ក្រុមហ៊ុន​បិតស្រា​មួយ​​ចាប់​ផ្តើម​ផលិត​អាល់កុល​លាង​ដៃ ដើម្បី​ជួយ​ទប់ស្កាត់​ការ​រីករាលដាល​វីរុស​កូរ៉ូណា

ទឹក​អាល់កុល​លាងដៃ​ក្នុង​ដប​ចំណុះ​១២០​មីលីលីត្រ​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ស្រា​ Samai​ Distilling ​​​Co. ​ត្រូវ​បាន​ដាក់​តាំង​លក់​ជា​លើក​ដំបូងនៅ​ក្នុង​ហាង​ផលិត​ស្រា​សម័យ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​៣១ ​ខែ​មីនា ​ឆ្នាំ​២០២០។ (ផន បុប្ផា/VOA)

ហាង​បិត​ស្រា​មួយបាន​ប្រើ​ចំណែក​ជាតិ​អាល់កុល​ដែល​នៅ​សេស​សល់​ពី​ការ​ផលិត​ស្រា​សម្រាប់​ផលិតជាទឹក​អាល់កុល​លាង​ដៃ​ ដើម្បី​ចូលរួម​ក្នុង​ការ​ទប់​ទល់ការ​រីករាល​ដាល​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ​១៩​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៣​ម៉ឺន​នាក់​នៅ​ក្នុង​ពិភព​លោក។

អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ ​ក្រុមហ៊ុន​ Samai Distilling​ Co. ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ផលិត​ស្រាច្រើន​ប្រភេទ​សម្រាប់​តម្រូ​វការ​អតិថិជន​ក្នុង​ស្រុក​និង​នាំចេញ​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​សហគមន៍អឺរ៉ុប ​ដូច​ជា ​ប្រទេស​បារាំង​ និង​ប្រទេស​អេស្ប៉ាញ ​និង​នៅ​អាស៊ី​ដូច​ជា ​ប្រទេស​សិង្ហបុរី។

ខណៈ​ពេល​ដែល​មិន​មាន​ការ​កម្មង់​ទិញ​ពី​ទីផ្សារ​ក្នុង​ស្រុក ​និង​ប្រទេស​ទាំង​នោះ ​ក្រុមហ៊ុន​ Samai Distilling Co. ដែល​មាន​ទីតាំង​នៅ​ភ្នំពេញ បាន​ចាប់​ផ្តើម​ផលិត​ទឹក​អាល់កុល​លាងដៃ​ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក ​និងដើម្បីចូលរួម​ក្នុង​កិច្ច​ខិតខំ​ការពារ​ការ​ឆ្លង​ជំងឺ​នេះ។

ចាប់​តាំង​ពី​មាន​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ​ដែលផ្ទុះ​ដំបូង​ឡើងក្នុង​ក្រុង​វូហាន ​ខេត្ត​ហ៊ូបេ​ ប្រទេស​ចិន ​តម្រូវការ​និង​តម្លៃ​នៃ​សម្ភារៈ​ និង​ឧបករណ៍​ផ្សេង​ៗ​ដែល​គេ​ប្រើប្រាស់ ​ដើម្បី​ការពារ​ពី​ការ​ឆ្លង​ជំងឺ​នេះ ​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់។ តួយ៉ាង​ដូច​ជា​តម្លៃ​ម៉ាស និង​ទឹក​អាល់​កុល​នៅ​កម្ពុជា បាន​ឡើង​ថ្លៃ​យ៉ាង​គំហុក ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ និង​ថ្នាក់​ដឹកនាំ​ប្រទេសជា​បន្ត​បន្ទាប់។

បើ​ទោះ​ជា​មិន​ទាន់​មានករណីស្លាប់​ដែល​បណ្តាល​មក​ពី​មេរោគ​កូរ៉ូណា​ថ្មី​នេះ​ក៏ដោយ​ ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ការពារ​ខ្លួន ​ដោយ​ការ​លាងដៃ​ជា​ប្រចាំ​ជាមួយ​សាប៊ូ​ ឬ​ទឹក​អាល់កុល ​ដើម្បី​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ។

លោក ​Daniel Pacheco អាយុ៣៥ឆ្នាំ ជា​ស្ថាបនិក​ម្នាក់​នៃ​ក្រុមហ៊ុន​ផលិត​ស្រា​នេះ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​៖

