ការអភិវឌ្ឍក្នុងប្រទេសកម្ពុជាដែលឈានដល់ការរឹបអូសយកដីធ្លីពលរដ្ឋក្រីក្រជាបន្តបន្ទាប់និងបង្កឱ្យមានការតវ៉ាទាមទារជាច្រើននៅទូទាំងប្រទេសក្នុងរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះត្រូវបានចងក្រងទុកក្នុងភាពយន្តឯកសារថ្មីមួយដែលមានចំណងជើងថា«រដូវផ្ការីកនៅកម្ពុជា» (ឬA Cambodian Spring)។
លោក Chris Kellyផលិតករជាតិអង់គ្លេសនិងជាអ្នកនិពន្ធខ្សែភាពយន្តឯកសារនេះ បានចំណាយពេល៦ឆ្នាំរស់នៅក្នុងប្រទេសកម្ពុជាដើម្បីថតខ្សែភាពយន្តនេះដោយតាមផ្តិតយករូបភាពនៃការតស៊ូរបស់ពលរដ្ឋខ្មែរជាច្រើននាក់។ ក្នុងនោះមានព្រះតេជគុណ លួន សូវ៉ាត ព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស អ្នកស្រី តុល ស្រីពៅ និងអ្នកស្រី ទេព វន្នី សកម្មជនការពារសិទ្ធិលំនៅដ្ឋាននៅតំបន់បឹងកក់ដែលមានឆន្ទៈតវ៉ាប្រឆាំងនឹងការរឹបអូសដីធ្លី។
ព្រះតេជគុណលួន សូវ៉ាតដែលត្រូវគេស្គាល់ថាជាព្រះសង្ឃប្រើប្រាស់បណ្តាញសង្គមនិងព័ត៌មានបានចូលរួមថតរូបវីដេអូស្តីពីសកម្មភាពតវ៉ារបស់ពលរដ្ឋរងគ្រោះ ការវាយប្រហារធ្វើបាបពីសំណាក់អាជ្ញាធរមកលើក្រុមអ្នកតវ៉ានិងការយកពួកគេមកកាត់ទោសនៅតុលាការ ក៏ដូចជាបានធ្វើសកម្មភាពអប់រំពលរដ្ឋឱ្យយល់ដឹងពីសិទ្ធិរបស់ពួកគេ។
នៅក្នុងខ្សែភាពយន្តខ្នាតវែងដែលមានរយៈពេលពីរម៉ោងនេះបានបង្ហាញពីការខ្លាចរអារបស់ពលរដ្ឋខ្មែរមួយចំនួនដែលមិនទាំងហ៊ានផ្តល់យានជំនិះណាដឹកព្រះតេជគុណលួនសូវ៉ាតនិងពលរដ្ឋរងគ្រោះទេនៅពេលដែលព្រះអង្គនិមន្តទៅតាមដានមើលសវនាការកាត់ទោសពលរដ្ឋរងគ្រោះដោយការឆក់ប្លន់ដីធ្លីនៅខេត្តសៀមរាប។
ព្រះតេជគុណលួន សូវ៉ាតបានមានសង្ឃដីកាថា៖
«គេមិនឱ្យជិះឡានយើងដើរ។ ចំងាយផ្លូវប្រហែលជា១០គីឡូម៉ែត្រ។ មកថ្នល់ជាតិដើម្បីរកឡានហើយយើងរំពឹងថាប្រហែលជាគ្មានឡានណាហ៊ានដឹកពួកយើងទេតាមមើលទៅ»។
ព្រះតេជគុណលួន សូវ៉ាតត្រូវរងការយាយីជាបន្តបន្ទាប់ជាពិសេសនៅក្នុងការខិតខំថតពីសវនាការកាត់ទោសពលរដ្ឋរងគ្រោះដោយសារទំនាស់ដីធ្លីនៅខេត្តសៀមរាបនិងសវនាការកាត់ទោសសកម្មជនដីធ្លីតំបន់បឹងកក់ជាង១០នាក់ដែលមានអ្នកស្រីទេព វន្នីនិងអ្នកស្រីតុលស្រីពៅជាដើម។
