នៅក្នុងខ្សែភាពយន្តឯកសារ Enemies of the People ឬ សត្រូវរបស់ប្រជាជនមេដឹកនាំខ្មែរក្រហមលំដាប់ថ្នាក់ទី២បាននិយាយយ៉ាងពិស្តារជាលើកដំបូងបង្អស់អំពីការសម្រេចសម្លាប់សមាជិកបក្សណាដែលគាត់និងមេដឹកនាំខ្មែរក្រហមប៉ុល ពតចាត់ទុកថាជាសត្រូវរបស់អង្គការបដិវត្តន៍នោះ។
លោក ថេត សម្បត្តិ អ្នកដឹកនាំភាពយន្តរយៈពេល៩២នាទីនេះថ្លែងថា លោក បានជួបជាមួយ នួន ជា សឹងតែរាល់ចុងសប្តាហ៍អស់ពេល៥ឆ្នាំ ទំរាំ នួន ជា ព្រម ផ្តល់បទសម្ភាសន៍។
“ថ្ងៃមួយគាត់និយាយត្រង់ចំពោះខ្ញុំ។ គាត់ថា 'ក្មួយ ខ្ញុំបានសង្កេតក្មួយឯងច្រើនឆ្នាំ ហើយ ហើយខ្ញុំឃើញថាក្មួយឯងស្មោះត្រង់មិនលម្អៀងទៅប៉ែកខាងណា ដូច្នេះ ពីថ្ងៃនេះតទៅក្មួយចង់សួរអីក៏បានដែរ' ហើយថាគាត់អាចឆ្លើយប្រាប់ទាំងអស់ នូវរឿងសម្ងាត់ទាំងអស់ ដែលគាត់បានធ្វើជាមួយប៉ុលពតនោះ”។
លោកសម្បត្តិថ្លែងថា លោកចំណាយពេល១០ឆ្នាំថតភាពយន្តនេះ ដើម្បីស្វែងរកមូលហេតុនៃការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរជិត២លាននាក់ដែលមានរួមទាំងឪពុកម្តាយ និងបងប្រុសរបស់លោកផង។
លោក Rob Lemkin ជាដៃគូរបស់លោក ថេត សម្បត្តិ ក្នុងការថតខ្សែភាពយន្តឯកសារនេះ។ លោកថ្លែងថា នួន ជា បាននិយាយប្រាប់លោកសម្បត្តិអំពីការសម្រេច ចិត្តទាំងឡាយរបស់គាត់ជាមួយ ប៉ុល ពត តាំងពីឆ្នាំ ១៩៦០ រហូតមកហើយថា ស្រេចតែអ្នកទស្សនាទេ ដែលត្រូវសម្រេចចិត្តថា តើគេជឿឬមិនជឿ នួន ជា នោះ។
“ទោះជាយើងជឿគាត់ឬមិនជឿក៏ដោយ វាជាការសំខាន់ណាស់ដែលយើងអនុញ្ញាតឲ្យគាត់និយាយអំពីរឿងហេតុតាមការយល់ឃើញរបស់គាត់ដើម្បីឲ្យមនុស្ស ជំនាន់ក្រោយអាចសម្រេចចិត្តដោយខ្លួនឯងថា តើគេយល់យ៉ាងដូចម្តេចដែរ អំពី ព្រឹត្តការណ៍ទាំងនោះ”។
ដូចជនរងគ្រោះក្នុងសម័យខ្មែរក្រហមរាប់លាននាក់ដែរ លោកសម្បត្តិថ្លែងថាលោកមានការរងគ្រោះក្នុងចិត្តដោយសារការបាត់បង់ក្រុមគ្រួសារក្នុងរបបនោះ។ ប៉ុន្តែលោកថា លោកមានអារម្មណ៍ធូរស្បើយក្នុងចិត្តច្រើនក្រោយពីបានយល់ដឹងអំពីនយោបាយរបស់ពួកខ្មែរក្រហម។
“ដោយសារតែមានបញ្ហាទាំងហ្នឹងហើយ បានចាប់ផ្តើមជំរុញឲ្យខ្ញុំទៅធ្វើការងារ ដើម្បីចង់ដឹងការពិត ចង់ដឹងថាហេតុអ្វីបានជាមានការសម្លាប់នៅសម័យ ហ្នឹង បានជំរុញឲ្យខ្ញុំធ្វើ។ ពេលដែលខ្ញុំបានដឹងអស់ហើយ ខ្លួនខ្ញុំស្រឡះ ច្បាស់ ដូចគ្មានអីសោកសៅអ្វីទាំងអស់ ដោយសារនេះជាប្រវត្តិមួយ”។
លោក John Cooper ជានាយកនៃមហោស្រពភាពយន្ត Sundance។ លោកបាន កោតសរសើរយ៉ាងខ្លាំងដល់សេចក្តីក្លាហានរបស់លោកសម្បត្តិក្នុងការថតខ្សែភាពយន្តឯកសារនេះ។
“ខ្សែភាពយន្តនេះនាំឲ្យភ័យតក់ស្លុត និងដក់ជាប់ក្នុងអារម្មណ៍យ៉ាងខ្លាំងនៅព្រម ពេលជាមួយគ្នា។គេមិនអាចថតរឿងនេះរហូតមកទល់នឹងពេលនេះ ពីព្រោះ គ្មានអ្នកណាមានឆន្ទៈធ្វើនៅឡើយ។ អ្នកផលិតរឿងនេះរង់ចាំអស់ពេលរាប់ឆ្នាំ ទំរាំពួកមេដឹកនាំខ្មែរក្រហមព្រមនិយាយប្រាប់នូវការពិត”។
