រដ្ឋាភិបាលកម្ពុជាស្វះស្វែងជួយ ពលរដ្ឋខ្មែរឡើងតុលាការនៅថៃ

  • Michael Lapin

ប្រទេសកម្ពុជាកំពុងស្វះស្វែងរកវិធានការតាមផ្លូវច្បាប់ ដើម្បីជួយប្រជាពលរដ្ឋ
ខ្មែរដែលក្រុមអាជ្ញាធរថៃបានចាប់ឃុំអំពីបទឆ្លងដែនខុសច្បាប់ និងកាប់បំផ្លាញ
ព្រៃឈើរបស់ប្រទេសថៃ។

ខ្ញុំ ជន សក្តា រាយការណ៍ជូនដូចតទៅ៖

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានណែនាំកុងស៊ុលរបស់ខ្លួន
ប្រចាំនៅប្រទេសថៃឱ្យចាត់វិធានការណ៍តាមផ្លូវច្បាប់ដើម្បីជួយការពារប្រជាពល
រដ្ឋខ្មែរចំនួន៦នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ និង រង់ចាំការជំនុំជម្រះ
ទោសនៅក្នុងតុលាការខេត្តស៊ូរិន្ទ។

ក្រុមអាជ្ញាធរថៃបានចាប់ប្រជាពលរដ្ឋខ្មែទាំង៦នាក់ដោយចោទប្រកាន់ពីការឆ្លង
ចូលទឹកដីថៃនិងការកាប់បំផ្លាញព្រៃឈើថៃខុសច្បាប់ កាលពីថ្ងៃច័ន្ទ ខណៈ
ពេលដែលប្រជាពលរដ្ឋខ្មែរទាំងនេះ បាននាំគ្នាចូលទៅក្នុងព្រៃតាមបណ្តោយព្រំ
ដែនកម្ពុជា-ថៃ ដើម្បីកាប់ផ្តៅ។

ការចរចារវាងក្រុមអាជ្ញាធរខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជា និងខេត្តស៊ូរិន្ទ
របស់ប្រទេសថៃ ដើម្បីដោះលែងប្រជាពលរដ្ឋខ្មែរទាំង៦នាក់នេះ បានបរាជ័យ ពីព្រោះក្រុមអាជ្ញាធរថៃបានតម្រូវឱ្យមានការកាត់ទោសប្រជាពលរដ្ឋខ្មែរទាំងនេះ
តាមផ្លូវតុលាការ នេះបើតាមការអះអាងរបស់ក្រុមមន្ត្រីខេត្តឧត្តរមានជ័យ។

ការចាប់និងការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដោយកងទ័ពថៃនៅតាមព្រំដែនបាន
កើនឡើង បន្ទាប់ពីកងទ័ពកម្ពុជា និងថៃបានកេណ្ឌកម្លាំងទ័ពយ៉ាងច្រើនសន្ធឹក
និងបានសម្លាប់កងទ័ពយ៉ាងតិច៧នាក់ ក្នុងការវាយប្រយុទ្ធគ្នាជាច្រើនលើកនៅ
តំបន់ជម្លោះក្បែរប្រាសាទព្រះវិហារ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះនៅ
ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិនៅក្នុងខែកក្កដា ឆ្នាំ
២០០៨។

ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និង ប្រទេសថៃបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានតែងតាំងលោកអតីតនាយករដ្ឋមន្ត្រី
ថៃ Thaksin Shinawatra ឱ្យធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោកកួយ គង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានថ្លែងប្រាប់ VOAថា ស្ថានកុងស៊ុលរបស់យើងប្រចាំនៅប្រទេសថៃកំពុងស្វះ
ស្វែងរកមេធាវីគួរជាទីទុកចិត្ត ដើម្បីជួយការពារក្តីរបស់ប្រជាពលរដ្ឋខ្មែរទាំង៦
នាក់ ប្រឆាំងនឹងការចោទប្រកាន់របស់ក្រុមអាជ្ញាធរថៃ ឱ្យទទួលបាននូវយុត្តិធម៌
ត្រឹមត្រូវ។