ដោយសារតែសកម្មភាពនេះ ព្រះតេជគុណលួន សូវ៉ាត ត្រូវបានអាជ្ញាធរនិងមន្ត្រីសង្ឃចាប់យកទៅជួបជាមួយនឹងសម្តេចសង្ឃរាជ។
«ករុណា អត់អីទេបើគិតថានៅកន្លែងនេះមិនបានករុណាទៅកន្លែងផ្សេង។ រឿងអីអាត្មាត្រូវទៅអត់មានទោសអីផងនៀក។ ឥឡូវអត់អីទេ។ កុំនិយាយថារឿងនិមន្តរឿងស្អី។ រឿងប៉ុនណាណីមិនដោះស្រាយមកដោះស្រាយអីរឿងករុណា? បើថាមិនមែនកន្លែងរបស់ករុណាៗមានកន្លែងដែលត្រូវទៅមានរឿងអ្វីដែលត្រូវមានទោសឯណា។ ឥឡូវករុណាអត់ទៅ»។
នៅទីបំផុតព្រះអង្គលួន សូវ៉ាតត្រូវបានបណ្តេញចេញពីទីអារ៉ាមដែលព្រះអង្គធ្លាប់គង់នៅ។
«សម្តេចព្រះសង្ឃរាជ្យនន្ទង៉ែត លោកបានចេញលិខិតបណ្តេញចេញហើយនឹងហាមប្រាប់គ្រប់បណ្តាវត្តទូទៅ។ សម្តេចព្រះសង្ឃរាជលោកអត់សប្បាយចិត្តដែលដើរតួនាទីចូលរួមរំលែកទុក្ខលំបាកវេទនាប្រជាពលរដ្ឋដែលរងគ្រោះអស់ដីអស់ផ្ទះ អស់ជើងអស់ដៃជាប់គុកជាប់ច្រវ៉ាក់គ្រោះថ្នាក់របួសពិការ។ បើវត្តមិនគោរពតាមគោលការណ៍ព្រះពុទ្ធសាសនាដូច្នេះបើមន្ត្រីសង្ឃបើសម្តេចសង្ឃមិនគោរពប្រតិបត្តិតាមគោលការណ៍ព្រះពុទ្ធសាសនាចំក៏មិនប្រាកដថាជាវត្តក៏មិនប្រាកដថាជាមន្ត្រីសង្ឃដែលដឹកនាំវត្តទៅរករីកចំរើនដែរ»។
មានពលរដ្ឋខ្មែរជាង៨០ម៉ឺននាក់បានរងផលប៉ះពាល់ដោយសារការអភិវឌ្ឍតាំងពីឆ្នាំ២០០០ដែលនាំឱ្យពួកគេរងការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋានដោយមិនទទួលបានសំណងសមរម្យហើយអ្នកខ្លះថែមទាំងប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារទៀតផង។ ពលរដ្ឋរងគ្រោះជាច្រើនបន្តរស់នៅក្នុងទីតាំងជម្លៀសចេញដែលមានស្ថានភាពគួរឱ្យខ្លោចផ្សាដែលប្រឈមមុខនឹងកង្វះខាតម្អូបអាហារនិងជំងឺដម្កាត់នានា។
ក្នុងចំណោមនេះក៏មានក្រុមប្រជាពលរដ្ឋនៅតំបន់បឹងកក់ជាច្រើនពាន់គ្រួសារដែលអ្នកខ្លះសុខចិត្តចាកចេញដោយទទួលយកសំណងតិចតួចហើយអ្នកខ្លះនៅបន្តតវ៉ា។
អ្នកស្រីតុល ស្រីពៅគឺជាតំណាងម្នាក់នៃក្រុមតវ៉ា។ ក្នុងខ្សែភាពយន្តនេះអ្នកស្រីបានថ្លែងប្រាប់ក្រុមអង្គការសិទ្ធិមនុស្សនិងអ្នកសារព័ត៌មានពីការខកចិត្តលើគម្រោងផ្តល់កម្មសិទ្ធិដីធ្លីដែលឧបត្ថម្ភដោយធនាគារពិភពលោក។
