ដើម្បីស្តាប់ព័ត៌មាននេះ
ប្រជាពលរដ្ឋយ៉ាងតិចចំនួន១០នាក់បានរងរបួសក្នុងនោះបីនាក់មានសភាពធ្ងន់
ធ្ងរជាងគេ នៅក្នុងការរារាំងដោយហិង្សារបស់ក្រុមប៉ូលិសខេត្តកំពង់ស្ពឺ កាលពី
ព្រឹកថ្ងៃព្រហស្បតិ៍នេះ នេះបើយោងតាមក្រុមប្រជាជននិងមន្ដ្រីសិទ្ធិមនុស្ស។
អំពើហិង្សាបានកើតឡើង ខណៈដែលប្រជាពលរដ្ឋជាច្រើន អ្នកខ្លះធ្វើដំណើរ
តាមរថយន្តវ៉ែន និងខ្លះធ្វើដំណើរតាមគោយន្ដដឹកជញ្ជូនស្បៀងអាហារអង្ករ និង
អុសសម្រាប់ជួយគាំទ្រក្រុមអ្នកតវ៉ា ចំនួនប្រមាណ ៥០០នាក់ នៅក្នុងទីរួមខេត្ត
កំពង់ស្ពឺ ហើយត្រូវក្រុមប៉ូលិសរារាំងពួកគេនៅពេលកំពុងធ្វើដំណើរ។
លោកអំ សំអាត អ្នកគ្រប់គ្រងការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការ
ការពារសិទ្ធិមនុស្ស លីកាដូ បាបរៀបរាប់ថា ក្រុមប្រជាពលរដ្ឋត្រូវបានរារាំងនៅ
ចម្ងាយប្រមាណជា៣០គ.ម.ពីភូមិរបស់ពួកគេ ហើយក្រុមប៉ូលិសបានវាយទៅ
លើក្រុមប្រជាពលរដ្ឋ និងកាត់ខ្សែពានម៉ាស៊ីនគោយន្ដរបស់ពួកគេចំនួន១គ្រឿង
ដើម្បីកុំឲ្យពួកគេធ្វើដំណើរបន្ដទៅមុខទៀតបាន។ ក៏ប៉ុន្ដែក្រុមប្រជាពលរដ្ឋដែល
ចែកគ្នាជាច្រើនក្រុមនៅតែបន្ដរុលទៅមុខដែលធ្វើឲ្យកងសមត្ថកិច្ចប្រើអំពើហិង្សា
មកលើពួកគាត់។
«ការកាត់ខ្សែពាន ហើយនឹងវ៉ៃដោយសារតែសមត្ថកិច្ចព្យាយាមរារាំងឃាត់មិន
ឲ្យប្រជាពលរដ្ឋមក ប៉ុន្ដែប្រជាពលរដ្ឋនៅតែរុលមក។ ប្រជាពលរដ្ឋចំនួន៥គោ
យន្ដដែលគាត់ឡើងពីអមលាំងមក ត្រូវបានកម្លាំងប៉ូលិសប្រមាណជា ២០នាក់
ធ្វើការរារាំង និង ធ្វើការវាយដំ បណ្ដាលឲ្យមានរបួសធ្ងន់មានបីនាក់ ហើយរបួស
ស្រាលៗប្រហែលជាជិត១០នាក់»។
លោកអំ សំអាតបានឲ្យដឹងថា ប៉ូលិសបានរុញបង្ខំប្រជាពលរដ្ឋចេញពីសាលា
ខេត្តនៅពេលព្រឹកព្រលឹមដែលអមដោយរថយន្ដពន្លត់អគ្គីភ័យនៅពីក្រោយក្រុម
ប៉ូលិសទៀតផង។
ដោយឡែក អ្នកស្រីស៊ឹម តុនមកពីភូមិឆ្នួល ដែលបានរត់គេចរួចពីការតាមរារាំង
របស់ក្រុមប៉ូលិសទាំងប្រផិតប្រផោយបានអះអាងទាំងក្បាលនៅជាប់នឹងក្រមា
ថា ក្រុមប៉ូលិសបានយកបាយដែលអ្នកស្រីដឹកឲ្យក្រុមអ្នកតវ៉ា ហើយចាក់ចោល
ទាំងអស់ ហើយបណ្ដេញម្ចាស់រថយន្ដដែលអ្នកស្រីជិះឲ្យបើកត្រឡប់ទៅក្រោយ
វិញ។
«គេឃាត់ អត់ឲ្យខ្ញុំមក។ ខ្ញុំចុះរត់ទៅតាមបឹង។ ម៉ូតូតាមថ្នល់គេបកទៅយកខ្ញុំ
វិញ។ ឡានប៉ូលិសដេញម៉ូតូឌុបទៀត។ អញ្ចឹងគេឃាត់ម៉ូតូឌុបទៀត ។ គេចាក់
បាយចាក់អីចោលអស់។ គេថា អត់ឲ្យប្រជាពលរដ្ឋមក ព្រោះខ្ញុំមកនេះ មកធ្វើ
បាតុកម្ម»។
ផ្ទុយទៅវិញ លោកកង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា ពុំមាន
អំពើហិង្សា ឬ ការចាប់រារាំងណាមួយទៅលើក្រុមប្រជាពលរដ្ឋនោះទេ ហើយ
លោកលើកឡើងថា ប្រជាពលរដ្ឋគួរស្ថិតនៅនឹងកន្លែងដើម្បីដោះស្រាយបញ្ហា
ដែលបានកើតឡើង។
«អត់មានអ្នកណាចាប់គាត់អី។មិនមែនមកដោះ [ស្រាយ] នៅទីនេះទេ ។ បញ្ហា
នៅទីណាដោះ [ស្រាយ] នៅទីនោះ។ មានអ្វីដោះមិនបាន មានអ្វីពិបាកដោះ?»
