អាជីវករតវ៉ាការបណ្តេញពីមាត់សមុទ្រ

  • វិញ សុជាតា

ក្រុមម្ចាស់ហាងលក់ដូរនិងតូបលំហែកាយដែលរងការបណ្តេញចេញពីឆ្នេរអូរត្រេះ
ក្នុងក្រុងព្រះសីហនុ បានបដិសេធមិនព្រមរើចេញឡើយ ដរាបណាអាជ្ញាធរមិន
បានបង្ហាញឱ្យពួកគេឃើញច្បាស់សិនអំពីការអភិវឌ្ឍន៍ពិតប្រាកដណាមួយនៅ
ក្នុងតំបន់ឆ្នេរនោះ។

លោកពេជ្រ សំណាង រាយការណ៍អំពីរឿងនេះពីខេត្តព្រះសីហនុដូចតទៅ៖

នៅក្នុងតូបប្រក់ស្បូវមួយក្នុងចំណោមតូបដែលគេសង់ជាជួរបែរមុខទៅរកសមុទ្រ
ក្នុងក្រុងព្រះសីហនុ បុរសពីរនាក់ម្នាក់ជាខ្មែរនិងម្នាក់ទៀតជាជនជាតិអឺរ៉ុប កំពុង
ជជែកគ្នាឆ្ការដៃឆ្ការជើង ដោយយូរៗម្តងយកដៃទះតុលាន់ឮក្ឌាំង ដើម្បីបញ្ចេញ
កំហឹងដែលដក់ជាប់ក្នុងចិត្តចំពោះការដែលត្រូវគេបណ្តេញចេញពីកន្លែងរកស៊ី
របស់ពួកខ្លួន។

នៅសល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ ក្រុមអាជីវករដែលកំពុងធ្វើអាជីវកម្មនៅលើ
ឆ្នេរអូរត្រេះចំនួនជាង៧០តូបនឹងត្រូវអាជ្ញាធរបង្គាប់ឱ្យរុះរើតូបនិងប្រមូលតុ កៅ
អីសម្រាប់ដេកលំហែកាយចេញពីឆ្នេរខ្សាច់អូរត្រេះនេះ ដើម្បីបើកផ្លូវឱ្យមានការ
សាងសង់សួនច្បារនៅតំបន់ឆ្នេរដែលមានចម្ងាយប្រមាណ៤គីឡូម៉ែត្រពីទីប្រជុំ
ជនក្រុងព្រះសីហនុនេះ នេះបើយោងតាមក្រុមអាជីវករដែលត្រូវបណ្តេញចេញ។

លោក ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ បានអះអាងថា ការសាងសង់
សួនច្បារឆ្នេរអូរត្រេះនេះដែលរួមមានកន្លែងសម្រាប់គេដើរលេងរោងចម្អិនអាហារ
និងកន្លែងសម្រាប់ដាក់ឆ័ត្រអង្គុយលេងនៅតាមមាត់សមុទ្រនេះគឺដើម្បីកែលម្អ
សោភ័ណភាពឆ្នេរនេះ ប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមក
កំសាន្តនៅក្នុងតំបន់នេះកាន់តែច្រើនថែមទៀត។

“យើងធ្វើនេះដើម្បីឱ្យវាទៅជាសួនច្បារ ព្រោះយើងមិនមែនធ្វើមាត់ទឹកឯណា
មាត់ទឹកនៅតែដើរលេងដដែលទេ។ យើងរៀបនៅខាងលើឱ្យវាបានស្អាតជៀស
វាងអាណាធិបតេយ្យ របៀបជាតូប ឬរបៀបជាសំណង់។វាមិនសាកសមទៅតាម
ប្លង់របស់យើងដែលយើងបានគូសរួចហើយ”។