«ប៉ុន្តែពួកយើងខ្ញុំទាំងអស់គ្នាមិនបានទទួលយកបណ្ណកម្មសិទ្ធិនេះទេបែរជាទទួលបាននូវសេចក្តីជូនដំណឹងថារដ្ឋាភិបាលយកដីពួកខ្ញុំទៅជួលឱ្យក្រុមហ៊ុនស៊ូកាគូអ៊ីនទៅវិញដោយសារតែក្រុមហ៊ុនស៊ូកាគូអ៊ីនបូមខ្សាច់លុបបឹងកក់ហ្នឹងបណ្តាលឱ្យមានទឹកលិចស្លាប់មនុស្សដោយសារឆក់ខ្សែភ្លើងបីនាក់ហើយ»។
អ្នកស្រីទេព វន្នី ជនរងគ្រោះម្នាក់ទៀតនៃតំបន់បឹងកក់ក៏បានថ្លែងដែរថា៖
«យើងខ្ញុំក៏បានស្នើទៅធនាគារពិភពលោកឱ្យជួយគាំទ្ររដ្ឋាភិបាលដើម្បីឱ្យដំណើរការនេះអាចធ្វើទៅបានផងដែរ។ ខ្ញុំបានបង្កើតគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងដោយខ្លួនឯងដើម្បីដោះស្រាយវិវាទរវាងក្រុមហ៊ុនស៊ូកាគូអ៊ីននិងសហគមន៍របស់យើងខ្ញុំទាំងអស់គ្នាមិនជំទាស់នឹងការអភិវឌ្ឍន៍ទេតែរដ្ឋាភិបាលត្រូវបើកការចរចានិងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋនៅតំបន់បឹងកក់កំពុងតែប្រឈមដើម្បីទទួលបាននូវយុត្តិធម៌និងតម្លាភាពនិងអនុវត្តតាមយុទ្ធសាស្រ្តឈ្នះ ឈ្នះ ឈ្នះ»។
ខ្សែភាពយន្តឯកសាររឿង «រដូវផ្ការីកនៅកម្ពុជា»បានបង្ហាញពីសកម្មភាពតស៊ូរបស់ក្រុមស្រ្តីរងគ្រោះទាំងនេះតាំងពីឆ្នាំ២០០៨ដែលពេលនោះគ្រាន់តែជាស្រ្តីមេផ្ទះដែលមានការឈឺចាប់និងរងគ្រោះដោយសារអយុត្តិធម៌សង្គមរហូតដល់ក្លាយជាសកម្មជនតស៊ូដើម្បីការពារសិទ្ធិដីធ្លីរបស់ខ្លួននិងសហគមន៍ហើយត្រូវគេស្គាល់នៅឆាកអន្តរជាតិនិងក៏ត្រូវជាប់គុកជាបន្តបន្ទាប់។
ការតស៊ូរបស់ពួកគេទទួលបានការធ្វើសម្បទានខ្លះ។ នៅឆ្នាំ២០១១រដ្ឋាភិបាលបានសម្រេចរក្សាដីចំនួន១២,៤៤ហិកតាសម្រាប់ពួកគេ។
លោកកែប ជុតិមាអភិបាលរាជធានីភ្នំពេញបានធ្វើពិធីសំណេះសំណាលជាមួយនឹងបាតុករក្នុងពិធីប្រគល់ប្លង់កម្មសិទ្ធិដីធ្លីហើយលោកបានឆ្លៀតឱកាសនោះរិះគន់ដល់ស្ថាប័នអន្តរជាតិ។
«នេះហើយលទ្ធិប្រជាធិបតេយ្យ។ យើងអត់ទៅជេរគ្នានៅតាមចិញ្ចើមថ្នល់ទេ។ ដល់សម័យនេះសម្តេចតេជោបានផ្តាំហើយផ្តាំទៀតហួសសម័យហើយរឿងប្រើហិង្សា។ ខ្ញុំបញ្ជាក់ជូនបងប្អូនចុះកុំថាស្ថាប័នធំៗនឹកស្រម័យថាWorld Bank ធនាគារពិភពលោកមកជួយបងប្អូន។ អត់ទេ»។
