ស្ត្រី​ខ្មែរ​ជា​ជនភៀស​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​បឋម​ក្លាយ​ជា​បេក្ខជន​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ​ម៉ាស្សាជូសេដ្ឋ

លោក​ស្រី ​វណ្ណា​ ហូវឺដ​ (Vanna Howard) គឺជាស្ត្រីខ្មែរអាមេរិកាំងម្នាក់ ដែលកំពុងឈរឈ្មោះជាបេក្ខជនសម្រាប់ការជ្រេីសតាំងជាបេក្ខជនសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រចាំសង្កាត់ Middlesex រដ្ឋ Massachusetts។ (រូបថតផ្តល់ឲ្យដោយ Vanna Howard)

រដ្ឋធានីវ៉ាស៊ីនតោន — លោកស្រី ​វណ្ណា ហូវឺដ ​(Vanna Howard) ​គឺជាស្ត្រី​ខ្មែរ​និង​ជាអតីត​ជនភៀស​ខ្លួន​ម្នាក់​ បានឈ្នះការបោះឆ្នោតបឋម ហើយទទួលបានការ​តែង​តាំង​ជា​បេក្ខជន​សមាជិក​សភា​ខាងគណបក្ស​ប្រជាធិបតេយ្យ​ ប្រចាំ​រដ្ឋម៉ាស្សាជូសេដ្ឋ​ ដោយបាន​ផ្តួលដៃ​គូ​ប្រជែង​ពីររូប​ កាល​ពីថ្ងៃ​អង្គារ។ នេះបើតាម​លទ្ធផល​ឆ្នោតដំបូងៗនិងក្រៅផ្លូវការ​ ដែលបាន​បង្ហាញ​ក្រោយ​ការិយាល័យ​បោះឆ្នោត​បិទទ្វារ។

យោងតាមកាសែត The Sun នៃទីក្រុង Lowell លទ្ធផល​ក្រៅ​ផ្លូវការបង្ហាញថា លោកស្រី ​វណ្ណា ហូវឺដ ​ទទួលបាន​សំឡេង​ឆ្នោត​ចុងក្រោយ​ដល់ទៅ​ ២៦៨១ នៅ​ពេល​គូប្រជែង​ពីររូបគឺលោក​ ដេវីដ ណែងហ្គល ​(David Nangle)​ ជា​សមាជិក​សភាដែលកាន់​មុខតំណែង ​ទទួល​បាន​សំឡេង​តែ ១៩៦៦ ​និង​លោក​ស្រី ​លីហ្សា អាណុល ​(Lisa Arnold) ​ទទួល​បាន​សំឡេង​តែ ១៤៧៤​ នៅពេល​រាប់សន្លឹក​ចុងក្រោយ​មួយ ​នៅ​ក្នុងតំបន់​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​យ៉ាងច្រើន​លំដាប់​ទី ២ ​បន្ទាប់ពី​រដ្ឋកាលីហ្វ័រញ៉ា។

លោក ​អ៊ួង រិទ្ធី​ ជាខ្មែរ​អាមេរិកាំង​ដំបូង​ដែលធ្លាប់​ជាប់ឆ្នោត​ជាប្រធាន​ក្រុមប្រឹក្សា​ក្រុងឡូវែល​ បានថ្លែង​ប្រាប់​ VOA ​ថាលោកស្រី​ ​វណ្ណា ហូវឺដ​ បានឈ្នះ​ការប្រជែង​យក​ការ​តែងតាំង​ជាបេក្ខជន​សមាជិក​សភា​ខាងគណបក្ស​ប្រជា​ធិបតេយ្យ ​ប្រចាំ​តំបន់​ទី ១៧ នៃសង្កាត់​ Middlesex រដ្ឋម៉ាស្សាជូសេដ្ឋ​។ ហើយលទ្ធផល​តាំង​ពីដំបូងៗ​ បានបង្ហាញថា លោកស្រីបាននាំមុខ​តាំងពីការ​ចាប់ផ្តើមរាប់​សន្លឹកឆ្នោត​មកម្ល៉េះ។​

លោក ​រិទ្ធី បាន​បញ្ជាក់ថា​ លោកស្រី​ ​វណ្ណា ហូវឺដ បានទទួល​សំឡេង​ឆ្នោតដល់សន្លឹក​ឆ្នោត​ចុងក្រោយ ​គឺនាំមុខ​ដល់ទៅ​ ៤៣ ភាគ​រយ ​នៅពេល​គូប្រជែង​ទទួលបាន​តែ ​៣២ ភាគរយ​ និង ​២៤ ​ ភាគរយនៃសំឡេងឆ្នោតសរុប។

