សាលាក្ដីខ្មែរក្រហមចំណាយថវិកា ច្រើន មានចំណាប់អារម្មណ៍តិច

សាលាក្ដីខ្មែរក្រហមចំណាយថវិកា ច្រើន មានចំណាប់អារម្មណ៍តិច

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមអ្នកតាមឃ្លាំមើលដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមនៅ
តែបន្ដរិះគន់ដល់តម្រូវការទឹកប្រាក់ដ៏ធំសម្បើមរបស់សាលាក្ដីខ្មែរក្រហម នៅ
ពេលដែលសាលាក្ដីពិសេសនេះកំពុងត្រៀមខ្លួនធ្វើការកាត់ទោសជនសង្ស័យ
នៅក្នុងសំណុំរឿងលេខ០០២នៅដើមឆ្នាំក្រោយនេះ។

ប្រទេសដែលចាប់អារម្មណ៍នឹងសាលាក្ដីខ្មែរក្រហមទើបតែបានយល់ព្រមផ្ដល់
នូវថវិកាចំនួនប្រមាណជា៨៥លានដុល្លារអាមេរិកសម្រាប់ដំណើរការឆ្ពោះទៅរក
ការកាត់ទោសជនជាប់ចោទដែលត្រូវបានចាប់ខ្លួនចំនួន៥នាក់ នៅឆ្នាំ២០១០
និងឆ្នាំ២០១១និងសម្រាប់ដំណើរការនីតិវិធីសម្រាប់ការតាមចាប់ខ្លួនជនសង្ស័យ
ចំនួន៥នាក់ជាបន្ថែមទៀតក្នុងសំណុំរឿងលេខ០០៣ និងលេខ០០៤។

លោកហ្ស៊ង់ មីហ្សែលហ្វីលីពី អ្នកស្រាវជ្រាវភាសាវិទ្យាជនជាតិបារាំងម្នាក់ដែល
បានតាមដានដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមបានលើកឡើង
ថា តុលាការពិសេសសម្រាប់កាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមត្រូវការ
ចំណាយយ៉ាងច្រើន ។ ក៏ប៉ុន្ដែគេនៅមន្ទិលថា តើសាលាក្ដីនេះអាចទទួលខុស
ត្រូវផ្នែកនយោបាយតាមរយៈការបកអាក្រាតនៅក្នុងការកាត់ទោសបានដែរឬទេ?
ម្យ៉ាងវិញទៀត ក្នុងការកាត់ទោស និងការយកចិត្តទុកដាក់ទៅលើជនជាប់ចោទ
គឺខុសគ្នាស្រឡះទៅនឹងទិដ្ឋភាពជាក់ស្ដែង ទៅនឹងតុលាការនៅប្រទេសកម្ពុជា។

«ទំនាក់ទំនងតម្លៃនៃដំណើរការយុត្តិធម៌របស់សាលាក្ដីខ្មែរក្រហម និង ប្រព័ន្ធ
យុត្តិធម៌របស់ប្រទេសកម្ពុជា សូមមើលរបៀបព្យាបាលជំងឺជនជាប់ចោទខ្មែរ
ក្រហមដ៏ចាស់ជរាទាំងនេះ ពួកគេមានលទ្ធភាពព្យាបាលជំងឺដែលប្រជាពលរដ្ឋ
នៅប្រទេសកម្ពុជានឹងមិនទទួលបានក្នុងរយៈពេល២០០ឆ្នាំទៅមុខទៀតនោះ
ឡើយ»។

លោក ហ្ស៊ង់ មីហ្សែលហ្វីលីពីដែលបានធ្វើការស្រាវជ្រាវភាសាវិទ្យានៅប្រទេស
កម្ពុជាចាប់តាំងពីឆ្នាំ២០០៣មកនោះបានអះអាងថា លោកបានចោទសួរទៅ
លើប្រជាពលរដ្ឋ នៅក្នុងដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម
បន្ទាប់ពីតុលាការពីសេសត្រូវបានបង្កើតឡើង។