នៅក្នុងពិធីប្រគល់រង្វាន់ភាពជាអ្នកដឹកនាំក្នុងជីវិតសាធារណៈនៅឆ្នាំ២០១៣របស់អង្គការVital Voices ដល់អ្នកស្រីទេព វន្នីនៅរដ្ឋធានីវ៉ាស៊ីនតោន លោកស្រីហ៊ីល ឡារីគ្លីនតុនអតីតរដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកបានលើកសរសើរដល់ការតស៊ូរបស់អ្នកស្រីទេពវន្នី៖
«ខ្ញុំសូមអរគុណអង្គការ Vital Voices ក្នុងការផ្តល់កិត្តិយសដល់អ្នកតស៊ូដើម្បីសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា នោះគឺជាស្ត្រីវ័យក្មេងម្នាក់ដែលខ្ញុំត្រូវទូរស័ព្ទជាច្រើនដងក្នុងនាមជារដ្ឋមន្ត្រីការបរទេសដើម្បីសុំឱ្យដោះលែងគាត់ចេញពីពន្ធនាគារដោយសារតែអ្នកស្រីបានក្រោកឈរដើម្បីសិទ្ធិជាមូលដ្ឋានដែលកំណត់ថាមនុស្សនៅគ្រប់ទីកន្លែងគួរតែទទួលបានកម្មសិទ្ធិផ្ទះសម្បែងរបស់ពួកគេ។ សិទ្ធិមានទ្រព្យសម្បត្តិដែលផ្តល់ឋានៈពួកគេដូចគ្នានៅក្នុងពេលអនាគតដែលមនុស្សគ្រប់គ្នាត្រូវទទួលបាន»។
ភាពយន្តបានបញ្ចប់ដោយបង្ហាញពីការឈប់ទាមទាររបស់បាតុករខ្លះហើយក៏មានការបែកបាក់គ្នារហូតដល់មានការឈ្លោះទាស់ទែងជាមួយនឹងអតីតជនរងគ្រោះដូចគ្នា។
អ្នកស្រីតុល ស្រីពៅបានសម្រេចឈប់តវ៉ានៅពេលទទួលបានប្លង់ដីដើម្បីមើលថែទាំគ្រួសារ។
អ្នកស្រីទេព វន្នីនៅបន្តការតវ៉ាដើម្បីជួយពលរដ្ឋរងគ្រោះដទៃទៀតហើយបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ។
រីឯព្រះតេជគុណលួនសូវ៉ាតនៅបន្តសកម្មភាពថតផ្សព្វផ្សាយពីសកម្មភាពរំលោភដីធ្លីបើទោះបីជានៅមានការគំរាមកំហែងនិងការរារាំង។
ខ្សែភាពយន្តឯកសាររឿង«រដូវផ្ការីកនៅកម្ពុជា»នឹងដាក់បញ្ចាំងជាលើកដំបូងនៅថ្ងៃទី៣ ខែឧសភាខាងមុខនេះនៅលើឆាកអន្តរជាតិនៅក្នុងកម្មវិធីខ្សែភាពយន្តឯកសារអន្តរជាតិ Hot Docs Canadian International Documentary Festival នៅទីក្រុង Toronto ប្រទេសកាណាដា។
បន្ថែមលើនេះ ខ្សែភាពយន្តឯកសារនេះក៏ត្រូវបានជាប់ឈ្មោះនៅក្នុងការប្រកួតយកពានរង្វាន់របស់អង្គការ One World Media សម្រាប់ប្រភេទរង្វាន់ខ្សែភាពយន្តឯកសារ Feature Documentary Award ដែលលទ្ធផលនៃអ្នកឈ្នះពានរង្វាន់នេះ នឹងត្រូវបានប្រកាសនៅថ្ងៃទី៦ ខែមិថុនាខាងមុខនេះ៕