ផ្សារមូលប័ត្រនៅកម្ពុជា មិនទាន់រៀបចំនៅឡើយ

ផ្សារមូលប័ត្រនៅកម្ពុជា មិនទាន់រៀបចំនៅឡើយ

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ដំណើរការចុះបញ្ជីរបស់សហគ្រាសរដ្ឋដើម្បីចូលប្រឡូកក្នុងផ្សារមូលបត្រនៅតែ
យឺតយ៉ាវនៅឡើយ ខណៈដែលប្រទេសកម្ពុជាបានរំពឹងសារជាថ្មីទៀតថា នឹង
បើកដំណើរការផ្សារមូលបត្រជាប្រវត្តិសាស្ត្ររបស់ខ្លួននៅចុងឆ្នាំ ២០១០ នេះ។
ក្នុងចំណោមសហគ្រាសរដ្ឋចំនួន៣ រួមមានក្រុមហ៊ុនទូរគមនាគមកម្ពុជា រដ្ឋាករ
ទឹកស្វយ័តក្រុងភ្នំពេញនិងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលកំពុងត្រៀមខ្លួន
ចុះបញ្ជីមុនគេក្នុងផ្សារមូលប័ត្រ មានតែរដ្ឋាករទឹកមួយប៉ុណ្ណោះ ដែលរៀបចំខ្លួន
បានច្រើនជាងគេ។ ដោយឡែកសហគ្រាសពីរផ្សេងទៀត មិនទាន់បានបំពេញ
តាមលក្ខខណ្ឌនានាដែលទាមទារដោយគណៈកម្មការមូលបត្រកម្ពុជានៅឡើយ។ មូលដ្ឋានលក្ខន្តិកៈដែលបានកំណត់ឲ្យក្រុមហ៊ុនត្រូវមានស្ថានភាពហិរញ្ញវត្ថុល្អធ្វើ
សវនកម្មដោយសវនករឯករាជ្យ ដែលមានអភិបាលឯករាជ្យ គណៈកម្មាធិការ
សវនកម្ម គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និង ត្រូវមានយន្តការដោះស្រាយ
ទំនាស់ផលប្រយោជន៍ជាដើម។

ទន្ទឹមនឹងនោះ សហគ្រាសទំាងនេះតម្រូវឲ្យមានដើមទុនយ៉ាងតិចបំផុត១០ពាន់
លានរៀលឬប្រហែលជាង២លាន៣សែនដុល្លា និង ត្រូវមានប្រាក់ចំណេញយ៉ាង
ហោចណាស់៣ពាន់លានរៀល ឬស្មើនឹងជាង៧សែនដុល្លារ។

លោករស់ គឹមលាង ប្រធានក្រុមការងារមូលប័ត្រ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ដែលមានប្រាក់ចំណូលជាង៦លានដុល្លារក្នុងមួយឆ្នាំ មានប្រសាសន៍ថា សហ
គ្រាសរបស់លោកមានស្រាប់ទៅហើយនូវប្រព័ន្ធស្តង់ដារគណនេយ្យ គណៈកម្ម
ការបច្ចេកទេសពិនិត្យលើរាល់ហានិភ័យ ក្រុមប្រឹក្សាវិន័យដែលសម្រេចលើការ
ដាក់វិន័យនិងទណ្ឌកម្ម។ ហើយពេលនេះសហគ្រាសរបស់លោកនៅខ្វះតែអភិ-
បាលឯករាជ្យ និងក្រុមសវនកម្មផ្ទៃក្នុងប៉ុណ្ណោះ។

«នៅតែអភិបាលឯករាជ្យ ដោយសារអភិបាលឯករាជ្យជារឿងថ្មី ហើយអញ្ចឹងចំា
ការណែនាំរបស់សហគ្រាសហ្នឹង ថាតើគេសម្រេចយ៉ាងម៉េច ហើយសវនកម្មផ្ទៃ
ក្នុងខ្ញុំកំពុងតែរៀបចំ»។

បើទោះជាយ៉ាងនេះក្តី លោកគឹមលាង និយាយថា រដ្ឋាករទឹករបស់លោកពុំទាន់
ទទួលបានការវាយតម្លៃទៅលើ ថាតើគណៈកម្មការដែលមានស្រាប់ទំាងនោះ
ត្រូវតាមការទាមទារឬយ៉ាងណានៅឡើយ។