"ក្រសួងការបរទេសបានណែនាំកុងស៊ុលរបស់យើងនៅទីនោះជួយយ៉ាងណាឱ្យ
ប្រជាពលរដ្ឋខ្មែរយើងទទួលបាននូវយុត្តិធម៌ត្រឹមត្រូវ។ ប្រជាពលរដ្ឋនៅប្រទេសណាមួយត្រូវអនុវត្តគោរពច្បាប់នោះ ហើយតែខុសហើយ
គេនឹងផ្តន្ទាទោសទៅតាមច្បាប់របស់ប្រទេសគេ។ ប៉ុន្តែអ្វីដែលយើងជួយ គឺយើង
ធ្វើយ៉ាងណាកុំឱ្យគាត់ (ប្រជាពលរដ្ឋខ្មែរទាំង៦នាក់)ទទួលរងនូវភាពអយុត្តិធម៌។
យើងខំធ្វើយ៉ាងណាស្វះស្វែងជួយគាត់តាមផ្លូវច្បាប់ ដូចជាការរកមេធាវីដ៏ត្រឹម
ត្រូវ ដើម្បីជួយការពារក្តីរបស់គាត់ឱ្យបានល្អ"។

លោកកួយ កុង បានបញ្ជាក់ថា ទោសនេះមិនមែនជាធ្ងន់ធ្ងរប៉ុន្មានទេ ប៉ុន្តែក្រុម
អាជ្ញាធរថៃបានចោទប្រកាន់អំពីការឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ដែល
មានទោសជាប់ពន្ធនាគាររហូតដល់៣ខែ។

កាលពីខែកញ្ញា ឆ្នាំ ២០០៩ តុលាការខេត្តអ៊ូប៊ុនរបស់ប្រទេសថៃបានកាត់ទោស
ប្រជាពលរដ្ឋខ្មែរចំនួន១៥នាក់ឱ្យជាប់ពន្ធនាគារជាង៩ឆ្នាំ ក្នុងម្នាក់ៗ និង ម្នាក់
ទៀតឱ្យជាប់ពន្ធនាគារជាង៦ឆ្នាំ ហើយកាលពីខែតុលាឆ្នាំ២០០៩ តុលាការខេត្ត
ស៊ីសាកេតបានកាត់ទោសអ្នកភូមិខ្មែរចំនួន៨នាក់ ឱ្យជាប់ពន្ធនាគារចំនួន៨ឆ្នាំ
និង៣នាក់ឱ្យជាប់ពន្ធនាគារជិត៦ឆ្នាំ ហើយម្នាក់ទៀតឱ្យជាប់ពន្ធនាគារចំនួន
ជាង១៥ខែ អំពីការឆ្លងដែនចូលទឹកដីថៃ និងការកាប់ឈើព្រៃដោយខុសច្បាប់។

កាលពីចុងខែសីហា ឆ្នាំ២០០៩ តុលាការខេត្តបន្ទាយមានជ័យរបស់ប្រទេស
កម្ពុជា បានកាត់ទោសជនជាតិថៃម្នាក់ ដែលបានឆ្លាក់រូបប្រាសាទអង្គរវត្តនៅលើ
ស៊ីម៉ង់មុខបង្គន់សាធារណៈនៅក្នុងទីក្រុងប៉ោយប៉ែតនោះ ឱ្យជាប់ពន្ធនាគារចំនួន
៣ខែ អំពីការឆ្លងចូលប្រទេសកម្ពុជាដោយខុសច្បាប់។

កាលពីខែកញ្ញាឆ្នាំ២០០៩ ឆ្មាំការពារព្រំដែនកម្ពុជាបានចាប់ខ្លួនជនជាតិថៃចំនួន
៤២នាក់ បន្ទាប់ពីបានឆ្លងដែនចូលទឹកដីខេត្តបន្ទាយមានជ័យដោយខុសច្បាប់
ប៉ុន្តែក្រោយមកបានដោះលែងពួកគេទៅវិញ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