ថ្លែង​បន្ថែម​ពី​កន្លែង​បោះឆ្នោត​មួយកាល​ពីម្សិលមិញ ​លោក ​អ៊ួង រិទ្ធី ដែលជា​អ្នកជួយ​ឃោសនា​រកសំឡេងឆ្នោតផងនោះ​ បាន​បោះឆ្នោត​ដល់​លោកស្រី ​វណ្ណា ហូវឺដ ​ដោយសារលោកស្រី​គឺជាមនុស្ស​មាន​សមត្ថភាព​មានប​ទពិសោធន៍​ច្រើន ​និងអាច​ជួយកិច្ចការ​សង្គម​អាមេរិកាំង ​និងសហគមន៍ខ្មែរ​បានច្រើន ​រួមទាំងវិស័យសុខាភិបាល ​អប់រំ​ សង្គមកិច្ច ​សុខមាលភាព​សង្គម​ជាដើម។

«នេះជា​ពេលវេលា​ដែល​គាត់ត្រូវ​ចេញមុខ​ជួយ​សង្គម ​និង​ក្លាយជា​មេដឹកនាំ​ ហើយ​មិនចង់ឲ្យ​គាត់នៅ​ពីខាង​ក្រោយទៀតទេ»។

លោក ​រិទ្ធី បាន​បញ្ជាក់​ថា លោកស្រី​ វណ្ណា ហូវឺដ ​បានធ្វើ​កិច្ចការបំរើ​សង្គមយ៉ាង​ច្រើន ​មិនដែល​គិតពីផលប្រយោជន៍ផ្ទាល់ខ្លួន​ ​តែបម្រើសង្គម​យ៉ាង​អស់ពីចិត្ត។

ថ្លែងប្រាប់ ​VOA ​ពីការិយាល័យ​បោះឆ្នោត​និង​កន្លែង​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​ នៅតំបន់​ទី ១៧​ នៃសង្កាត់ ​Middlesex​ លោកស្រី ​វណ្ណា ហូវឺដ អាយុ ​៥១ ឆ្នាំ​បានបង្ហាញ​ក្តីសង្ឃឹម​ថា នឹង​អាច​ទទួល​បានការតែងតាំង​នេះ ​ដោយសារ​លោកស្រី​មានគំនិត​កែទម្រង់​លើវិស័យ​សុខាភិបាល​វិបត្តិកូវីដ១៩ ​បញ្ហា​សុខមាលភាពសង្គម​ បញ្ហអប់រំ ​បញ្ហាចាស់ជរា ​និង​បញ្ហាកុមារ​ ហើយនិង​បញ្ហាវិបត្តិ​ផ្ទះសម្បែង​ជាដើម ​ដែល​លោកស្រី​ថា គូប្រជែង​របស់​លោកស្រី​មិនបាន​ធ្វើកិច្ចការ​នេះ ​ហើយ​ជាប់រឿង​ក្តីក្តាំ​ជាមួយ​តុលាការ​ផងដែរ។

«មានសង្ឃឹម​ បើអត់​សង្ឃឹម​ អត់ធ្វើ​យុទ្ធនាការទេ ​ខ្ញុំមាន​សង្ឃឹម។ ​មាន​បងប្អូន​ច្រើន​ ដែលបាន​ជួយទៅ​បោះឆ្នោត ជួយ​ឃោសនា ​ផ្តាំផ្ញើ​ឲ្យទៅ​បោះឆ្នោត​ថ្ងៃនេះ»។

លោកស្រី​ វណ្ណា ហូវឺដ ​ដែលមានស្រុក​កំណើត​នៅស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ បានមក​ដល់​សហរដ្ឋអាមេរិក ​កាលពី​ទសវត្សរ៍​ ១៩៨០ ដោយបាន​គេច​ចេញ​ពីរបប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។