ដោយឡែក លោក ឡៅ សារឿន អគ្គនាយកក្រុមហ៊ុនទូរគមនាគម ដែលមាន
មូលធនសរុបជាង៦០លានដុល្លារ និងអាចរកប្រាក់ចំណូលបាន៤លានដុល្លារ
ជារៀងរាល់ឆ្នាំ បានមានប្រសាសន៍ថា ក្រៅពីការបន្តរៀបចំប្រព័ន្ធស្តង់ដារគណ
នេយ្យនិងរបាយការណ៍ហិរញ្ញវត្ថុឲ្យមានតម្លាភាព ក្រុមហ៊ុនរបស់លោកមិនទាន់
បានរៀបចំកិច្ចការអ្វីទៀតនៅឡើយទេ ក្នុងរយៈពេល៦ខែចុងក្រោយនេះ ត្បិត
គ្មានការណែនំាពីមន្ត្រីជំនាញ។

«កាលពី៦ខែមុន គេមកឆែកហើយថា សហគ្រាសនេះអាចមានលទ្ធផលចូល
បាន។មកដល់ថ្ងៃនេះអត់មានរីកចម្រើនកន្លែងណាទេ។អត់ទាន់ឃើញគេថា ឲ្យ
យើងធ្វើអីផង។ ឥឡូវនេះស្រពិចស្រពិល ធីងធោង យើងមិនដឹងធ្វើអីទេ ឥឡូវ
ហ្នឹង»។

ស្រដៀងគ្នានេះដែរលោកសម សុភាព ប្រធានក្រុមការងារមូលបត្រនៃកំពង់ផែ
ស្វយ័តក្រុងព្រះសីហនុ ដែលទទួលបានប្រាក់ចំណេញជិត២០លានដុល្លារក្នុង
មួយឆ្នាំនិយាយថាកំពង់ផែរបស់លោកទើបតែបានចាប់ផ្តើមរៀបចំរបាយការណ៍
ហិរញ្ញវត្ថុនាដើមឆ្នាំ២០១០នេះប៉ុណ្ណោះ ដែលមិនទាន់ទទួលបានការធ្វើសវនកម្ម
ផ្ទៀងផ្ទាត់នៅឡើយ។ដោយឡែកកំពង់ផែក៏មិនទាន់បានរៀបចំអភិបាលឯករាជ្យ
គណៈកម្មាធិការសវនកម្ម គណៈកម្មាធិការគ្រប់គ្រងហានិភ័យនិងមិនទាន់មាន
យន្តការដោះស្រាយទំនាស់ផលប្រយោជន៍ដែរ។

លោក សម សុភាពបន្តថា នៅពេលនេះកំពង់ផែរបស់លោកហាក់ដូចជាកំពុង
ស្ថិតក្នុងភាពមិនច្បាស់លាស់ដែលមិនអាចឲ្យលោកដឹងបានថា តើលោកនឹង
អាចចាប់ផ្តើមបង្កើតគណៈកម្មាធិការទំាងនេះបាននៅពេលណាទេ។

«យើងនៅមិនទាន់ច្បាស់លាស់ពីបញ្ហាហ្នឹង ដោយសារតែក្រសួងសេដ្ឋកិច្ចមិន
ទាន់បានកោះប្រជុំឬក៏កែសម្រួលនូវក្រុមប្រឹក្សាភិបាលឬក៏អភិបាលឯករាជ្យ»។
ប្រទេសកម្ពុជាគ្រោងនឹងបើកដំណើរការផ្សារមូលបត្រជាប្រវត្តិសាស្ត្ររបស់ខ្លួន
នៅចុងឆ្នាំ២០១០នេះ បន្ទាប់ពីប្រទេសនេះបានបរាជ័យក្នុងការបើកដំណើរការ
កាលពីចុងឆ្នាំ២០០៩។ ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា រដ្ឋាករទឹកស្វយ័តក្រុង
ភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ រំពឹងថា នឹងក្លាយជាក្រុមហ៊ុនលក់
សន្លឹកហ៊ុនដំបូងគេ ដើម្បីគៀងគរមូលធនពីសាធារណជន សម្រាប់ពង្រីកសកម្ម
ភាពអាជីវកម្មនៅពេលការជួញដូរកើតមានឡើង។ដូច្នេះចាប់តំាងពីពាក់កណ្តាល
ឆ្នាំ២០០៩មកម្ល៉េះ សហគ្រាសរដ្ឋទំាង៣តែងតែទទួលបានការណែនាំពីក្រសួង
សេដ្ឋកិច្ច និងហរិញ្ញវត្ថុអំពីដំណើររៀបចំ និងពង្រឹងសមត្ថភាពរបស់ពួកគេ។