លោក Robert Redford ជាអ្នកបង្កើតមហោស្រពភាពយន្ត Sundance។ ក្នុងសន្និសីទកាសែតនៅថ្ងៃសម្ពោធមហោស្រពភាពយន្ត លោកកោតសរសើរយ៉ាងខ្លាំង ដល់ខ្សែភាពយន្ត 'សត្រូវរបស់ប្រជាជន' របស់លោកថេត សម្បត្តិនិងលោក Rob Lemkin ។
“អ្វីដែលខ្ញុំចូលចិត្តអំពីភាពយន្តនេះ នេះជារឿងយ៉ាងស៊ីជម្រៅមួយរបស់អ្នក កាសែតម្នាក់ ដើម្បីចង់ដឹងថាតើអ្វីទៅដែលនៅពីក្រោយការកាប់សម្លាប់នោះ។ រឿងដែលគេមិនដែលនិយាយចេញមកនោះ ជាអ្វីដែលតែងតែនាំឲ្យខ្ញុំមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្វីទៅដែលនៅពីក្រោយនោះ ។ យើងស្មានតែយើងហ្នឹង ដឹងឬ? នេះជាឧទាហរណ៍មួយបង្ហាញនូវការស៊ីជម្រៅក្នុងរឿងមួយ ដែលនាំមក នូវព័ត៌មានថ្មី”។
ទន្ទឹមនឹងការជួបជាមួយ នួន ជា អស់ពេលមួយទសវត្សរ៍នេះ លោកថេត សម្បត្តិ ថែមទាំងបានចំណាយពេលវេលានិងថវិកាយ៉ាងច្រើនដើម្បីរកមុខពួកជនដៃដល់ ដែលទទួលបញ្ជាឲ្យសម្លាប់មនុស្សផង។ លោក សម រដ្ឋា ជនជាតិខ្មែរមួយរូបនៅទីក្រុង Salt Lake រដ្ឋ Utah បាន ទស្សនាខ្សែភាពយន្តនេះមុនគេ។ លោកកោតសរសើរចំពោះសេចក្តីក្លាហានរបស់ពួកអ្នកដៃដល់ដែលហ៊ានសារភាព។
“គាត់បានបញ្ចេញភាពនៃការពិតឲ្យក្មេងជំនាន់ក្រោយដឹងថា អ្វីដែលគាត់ បានធ្វើ និងអ្នកដែលកំពុងប្រព្រឹត្តហ្នឹងឲ្យដឹងខ្លួនថាទោះជាយ៉ាងណាក៏ដោយ គង់មានថ្ងៃណាមួយដែលមានវិប្បដិសារី។ ពេលឥឡូវយើងកំពុងមានអំណាចអាចធ្វើអ្វីបានតាមចិត្ត ក៏ប៉ុន្តែកុំភ្លេចថា ថ្ងៃក្រោយវាសនារបស់អ្នកដូច នួន ជា អញ្ចឹង។”
ទោះជាសីតុណ្ហភាពនៅក្នុងទីក្រុង Park City ត្រជាក់ក្រោមសូន្យអង្សារសង់ទីក្រាត យ៉ាងណាក៏ដោយក៏ទស្សនិកជនម្នាក់មកពីរដ្ឋ Florida មិនរួញរា ក្នុងការធ្វើដំណើរ មកទស្សនាខ្សែភាពយន្ត 'សត្រូវរបស់ប្រជាជន' ផង។
“ខ្ញុំធ្លាប់បានមើលខ្សែភាពយន្ត The Killing Fields ប៉ុន្តែខ្ញុំមិនបានដឹងអំពីខ្សែភាព យន្តឯកសារនេះទេ។ ខ្ញុំមានការចាប់អារម្មណ៍អំពីវិធីដែលអ្នកដឹកនាំរឿងសម្ភាសន៍ ពួកអ្នកទទួលខុសត្រូវ។ ឥឡូវនេះខ្ញុំយល់ហើយនៅពេលដែលប្រជាពលរដ្ឋខ្មែរ និយាយថាពួកគេចង់អត់ឱនទោស និងសម្រុះសម្រួលជាមួយពួកឃាតករ”។
បុរសវ័យក្មេងម្នាក់ ជិះយន្តហោះពីប្រទេសមួយដែលត្រជាក់ខ្លាំងស្រាប់ គឺប្រទេស កាណាដាដើម្បីមកទស្សនាខ្សែភាពយន្តឯកសារនេះ។
“ភាពយន្តនេះមានប្រសិទ្ធិភាពអស្ចារ្យណាស់។ ខ្ញុំបានទៅប្រទេសកម្ពុជាកាល ពី២ឆ្នាំមុន ចំនួន៣សប្តាហ៍។ ខ្ញុំបានទៅមើលវាលពិឃាត។ វាបានប៉ះពាល់ដល់ អារម្មណ៍ខ្ញុំខ្លាំងណាស់”។
ខ្សែភាពយន្តឯកសារ Enemies of the People នេះ ត្រូវគេបញ្ចាំងជាលើកដំបូង បង្អស់ នៅទ្វីបអាមេរិក ក្នុងមហោស្រពភាពយន្ត Sundance Film Festival ឆ្នាំ២០១០ នៅក្នុងទីក្រុង Park City រដ្ឋ Utah ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ មករា។ ខ្សែ ភាពយន្ត Enemies of the People ឬ 'សត្រូវរបស់ប្រជាជន' និងភាពយន្តឯកសារ ១១ផ្សេងទៀតត្រូវបានជ្រើសរើសពីក្នុងចំណោមភាពយន្តឯកសារជាង ៧០០នៅទូទាំងពិភពលោក ដើម្បីប្រកួតយករង្វាន់ Sundance នៅឆ្នាំនេះ។ ការប្រកាស រង្វាន់នឹងធ្វើឡើងនៅថ្ងៃទី៣០មករា។