាទុកគ្រាន់ផ្គត់ផ្គង់ការរៀនសូត្ររបស់កូនៗអ្នកស្រី។ រំពេចនោះ អ្នកស្រីក៏បានទទួលការហៅទូរស័ព្ទពីម្ចាស់ផ្ទះជួលក្នុងរាជធានីភ្នំពេញ ទីដែលកញ្ញា ឌុំ រីដា ស្នាក់នៅសិក្សារៀនសូត្រ។ ម្ចាស់ផ្ទះជួលបានប្រាប់អ្នកស្រី ថាកូនរបស់អ្នកស្រី បានប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏ប្រល័យមួយ។
បើយោងតាមរូបភាពដែលត្រូវបានគេចែកចាយលើបណ្ដាញទំនាក់ទំនងសង្គមនានាយុវតី ឌុំ រីដា កំពុងធ្វើដំណើរលើទោចក្រយានយន្តម៉ាកគុបរបស់កញ្ញា មកដល់ផ្លូវជើងក្អែកមួយ។ នៅទីនោះហើយដែលម៉ូតូ និងរូបកញ្ញាផ្ទាល់ ត្រូវបានបុកពេញទំហឹង ដោយរថយន្តទំនើបម៉ាក Range Rover មួយគ្រឿង ដែលធ្វើដំណើរពីទិសដៅកែងខាងស្ដាំនៃម៉ូតូរបស់កញ្ញា។ នៅក្នុងរូបភាពនោះកញ្ញាត្រូវបានរថយន្តទំនើបនោះបុកប៉ើងខ្ទាតទៅកាន់ទីចិញ្ចើមផ្លូវម្ខាង។
កញ្ញា ឌុំ រីដា បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្ដីសម្រៃមួយទៀតរបស់អ្នកស្រី ផាត់ ពៅ ជាម្ដាយក៏បានរលាយបាត់បង់សាជាថ្មីម្ដងទៀត។ អ្នកស្រី ផាត់ ពៅ បានបន្តប្រាប់ពីអារម្មណ៍អ្នកស្រីនៅថ្ងៃកើតហេតុថា៖
«ខ្ញុំវិល… វិល...កូនខ្ញុំមួយណា? កូនខ្ញុំជិះម៉ូតូ [ម៉ាក] អាគុបមួយណា? ខ្ញុំនិយាយអត់កើតហ្មងណា។ ខ្ញុំអត់ដឹងថាម៉េច ហើយខ្ញុំអត់ចង់ជឿទៀត។ ខ្ញុំអត់ចង់ជឿថាកូនខ្ញុំទៀត»។
ហេតុការណ៍សោកនាដកម្មនេះ បាននាំឱ្យកញ្ញា ឌុំ រីដា ក្លាយជាជនរងគ្រោះម្នាក់នៅក្នុងចំណោមប្រជាជន ៥១៣ នាក់ ដែលបានស្លាប់បាត់បង់ជីវិតលើដងផ្លូវនានាក្នុងប្រទេសកម្ពុជា ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ ខែ ដើមឆ្នាំ ២០១៩ នេះ។ បើយោងតាមទិន្នន័យស្ថិតិរបស់ក្រសួងមហាផ្ទៃ ដែលបានកត់ត្រាចំនួន អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មាន ១៧៦១ នាក់ ពេញមួយឆ្នាំ ២០១៨ កន្លងទៅ។
រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នដៃគូ ក៏បានប៉ាន់ប្រមាណផងដែរថា គ្រោះថ្នាក់ចរាចរណ៍ ក្រៅតែពីបានប្រល័យជីវិតអ្នកធ្វើដំណើរ ក៏បានបង្កឱ្យមានការបាត់បង់តម្លៃសេដ្ឋកិច្ចប្រមាណ ៣៥០ លានដុល្លារសហរដ្ឋអាមេរិកផងដែរ ក្នុងមួយឆ្នាំៗ។
លោក គង់ រតនៈ នាយកស្ដីទីនៃវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថាការគណនាទំហំខូចខាតផ្នែកសេដ្ឋកិច្ចនេះ រាប់បញ្ចូលទាំងការបាត់បង់ធនធានមនុស្ស ដោយពិការភាព ផលិតភាពផ្នែកសេដ្ឋកិច្ច ចំណាយរដ្ឋបាល និងការថែទាំផ្នែកសុខាភិបាលក្រោយពីមានគ្រោះថ្នាក់ផងដែរ។