លោកម៉ី វ៉ាន់ ប្រធាននាយកដ្ឋានឧស្សាកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ
វត្ថុ មានប្រសាសន៍ទទួលស្គាល់ថា ក្នុងរយៈពេល៥ ឬ៦ ខែចុងក្រោយនេះដំណើរ
ការពង្រឹងកិច្ចការផ្ទៃក្នុងរបស់សហគ្រាសរដ្ឋទំាង៣ ពិតជាត្រូវជាប់គាំងដោយសារ
តែពួកគេត្រូវរង់ចាំការជួយជ្រោមជ្រែងពីប្រតិបត្តិករមូលបត្រ ដែលពេលនេះមិន
ទាន់ទទួលបានសិទ្ធិក្នុងការជួយក្រុមហ៊ុនរដ្ឋជាផ្លូវការនៅឡើយ។

«ក្រុមហ៊ុនរដ្ឋទំាង៣ហ្នឹងកំពុងទុកឲ្យផ្នែកសេវាកម្មរៀបចំចុះបញ្ជីផ្សារភាគហ៊ុននិង
ជួយរៀបចំឲ្យមានអភិបាលកិច្ចក្រុមហ៊ុន ។ ប៉ុន្តែឥឡូវ អ្នកជួយផ្នែកហ្នឹងអត់ទាន់
ទទួលបានសិទ្ធិគ្រប់គ្រាន់ទៅជួយក្រុមហ៊ុនរដ្ឋ»។

មានក្រុមហ៊ុនចំនួន២២ ក្នុងនោះមានធនាគារធំៗមួយចំនួនផង បានសុំសិទ្ធិធ្វើជា
ប្រតិបត្តិករមូលបត្រ ដែលដើរតួជាអ្នកជួយពង្រឹងអភិបាលកិច្ចរបស់ក្រុមហ៊ុនដែល
ចង់ចុះបញ្ជីក្នុងផ្សារមូលបត្រ ដូចជាការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ធានា
និរន្តរភាពប្រាក់ចំណេញនិងដើរតួនាទីជាអ្នករកកម្រៃជើងសារសន្លឹកហ៊ុនជាដើម។

លោកម៉ិញ បានកុសល អគ្គនាយកនៃគណៈកម្មាការមូលបត្រកម្ពុជា មានប្រសា-
សន៍ថា គណៈកម្មការរបស់លោកនឹងសម្រេចផ្តល់អាជ្ញាបណ្ណក្រុមហ៊ុនមួយចំនួន
ក្នុងចំណោមក្រុមហ៊ុនដែលបានដាក់ពាក្យសុំសិទ្ធិនេះនៅដំណាច់ខែមិនានេះ។

ប្រសិនបើអាជ្ញាបណ្ណត្រូវប្រគល់នៅចុងខែមិនាមែននោះ លោក In Pyo Lee នា-
យកគំរោងអភិវឌ្ឍពាណិជ្ជកម្មសាកលនៃក្រុមហ៊ុន Korea Exchange ដែលកាន់
កាប់ភាគហ៊ុនក្នុងផ្សារមូលបត្ររបស់កម្ពុជាចំនួន៤៥% និយាយថា សហគ្រាស
រដ្ឋទំាង៣នឹងទទួលបានការណែនាំជាច្រើនពីប្រតិបត្តិករមូលបត្រនៅខែមេសាខាង
មុខ ហើយសហគ្រាសទំាងនេះនឹងអាចចាប់ផ្តើមជួញដូរសន្លឹកហ៊ុនដើម្បីគៀងគរ
មូលធននៅចុងឆ្នាំ២០១០នេះ៕