ប៉ុន្តែក្រុមអាជីវករបាននិយាយថា គម្រោងសាងសង់សួនច្បារនោះគឺគ្រាន់តែជា
លេសឬការបំភាន់ភ្នែកក្រុមអាជីវករតែប៉ុណ្ណោះ ពោលគឺពួកគេបានលើកឡើង
ថា អាជ្ញាធរមានគម្រោងយកតំបន់ឆ្នេរនេះទៅលក់ឱ្យក្រុមហ៊ុនឯកជនមួយរបស់
លោកឡូ សុគន្ធដើម្បីសាងសង់សណ្ឋាគារ ឬផ្ទះសំណាក់នៅលើតំបន់ឆ្នេរនេះ។

លោក Rainer Deyhle ជនជាតិអាល្លឺម៉ង់ដែលជាម្ចាស់ហាងឈ្មោះ Cinderellas
Beach Bangalows មានប្រសាសន៍ថា ការយកតំបន់ឆ្នេរនេះទៅអភិវឌ្ឍជាសួន
ច្បារដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ បន្ថែមទៀតនោះហាក់ដូចជាមិនសមទំនង
ទាល់តែសោះ។ លោកបញ្ជាក់ថា ភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅទីនេះចង់
មើលធម្មជាតិឆ្នេរសមុទ្រគឺមិនមែនមកមើលសួនច្បារនោះទេ។

ដូច្នេះលោកក៏មានជំនឿដូចក្រុមអាជីវករផ្សេងទៀតដែរថា ឆ្នេរអូរត្រេះនេះនឹង
ត្រូវប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីធ្វើអាជីវកម្មដូចជាករណីដែលធ្លាប់កើត
មានឡើងកន្លងមកដែរ។

“ខ្ញុំគិតដូចអ្នកដទៃទៀតដែរ ជាពិសេស នៅពេលដែលខ្ញុំឃើញឆ្នេរឯករាជ្យ។
បញ្ហាហ្នឹងដូចតែគ្នាទេ គឺម្នាក់ៗត្រូវគេបណ្តេញចេញ ហើយក្រោយមកគេទុកដី
នោះឱ្យនៅទំនេរចោលរយៈពេល២ឆ្នាំដោយព័ទ្ធរបងជិត ហើយឥឡូវគេចាប់ផ្តើម
សង់ Bangalows។ ខ្ញុំមានអារម្មណ៍ថា បញ្ហានេះនឹងកើតឡើងដូចគ្នានៅទីនេះ
ដែរ។ មូលហេតុនៃការបណ្តេញចេញប្រាកដជាបែបនេះឯង ព្រោះថា ការសាង
សង់សួនច្បារនៅទីនេះ ដោយគ្មានផ្លូវនិងគ្មានអ្វីៗផងនោះគឺមិនសមទំនងសោះ
សម្រាប់ខ្ញុំ”។

ការអភិវឌ្ឍតំបន់ឆ្នេរកន្លងមកដូចជាអតីតឆ្នេរសុខា និងឆ្នេរសណ្ឋាគារ៧ជាន់ជា
ដើមត្រូវបានពលរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលរិះគន់ថា មិនមែនដើម្បីបម្រើជា
ប្រយោជន៍សាធារណៈនោះទេ តែផ្ទុយទៅវិញគឺដើម្បីតែប្រយោជន៍ក្រុមហ៊ុនឯក
ជនប៉ុណ្ណោះ។

តួយ៉ាងនៅដើមឆ្នាំ២០០៧ ក្រុមអាជីវករ និង ប្រជាពលរដ្ឋជាង២០០គ្រួសារត្រូវ
បានរាយការណ៍ថា បានរងគ្រោះដោយការបណ្តេញចេញពីឆ្នេរឯករាជ្យ ដើម្បី
បើកផ្លូវឱ្យមានការអភិវឌ្ឍដែលប្រជាពលរដ្ឋជឿថា ជាសណ្ឋាគារនិងផ្ទះសំណាក់
របស់ក្រុមហ៊ុនឯកជន ជាជាងសួនច្បារសាធារណៈ។