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើបញ្ហាសុវត្ថិភាពតាមដងផ្លូវរូបនេះ បាននិយាយថា ស្ថានភាពធ្ងន់ធ្ងរនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះទំនងជាមិនអាចឱ្យកម្ពុជា សម្រេចបាននូវគោលដៅកំណត់ក្នុងឆ្នាំ ២០១១ ដោយអង្គការសហប្រជាជាតិ ក្នុងការបន្ថយអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានពាក់កណ្ដាល ត្រឹមឆ្នាំ ២០២០ ឆ្នាំក្រោយនេះបានទេ។
លោក គង់ រតនៈ បានប្រាប់ VOA ក្នុងបទសម្ភាសមួយតាមទូរស័ព្ទយ៉ាងដូច្នេះថា៖
«ពួកខ្ញុំតែងតែអំពាវនាវឱ្យប្រជាពលរដ្ឋហ្នឹង គឺយកចិត្តទុកដាក់ ហើយព្យាយាមជជែកអំពីបញ្ហាការបាត់បង់អាយុជីវិតនៅតាមដងផ្លូវហ្នឹងដូចគ្នា។ ហើយខ្ញុំក៏ធ្លាប់បានប្រៀបធៀបដែរអំពីមនុស្សដូចគ្នា ជីវិតដូចគ្នា ប៉ុន្តែអ្នកស្លាប់ដោយសារការធ្លាក់យន្តហោះ-សុំទោសណា៎ - ការធ្លាក់យន្តហោះអីផ្សេងៗហ្នឹង ដូចជាគ្រោះថ្នាក់ដូចគ្នា ក៏ប៉ុន្តែគ្រោះថ្នាក់ហ្នឹងត្រូវបានបណ្ដាញសារព័ត៌មាន ឬក៏ប្រជាពលរដ្ឋហ្នឹង គាត់និយាយច្រើនមែនទែន។ ក៏ប៉ុន្តែបើយើងមើលពីរឿងគ្រោះថ្នាក់ចរាចរណ៍វិញ បើយើងគិតតែត្រឹមស្រុកខ្មែរយើងទេ ក្នុងមួយថ្ងៃជាមធ្យមមាន ៥ នាក់ ហើយបើយើងនិយាយពីខែមីនាកន្លងផុតទៅហ្នឹង ជាមធ្យមគឺឡើងដល់ ៧ នាក់ អីចឹងទៅ។ ក៏ប៉ុន្តែការណ៍ដែលយើងនិយាយ ឬក៏សារព័ត៌មាន ឬក៏បណ្ដាញសង្គមផ្សេងៗ ការណ៍ដែលគាត់គិតមើលទៅ គឺជាករណីដូចជារឿងស្រាល សម្រាប់ករណីទូទៅ»។
អ្នកតាមដានរូបនេះបានបន្តថា៖
«សម្រាប់ពួកខ្ញុំត្រឹមជាសង្គមស៊ីវិលអ៊ីចឹង គឺយើងអាចត្រឹមតែអំពាវនាវហើយនិងចូលរួមផ្សព្វផ្សាយ អំពីផលលំបាកនេះទេ ប៉ុន្តែយើងក៏បានសំណូមពរដល់សមត្ថកិច្ចផងដែរ សុំឱ្យគាត់ព្យាយាមរឹតបន្តឹងច្បាប់ហ្នឹងឱ្យខ្លាំង»។
អ្នកជំនាញរូបនេះក៏បានបន្ថែមដែរថា វាមានការពិបាក ក្នុងការអប់រំផ្សព្វផ្សាយទៅដល់មហាជន ប្រកបដោយប្រសិទ្ធភាព ដើម្បីឈានទៅដល់ការផ្លាស់ប្ដូរឥរិយាបថរបស់អ្នកបញ្ជាយានយន្ត ដែលធានាធ្វើយ៉ាងណាឱ្យការធ្វើដំណើរមាននិយាម និងកម្រិតសុវត្ថិភាពជាងមុន។លោកបន្ថែមថា ការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចក៏នៅមានកម្រិតនៅឡើយ។
ការបាត់បង់