លោកលើកឡើងថា ប្រជាពលរដ្ឋកម្ពុជានៅតាមបណ្តាខេត្តនានា ជាពិសេស
នៅតាមជនបទ មិនបានយកចិត្តទុកដាក់ទៅលើបញ្ហាកាត់ទោសខ្មែរក្រហមទេ
ពួកគេពុំដែលមានទម្លាប់ជជែកពីភាក្សាគ្នា ឬធ្វើការតាមដានទៅលើដំណើការ
កាត់ទោសឡើយ ។

ទោះជាយ៉ាងណា បើយោងទៅតាមរបាយការណ៍អង្កេតរបស់វិទ្យាស្ថានសាធា-
រណៈរដ្ឋអន្តរជាតិ IRI របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៩បង្ហាញថា ៨២%
នៃប្រជាពលរដ្ឋកម្ពុជាចំនួន ១.៦០០នាក់ ដែលត្រូវបានសម្ភាសនៅក្នុងខេត្ត-
ក្រុងចំនួន១២ បានដឹងអំពីដំណើរការកាត់ទោសខ្មែរក្រហម ដោយឡែក២១%
នៅក្នុងចំណោមប្រជាជនទាំងនោះ មិនបានដឹងអំពីដំណើរការកាត់ទោសឌុច
ដែលជាអតីតប្រធានគុកទួលស្លែងដែលទើបត្រូវបានកាត់ទោសចប់សព្វគ្រប់
ដោយអង្គជំនុំជម្រះសាលាដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០០៩នោះទេ ។

លោកហ្ស៊ង់ មីហ្សែលហ្វីលីពីលើកឡើងថា នៅពេលដែលសាលាក្តីខ្មែរក្រហម
ត្រូវការចំណាយខ្ពស់ជាងសាលាក្តីនៅក្នុងស្រុក ហើយប្រជាពលរដ្ឋកម្ពុជាមាន
ការចាប់អារម្មណ៍តិចតូច និង ប្រជាពលរដ្ឋ ដែលបានចូលរួមដាក់បណ្តឹងនៅ
មានចំនួនតិចតូចនៅឡើយ បើធៀបទៅនឹងចំនួនជនរងគ្រោះសរុបទូទាំងប្រ-
ទេសជិត២លាននាក់នោះ គេគួរតែបង្វែរថវិកាដ៏ច្រើននេះ ទៅធ្វើការអភិវឌ្ឍ
វិស័យកសិកម្ម ទៅលើវិស័យអប់រំ និងអភិវឌ្ឍន៍ទៅលើវិស័យថាមពលវិញដែល
វិស័យទាំងនេះគឺជាតម្រូវការចាំបាច់របស់ប្រទេសកម្ពុជា ។

អតីតព្រះមហាក្សត្រខ្មែរ សម្តេចឳនរោត្តមសីហនុនិងលោកនាយករដ្ឋមន្រ្តីហ៊ុន
សែន ក៏ធ្លាប់បានរិះគន់គម្រោងចាយវាយថិវិកាដ៏ខ្ពស់របស់សាលាក្តីខ្មែរក្រហម
នេះដែរ ។

លោកឡុង បញ្ញាវុធប្រធានគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅកម្ពុជាបាន
ធ្វើការប្រៀបធៀបថា តុលាការកម្ពុជាមានកម្រិតចំណាយទាបមែនទែន បើធៀប
ទៅនឹងការចំណាយនៅក្នុងសាលាក្តីខ្មែរក្រហម ។

«បើប្រៀបទៅនឹងប្រព័ន្ធតុលាការខ្មែរយើង យើងឃើញថា ប្រពន្ឋ័តុលាការ
កម្ពុជាយើងគឺថា ថវិកាប្រចាំឆ្នាំមានប្រហែល៣លានដុល្លារ អញ្ចឹងថវិកាហ្នឹង
សម្រាប់ប្រើដោយក្រសួងយុត្តិធម៌ផង តុលាការខេត្តក្រុងផង សាលាឧទ្ធរណ៍
ផង និងឧត្តមក្រុមប្រឹក្សាអង្គចៅក្រមផង។