«ដូច​អ្នក​បាន​ឃើញ​ហើយ​ យើង​គឺ​ជា​អ្នក​បិតស្រា​ ដូច្នេះ​ជា​រៀងរាល់ថ្ងៃ​ យើង​ផលិត​អាល់កុល​ច្រើន​ ហើយ​ភាគ​ច្រើន​នៃ​អាល់កុល​ទាំង​អស់​ហ្នឹង ​យើង​មិន​ប្រើ​សម្រាប់ផលិត​ស្រា​ទេ។ ដូច្នេះ​យើង​មើល​ឃើញ​ពី​ស្ថានការណ៍​នៃ​មេរោគ​ហ្នឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក៏​ដូច​ជា​នៅ​ក្នុង​ពិភព​លោក»។

លោក​បន្ថែម​ថា​៖

«យើង​ឃើញ​មាន​តម្រូវ​ការ​ទឹក​អាល់កុល​លាងដៃ​ច្រើន​ ហើយ​ប្រទេស​ជា​ច្រើន​ទៀត​ ការ​ពិត​ទៅ​កំពុង​តែ​ខ្វះខាត​ទឹក​អាល់កុល​លាង​ដៃ​ហ្នឹង។ ដូច្នេះ​នៅ​ក្នុង​ស្ថានការណ៍​នេះ​ យើង​គិត​ថា​ យើង​អាច​ផ្តល់​ជូន​សហគមន៍កម្ពុជា​ដែល​កន្លង​ទៅ​បាន​ជួយ​យើង​ហើយ​ថែម​ទាំង​បាន​គាំទ្រ​យើង​ជាច្រើន។ យើង​ចាប់​យក​ឱកាស​នេះ ​ដើម្បី​ជា​ការ​ផ្តល់ជូន​ត្រឡប់​ទៅវិញ»។

លោក ​Daniel Pacheco អាយុ៣៥ឆ្នាំ ជា​ស្ថាបនិក​ម្នាក់​នៃ​ក្រុមហ៊ុន​ផលិត​ស្រា ​Samai Distilling​ Co. ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ផលិត​ស្រា​សម្រាប់​តម្រូវ​ទីផ្សារ​ក្នុង​ស្រុក​និង​នាំចេញ​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​សហគមន៍អឺរ៉ុប ​និង​នៅ​ក្នុង​អាស៊ី​។ រូបភាពថតនៅរាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២០។ (ផន បុប្ផា/VOA)

កំពុង​តែ​ធ្វើ​ការ​ជាមួយ​បុគ្គលិក ​៤នាក់​ទៀត​នៅ​ក្នុង​រោង​បិតស្រា​សម័យ​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​លោក Antoine Callet ​ជា​ប្រធាន​ផ្នែក​ផលិត​នៃ​ក្រុមហ៊ុន​ផលិត​ស្រា​នេះ ​មាន​ប្រសាសន៍​ថា ​ក្នុង​ដំណាក់​កាល​ចម្រាញ់ជាតិ​អាល់កុល​ដើម្បី​ផលិត​ស្រា ​គេ​ទទួល​បាន​ អាល់កុល​ដំណាក់កាល​ដំបូង ​ដំណាក់កាល​កណ្តាលឬទីពីរ​ និង​អាល់​កុលដំណាក់កាល​ចុង​ក្រោយ។

លោក Antoine Callet អាយុ​ ២៥​ឆ្នាំ ​ប្រាប់​វីអូអេ​ថា​ ជាទូទៅ​ក្រុមហ៊ុន​លោក​ប្រើ​តែ​អាល់កុល​ក្នុង​ដំណាក់​កាល​ទីពីរ​ប៉ុណ្ណោះដើម្បីផលិតស្រា។ ហើយ​ស្រា​ដំណាក់កាលទី​បី ឬ​ចុង​ក្រោយ​ លោក​ប្រើ​នៅក្នុង​ការ​បិត​ស្រា​បន្ទាប់។ លោក​ថា​ពីមុន ​ក្រុមហ៊ុន​របស់​លោក​ប្រើ​អាល់កុល​ដំណាក់​កាលដើម​ដែល​មិន​អាច​ធ្វើ​ជា​ស្រា​បាន​នោះ ​សម្រាប់​លាង​សម្អាត​ឧបករណ៍​ផលិត​ស្រា។

ប៉ុន្តែ​ចាប់​ពី​សប្តាហ៍​មុន​មក ​ក្រុមហ៊ុន​លោក​បាន​ប្រើ​អាល់កុល​ដំណាក់​កាលដើម​នោះ​មក​ផលិត​ជា​អាល់កុល​លាង​ដៃ​វិញ។

