លោកហ៊ុន សែន៖រដ្ឋាភិបាល នឹងប្តឹងលោក សម រង្ស៊ី

  • Michael Lapin

ដើម្បីស្តាប់ព័ត៌មាននេះ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃពុធនេះ បានចោទប្រកាន់លោកសម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងអំពីការក្បត់ជាតិចំពោះការបង្កើតផែនទីក្លែងក្លាយដើម្បី
វាយប្រហារមកលើរដ្ឋាភិបាលកម្ពុជា។

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានបង្ហោះផែនទីនៅលើគេហទំព័រ
គណបក្សរបស់លោកដោយអះអាងថា ជាផែនទីត្រឹមត្រូវដែលចម្លងចេញពីផែន
ទីរបស់ប្រទេសកម្ពុជាតម្កល់នៅអង្គការសហប្រជាជាតិ។

តុលាការខេត្តស្វាយរៀងបានកាត់ទោសកំបាំងមុខឱ្យលោកសម រង្ស៊ីជាប់ពន្ធនា
គារចំនួន២ឆ្នាំ ចំពោះការដកបំផ្លាញតម្រុយបង្គោលព្រំដែនលេខ១៨៥ និងការ
ញុះញ៉ង់ធ្វើឱ្យមានការរើសអើងពូជសាសន៍ និងអ្នកភូមិ២នាក់ ឱ្យជាប់ពន្ធនាគារ
ម្នាក់ៗចំនួន១ឆ្នាំ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា រាជរដ្ឋាភិបាលមិនអាចអត់ឱនឱ្យទង្វើនេះ
បានទេនិងត្រូវធ្វើសកម្មភាពផ្លូវច្បាប់ កុំថាឡើយមេបក្សប្រឆាំងនិងអ្នកដទៃចេញ
មុខ។

«ករណីផែនទីក្លែងក្លាយ រាជរដ្ឋាភិបាលត្រូវតែប្តឹងខាងផ្លូវច្បាប់ ពីព្រោះវាជាការ
ក្លែងបន្លំឯកសារសាធារណៈ។បង្គោលព្រំដែនលេខ១៨៦មិនទាន់ធ្វើអ្វីផង ស្រាប់
តែមាននៅក្នុងផែនទីរបស់គេ។ រាជរដ្ឋាភិបាលត្រូវធ្វើសកម្មភាពផ្លូវច្បាប់ ដើម្បី
ការពារកិត្យានុភាពរបស់រាជរដ្ឋាភិបាល»។

ការប្រឈមមុខដោយអាវុធរវាងប្រទេសកម្ពុជា និង ប្រទេសថៃនៅតំបន់ជម្លោះ
ព្រំដែនក្បែរ ប្រាសាទព្រះវិហារ និងការវាយប្រយុទ្ធគ្នាជាច្រើនលើកបានសម្លាប់
កងទ័ពយ៉ាងតិច៨នាក់ក្នុងរយៈពេល១៩ខែ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបាន
ចុះនៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក កាលពីខែកក្កដា ឆ្នាំ២០០៨។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា ប្រទេសថៃបានឈ្លានពានកម្ពុជា
នៅទិសខាងលិច ហើយយើងខិតខំការពារទឹកដីរបស់យើងនៅទិសខាងលិច។
នៅទិសខាងកើត យើងកំពុងស្វែងរកនូវការបោះបង្គោលព្រំដែនជាមួយប្រទេស
វៀតណាម និងប្រទេសឡាវ។

«នៅពេលយើងជាប់ជំពាក់ជាមួយការឈ្លានពាននៅទិសខាងលិច..... តើវាមាន
ន័យស្មើនឹងការក្បត់ជាតិទេ នៅពេលដែលគេបង្កើតរឿងនៅទិសខាងកើត ក្នុង
ពេលដែលទិសខាងកើតមិនមានរឿងសោះនោះ? ខ្ញុំចោទថា ជននេះគឺជាជនក្បត់
ជាតិតែម្តង។ តើនេះជាទោសក្បត់ជាតិទេ? លោកឯងបានប្រើពាក្យស្នេហាជាតិ
តែលោកឯងកំពុងតែបំផ្លាញជាតិមួយអំពីការហែកកម្លាំងពីទិសខាងលិចមកទិស
ខាងកើត ដោយបង្កហេតុនៅពេលដែលមិនមានរឿង»។

លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្នុងប្រទេសបារាំង បានថ្លែងប្រាប់ក្រុមអ្នក
កាសែតតាមរយៈ tele-video conference នៅថ្ងៃពុធនេះថា ផែនទីដែលបាន
បង្ហោះនៅលើគេហទំព័ររបស់លោកមិនមែនជាផែនទីក្លែងក្លាយទេ ហើយប្រតិកម្ម
របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅនឹងផែនទីរបស់លោកបែបនេះ គឺជាការ
ខុសឆ្គង និងជាការខ្មាសអៀន។

«ផែនទីក្លែងក្លាយយ៉ាងម៉េច? ផែនទីមានតែមួយ។ បញ្ហាផែនទីនេះគឺយ៉ាងត្រឹម
ត្រូវការពារបូរណភាពទឹកដី។ វាបង្ហាញថា លោកហ៊ុន សែនប្រហែលបារម្ភនិង
ភ័យស្លន់ស្លោ (ចំពោះផែនទីនេះ)»។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានព្រមានសហគមន៍អន្តរជាតិ កុំឱ្យជ្រៀតជ្រែក
ចូលក្នុងករណីនេះនិងស្នើសុំឱ្យក្រុមមន្ត្រីការទូតបរទេសប្រចាំនៅកម្ពុជាយកផែន
ទីនៅគេហទំព័ររបស់គណបក្សប្រឆាំង ផ្ទៀងផ្ទាត់ជាមួយនឹងផែនទីពិតប្រាកដ។
ប្រទេសកម្ពុជា និង ប្រទេសថៃ បានឈ្លោះដណ្តើមគ្នាយកដីទំហំ៤,៦គីឡូម៉ែត្រ
ការ៉េនៅក្បែរប្រាសាទព្រះវិហារ ហើយប្រទេសកម្ពុជាកំពុងព្យាយាមបោះបង្កោល
ព្រំដែនជាមួយប្រទេសវៀតណាម និងប្រទេសឡាវ៕