ចំណែកឯសាលាក្ដីខ្មែរក្រហមយើងវិញត្រូវការថវិកាដល់ទៅ៤០លានក្នុងមួយ
ឆ្នាំនេះជាចំនួនថិវកាមួយដែលមានគម្លាតគ្នាខ្លាំងមែនទែន និងហើយដែលអ្នក
ខ្លះនិយាយថា ប្រហែលមកពីស្ដង់ដារហ្នឹងវាខ្ពស់ពេកបានជាសាលាក្ដីត្រូវការ
លុយដល់ទៅ៤០លានដុល្លារក្នុងមួយឆ្នាំ»។

យ៉ាងណាក៏ដោយ លោកឡាស់ អលសិន មន្រ្តីទំនាក់ទំនងផ្នែកកិច្ចការច្បាប់
របស់សាលាក្តីខ្មែរក្រហមលើកឡើងថា គេមិនអាចធ្វើការប្រៀបធៀបចំណាយ
នៅក្នុងសាលាក្តីខ្មែរក្រហមជាមួយនឹងការចំណាយនៅក្នុងប្រព័ន្ធតុលាការនៅ
ក្នុងប្រទេសកម្ពុជានោះទេ ។

«លោកមិនអាចធ្វើការប្រៀបធៀបការចំណាយរបស់សាលាក្តីខ្មែរក្រហមជាមួយ
នឹងការចំណាយរបស់តុលាការធម្មតានៅក្នុងប្រទេសកម្ពុជានោះទេ ។ ដំបូង
បំផុតគឺថា សាលាក្តីខ្មែរក្រហមមានការងារច្រើនជាងតុលាការធម្មតានៅក្នុង
ប្រទេសកម្ពុជា ។ ឧទាហរណ៍កម្រិតនៃការចូលរួមរបស់ជនរងគ្រោះ និង ទីពីរ
យើងមានកម្មវិធីអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដឹកជញ្ជូនប្រជាពលរដ្ឋមក
ពីគ្រប់ទិសទីរបស់ប្រទេសឲ្យពួកគេមកទស្សនាដំណើរការកាត់ទោសដែលកត្តា
នេះមិនមានទេនៅក្នុងតុលាការនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត១/៣នៃ
បុគ្គលិករបស់សាលាក្តីខ្មែរក្រហមគឺជាបុគ្គលិកអន្តរជាតិ ដែលត្រូវការប្រាក់ខែ
ក្នុងកម្រិតបុគ្គលិកអន្តរជាតិ»។

សាលាក្តីខ្មែរក្រហមត្រូវគេរំពឹងថា អាចនឹងកាត់ទោសជនសង្ស័យសរុបចំនួន
១០នាក់ដែលចែកចេញជា៤សំណុំរឿងផ្សេងៗគ្នា។ សំណុំរឿងទី១គឺឌុចអតីត
ប្រធានគុកទួលស្លែងដែលជាប់សង្ស័យនៅក្នុងការធ្វើទារុណកម្មនិងការសម្លាប់
អ្នកទោសយ៉ាងតិច ១២.៣៨០នាក់ ។ សំណុំរឿងទី២ដែលអាចបើកសវនាការ
នៅដើមឆ្នាំក្រោយមានជនសង្ស័យ រាប់ទាំងឌុចផងដែរ សរុបចំនួន៥នាក់ រីឯ
៤នាក់ផ្សេងទៀតគឺនួន ជា ខៀវ សំផន អៀង សារីនិងភរិយារបស់គាត់គឺអៀង
ធីរិទ្ធ។

ដោយឡែកសំណុំរឿងទី៣ អាចមានជនសង្ស័យចំនួន២នាក់ រីឯសំណុំរឿងទី
៤អាចមានជនសង្ស័យចំនួន៣នាក់ដែលសហចៅក្រមស៊ើបអង្កេតកំពុងតែ
បំពេញកិច្ចការរបស់ខ្លួននៅឡើយ។