​លោក​ស្រី​បានរៀន​សូត្រ ​និង​បម្រើ​ការងារ​រដ្ឋ​និង​សង្គម​ជា​ច្រើន រួម​ទាំង​ជា​ជំនួយ​ការ​អតីត​សមាជិក​សភា​អាមេរិក​ដ៏មាន​ឥទ្ធិពល​ម្នាក់គឺ​លោកស្រី​ Niki Tsongas។ លោកស្រី​ក៏​បាន​ចូលរួម​បំពេញ​កិច្ចការ​សង្គម​ក្នុង​ទីក្រុង​ឡួវែល​រដ្ឋម៉ាស្សាជូសេដ្ឋ​ក្នុង​នាម​ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​រដ្ឋាភិបាល​ខាង​ក្រៅ​នៃ​មជ្ឈមណ្ឌល​សុខភាព​នៃ​សហគមន៍​ឡូវែល​ (Lowell Community Health Center)​ហើយ​ធ្លាប់​បម្រើ​ការងារ​ក្នុង​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​សង្កាត់ ​Middlesex ​និង Sufforlk​ ផង​ដែរ។

លោកស្រី​ វណ្ណា ហូវឺដ ​ទទួល​បាន​សារអបអរ​សារទរ​តាម​បណ្តាញសង្គម​ពី​អ្នក​គាំទ្រ​ជា​ច្រើននាក់ ដោយបានសរសើរកិច្ចការ​ល្អ​ដែល​លោកស្រី​បាន​បម្រើសង្គម។

សារ​តាមបណ្តាញសង្គមពីគណនីហ្វេសប៊ុកឈ្មោះ Kim Little បាន​សរសេរ​ថា៖ «​សូម​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​លោកស្រី!»។ ហើយ​សារ​តាម​ហ្វេសប៊ុកមួយ​ពីគណនី​ហ្វេសប៊ុក​មួយទៀត​ ឈ្មោះ Tom Raiche​ បាន​សរសរ​ថា៖ «លោកស្រី ​វណ្ណា ​គឺជាមនុស្ស​ដ៏ល្អអស្ចារ្យ​ ហើយ​លោកស្រី​នឹងក្លាយ​ជា​សមាជិក​សភា​ដ៏អស្ចារ្យ!»។​

លោក ​វាសនា នួន ​ជាក្រុមប្រឹក្សា​ក្រុងឡូវែល​បច្ចុប្បន្ន ដែលបាន​ស្គាល់​លោកស្រី ​វណ្ណា ហូវឺដ ​ជាង ៣០ ឆ្នាំ​ បានថ្លែង​ថា លោកគាំទ្រ​លោកស្រី​ វណ្ណា ហូវឺដ ​ដោយសារ​លោក​រៀបរាប់​ថា​ លោកស្រី​សម​ជាមេដឹកនាំ​ស្ត្រីម្នាក់​ដែលមានបទ​ពិសោធន៍​ពេញលេញ​និង សមត្ថភាព​ខ្លាំង​ហើយពេល​លោកស្រី​ឈ្នះ​ការបោះឆ្នោត​បឋមនេះ វា​នឹង​ជាការលើកទឹក​ចិត្តដល់ស្រី្ត​និងជន​ជាតិ​ខ្មែរនៅ​កន្លែង​ផ្សេងៗ​ទៀត។

«រឿងហ្នឹង​ជាគំរូ​អីចឹង​ធ្វើឲ្យស្ត្រី​ឯទៀត​ខ្មែរឯ​ទៀត មាន​ចិត្តក្លាហាន​ឈរឈ្មោះ​ ប្រហែល​ជាមិន​នៅរដ្ឋនេះ​ ក៏នៅរដ្ឋផ្សេងទៀត​ដែរថា​ ខ្មែរអាច​ធ្វើបាន។​ ខ្មែរអាច​ធ្វើបាន»។

ទាំងលោក​ វាសនា នួន ​និង លោក​ អ៊ួង រិទ្ធី​ បានអះអាង​ថា ប្រសិន​បើលោក​ស្រីជាប់​ឆ្នោត​ក្នុងការ​បោះឆ្នោត​បឋម សម្រាប់​ការជ្រើសតាំង​ជាបេក្ខជន​សមាជិកសភាខាងគណបក្សប្រជាធិតេយ្យ ​ប្រចាំ​រដ្ឋម៉ាស្សាជូសេដ្ឋ​នេះ​ លោកស្រីនឹងត្រូវបានគេរំពឹងថា​ នឹងជាប់​ជាស្វ័យប្រវត្តិ​នៅ​ក្នុង​ការបោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាងមុខ​ ដោយសារ​រដ្ឋនេះគឺ​ជារដ្ឋ​ដែលមាន​គណបក្សប្រជាធិបតេយ្យ​បោះឆ្នោត​ជូនបេក្ខជន​ច្រើន ជាង​គណបក្ស​សាធារណរដ្ឋ​តាំងពីដើម​រៀងមក៕