សាលាក្ដីខ្មែរក្រហម៖នៅពេល២ខែ ទៀតដាក់ពាក្យបណ្ដឹង

ដើម្បីស្តាប់ព័ត៌មាននេះ

សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហម ទើបតែបានបញ្ជាក់ឡើងវិញ
កាលពីថ្ងៃព្រហស្បតិ៍ថា ជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត
មានរយៈពេលពីរខែទៀតសម្រាប់ផ្ដល់ព័ត៌មានបំពេញបន្ថែមទៅលើពាក្យបណ្ដឹង
របស់ពួកគេ គឺជាបណ្ដឹងដែលពួកគេបានដាក់ទៅកាន់អង្គភាពគាំពារជនរងគ្រោះ
របស់សាលាក្ដីខ្មែរក្រហម ដើម្បីសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ហើយដែល
ការទទួលពាក្យបណ្ដឹងបានផុតកំណត់កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន សហចៅក្រមស៊ើបអង្កេតលើកឡើងថា ជន
រងគ្រោះ ដែលបានដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុង
សំណុំរឿងលេខ០០២ អាចផ្ដល់ព័ត៌មានបន្ថែមទៅលើបណ្ដឹងរបស់ខ្លួនរហូតទៅ
ដល់ថ្ងៃទី២៩ ខែមេសាឆ្នាំនេះ ប្រសិនបើដើមបណ្ដឹងទាំងនោះមានមន្ទិល ថាតើ
បណ្ដឹងរបស់ពួកគេស្ថិតក្នុងដែននៃការស៊ើបអង្កេតរបស់សហចៅក្រមស៊ើបអង្កេត
ឬយ៉ាងណា និងប្រសិនបើពួកគេមានព័ត៌មានបន្ថែមទៀតនៅជុំវិញបណ្ដឹងរបស់
ពួកគេនោះ។

មានជនរងគ្រោះចំនួន៤០០៤នាក់ បានដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពគាំពារ
ជនរងគ្រោះដើម្បីសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងលេខ០០២
ប្រយោជន៍ដើម្បីអាចចូលរួមក្នុងដំណើរការកាត់ទោសអតីតមេដឹកនាំកំពូលៗនិង
អ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមចំនួន៥នាក់ ក្នុងសំណុំរឿងនេះ។
ហើយការចូលរួមជាភាគីដើមបណ្ដឹងរដ្ឋប្បវេណីនឹងអនុញ្ញាតឲ្យពួកគេធ្វើការទាម
ទារសំណងជួសជុលផ្លូវចិត្តផងដែរ។ ក៏ប៉ុន្ដែ សហចៅក្រមស៊ើបអង្កេតអាចនឹង
សម្រេចទទួលស្គាល់ជនរងគ្រោះជាភាគីដើមបណ្ដឹងរដ្ឋប្បវេណីបាន លុះត្រាតែ
ជនរងគ្រោះទាំងនោះស្ថិតនៅក្នុងតំបន់នៃព្រំដែនស៊ើបអង្កេតរបស់តុលាការនិង
លុះណាតែពួកគេមានព័ត៌មានពេញលេញ គ្រប់គ្រាន់។

លោកស្រីហេឡែន ចាវីស ប្រធានអង្គភាពគាំពារជនរងគ្រោះរបស់សាលាក្ដីខ្មែរ
ក្រហម មានប្រសាសន៍ថា សេចក្ដីប្រកាសរបស់សហចៅក្រមស៊ើបអង្កេតគឺជា
ការរំឭកដល់ភាគីដើមបណ្ដឹងទាំងអស់ ឲ្យប្រើប្រាស់ឱកាសនេះសម្រាប់បង្រ្គប់
ព័ត៌មាននៅក្នុងបណ្ដឹងរបស់ខ្លួនដែលបានដាក់រួចហើយនោះ។

«សហចៅក្រមស៊ើបអង្កេតបានបញ្ជាក់ថា មានពេលកំណត់រហូតដល់ថ្ងៃ២៩ ខែ
មេសា អ្នកដែលបានដាក់ពាក្យបណ្ដឹងហើយមានឱកាសដាក់ព័ត៌មានបន្ថែម ពី
ព្រោះក្រោយពីថ្ងៃ២៩ ខែមេសា អត់មានឱកាសបន្ថែមទៀតទេ ពីព្រោះជិតដល់
ពេលបិទសំណុំរឿង០០២»។

យ៉ាងណាក៏ដោយ ការរំឭករបស់សហចៅក្រមស៊ើបអង្កេតធ្វើឡើងបន្ទាប់ពីមន្រ្តី
អង្គការសង្គមស៊ីវិល និង ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជា
ដើមបណ្ដឹងរដ្ឋប្បវេណី ព្រួយបារម្ភនៅក្នុងសិក្ខាសិលាថ្នាក់តំបន់មួយនៅក្នុងខេត្ត
កំពតកាលពីសប្ដាហ៍មុនថា សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហម
នឹងទទួលស្គាល់ជនរងគ្រោះជាភាគីដើមបណ្ដឹងរដ្ឋប្បវេណីចំនួនតិចតួចប៉ុណ្ណោះ
ចំណោមជនរងគ្រោះសរុបចំនួន៤០០៤នាក់ដែលបានដាក់ពាក្យបណ្ដឹង ហើយ
បញ្ហានេះនឹងធ្វើឲ្យក្រុមជនរងគ្រោះបាក់ទឹកចិត្ត និងប៉ះពាល់ដល់ប្រសិទ្ធិភាពនៃ
ការផ្សះផ្សារជាតិ។

ក៏ប៉ុន្ដែមន្ដ្រីផ្លូវការរបស់សាលាក្ដីខ្មែរក្រហម បានអះអាងនៅពេលបន្ទាប់មកថា
សហចៅក្រមស៊ើបអង្កេតនឹងព្យាយាមទទួលយកជនរងគ្រោះជាដើមបណ្ដឹងរដ្ឋ
ប្បវេណីឲ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន។

លោកធន សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្សអាដហុក ដែលបានសម្ដែង
កង្វល់កាលពីលើកមុន បានអបអរសាទរចំពោះការបើកឱកាសដល់ជនរងគ្រោះ
បំពេញបន្ថែមព័ត៌មានទៅលើបណ្ដឹងរបស់ពួកគេ ពីសំណាក់សហចៅក្រមស៊ើប
អង្កេតនោះ។

លោកធន សារ៉ាយជឿថា ឱកាសនៃការដាក់ព័ត៌មានបន្ថែមនេះ អាចនឹងជួយធ្វើ
ឲ្យបណ្ដឹងរបស់ជនរងគ្រោះ មានព័ត៌មានគ្រប់ជ្រុងជ្រោយដើម្បីអាចក្លាយទៅជា
ភាគីដើមបណ្ដឹងរដ្ឋប្បវេណីបាន៕