កម្ពុជាព្រមានអគ្គលេខាធិការអាស៊ាន

កម្ពុជាព្រមានអគ្គលេខាធិការអាស៊ាន

Microsoft Office<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃអាទិត្យនេះ បានបញ្ចេញប្រតិកម្មចំពោះលោក
អគ្គលេខាធិការអាស៊ានដែលធ្វើសេចក្តីអត្ថាធិប្បាយទាក់ទិននឹងបញ្ហាបាញ់សាក
ល្បងគ្រាប់កាំជ្រួចជាលើកទីមួយរបស់កម្ពុជា ក្នុងសប្តាហ៍នេះ ដោយពិពណ៌នា
ថា នោះជាសេចក្តីអត្ថាធិប្បាយដែលអាចចាត់ទុកថា ជាការជ្រៀតជ្រែកចូលកិច្ច
ការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។

ប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមីនាសប្តាហ៍នេះ បានបាញ់សាកល្បងនូវគ្រាប់
កាំជ្រួចចំនួន២០០គ្រាប់ ជាលើកទីមួយនៅក្នុងខេត្តកំពង់ឆ្នាំង ខណៈពេលដែល
ប្រទេសនេះកំពុងតែមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានបញ្ជាក់ថា សមយុទ្ធនេះមិនមែនជាការ
បង្ហាញសាច់ដុំរបស់កងទ័ពកម្ពុជានោះទេ ប៉ុន្តែជាសមយុទ្ធធម្មតានិងត្រៀមរៀប
ចំខ្លួនការពារជាតិក្នុងករណីមានការឈ្លានពាន។

សំដៅទៅលើការបាញ់សាកល្បងគ្រាប់កាំជ្រួចនេះ លោកសូរិន ពិតសូវ៉ាន់ អគ្គ
លេខាធិការអាស៊ាន និងជាអតីតរដ្ឋមន្ត្រីការបរទេសថៃដែលតាមរយៈការផ្សាយ
របស់ទីភ្នាក់ងារសារព័ត៌មានប៊ែរណាម៉ា (Bernama Agency) កាលពីថ្ងៃទី៥ ខែ
មិនាបានថ្លែងថា ប្រទេសកម្ពុជាទំនងជាបានផ្តល់សញ្ញាដែលមើលឃើញហាក់
បីដូចជាមានអស្ថិរភាពនៅក្នុងតំបន់ ហើយលោកបញ្ជាក់ថា យើងមានការព្រួយ
បារម្ភជាខ្លាំងចំពោះការវិវត្តបែបនេះ។

នៅថ្ងៃអាទិត្យនេះ លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរ
ទេសកម្ពុជា បានជូនលិខិតមួយច្បាប់ចំពោះលោកសូរិនពិតសូវ៉ាន់ និងចម្លងជូន
រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ ដោយលើកឡើងថា ក្នុងពេលថ្មីៗនេះ កង
ទ័ពថៃបានធ្វើសមយុទ្ធនៅជិតព្រំដែនកម្ពុជា ពិសេសគឺនៅទីតាំងដែលជាប់នឹង
តំបន់កំពុងមានទំនាស់គ្នា ហើយថែមទាំងបានបាញ់គ្រាប់កាំភ្លើងធំជ្រុលចូលមក
ទឹកដីកម្ពុជាទៀតផង ទោះជាយ៉ាងនេះក្តី កម្ពុជាមិនបានធ្វើប្រតិកម្ម ឬក៏ធ្វើអត្ថា
ធិប្បាយអ្វីឡើយ។

បន្ទាប់មកលោកហោ ណាំហុងក៏បានទិតៀនលោកសូរិនពិតសូវ៉ាន់ ថាក្នុងឋានៈ
ជាអគ្គលេខាធិការអាស៊ាន មិនគួរធ្វើសេចក្តីថ្លែងការណ៍ខុសឆ្គង ដែលនាំឱ្យខូច
ដល់មុខមាត់ប្រទេសអាស៊ានណាមួយ ក៏ដូចជាអាស៊ានទាំងមូលឡើយ ម៉្យាង
ទៀតមិនគួរធ្វើសេចក្តីអត្ថាធិប្បាយដែលអាចចាត់ទុកថា ជាការជ្រៀតជ្រែកចូល
កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាជាសមាជិកអាស៊ាននោះទេ។

លោកគឹម ស៊ូភីរិទ្ធ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ីបានថ្លែង
ថា លោកគិតថា អ្វីដែលកម្ពុជាយើងធ្វើការចោទប្រកាន់លោក សូរិន ពិតសូវ៉ាន់
ហាក់ដូចជាធ្ងន់ធ្ងរបន្តិច។

«ព្រោះនេះគ្រាន់តែជាការព្រួយបារម្ភរបស់លោកទេ។ក្នុងនាមជាអគ្គលេខាធិការ
សមាគមអាស៊ាន ពីព្រោះលោកមិនចង់ឱ្យមើលឃើញថា តំបន់អាស៊ីអាគ្នេយ៍
របស់យើងមានភាពតានតឹងផ្នែកយោធា»។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធរបស់កងទ័ពកម្ពុជា កាលពីថ្ងៃទី៤ ខែមិនានៅក្នុង
ខេត្តកំពង់ឆ្នាំងនោះ បានកើតឡើងបន្ទាប់ពីមានការការប៉ះទង្គិចគ្នាដោយអាវុធ
រវាងកងទ័ពនៃប្រទេសកម្ពុជានិងកងទ័ពនៃប្រទេសថៃដែលជាសមាជិកអាស៊ាន
ដូចគ្នា និងដែលជំទាស់បញ្ហាដាក់បញ្ចូលប្រាសាទព្រះវិហាររបស់កម្ពុជាទៅក្នុង
បេតិកភ័ណ្ឌពិភពលោក កាលពីខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ។

ក៏ប៉ុន្តែសម្រាប់នាយករដ្ឋមន្ត្រីនៃប្រទេសថៃវិញ គឺលោកអាប់ភីស៊ីតវ៉េចាជីវ៉ា បើ
យោងតាមទីភ្នាក់ងារសារព័ត៌មានប៊ែរណាម៉ា (Bernama Agency) កាលពីថ្ងៃទី
៥ខែមិនាបានថ្លែងថា ប្រទេសថៃគ្មានបញ្ហាទេជាមួយនឹងការធ្វើសមយុទ្ធនេះ ពី
ព្រោះវាជាការអនុវត្តធម្មតារបស់ប្រទេសមួយក្នុងការធ្វើសមយុទ្ធយោធា៕