ដោយឡែក ឆ្នេរអូរត្រេះ ដែលលាតសន្ធឹងប្រវែងជាង៣គីឡូម៉ែត្រនេះ គឺជាឆ្នេរ
ដែលមានសភាពស្ងប់ស្ងាត់ជាងគេបំផុតមួយហើយសម្បូរទៅដោយជនបច្ចឹមប្រ-
ទេសមកកំសាន្តលំហែកាយ បើធៀបទៅនឹងឆ្នេរសមុទ្រចំនួនជាង១០នៅក្នុង
ខេត្តព្រះសីហនុនេះ ដូចជា ឆ្នេរហាវ៉ៃ ឆ្នេរសុខា ឆ្នេរឯករាជ្យ ឆ្នេរជ័យជំនះ ឆ្នេរ
រាមឆ្នេរអូរឈើទាល ឆ្នេរព្រែកត្រែង និងឆ្នេរនៅតាមកោះមួយចំនួនទៀតនោះ។

ក្រុមអាជីវករនិងម្ចាស់ហាងនៅលើឆ្នេរអូរត្រេះនេះបានអះអាងថា ប្រជាជនប្រ-
មាណ១000នាក់ រួមមានអ្នកលក់ដូរដែលមកពីភូមិក្បែរខាង អ្នករត់ម៉ូតូឌុបនិង
រឺម៉ក់កង់បីដែលទទួលបានការងារ ឬផលពីតូបចំនួនជាង៧០នេះ នឹងទទួលរង
ផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ នៅពេលដែលហាង ឬតូបទាំងនេះ
ត្រូវបានគេបង្ខំឱ្យរុះរើចេញនោះ។

អាជីវករមួយរូបមានប្រសាសន៍ដោយសុំមិនឱ្យបញ្ចេញឈ្មោះថា ការបណ្តេញ
ចេញនេះហាក់ដូចជាការវាយកម្ទេចឆ្នាំងបាយរបស់ពួកលោកដូច្នោះដែរ។

“វាអយុត្តិធម៌សម្រាប់ក្រុមអាជីវករទាំងអស់គ្នាណាស់។ វាអយុត្តិធម៌ណាស់។ពួក
ខ្ញុំអត់សុខចិត្តទេ។ កន្លែងហ្នឹងហើយជាឆ្នាំងបាយសម្រាប់ចិញ្ចឹមជីវិតកូនចៅក្រី
ក្រទាំងអស់គ្នាគឺ បានកន្លែងហ្នឹងហើយជាឆ្នាំងបាយនោះ ”។

អ្នកគ្រប់គ្រងហាងមួយទៀតដែលនៅក្បែរនោះ គឺកញ្ញាអូន សុជាតាមានប្រសា-
សន៍ថា បើអាជ្ញាធរចង់បណ្តេញក្រុមអាជីវករចេញពីឆ្នេរនេះដើម្បីធ្វើការសាង
សង់សួនច្បារនោះ ពួកគេគូរតែចាប់ផ្តើមធ្វើការអភិវឌ្ឍពីដើមទីមកសិន។

“ប្រសិនជាចង់ដេញពួកខ្ញុំ ចាំធ្វើអភិវឌ្ឍបន្តបន្ទាប់មក ចាំមកដេញពួកខ្ញុំ។ ដល់
អត់ទាន់មានអ្វីទាំងអស់ ហើយមកដេញស្រស់ៗអញ្ចឹង វារបៀបដូចថា មកឆក់
មកប្លន់ពួកខ្ញុំទាំងរស់តែម្តង ព្រោះអីពួកខ្ញុំនៅទីនេះ ទាំងជនជាតិទាំងអស់ហ្នឹង
គឺថា សប្បាយចិត្តនៅទីនេះ ហើយដល់ពេលសុខៗមកប្រាប់ឱ្យ រុះរើ ហើយខ្ញុំ
ទើបនឹងសាងសង់បានប៉ុណ្ណឹង អត់ទាន់បានអីទាំងអស់ ខ្ញុំបោះដើមអស់ច្រើន
ហើយ ឥឡូវលក់ទើបនឹងបាន១ពាន់ជាងហ្នឹង”។