បើទោះជាមានការគណនាប៉ាន់ប្រមាណទំហំខូចខាតផ្នែកសេដ្ឋកិច្ចដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍យ៉ាងណាក្ដី មិនមានតួលេខណាមួយអាចបញ្ជាក់ប្រាប់បាននោះទេ អំពីទំហំនៃការខូចខាតផ្នែកស្មារតីនិងសតិអារម្មណ៍ដែលកើតមានក្នុងក្រុមគ្រួសារដែលបាត់បង់សមាជិកក្នុងគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាម លោក គង់រតនៈ។
ការណ៍នេះគេអាចពិនិត្យមើលបានក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យបាត់បង់ជីវិតកញ្ញា ឌុំ រីដាដែលនាំឲ្យក្រុមគ្រួសារ និងអ្នកស្រឡាញ់ចូលចិត្តកញ្ញាត្រូវរងការញាំញី និងភាពសោកសៅដោយការចាកចេញនៃយុវតីរូបនេះ។
អ្នកស្រី ផាត់ ពៅ ជាម្ដាយបានត្រឹមតែអាចរំឭកឡើងវិញនូវជីវិតតស៊ូប្រឹងប្រែងជម្នះការលំបាកនៃកូនស្រីរបស់ខ្លួនតែប៉ុណ្ណោះ ក្នុងបទសម្ភាសដែលមានរយៈពេល ២៩ នាទីជាមួយ VOA នៅឯគេហដ្ឋានរបស់អ្នកស្រី ក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
«អាណិតកូន ត្រង់ថាកូនអត់ទាន់បានល្អ។ កូនអត់ទាន់បានសប្បាយ អត់ទាន់បានឆ្ងាញ់ មិនដែលត្អូញត្អែរថា ម៉ែម្ហូបនេះហូបមិនកើតអីអត់ដែលទេ។ គឺថា[ល្អ] គ្រប់ដប់ហ្មងកូនហ្នឹង»។
ថ្លែងក្នុងសំឡេងខ្សឹកខ្សួលអួលបំពង់កនិយាយបណ្ដើរទឹកភ្នែកហូរបណ្ដើរ អ្នកស្រី ផាត់ ពៅ បានប្រឹងតាំងស្មារតីបន្តជាពាក្យពេជន៍យ៉ាងដូច្នេះថា៖
«ប៉ះពាល់ធ្ងន់ធ្ងរណាស់ត្រង់ថា ជាបេះដូងរបស់ខ្ញុំណា។ ជាបេះដូងរបស់បងប្អូន ទាំងឪពុកម្តាយ សង្ឃឹមលើគាត់ហើយ»។
បើយោងតាមអ្នកស្រី ផាត់ ពៅ មុនពេលស្លាប់កញ្ញា ឌុំ រីដា ធ្លាប់បានប្រាប់អ្នកស្រីដែលជាម្ដាយថា នាងមានក្ដីបំណងស្វះស្វែងរកឱកាសបន្តការសិក្សាថ្នាក់ក្រោយឧត្ដមទៅក្រៅប្រទេសបន្ថែមទៀត បន្ទាប់ពីបញ្ចប់ការសិក្សានាខែកក្កដាខាងមុខនេះ។
«អាណិតកូនខ្លាំងត្រង់ថា ស្តាយ! ស្តាយ…កូនជិតមានអនាគតហើយ ជិតបានសប្បាយហ្នឹងគេហើយ តែបែរជាអញ្ចឹងទៅវិញ»។
នៅឯសាលាបណ្ដុះវិជ្ជាកាលពីកុមារភាពនិងវ័យជំទង់វិញ អតីតគ្រូបង្រៀនម្នាក់ដែលធ្លាប់បានបង្ហាត់បង្ហាញកញ្ញា ឌុំ រីដា ដោយផ្ទាល់បានថ្លែងថា អ្នកស្រីអាចចងចាំនូវភាពរស់រវើក និងឧស្សាហ៍ព្យាយាមរបស់យុវតីរូបនេះនៅនឹងមុខ។ ហើយអ្នកស្រីក៏ចាំផងដែរថា រីដា មានទេពកោសល្យក្នុងការចោទជាសំណួរមកកាន់គ្រូ ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួននិងមិត្តរួមថ្នាក់។
អ្នកស្រី ឡាយ សុវណ្ណី អាយុ ៦២ ឆ្នាំ ដែលធ្លាប់បានបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ដល់កញ្ញា ឌុំ រីដា នៅថ្នាក់បញ្ចប់វិទ្យាល័យកាលពីអំឡុងកន្លះទសវត្សរ៍មុន បានថ្លែងប្រាប់ VOA តាមទូរស័ព្ទយ៉ាងដូច្នេះថា៖