លោក​ប្រាប់​វីអូអេ​ថា​៖ «អាល់កុល​ដំណាក់កាល​ទីមួយ​នេះ​មាន​ជាតិ​អាល់កុល​ពី ​៨០​ទៅ​៨៥​ ភាគ​រយ។ អាល់កុល​ដំណាក់កាល​នេះ​ មិនមាន​រសជាតិ​ល្អ​ អញ្ចឹង​ហើយ​យើង​មិន​ប្រើ​វា​សម្រាប់​ផលិត​ស្រារ៉ាំ​ទេ។ ហើយ​អាល់កុល​ដំណាក់​កាល​ដំបូង​នេះ​ យើង​ប្រើ​សម្រាប់ជូតលាង​សម្ភារ​ប្រើប្រាស់​របស់​យើង។​ អាល់កុល​ដំណាក់កាល​ហ្នឹង​ ហើយ​ដែល​យើង​អាច​ប្រើ​វា​ជា​ទឹក​អាល់កុល​លាងដៃ​បាន»។

លោក Antoine Callet ​អាយុ​២៥​ឆ្នាំ​ ជា​ប្រធាន​ផ្នែក​ផលិត​នៃ​ក្រុមហ៊ុន​ផលិត​ស្រា Samai Distilling​ Co. ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ផលិត​ស្រា​សម្រាប់​តម្រូវទីផ្សារ​ក្នុង​ស្រុក​និង​នាំចេញ​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​សហគមន៍​អឺរ៉ុប និង​នៅ​ក្នុង​អាស៊ី។ រូបភាពថតនៅរាជធានី​ភ្នំពេញ ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២០។ (ផន បុប្ផា/VOA)

ឥឡូវ​នេះ​ ខណៈ​អាជីវកម្ម​ជាច្រើន​ប្រឈម​ការ​ផ្អាក​ដំណើរ​ការ​ ក្រុមហ៊ុន​ផលិតស្រា ​Samai Distilling Co. បាន​ចាប់​ផ្តើម​លក់​ផលិតផល​ទឹក​អាល់​កុលលាង​ដៃ​ដែល​ខ្លួន​ផលិត​បាន​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដើម្បី​ជួយ​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​នេះ​និង​ដើម្បី​បន្ត​រកប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​បុគ្គលិក​និង​បន្ត​ដំណើរ​ការ​ផលិតកម្ម។

លោក ​Daniel Pacheco ជា​ស្ថាបនិក និងជា​ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ ប្រាប់​វីអូអេ ​កាល​ពី​ថ្ងៃ​អង្គារ​បន្ថែម​ថា៖

«​សម្រាប់ពួកយើង​ ការ​ផលិត​នេះ​គ្រាន់​តែ​ជា​គម្រោង​តូចមួយ​ប៉ុណ្ណោះ​នៅ​ពេល​នេះ​។គោល​បំណង​របស់​យើង​នៅ​ពេល​នេះមិន​មែន​យើង​ចង់​បាន​ប្រាក់​ចំណូល​នោះ​ទេ​។ ការ​ពិត​ទៅ​យើង​ចង់​ផលិត​ ផលិត​ផល​ដែល​ប្រជាពលរដ្ឋ​អាច​មាន​លទ្ធភាព​ទិញ​បាន។ យើង​ឃើញ​ថា ​អ្នក​លក់​ទឹក​លាងដៃ​បាន​បង្កើនតម្លៃទឹក​អាល់កុល ​ខណៈតម្រូវ​ការ​កើនឡើង។ ខ្ញុំ​គិត​ថា​វា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ បើ​យើង​មើល​លើ​ស្ថានការ​ណ៍​បច្ចុប្បន្ន។ ​ដូច្នេះ​យើង​ចង់​ផ្តល់​ជម្រើសដល់អ្នក​ទិញ​ជាមួយ​តម្លៃ​សមរម្យ»។

លោក ​Daniel Pacheco ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល ​៩​ឆ្នាំ​ ប្រាប់​វីអូអេ​បន្ថែម​ថា​ ក្រុមហ៊ុន​លោក​ចាប់​ផ្តើម​ចែកចាយ​ទឹក​អាល់កុល​កាល​ពី​ថ្ងៃ​ចន្ទ។ លោក​ថា ​ទឹក​អាល់​កុល​ក្នុង​ដប​ដែល​មាន​ចំណុះ​ ១២០​មីលីលីត្រ មាន​តម្លៃ​៣ដុល្លារ​ ហើយ​អ្នក​ដែល​យក​សំបក​ដប​ដដែល​មក​ជាវ​ទឹក​អាល់កុល​នៅ​ទី​នេះ លោក​នឹង​គិត​ត្រឹម​មួយ​ដុល្លារ​ប៉ុណ្ណោះ។

បុគ្គលិក​ម្នាក់​របស់​ក្រុមហ៊ុន​ផលិត​ស្រា​ Samai Distilling​ Co. ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៤​ កំពុង​រៀបចំ​ដប​សម្រាប់​ដាក់​អាល់​កុល។ រូបភាពថតនៅរាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២០។ (ផន បុប្ផា/VOA)