តែទោះជាយ៉ាងនេះក្តី លោក Rainer Deyhle ម្ចាស់ហាងឈ្មោះ Cinderellas
Beach Bangalows និងដែលជាមេធាវីម្នាក់ផងនោះ មានប្រសាសន៍ថា ក្រុម
អាជីវករពេញចិត្តនឹងរុះរើហាងចេញពីឆ្នេរនេះ នៅពេលដែលរដ្ឋាភិបាលបានរៀប
ចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាការស្ថាបនាផ្លូវថ្នល់ ក្រាលកៅស៊ូ ការភ្ជាប់
បណ្តាញអគ្គិសនីដែលបង្ហាញឱ្យឃើញពីការចាប់ផ្តើមសាងសង់អ្វីមួយឱ្យបានរួច
រាល់សិន។

“បើអ្នកមានផ្លូវហើយ ហើយអ្នកចាប់ផ្តើមសាងសង់អ្វីមួយនោះ នោះអាចជារឿង
មួយផ្សេងទៀត ប៉ុន្តែឥឡូវអត់មានឃើញស្អីសោះ ហេតុអ្វីខ្ញុំត្រូវចាកចេញ? ខ្ញុំរីក
រាយនឹងចុះកិច្ចសន្យាជាមួយរដ្ឋាភិបាល ដោយយល់ព្រមចាកចេញពីទីនេះ ប្រ-
សិនជាពួកគេសាងសង់អ្វីៗរួចរាល់ហើយនោះ។ ប៉ុន្តែនៅពេលនេះ ខ្ញុំពិតជាមិន
យល់ទាល់តែសោះថា ហេតុអ្វីខ្ញុំត្រូវចាកចេញ?"

លោកបួន ណារិទ្ធ អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំ
ខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រសិនជាប្រជាពលរដ្ឋនៅឆ្នេរអូរត្រេះនេះ
នឹងត្រូវបានបណ្តេញចេញទៀតនោះ នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនភ្ញៀវ
ទេសចរណ៍ដែលមកចូលកំសាន្តនៅតាមឆ្នេរសាធារណៈរបស់ខេត្តនេះមិនខាន។

“បើសិនជាក្រុមហ៊ុននិងអ្នកឯកជនចេះតែយកឆ្នេរសម្បត្តិរដ្ឋមកធ្វើជារបស់ខ្លួន
អញ្ចឹងទៀត អាហ្នឹងប្រជាជនមានតែជិះទូកទៅលេងកណ្តាលកោះ ព្រោះឆ្នេរលើ
គោកគេយកអស់ហើយ ជាក្រុមហ៊ុនយក ឬអ្នកមានអំណាចយកអញ្ចឹងណា៎” ។

បើយោងតាមក្រុមអាជីវករនិងម្ចាស់ហាងនៅតាមបណ្តោយឆ្នេរអូរត្រេះនេះ ជា
មធ្យមមានភ្ញៀវទេសចរណ៍ប្រមាណ៣០០នាក់ក្នុងមួយថ្ងៃមកកំសាន្តលេងនៅ
តាមបណ្តោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនេះនៅក្នុងរដូវប្រាំង។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តមាត់សមុទ្រដ៏សំខាន់មួយរបស់កម្ពុជា
ដែលអាចស្រូបយកភ្ញៀវទេសចរណ៏ជាតិមកកំសាន្តចំនួនជិត៤សែននាក់ និង
ភ្ញៀវទេសចរណ៍អន្តរជាតិចំនួនជាង ១សែននាក់ក្នុងចំណោមភ្ញៀវទេសចរណ៍
បរទេសជាង២លាននាក់ ដែលចូលមកទស្សនាប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៩
កន្លងទៅនេះ នេះបើយោងតាមនាយកដ្ឋានព័ត៌មានទេសចរណ៏នៃក្រសួងទេស
ចរណ៏កម្ពុជា។