«គឺចរិកល្អ! ចរិកល្អ…មានសេចក្តីព្យាយាម តស៊ូខ្លាំងបំផុតកូនហ្នឹង។ កូនអ្នកក្រមានការតស៊ូខ្លាំងតស៊ូណាស់ចា តស៊ូណាស់នៅលើការសិក្សា។ គាត់យកពេលវេលាសម្រាកដើម្បីសួរនាំ កន្លែងណាគាត់អត់យល់ធ្វើឲ្យយើងរំភើបចិត្ត ហើយអត់មានការលាក់លាមទេ ពេញចិត្តបកស្រាយជូនគាត់ហ្មង។ កន្លែងហ្នឹងហើយដែលខ្ញុំចាំជាងគេ គឺប៉ុណ្ណឹងឯង»។
អ្នកគ្រូបង្រៀនចូលនិវត្តន៍រូបនេះ បានបន្តទៀតយ៉ាងដូច្នេះថា៖
«ពេលហ្នឹងខ្ញុំហាក់ដូចជារន្ធត់ចិត្តខ្លាំងណាស់។ អាណិតអាសូរចំពោះគាត់ដែលជាធនធានមនុស្សម្នាក់ល្អប្រសើរទៅអនាគតព្រោះគាត់ប្រឹងរៀន។ ហើយគតិរបស់គាត់គឺគាត់ស្រលាញ់ការរៀនសូត្រតែម្តង អញ្ចឹងខ្ញុំមានតែការអាណិតអាសូរ ហើយសោកស្តាយជាទីបំផុតចា»។
ការក្រាញននាលនៃការអនុវត្តច្បាប់ចរាចរណ៍
អ្នកជំនាញ និងអ្នកតាមដាននានា បានអំពាវនាវជាបន្តបន្ទាប់ ទៅដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យធ្វើការអនុវត្តច្បាប់ចរាចរណ៍ឲ្យមានសុវត្ថិភាព និងអំពាវនាវពលរដ្ឋឱ្យមានការចូលរួមអនុវត្តនិងប្រតិបត្តិនិយាមសុវត្ថិភាពចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។
កម្ពុជាបានសម្រេចអនុម័តចេញច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមួយកាលពីឆ្នាំ ២០១៥កន្លងទៅ ដោយបានបង្កើនទម្ងន់ទោស និងការផាកពិន័យខ្លាំងក្លាជាងមុន ទៅលើបទល្មើសចរាចរណ៍នានា ដែលក្នុងនោះក៏បានតម្រូវឱ្យអ្នកបើកបរបញ្ជាយានជំនិះទាំងអស់ រួមទាំងម៉ូតូផង ត្រូវមានបណ្ណបើកបរត្រឹមត្រូវ។
យ៉ាងណាក្ដី ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបង្កើននូវវត្តមាន និងប្រជាប្រិយភាពរបស់លោកលើបណ្ដាញទំនាក់ទំនងសង្គមនៅដើមឆ្នាំ ២០១៦ មានការកែប្រែតាមសំណើដែលពលរដ្ឋមួយចំនួនបានផ្ញើជូនលោក ដែលនាំឱ្យមានការបន្ធូរលក្ខខណ្ឌតម្រូវឱ្យមានបណ្ណបើកបរ សម្រាប់តែអ្នកបញ្ជាទោចក្រយានយន្តដែលទំហំស៊ីឡាំងម៉ាស៊ីន ១២៥ CC ឡើងតែប៉ុណ្ណោះ។
នៅចុងឆ្នាំ ២០១៥ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៃរាជរដ្ឋាភិបាលកម្ពុជា បានរិះគន់ទៅលើស្ថាប័ននគរបាល ជាពិសេសផ្នែកចរាចរណ៍អំពីភាពមិនប្រក្រតីក្នុងការផាកពិន័យ និងត្រួតពិនិត្យចរាចរណ៍។ លោកបានប្រើពាក្យថា៖ «គេគួរប្រើប្រាស់ «ច្រាសដែក» ដើម្បីខាត់ដុះសម្អាតស្ថាប័នមួយនេះ។ ក្រោយមកលោកបានសុំទោសចំពោះលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាបុគ្គលនយោបាយថ្នាក់ខ្ពស់បំផុត ដែលមើលការខុសត្រូវលើកម្លាំងនគរបាលទូទាំងប្រទេស។
