គណបក្សសម រង្ស៊ីសុំចូលសួរសុខ ទុក្ខពលរដ្ឋពីរនាក់ដែលជាប់ឃុំ

អ្នកតំណាងរាស្រ្តនិងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានស្នើទៅក្រសួង
មហាផ្ទៃសុំការអនុញ្ញាតចូលសួរសុខទុក្ខប្រជាពលរដ្ឋពីររូបដែលកំពុងជាប់ឃុំ។
ការស្នើសុំនេះបានធ្វើឡើងមុនពេលសវនាការដែលគ្រោងធ្វើនៅថ្ងៃទី២៧ខាង
មុខនេះជាមួយលោក សម រង្ស៊ី។

លោក ហេង រស្មី រាយការណ៍ជូនពិស្ដារដូចតទៅ៖

សមាជិកសភាតំណាងរាស្រ្តនិងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងចំនួន២៦
រូបនៅថ្ងៃអង្គារ៍នេះ បានសរសេរលិខិតមួយច្បាប់ផ្ញើទៅក្រសួងមហាផ្ទៃរបស់
ប្រទេសកម្ពុជាដើម្បីសុំចូលសួរសុខទុក្ខប្រជាពលរដ្ឋចំនួន២រូបដែលកំពុងជាប់
ឃុំឃាំងបណ្តោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែមករា
ខាងមុខនេះ នេះបើតាមលិខិតមួយច្បាប់របស់គណបក្សសម រង្ស៊ី ដែលVOA
សម្លេងសហរដ្ឋអាមេរិកទទួលបាន។

ការស្នើសុំនេះបានធ្វើឡើងក្រោយពីលោកព្រំ ជា អាយុ៤២ឆ្នាំ និង លោកស្រី
មាស ស្រី អាយុ៣៩ឆ្នាំ ព្រមទាំងប្រជាពលរដ្ឋចំនួន៣រូបផ្សេងទៀត ត្រូវបាន
តុលាការខេត្តស្វាយរៀង គ្រោងបើកសវនាការរួមគ្នាជាមួយលោក សម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃទី២៧ ខែមករា ខាងមុខនេះ។

លោកស្រីកែវ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសម រង្ស៊ី បានបញ្ជាក់ថា
គោលបំពងដែលគណបក្ស សម រង្ស៊ី ចង់ជួបប្រជាពលរដ្ឋទាំងពីររូបនេះ គឺចង់
ដឹងអំពីស្ថានភាពរស់នៅក្នុងពន្ធនាគារ និង ចង់ដឹង អំពីសុខភាពរបស់ពួកគេ
ក្រោយពីអាជ្ញាធរបានចាប់ឃុំខ្លួនដោយអយុត្តិធម៌កាលពីខែមុននោះ ។

"ថ្វីត្បិតគាត់ត្រូវបានតុលាការចោទប្រកាន់យ៉ាងអយុត្តិធម៌ក៏ដោយ ប៉ុន្តែបញ្ហា
សុខភាព បញ្ហាការរស់នៅរបស់អ្នកនៅក្នុងពន្ធនាគារក៏មានតម្លៃដូចប្រជាពល
រដ្ឋដទៃទៀតនៅខាងក្រៅដែរ"។

កាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅនេះ លោកស្រីមាស ស្រី និងលោកព្រំ ជាត្រូវ
បានតុលាការចេញដីការបង្គាប់ឲ្យឃុំខ្លួន ក្រោមបទសង្ស័យថា ជាប់ពាក់ព័ន្ធ
នឹងការបំផ្លិចបំផ្លាញដោយចេតនានូវតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រ-
ទេសកម្ពុជា និងប្រទេសវៀតណាម ដូចលោកសម រង្ស៊ី ដែរ។

លោកស្រីកែវ សុណ្ណរតន៍បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងពីររូបនេះបានទទួល
រងនូវការចោទប្រកាន់ដោយអយុត្តិធម៌។

លោកស្រីបានបញ្ជាក់ទៀតថា គណបក្សនេះចង់ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ
ទាំងអស់ដែលត្រូវតែមានការការពារពីអ្នកតំណាងរាស្រ្តក្នុងសង្គម។

"យើងចង់ផ្តល់យុត្តិធម៌។យើងចង់ផ្តល់ការការពារដល់ប្រជាពលរដ្ឋខ្មែរទូទៅ។
នេះជាសក្ខីភាព មួយបង្ហាញថា តំណាងរាស្រ្តត្រូវតែតំណាងឲ្យប្រជាពលរដ្ឋ
ខ្មែរ ហើយយើងត្រូវតែការពារផលប្រយោជន៍ប្រជាពលរដ្ឋដែលរងគ្រោះ"។

លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ឱ្យ
ដឹងថា លោកពុំទាន់បានទទួលលិខិតរបស់គណបក្សសម រង្ស៊ី នៅឡើយទេ។

លោកបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃពុំមែនជាអ្នកសម្រេចថា តើនឹង
ត្រូវអនុញ្ញាតឲ្យចូលជួប ឬ មិនឱ្យចូលជួបប្រជាពលរដ្ឋទាំងពីររូប ដែលកំពុង
ជាប់ឃុំឃាំងនោះទេ គឺ អាស្រ័យទៅលើការសម្រេចរបស់ចៅក្រមនៃតុលាការ
ខេត្តស្វាយរៀងតែប៉ុណ្ណោះ។

"ខណៈពេលមិនទាន់កាត់ទោស ដូចជាមិនមែនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រ-
សួងមហាផ្ទៃទេ។ បើពួកគាត់ជាទណ្ឌិត អាហ្នឹងមានកម្មវិធីមែនគឺសុំជួបតាម
ប្រធានពន្ធនាគារក៏បានដែរ"។លោកឡុង កេសភិរម្យ ចៅក្រមស៊ើបអង្កេតនៃ
តុលាការខេត្តស្វាយរៀង បានបដិសេធពុំធ្វើអត្ថាធិប្បាយលម្អិតទេ។

"នេះហួសសមត្ថកិច្ចរបស់ខ្ញុំ។ ខ្ញុំបានស៊ើបសួរចប់ហើយ។សូមសួរទៅចៅក្រម
ជនុំជម្រះ"។

ប្រជាពលរដ្ឋទាំង៥រូប រួមទាំងលោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ីដែល
កំពុងស្នាក់នៅក្នុងប្រទេសបារាំងផង ប្រសិនណាតុលាការរកឃើញថា មាន
ទោសកំហុស នោះអ្នកទាំងនេះអាចនឹងត្រូវជាប់ពន្ធនាគារ រយៈពេលពី១ឆ្នាំ
រហូតដល់៣ឆ្នាំនិងពិន័យជាប្រាក់ប្រមាណ១លានរៀលរហូតដល់១០លានរៀល
តាមមាត្រាទី៥២ និងមាត្រាទី៦១នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល។

ខ្ញុំ ហេង រស្មី ពីទីក្រុងភ្នំពេញ៕