តុលាការក្រុងភ្នំពេញកោះហៅលោក សមរង្ស៊ីតាមបណ្ដឹងរដ្ឋាភិបាល

ដើម្បីស្តាប់ព័ត៌មាននេះ

ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ លោកសុខ រឿនបានកោះហៅលោកសម
រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ឲ្យចូលមកបំភ្លឺទៅលើបណ្ដឹង
របស់មេធាវីរដ្ឋាភិបាលលោកគី តិច នៅសប្ដាហ៍ក្រោយនេះ។

លោកគី តិច ដែលបានប្ដឹងប្រឆាំងលោកសម រង្ស៊ី កាលពីថ្ងៃសុក្រ សប្ដាហ៍មុន
ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែងបន្លំឯកសារសាធារណៈតាមប្រព័ន្ធអ៊ិន
ធ័រណែត បន្ទាប់ពីគណបក្សសម រង្ស៊ី បានដាក់រូបផែនទីប្រទេសកម្ពុជា គូសនៅ
ឆ្នាំ១៩៥២ ដែលបង្ហាញថា តម្រុយព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាមត្រូវ
បានរំកិលចូលមកខាងកម្ពុជា ហើយដែលរដ្ឋាភិបាលចាត់ទុកថា នោះគឺជាផែន
ទីផ្ទុយពីការណ៍ពិត។

នៅក្នុងលិខិតកោះកាលពីថ្ងៃច័ន្ទ ក៏ប៉ុន្ដែបានធ្លាក់ដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃ
ពុធនេះ លោកព្រះរាជអាជ្ញាសុខ រឿនបានតម្រូវឲ្យលោក សម រង្ស៊ី បង្ហាញខ្លួន
ដើម្បីឲ្យតុលាការសាកសួរនៅព្រឹកថ្ងៃអង្គារទី៩ ខែមិនា ទាក់ទងទៅនឹងបណ្ដឹង
របស់លោកគី តិច។

លោកគឹម សួរភារិទ្ធតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ចាមនិងជាអ្នកនាំពាក្យស្ដីទី
របស់គណបក្ស សម រង្ស៊ី មានប្រសាសន៍ថា លោកសម រង្ស៊ីនឹងមិនបង្ហាញខ្លួន
ចំពោះមុខតុលាការនោះទេ។

«ឲ្យមេធាវីគាត់ អ្នករៀបចំការពារក្ដីនេះ»។

លោកសម រង្ស៊ី កំពុងស្នាក់នៅប្រទេសបារាំងជាច្រើនខែមកហើយ ពោលគឺមុន
ពេលដែលលោកត្រូវចោទប្រកាន់ដោយតុលាការខេត្តស្វាយរៀងអំពីបទបំផ្លាញ
តម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាម និង ពីបទញុះញង់ ធ្វើឲ្យមានការរើស
អើងពូជសាសន៍។ កាលពីចុងខែមករា តុលាការខេត្ត ស្វាយរៀងបានផ្ដន្ទាទោស
រូបលោកដោយកំបាំងមុខ ឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ។

លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតរបស់អង្គការ
ការពារសិទ្ធិមនុស្សលីកាដូ យល់ឃើញថា លោកសម រង្ស៊ី ដែលជាប្រធានគណ
បក្សជំទាស់ដ៏ធំនៅក្នុងប្រទេសកម្ពុជានឹងប្រឈមសម្ពាធនយោបាយមួយកម្រិត
ទៀតនៅក្នុងបណ្ដឹងថ្មីពីរដ្ឋាភិបាលនេះ។

«រឿងមួយដែលគាត់ត្រូវបានគេចោទប្រកាន់នៅស្វាយរៀងហើយ ឥឡូវនេះរឿង
ហ្នឹងមួយទៀត ហើយអញ្ចឹងអានេះជាសម្ពាធមួយសម្រាប់រូបគាត់»។

សូមបញ្ជាក់ថា បើយោងតាមព្រហ្មទណ្ឌអន្ដរកាលរបស់ប្រទេសកម្ពុជា ប្រសិន
បើតុលាការរកឃើញថា លោកសម រង្ស៊ីមានកំហុសនៅក្នុងការផ្សព្វផ្សាយព័ត៌
មានមិនពិត លោកសម រង្ស៊ីអាចនឹងប្រឈមមុខនឹងការផ្ដន្ទាទោសជាប់ពន្ធនា
គារចំនួនពី៣ខែទៅ៣ឆ្នាំ។ ហើយធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើតុលាការ
រកឃើញថា មានកំហុសនៅក្នុងការក្លែងបន្លំឯកសារ នោះលោកសម រង្ស៊ីអាច
នឹងប្រឈមមុខនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ៕