កង្វះការវិនិយោគសាធារណៈ ដើម្បីលើកកម្ពស់សុវត្ថិភាពនៃការធ្វើដំណើរតាមដងផ្លូវក៏ត្រូវបានគេលើកយកមកពិភាក្សាផងដែរ។ លោក គង់ រតនៈ នៃវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងទៀតថា ការវិនិយោគមិនទាន់គ្រប់គ្រាន់ទៅលើបញ្ហាសុវត្ថិភាពចរាចរណ៍ បានពន្យឺតការងារនេះ និងនាំឱ្យការអនុវត្តច្បាប់នៅមានកម្រិតផងដែរ។
លោក គង់ រតនៈ បានប្រាប់ VOA យ៉ាងដូច្នេះថា៖
«យើងឃើញថា ទឹកលុយនៃការវិនិយោគហ្នឹងវាតិចមែនទែន ... គឺយើងឃើញថាវានៅតែមានកម្រិតមួយទាប ដែលវាមិនអាចឆ្លើយតបទៅនឹងបញ្ហាដែលយើងកើតឡើង អ៊ីចឹងសម្រាប់ខ្ញុំ ឱកាសនៃការជោគជ័យ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ហ្នឹង គឺយើងពិបាកខិតទៅរកជោគជ័យហ្នឹងណាស់»។
នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ថ្លែងទៅកាន់អង្គប្រជុំប្រចាំត្រីមាស នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្រសួងមហាផ្ទៃ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានឯកភាពដែរថា ថវិកាជាតិដែលត្រូវបានបែងចែក សម្រាប់ការងារសុវត្ថិភាពចរាចរណ៍នៅមានកម្រិតត្រឹម៤០ ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះក្នុងមួយឆ្នាំៗ ដែលលោកថា មិនទាន់គ្រប់គ្រាន់នៅឡើយ។
លោក ស៊ុន ចាន់ថុល បាននិយាយយ៉ាងដូច្នេះថា៖
«យើងបាត់ ៣៥០ លានដុល្លារក្នុងមួយឆ្នាំ តែយើងមិនហ៊ានចាយ ១ លាន ២ លាន ដើម្បីជួយកាត់ ៣៥០ លាន ខ្ញុំថាមិនទាន់ មិនទាន់ ត្រឹមត្រូវ។ អ៊ីចឹងគួរតែរកថវិកាឱ្យបានច្រើនបន្តិចទៀត ដើម្បីយើងមានសកម្មភាពច្រើនជាងនេះយកទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ»។
លោករដ្ឋមន្ត្រីរូបនេះក៏បានអំពាវនាវ និងលើកជាគំនិតផ្ដួចផ្ដើមឱ្យមានការចូលរួមពីសំណាក់គ្រឹះស្ថានសិក្សា និងសហគ្រាសឯកជននានា ឱ្យមានជាវគ្គបណ្ដុះបណ្ដាលជាប្រចាំទៅដល់សិស្សានុសិស្ស និងនិយោជិករបស់ខ្លួន នូវប្រការច្បាប់ និងនិយាមសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានចាប់ផ្តើមយុទ្ធនាការ #JusticeForRida ឬ #យុត្តិធម៌ចំពោះរីដា (គំនូរដោយ Hans Grey)
ដំណើរដ៏វែងឆ្ងាយទៅរកយុត្តិធម៌