លោកឡាស់ អលសិន មានប្រសាសន៍ថា ភាពស្មុគស្មាញនៅការរៀបចំសំណុំ
រឿងទាក់ទងទៅនឹងឧក្រិដ្ឋកម្ម ដែលបានកើតឡើងរយៈពេល៣០ឆ្នាំមកហើយ
នោះ តម្រូវឲ្យមានធនធានថវិកាច្រើន សម្រាប់ធានាដល់ប្រតិបត្តិការណ៍នៃ
សាលាក្តី ។

បើតាមគម្រោង សាលាក្តីខ្មែរក្រហមនឹងត្រូវចំណាយទឹកប្រាក់ប្រមាណជា៤២
លានដុលា្លរសហរដ្ឋអាមេរិកនៅឆ្នំា២០១០និងថិវកាចំនួន៤៣លានដុល្លាសហ
រដ្ឋអាមេរិកទៀតនឹងត្រូវធ្វើការចាយវាយសម្រាប់ឆ្នាំ២០១១។បើសិនគេគណនា
ជាមធ្យមភាគប្រចាំថ្ងៃគឺថា សាលាក្តីខ្មែរក្រហមអាចនឹងធ្វើការចំណាយប្រមាណ
ជាង១១ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ ឬស្មើនឹងតម្លៃរថយន្តដ៏ទំនើបមួយនៅ
ក្នុងប្រទេសកម្ពុជា។

បើយោងទៅតាមលោកឡាស់អលសិន សាលាក្តីពិសេសដែលគាំទ្រដោយអង្គ
ការសហប្រជាជាតិនេះ ត្រូវចំណាយជាច្រើនទៅលើប្រាក់ខែបុគ្គលិកធម្មតារហូត
ទៅដល់សហចៅក្រមនិងព្រះរាជអាជ្ញាកម្ពុជារាប់ចាប់តាំងពី២៥០ដុល្លារសម្រាប់
បុគ្គលិកធម្មតា រហូតទៅដល់៥.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់
ព្រះរាជអាជ្ញា និងសហចៅក្រម។

ភាគីកម្ពុជាមានបុគ្គលិកសរុបជាង៣០០នាក់ រីឯបុគ្គលិកខាងភាគីអន្តរជាតិមាន
ចំនួនប្រមាណ ១/៣ នៃចំនួនបុគ្គលិកកម្ពុជាសរុប គឺបុគ្គលិកអន្តរជាតិមានចំនួន
ប្រមាណជាង១០០នាក់ ហើយប្រាក់ខែរបស់បុគ្គលិកបរទេសទាបបំផុតគឺចំនួន
១.០០០ដុល្លារក្នុងមួយខែ។

សាលាក្តីខ្មែរក្រហម ថ្វីត្បិតតែត្រូវការមូលធនដ៏ច្រើនសម្រាប់ធ្វើប្រតិបត្តិការ
របស់ខ្លួន ប៉ុន្តែសាលាក្តីនេះត្រូវគេជឿថា នឹងជួយដើរតួនាទីការពង្រឹងផ្សះផ្សារ
ជាតិ ដំណាលគ្នានឹងដំណើរការកាត់ទោសដែរ ។ សាលាក្តីនេះនឹងពាំនាំមកជូន
ប្រទេសកម្ពុជានូវយុត្តិធម៌តាមស្តង់ដាអន្តរជាតិសម្រាប់ជនរងគ្រោះ ហើយនឹង
ក្លាយជាគម្រូប្រព័ន្ធយុត្តិធម៌មួយសម្រាប់ប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែចំណោទ
នៅត្រង់ថា តើបន្ទាប់ពីសាលាក្តីខ្មែរក្រហមអស់អាណត្តិរបស់ខ្លួននៅក្នុងពេល
ប៉ុន្មានឆ្នាំទៀតខាងមុខនេះ តើប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ដែលទទួល
រងការរិះគន់ជាច្រើនឆ្នាំមកហើយនោះ អាចនឹងស្រង់យកបទពិសោធន៍នៃប្រព័ន្ធ
យុត្តិធម៌ដែលឯករាជ្យនេះមកអនុវត្តបានត្រឹមកម្រឹតណា?