ចាប់​តាំង​ពីមានការ​ផ្ទុះ​និង​បន្ត​រីក​រាល​ដាល​ការ​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​មក ប្រជាពលរដ្ឋ​បានត្អូញត្អែរ​ថា​តម្លៃ​ទឹក​អាល់កុល​លាងដៃ​កើនឡើង​ជា​បន្តបន្ទាប់។ រដ្ឋាភិបាល​បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ មិន​ឲ្យ​អ្នក​លក់​ដំឡើង​ថ្លៃទឹក​សម្អាត​ដៃ​នេះ។

ផលិតកម្ម​របស់​ក្រុម​ហ៊ុន​សម័យមិន​ត្រឹមតែ​ជួយ​ក្នុងការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ការងារ​នេះ​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​បុគ្គលិក​របស់​លោក​បន្ត​ការងារ​ផង​ដែរ។

បុគ្គលិក​របស់​រោង​ផលិតស្រា​នេះ​បង្ហាញ​ក្តី​សប្បាយ​ចិត្ត​ ដែល​ផលិតកម្ម​របស់​ពួក​គេ​អាច​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​សាធារណជន​នៅ​ក្នុង​ពេល​ដ៏​លំបាក​នេះ។

លោក យ៉ម​ បញ្ញា​ វ័យ ៣១ ជា​បុគ្គលិក​ម្នាក់​ដែល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ ​អស់​រយៈ​ពេល ​៤ឆ្នាំ​មក​ហើយ។

លោក​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ​ថា៖

«សម្រាប់​ខ្ញុំ​ក៏​មាន​មោទកភាព​ដែរ​ដែល​ក្រុមហ៊ុន​មួយ​នេះ​អាច​ផលិត​ជែល​ក៏​ដូច​ជា​អាល់កុល​សម្រាប់​ប្រជាជន​ប្រើប្រាស់​ក្នុង​ការ​សម្អាត​ឬ​ក៏​លាងដៃ​ ដើម្បី​សម្លាប់​មេរោគ។ ហើយ​ក៏​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ដែល​ឆ្លង​តាម​រយៈ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ ឥឡូវ​នេះ​បញ្ហា​សំខាន់​ គឺ​ដោយសារ​កត្តា​កូរ៉ូណា​វីរុស»។

ខ្លោងទ្វារក្រុមហ៊ុន​ផលិត​ស្រា​ Samai Distilling​ Co. បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៤​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ផលិត​ស្រា​សម្រាប់​តម្រូវ​ទីផ្សារ​ក្នុង​ស្រុក និង​នាំចេញ​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​សហគមន៍​អឺរ៉ុប និង​នៅ​ក្នុង​អាស៊ី។ រូបភាពថតនៅរាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២០។ (ផន បុប្ផា/VOA)

អ្នកនាង ផល ​គាមមួយ​ អាយុ​ ២៥ឆ្នាំ ជា​បុគ្គលិក​ម្នាក់​ដែល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​អស់​រយៈ​ពេល​៤ឆ្នាំ​មក​ហើយ នាងបង្ហាញ​ក្តី​សប្បាយ​ចិត្ត​ នៅ​ពេល​ដែល​ក្រុមហ៊ុន​របស់​លោក​ផលិត​អាល់កុល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​សមរម្យ។ ​

អ្នកនាងនិយាយ​ថា៖

«[ខ្ញុំ]សប្បាយ​ចិត្ត​ដោយសារ​តែ​ឥឡូវ​គេ​កំពុង​តែ​ត្រូវការ។ និយាយ​ទៅ​ប្រជាជន​ក៏ដូច​ជា​ពួក​ខ្ញុំ​ផ្ទាល់​ ដូច​ជា​បង​ជាដើម​ ប្រាកដ​ជា​ត្រូវការ​ចាំបាច់​នូវ​ប្រភេទ​ជែល​ក៏​ដូច​ជា​អាល់កុល​សម្លាប់​មេរោគ ​ដើម្បី​ដាក់​តាម​ខ្លួន​ពេល​យើង​ទៅ​ក្រៅ​ ឬ​ក៏​ពេល​យើង​មុន​នឹង​កាន់​អី​ញាំ»។

គិត​ត្រឹម​ចុងខែមីនានេះ មាន​ការឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ​១៩​ ​១០៩​ករណី​ នៅ​កម្ពុជា។ នៅ​ទូទាំង​ពិភព​លោក​វិញ ប្រជាពលរដ្ឋយ៉ាង​ហោច​ណាស់​ ៦៩៣.០០០​នាក់​ បាន​ឆ្លង​ជំងឺនេះ​និង​ប្រជាពលរដ្ឋ​ជាង​ ៣៣.១០០ ​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ៕