ឥទ្ធិពលនិកាយធំនៃសាសនា ឥស្លាមលើនិកាយតូច

  • វិញ សុជាតា
    VOA

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមឥស្លាមសាសនិកភាគតិចនៅកម្ពុជាកំពុងរងសម្ពាធពីក្រុមឥស្លាមសាសនិក
ភាគច្រើនដោយសារតែការប្រតិបត្តិសាសនាខុសប្លែកពីគ្នានៅក្នុងជំនឿសាសនា
ឥស្លាមតែមួយ។ ក្រុមភាគតិចអះអាងថា ក្រុមភាគច្រើនកំពុងអូសទាញសមា-
ជិករបស់ខ្លួនតាមរយៈការប្រើប្រាស់ទឹកលុយ ប៉ុន្តែក្រុមភាគច្រើនបានបដិសេធ
ចំពោះការអះអាងនេះ។

លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះជូនដូចតទៅ៖

នៅលើក្បាលមានសក់រឹមៗពណ៌ឡើងសស្គុសទៅហើយនោះ លោកប៉ាន់ តេះ
កំពុងអង្គុយកត់ត្រា និង ទន្ទេញធម៌ជាភាសាចាមនៅខាងមុខវិហារឥស្លាមព្រះ
អ៊ីម៉ាំសាន់ ស្ថិតលើកំពូលភ្នំព្រះរាជទ្រព្យ ឬដែលគេនិយមហៅថា ភ្នំឧដុង្គដែល
មានចម្ងាយប្រមាណជាង៣០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។

ជនជាតិចាមវ័យ៧៦ឆ្នាំមកពីខេត្តកំពង់ឆ្នាំងរូបនេះបានប្រាប់ឱ្យដឹងថា លោក
តែងមកទន្ទេញធម៌ និង ថ្វាយបង្គំក្នុងវិហារឥស្លាមដែលមានសណ្ឋានដូចវិហារ
ព្រះពុទ្ធសាសនាតូចមួយនេះនៅរៀងរាល់ថ្ងៃសុក្រ។

ប៉ុន្តែខុសប្លែកពីឥស្លាមសាសនិកភាគច្រើនផ្សេងទៀត ដែលថ្វាយបង្គំចំនួន៥
ដងក្នុងមួយថ្ងៃនោះ លោកប៉ាន់ តេះបាននិយាយថា រូបលោកថ្វាយបង្គំតែម្តង
ប៉ុណ្ណោះក្នុងមួយសប្តាហ៍។លោកប៉ាន់ តេះមានប្រសាសន៍ថា ព្រះជាម្ចាស់នៅ
ក្នុងសាសនាឥស្លាម មិនបានបង្គាប់ឱ្យអ្នកកាន់សាសនានេះ ថ្វាយបង្គំដោយ
បញ្ចេញកាយវិហាររហូតដល់៥ដងក្នុងមួយថ្ងៃនោះទេ ។ លោកអះអាងថា ព្រះ
អាឡោះគ្រាន់តែឱ្យពួកគេថែរក្សាកាយវិចារចិត្តឱ្យល្អពោល គឺ មិនឱ្យមានចិត្ត
កេងប្រវ័ញ្ចទ្រព្យអ្នកដទៃ ឬនិយាយកុហកបោកប្រាស់គេជាដើមប៉ុណ្ណោះ។

“អល់ឡោះថា ឱ្យធ្វើក្នុងថ្វាយបង្គំហ្នឹង ៥ដង ប៉ុន្តែអត់ឱ្យធ្វើទេ ឱ្យគ្រាន់តែថែ
រក្សា គ្រាន់តែថែទេ អត់ធ្វើអីទេ ព្រោះអល់ឡោះបង្កើតរួចហើយរួចយើងទៅធ្វើ
អីទៀត។ តែជំនឿវាដោយបែបៗអញ្ចឹងហើយ”។

ជនជាតិចាមដែលកាន់សាសនាឥស្លាមក្នុងក្រុមអ៊ីម៉ាំសាន់ដូចលោកប៉ាន់ តេះ
នេះមានចំនួនប្រមាណ៣៧.000ពាន់នាក់ ក្នុងចំណោមជនជាតិចាម ដែលកាន់
សាសនាឥស្លាមសរុប ដែលតាមការប៉ាន់ស្មានចំនួនប្រមាណជាង៥០ម៉ឺននាក់
នៅក្នុងប្រទេសកម្ពុជា ។ នេះបើផ្អែកតាមមេដឹកនាំសាសនាឥស្លាមក្នុងក្រុមកន
អ៊ីម៉ាំសាន់កម្ពុជា។