ផ្អែកតាមលិខិតរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៧សីហាឆ្នាំ២០០៨ ផ្ញើរជូនលោក
អភិបាលក្រុងព្រះសីហនុ បានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេច ឯកភាពជា
គោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុនលោក ឡូ សុគន្ធសាងសង់សួនច្បារសាធា-
រណៈនៅតំបន់ឆ្នេរអូរត្រេះនេះ ដោយយោងទៅលើការដែលថា លោក ឡូ សុគន្ធ
មានដីឯកជនរបស់ខ្លួននៅពីមុខឆ្នេរនេះហើយថា លោកមានគោលដៅថែរក្សា
បរិស្ថានតំបន់ឆ្នេរឱ្យកាន់តែប្រសើរដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។

លោកស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុបដិសេធមិនផ្តល់សេចក្តីបញ្ជាក់
អំពីក្រុមហ៊ុនដែលទទួលបានសិទ្ធិសាងសង់សួនច្បារនេះឡើយ ។ លោកគ្រាន់
តែបញ្ជាក់ថា ក្រុមការងារខេត្តរបស់លោកកំពុងធ្វើការសិក្សាអំពីផលប៉ះពាល់
ទៅលើក្រុមអាជីវករនៅតាមបណ្តោយឆ្នេរអូរត្រេះនេះ។

លោកផៃ ផាន អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការរៀបចំ
សណ្តាប់ធ្នាប់ របៀបរៀបរយឆ្នេរអូរត្រេះ ដែលទើបនឹងបង្កើតឡើងកាលពីចុង
ឆ្នាំ២០០៩កន្លងទៅនេះ មិនអាចទាក់ទងដើម្បីសុំការបំភ្លឺអំពីការអភិវឌ្ឍតំបន់
ឆ្នេរអូរត្រេះនេះបានទេ ដោយសារអ្នកលើកទូរស័ព្ទរបស់លោកឆ្លើយតបថា លោក
កំពុងជាប់ប្រជុំ។

ទោះយ៉ាងណាក៏ដោយ លោក Alex Stewart និងអ្នកនាងSamantha Perkins
អ្នកទេសចរណ៍មកពីប្រទេសអង់គ្លេសដែលកំពុងដើរកាន់ដៃគ្នាកំសាន្តលេងតាម
បណ្តោយឆ្នេរអូរត្រេះនេះ បាននិយាយថា វានឹងក្លាយជារឿងគួរឱ្យអាម៉ាស់ ប្រ-
សិនបើរដ្ឋាភិបាលប្រែក្លាយតំបន់ឆ្នេរធម្មជាតិនេះទៅជាសួនច្បារ ឬជាសណ្ឋាគារ
ធំៗ ដែលធ្វើឱ្យខូចឆ្នេរសមុទ្រនេះ។

“យើងទាំងពីរនាក់ខកចិត្តមែនទែន ជាពិសេស បើប្រៀបធៀបទៅនឹងឆ្នេរស្រ-
ដៀងគ្នាដទៃទៀត។ ឆ្នេរនេះអាចថា ជាឆ្នេរដែលល្អជាងគេបង្អស់ដែលយើងមិន
ធ្លាប់ឃើញ។ ដូច្នេះវាជារឿងអាម៉ាស់មែនទែន"។

ចំណែកឯSamanthaនិយាយថា “ចាស់ មែនហើយ ប្រសិនបើគេចង់សាងសង់
សួនច្បារមែននោះ វានឹងទាក់ទាញសណ្ឋាគារធំៗ ហើយយើងនឹងមើលមិន
ឃើញឆ្នេរនេះឡើយ ហើយគេនឹងធ្វើឱ្យខូចឆ្នេរនេះមិនខាន”។

អ្នកទេសចរណ៍សញ្ជាតិអង់គ្លេសទាំងពីរបានបន្ថែមថា ពួកគេនឹងមិនវិលត្រឡប់
មកលេងឆ្នេរនេះទៀតឡើយ ប្រសិនបើមានការអភិវឌ្ឈណាមួយដែលធ្វើឱ្យខូច
ធម្មជាតិឆ្នេរដ៏ស្រស់ត្រកាលនេះ។

ពីខេត្តព្រះសីហនុ ខ្ញុំ ពេជ្រ សំណាង VOAសម្លេង ស.រ.អា.៕