ប្រទេសកម្ពុជាត្រូវបានគេដាក់ចំណាត់ថ្នាក់លំដាប់លេខ ១២៥ ក្នុងចំណោមប្រទេស ១២៦ ទូទាំងពិភពលោកដែលត្រូវបានគេសិក្សាក្នុងសន្ទស្សន៍នីតិរដ្ឋឆ្នាំ ២០១៩ (Rule of Law Index 2019) ដែលអង្កេតដោយគម្រោងយុត្តិធម៌ពិភពលោក ដែលជាអង្គការតស៊ូមតិលើប្រព័ន្ធយុត្តិធម៌មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ប្រទេសកម្ពុជាទទួលបានពិន្ទុត្រឹមតែ ០.២៣ ប៉ុណ្ណោះ ក្នុងចំណោមពិន្ទុពេញ ១.០០ លើផ្នែកយុត្តិធម៌ស៊ីវិល។
អ្នកតាមដានស្ថានការណ៍នេះក៏បានលើកឡើងដែរថា ការណ៍នេះក៏មិនមានអ្វីខុសគ្នា ចំពោះដំណើរការយុត្តិធម៌សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោក សន ជ័យ នាយកប្រតិបត្តិប្រចាំប្រទេសកម្ពុជានៃសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានថ្លែងថា ការអនុវត្តច្បាប់ចរាចរណ៍នៅមានកម្រិតពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច រួមមាននគរបាលនិងតុលាការ អាចជាកត្តាដែលនាំឱ្យការប្រព្រឹត្តបទល្មើសចរាចរណ៍បន្តកើតមាន ហើយអត្រាអ្នកស្លាប់នៅតែមានកម្រិតខ្ពស់។ លោកថា ការណ៍នេះនាំឱ្យយុត្តិធម៌ពិតប្រាកដហាក់នៅកាន់តែឆ្ងាយពីជនរងគ្រោះផងដែរ។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ បានប្រាប់ VOA យ៉ាងដូច្នេះថា៖
«គ្រោះថ្នាក់ចរាចរណ៍វាជារឿងមួយដែលប៉ះពាល់ជាមួយនឹងសមត្ថកិច្ច ដំបូងគឺប៉ូលិស ហើយនិងការបញ្ជូនសំណុំរឿងហើយ និងគេមើលទៅលើរឿងថាតើតុលាការយកចិត្តទុកដាក់បានកម្រិតណា អ៊ីចឹងតួអង្គពីរហ្នឹងហើយដែលធ្វើឱ្យជនរងគ្រោះហ្នឹង។ ហើយក្រៅពីនោះ បើសិនជាគ្រួសារជនរងគ្រោះហ្នឹង គាត់មិនសូវមានចំណេះដឹង ឬក៏គ្មានការជួយពីក្រុមណាមួយទេ ឬក៏គេហៅថា គាត់ត្រូវរកមេធាវីខ្លួនឯងហ្នឹង វាសុទ្ធតែជារឿងមួយដែលធ្វើឱ្យរឿងនេះ រឿងគ្រោះថ្នាក់ចរាចរណ៍ហ្នឹង វាកាន់ប៉ះពាល់ ហើយអ្នករងគ្រោះហ្នឹងមិនងាយទទួលបានយុត្តិធម៌ទេ»។
លោក សន ជ័យ បានបន្ថែមប្រាប់តាមទូរស័ព្ទយ៉ាងដូច្នេះថា៖
«បាទយើងមើលទៅការលើកឡើងអំពីការអនុវត្តច្បាប់ស្ដង់ដារពីរ ស្ដង់ដារពីរ ដែលគ្រោះថ្នាក់ចរាចរណ៍ហ្នឹង ក៏យើងមើលឃើញអំពីកម្រិតនៃការទទួលបានយុត្តិធម៌ខុសគ្នាដែរ។ មានគ្រួសារខ្លះមិនទទួលបានយុត្តិធម៌ទេ ហើយគេហៅថាយូរៗទៅ បាត់ស្រមោលយុត្តិធម៌»។
លោក គង់ រតនៈ នាយកស្ដីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងដែរថា យុត្តិធម៌ពេញលេញសម្រាប់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងក្រុមគ្រួសារសាច់ញាតិរបស់ពួកគេអាចសម្រេចបាន តាមរយៈការនាំជនបង្កហេតុមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងតាមរយៈសំណងសមធម៌សង្គមសម្រាប់ជនរងគ្រោះនិងក្រុមគ្រួសារលើផ្នែកសេដ្ឋកិច្ចនិងសតិអារម្មណ៍។