កាលពីថ្ងៃពុធម្សិលមិញនេះ ប្រជាពលរដ្ឋមកពីឃុំអមលាំង ស្រុកថ្ពង។ លោក
យូ ថូ អាយុ៦២ឆ្នាំ និង លោកឃឹម រិទ្ធី អាយុ៣៧ឆ្នាំ ត្រូវតុលាការខេត្តកំពង់ស្ពឺ
ចាប់ឃុំ ខ្លួនក្រោមបទចោទប្រកាន់ថា អ្នកភូមិទាំងពីររូបបានដុតបំផ្លាញ បាន
ញុះញ៉ង់ និង ផ្សំគំនិតក្នុងការដុតរោងប្រចាំការមួយរបស់ក្រុមហ៊ុនឯកជនចំនួន
២គឺក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ និងក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គ័រ ដែលជាក្រុមហ៊ុនសាខា
របស់លោកលី យ៉ុងផាត់ បច្ចុប្បន្នជាព្រឹទ្ធសមាជិកនៃគណបក្សប្រជាជនកម្ពុជា
កំពុងកាន់អំណាច។ បុរសទាំងពីរត្រូវឃុំខ្លួន បន្ទាប់ត្រូវកោះហៅមកសាកសួរ
ដោយតុលាការ។
ដោយឡែកតុលាការបានតាមកោះហៅអ្នកភូមិចំនួន២នាក់ជាបន្ថែមទៀតដែល
ក្រុមមន្ដ្រីសិទ្ធិមនុស្សបារម្ភថា ពួកគេទាំងពីរ ចុងក្រោយនឹងប្រឈមមុខនឹងការ
ចាប់ឃុំខ្លួនផងដែរ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋយ៉ាងតិចចំនួន៥០០នាក់ បានមកប្រមូលផ្តុំគ្នា នៅ
មុខតុលាការខេត្តកំពង់ស្ពឺដើម្បីទាមទារឲ្យតុលាការដោះលែងប្រជាពលរដ្ឋដែល
ត្រូវចាប់ឃុំខ្លួននោះ។
លោក នុត រំដួល តំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺមកពីគណបក្សសម រង្ស៊ី ដែល
បានចុះទៅពិនិត្យមើលការតវ៉ារបស់ក្រុមប្រជាពលរដ្ឋនោះបានទាមទារឲ្យតុលា
ការខេត្តកំពង់ស្ពឺផ្តល់ដំណោះស្រាយមួយយ៉ាងសមស្របតាមផ្លូវច្បាប់ និង ត្រូវ
មានការដោះលែងអ្នកភូមិទាំងពីររូប។
«មកនេះ គឺខ្ញុំសុំឲ្យតុលាការជួយរកយុត្តធម៌ជូនប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជា
ម្ចាស់ដីគាត់មានទុកដោយសារគេរំលោភយកដី។គាត់តវ៉ា(ត្រូវគេ)ចាប់គាត់ដាក់
គុក។ ដុតខ្ទមព្រោះខ្ទមសង់លើដីគាត់។ ចុះអ្នកដែលទៅធ្វើខ្ទមលើដីគាត់ម៉េចក៏
មិនចាប់យកមកដាក់គុកផង»។
យ៉ាងណាក៏ដោយ លោកចៅក្រមស៊ើបអង្កេតនិងជាអ្នកចេញដីការឃុំខ្លួនប្រជា
ពលរដ្ឋទាំងពីរ មានប្រសាសន៍ថា លោកមិនអាចដោះលែងក្រុមប្រជាពលរដ្ឋ
ទាំងពីរតាមរយៈការតវ៉ាដូច្នេះបានទេ ត្បិតនេះគឺជាគោលការច្បាប់។
«ការសុំដោះលែងសុំនៅក្រៅឃុំគឺតាមរយៈមេធាវីនិងតាមរយៈជនជាប់ចោទខ្លួន
ឯង។ ប៉ុន្ដែតាមរយៈប្រជាជន ដែលមកហ្នឹង គឺដាច់ខាតខ្ញុំមិនលែងទេ ជាគោល
ការច្បាប់»។
ទោះជាយ៉ាងនេះក្ដី ក្រុមប្រជាជនដែលបន្ដការតវ៉ារបស់ខ្លួន បានអះអាងថា ខ្លួន
នឹងធ្វើការតវ៉ានេះ៕