ឥស្លាមសាសនិកភាគតិចដែលគេតែងហៅថា ចាមចាហេតទាំងនេះ រស់នៅផ្តុំ
គ្នាក្នុងភូមិមួយចំនួនប៉ុណ្ណោះក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅក្នុងខេត្តកំពង់
ឆ្នាំងនេះតែម្តង។

លោកកៃ ទាំ មេដឹកនាំសាសនាឥស្លាមក្រុមកនអ៊ីម៉ាំសាន់ បានមានប្រសាសន៍
នៅក្រោមផ្ទះរបស់លោកក្នុងខេត្តកំពង់ឆ្នាំងថា ក្រុមកនអ៊ីម៉ាំសាន់របស់លោកពុំ
ត្រូវបានទទួលស្គាល់ដោយក្រុមឥស្លាមសាសនិកផ្សេងៗទៀត ដែលស្ថិតនៅ
ក្រោមការដឹកនាំរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជានោះទេ
ដោយសារតែការប្រតិបត្តិខុសគ្នាខ្លះក្នុងសាសនាតែមួយនេះ។

“គេចាត់ទុកសព្វថ្ងៃហ្នឹង គេថា យើងមិនដូចគេទេ យើងថា យ៉ាងម៉ិចក៏ដោយ។
ក៏ប៉ុន្តែធម៌ទៅតែមួយទេ អត់ខុសគ្នាទេ។ គោរពគេបញ្ចេញកាយវិការ យើងអត់
មានបញ្ចេញ។ វាគ្រាន់តែប៉ុណ្ណឹងទេ”។

សូមបញ្ជាក់ថា ក្រៅពីថ្វាយបង្គំតែម្តងក្នុងមួយសប្តាហ៍ហើយនោះ ឥស្លាមសា-
សនិកក្នុងក្រុមកនអ៊ីម៉ាំសាន់ ក៏មានរៀបចំពិធីបុណ្យ ឬសែនព្រេនមួយចំនួន
ទៀតតាមទំនៀមទម្លាប់ផ្ទាល់របស់ខ្លួនពីបរមបុរាណ ដូចជាពិធីម៉ាឡុត ដើម្បី
រំឭកវិញ្ញាណក្ខន្ធរបស់មេដឹកនាំដែលពួកគេគោរពគឺអ៊ីម៉ាំសាន់និងពិធីចៃដើម្បី
សែនព្រេនដល់អារក្សអ្នកតានៅពេលពួកគេឈឺធ្ងន់ធ្ងរជាដើម។

ជាងនេះទៀតនោះ ស្រ្តីសាសនិកឥស្លាមក្នុងក្រុមកនអ៊ីម៉ាំសាន់នេះពុំបានតម្រូវ
ឱ្យថ្វាយបង្គុំនោះទេ។

ការប្រតិបត្តិសាសនាទៅតាមទំនៀមទម្លាប់របស់ខ្លួនបែបនេះហើយធ្វើឱ្យមាន
ការមិនពេញចិត្តពេញថ្លើមពីសំណាក់ក្រុមឥស្លាមសាសនិកផ្សេងទៀត ដែល
ប្រកាន់ខ្ជាប់ខ្ជួនតាមគោលការណ៍សាសនាឥស្លាមតាមបែបប្រទេសអារ៉ាប់ ឬ
មជ្ឈឹមបូព៌ាប្រទេស ដោយសារ គោលការណ៍នោះតម្រូវឱ្យអ្នកកាន់សាសនា
នេះថ្វាយបង្គំចំនួន៥ដងក្នុងមួយថ្ងៃនិងទទួលជឿទៅលើព្រះអល់ឡោះតែមួយ
ប៉ុណ្ណោះ។

មេដឹកនាំក្រុមកន អ៊ីម៉ាំសាន់ លោកកៃ ទាំ មានប្រសាសន៍ថា លោកមានការ
ព្រួយបារម្ភថា ការប្រតិបត្តិសាសនាទៅតាមទំនៀមទម្លាប់ក្នុងក្រុមរបស់លោក
អាចនឹងបាត់បង់ ដោយសារតែសមាជិកខ្លះនៃក្រុមរបស់លោកត្រូវបានទាក់ទាញ
ឱ្យគោរពតាមនិកាយផ្សេងៗវិញតាមរយៈសម្ភារៈ។

“វាពិបាកណាស់សព្វថ្ងៃហ្នឹង។ មនុស្សសព្វថ្ងៃវាច្រើនតែចង់ឈ្លក់ទឹកលុយ។ វា
បាត់កេរ្តិ៍ខ្លួនឯង ភ្លេចខ្លួនឯង។ ចេះតែបារម្ភដែរ អញ្ចឹងបានចេះតែសុំជំនួយពី
ក្រៅមកជួយខ្ញុំផង ក្រែងលោទៅមុខហ្នឹងគេគាប ជាប់ហ្នឹងក្រែងលោវារបូត”។

