សហភាពអន្តរសភាយកបញ្ហា លោកសម រង្ស៊ីមកពិភាក្សា

ដើម្បីស្តាប់ព័ត៌មាននេះ

សហភាពអន្តរសភាដែលហៅកាត់ថា IPU គ្រោងនឹងលើកយកករណីមេដឹកនាំ
គណបក្សប្រឆាំង គឺលោកសម រង្ស៊ី លោកស្រីមួរ សុខហួរ ព្រមទាំងលោកហូរ
វ៉ាន់ ទៅដាក់នៅក្នុងកិច្ចប្រជុំរបស់ខ្លួនលើកទី១២២ ដែលនឹងប្រព្រឹត្តទៅនៅខែ
មិនា និងខែមេសាខាងមុខនេះ។

អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ចំនួន៣រូប ដែលរួមមានលោក សម រង្ស៊ី
លោកស្រីមួរ សុខហួរ និងលោកហូរ វ៉ាន់ ត្រូវបានរដ្ឋសភារបស់ប្រទេសកម្ពុជា
ដកអភ័យឯកសិទ្ធិជាបន្តបន្ទាប់ ដើម្បីបើកផ្លូវឲ្យមានការស៊ើបអង្កេតដោយតុលា
ការ។ លោកសម រង្ស៊ី ត្រូវបានតុលាការខេត្ត ស្វាយរៀង កាត់ទោសកំបាំងមុខ
កាលពីថ្ងៃទី២៧ ខែមករា ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង ពិន័យជាប្រាក់
ប្រមាណជា៦០លានរៀលពីបទធ្វើឲ្យខូចខាតនូវតម្រុយបង្គោលព្រំដែនលេខ
១៨៥រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនិងញុះញង់ឲ្យមានការរើសអើង
ជាតិសាសន៍ ។

ចំណែកលោកស្រី មួរ សុខហួរ ត្រូវបានសាលាឧទ្ធរណ៍តម្កល់សាលដីការរបស់
សាលាដំបូងឲ្យបង់ប្រាក់ពិន័យចំនួន ១០លានរៀល ក្រោមបទចោទប្រកាន់ថា
បានជាប់ពាក់ព័ន្ធក្នុងការបរិហារកេរ្តិ៍លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

ចំណែកឯលោកហូរ វ៉ាន់ត្រូវបានតុលាការក្រុងភ្នំពេញ បានលើកលែងការចោទ
ប្រកាន់ពីបទបរិហារកេរ្តិ៍ និង ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលប្តឹងដោយមន្រ្តី
យោធាជាន់ខ្ពស់ចំនួន២២រូប ។

សហភាពអន្តរសភាបានហៅការដកអភ័យឯកសិទ្ធិសមាជិកសភាតំណាងរាស្រ្ត
ទាំង៣រូបរបស់គណបក្សនេះថា គ្មានការត្រួតពិនិត្យឲ្យបានល្អិតល្អន់លើសំណើ
ដកអភ័យឯសិទ្ធិនោះទេ ហើយនៅក្នុងកិច្ចប្រជុំនៃការដកអភ័យឯកសិទ្ធិនោះ
ទៀតសោធក៏គ្មានការពិភាក្សាផ្លាស់ប្តូរយោបល់ ដើមហេតុនៃជម្លោះឬក៏ការប្តឹង
ផ្តល់នោះដែរ ។

លោក ជាម យៀប សមាជិកសភាតំណាងរាស្រ្តខាងគណបក្សប្រជាជនកម្ពុជា
បានមានប្រសាសន៍ថា ការដកអភ័យឯកសិទ្ធិរបស់សមាជិកសភាទាំង៣រូប
របស់គណបក្សប្រឆាំងនេះ គឺយើងធ្វើទៅតាមច្បាប់ ។

លោកបានបញ្ជាក់ទៀតថា យើងនៅក្នុងគណបក្សកាន់អំណាចក៏ពិតមែន ក៏ប៉ុន្តែ
យើងពុំធ្វើអ្វីខុសច្បាប់ទេ ។

«ខ្ញុំមិនដឹងថា ពួកហ្នឹងយកច្បាប់ពីណាមកទេ។ យើងធ្វើទៅតាមច្បាប់កម្ពុជា
មិនអាចយកច្បាប់ប្រទេសណាមកដាក់ឲ្យកម្ពុជាធ្វើបានទេ។ យើងទទួលយក
មិនបានទេ»។

ចំណែកលោកស្រី មួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី ដែលត្រូវ
បានរដ្ឋសភាដកអភ័យឯកសិទ្ធិ ជាមួយលោកហូរ វ៉ាន់ កាលពីថ្ងៃទី២២ខែមិថុនា
ឆ្នាំ២០០៩កន្លងទៅនេះ បាននិយាយថា គណបក្សប្រជាជនកម្ពុជាពុំដែលគោរព
ច្បាប់ទេ គឺធ្វើអ្វីៗទៅតាមសម្ពាធនយោបាយ។

«មិនត្រឹមតែរំលោភច្បាប់ទេ គឺរំលោភលើស្មារតីនៃរដ្ឋធម្មនុញ្ញ។ គណបក្សប្រជា
ជនក្តី គឺយកលេសថា នេះគឺជាការអនុវត្តច្បាប់ ។ យើងអត់មានធ្វើអ្វីខុសច្បាប់
ទាល់តែសោះ»។

លោកស្រីមួរ សុខហួរ បានមានប្រសាសន៍ទៀតថា រឿងបញ្ហាគោរពច្បាប់ គឺជា
សម្តីរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ក៏ប៉ុន្តែស្មារតីនៃច្បាប់មិនត្រូវបាន
គោរពនោះទេ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