ករណីនៃគ្រោះថ្នាក់ចរាចរណ៍ដ៏វិយោគកើតឡើងចំពោះ យុវតី ឌុំ ដារី បានទទួលប្រតិកម្មជាច្រើនពីជាបន្តបន្ទាប់ពីសំណាក់សាធារណជន ដែលឈានទៅដល់ការចាប់ខ្លួនអ្នកបញ្ជាយានយន្តម៉ាក Range Rover។ អ្នកបង្កហេតុត្រូវបានគេកំណត់អត្តសញ្ញាណថា មិនទាន់គ្រប់អាយុបើកបរនៅឡើយ ហើយត្រូវបានសមត្ថកិច្ច បញ្ជូនទៅប្រឈមនឹងការកាត់ក្តីរបស់ស្ថាប័នយុត្តិធម៌។
ឪពុករបស់យុវតីខាងលើ គឺលោក យិន ងិច ដែលជាអ្នកនយោបាយគណបក្សកាន់អំណាចប្រចាំខេត្តសៀមរាប បាននាំយកកូនស្រីរបស់ខ្លួនមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ កូនស្រីរបស់លោកនឹងប្រឈមនឹងបទចោទនៃការបង្កគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យមានមនុស្សស្លាប់។ ហើយលោកក៏បានបង់ប្រាក់សំណង ៧ម៉ឺនដុល្លារអាមេរិក ទៅដល់ក្រុមគ្រួសារកញ្ញា ឌុំ ដារី ដែលបាត់បង់ជីវិតផងដែរ។
លោក គង់ រតនៈ បានហៅករណីនេះថា «កម្រ» ដែលជនរងគ្រោះទទួលបានសំណងច្រើន។ ចំណែកលោក សន ជ័យ បានលើកឡើងដែរថា បើសិនជាមិនមានប្រតិកម្មយ៉ាងច្រើនពីសំណាក់សាធារណមតិដែលនាំឱ្យមានការលូកដៃស្រែកបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ក្រុមគ្រួសារកញ្ញា ឌុំ ដារី ក៏មិនងាយនឹងទទួលបានយុត្តិធម៌និងសំណងនោះទេ។
ក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន ដែលទើបបានបង្កើតក្នុងពេលថ្មីៗនេះ បានក្លាយជាតំណាងផ្លូវច្បាប់របស់ក្រុមគ្រួសារកញ្ញា ឌុំ ដារី ក្នុងដំណើរការផ្លូវច្បាប់ដែលនៅសេសសល់នាពេលខាងមុខ។ យ៉ាងណាក្ដីសម្រាប់អ្នកស្រី ផាត់ ពៅ ជាម្ដាយ ទោះបីមានការសងសំណង ឬដំណើរការយុត្តិធម៌ពេញលេញយ៉ាងណាក៏ដោយ មិនមានអ្វីដែលអាចប្ដូរយកកូនស្រីជាទីស្រឡាញ់របស់អ្នកស្រីត្រឡប់មកវិញបានឡើយ។
«ខ្ញុំស្តាយ។ ខ្ញុំមានតែស្តាយ។ បើថាដូរ [ជីវិត] បានខ្ញុំដូរហើយ។ ហើយបើថាដូរអ្វី ដូចពាក្យចាស់ថា មាសប៉ុនដូងទុំ យកមកដូរកូន ហ៊ានដូរដែរ? ខ្ញុំអត់ដូរទេ។ ខ្ញុំអត់ដូរដាច់ខាតហ្មង។ ក្រលំបាកវេទនាយ៉ាងណា ក៏ខ្ញុំមិនដូរដែរ»។
ដោយមានការស្រណោះដល់កូនរបស់អ្នកស្រីនិយាយមកដល់ចំណុចនេះ អ្នកស្រី ផាត់ ពៅ បានយំខ្សឹកខ្សួល និងបានស្នើសុំឱ្យបញ្ចប់ការសម្ភាសតែត្រឹមនេះ៕