ប៉ុន្តែលោកសុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
បានបដិសេធចំពោះការអះអាងនេះ។

លោកមានប្រសាសន៍ថា សមាជិកនៃក្រុមអ៊ីម៉ាំសាន់ដែលបានសុំចូលមកគោរព
សាសនាឥស្លាមក្នុងក្រុមរបស់លោក គឺ ពុំមែនតាមរយៈការអូសទាញអ្វីនោះទេ
ប៉ុន្តែពួកគេសុំចូលដោយស្ម័គ្រចិត្ត ក្រោយពីបានវិលប្រឡប់មកពីរៀនសូត្រ ឬ
ធ្វើបុណ្យនៅតាមបណ្តាប្រទេសអារ៉ាប់ ហើយឃើញការប្រតិបត្តិជាក់ស្តែងរបស់
សាសនាឥស្លាមនៅក្នុងប្រទេសទាំងនោះ។

“គាត់ប្រកាន់ខ្លួនគាត់ថា ជាអ្នកឥស្លាមដែរ ហើយការគោរពម្ចាស់នោះវាដោយ
ឡែកបន្តិច ក៏ប៉ុន្តែគេ ហៅថា ជំនឿហ្នឹង វាតែមួយអញ្ចឹងណា ។ ជួនកាលគាត់
ធ្វើមិនទាន់អស់ មិនទាន់ដឹង មិនទាន់ពេញលេញ អញ្ចឹងយូរទៅប្រហែលជាគាត់
យល់ គាត់អនុវត្តតាម ព្រោះទៅណាគ្រប់ប្រទេស អត់មានទេអ្នកអនុវត្តដូចគាត់
ហ្នឹង” ។

កញ្ញា Emiko Stock នរៈវិទូជនជាតិបារាំងដែលបានសិក្សាអំពីជនជាតិចាមនៅ
ក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត១ទសវត្សន៍មកហើយនោះ មានប្រសាសន៍
ថា មេដឹកនាំសាសនាឥស្លាមខាងក្រុមអ៊ីម៉ាំសាន់តែងតែបដិសេធជំនួយពីឥស្លាម
សាសនិកក្នុងក្រុមនិកាយផ្សេង ដោយពួកគេបារម្ភខ្លាចថា ឥទ្ធិពលជំនួយនោះ
អាចធ្វើឱ្យបាត់បង់ទំនៀមទម្លាប់នៃការគោរពសាសនារបស់ខ្លួន។

“តាមពិតមេៗគេនិយាយអញ្ចឹងថា មិនអាចទទួលបានទេ។ គេថា ឧទាហរណ៍
បើគេទទួលពីប្រទេសអារ៉ាប់ ឬប្រទេសផ្សេង គេខ្លាចថា គេឱ្យដូរសាសនា។ ដូច
ជាមិនអាចធ្វើបុណ្យម៉ាឡុតបាន មិនអាចសែនដូនតាបាន ។ អញ្ចឹងហើយបាន
ជានិយាយថា គេមិនអាចទទួលបានទេ”។

សូមបញ្ជាក់ថា បើទោះជាមានការប្រតិបត្តិសាសនាឥស្លាមខុសគ្នាក្នុងចំណោម
ក្រុមកនអ៊ីម៉ាំសាន់ និង ខាងគណៈគ្រប់គ្រង់ជាន់ខ្ពស់នៃសាសនាឥស្លាមនេះក៏
ដោយ ក៏ក្រុមទាំងពីរពុំដែលប៉ះទង្គិចគ្នា ឬ បង្កជាបញ្ហាដល់សង្គមកម្ពុជានោះ
ឡើយ។

តែទោះជាយ៉ាងណាក៏ដោយ លោកមឹន ឃឹន រដ្ឋមន្រ្តីក្រសួងធម្មការ និងកិច្ចការ
សាសនាបានមានប្រសាសន៍ថា រដ្ឋាភិបាល និង រដ្ឋធម្មនុញ្ញកម្ពុជាធានានូវការ
គោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជាគ្រប់រូបទៅលើជំនឿនិងសាសនាផ្សេងៗ
គ្នាដោយរារាំងមិនឱ្យមានការរើសអើសនិងការបែងចែកក្នុងសង្គមដែលបណ្តាល
មកពីភាពខុសគ្នាខាងជំនឿ និងសាសនានោះទេ។

ពីខេត្តកំពង់ឆ្នាំង ខ្ញុំ ពេជ្រ សំណាង VOAសម្លេងស.រ.អា.៕