រដ្ឋសភាពិភាក្សាសេចក្ដីព្រាងច្បាប់ អស្សាមិករណ៍

ដើម្បីស្តាប់ព័ត៌មាននេះ

រដ្ឋសភារបស់ប្រទេសកម្ពុជា បានចាប់ផ្ដើមពិភាក្សា និង អនុម័តសេចក្ដីព្រាង
ច្បាប់ស្ដីពីអស្សាមិករណ៍ នៅថ្ងៃច័ន្ទនេះ។ ច្បាប់នេះ បានទទួលរងការរិះគន់ពី
មន្ដ្រីសង្គមស៊ីវិល និងគណបក្សជំទាស់។

លោកគង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖

សភាជាតិរបស់ប្រទេសកម្ពុជា នៅថ្ងៃច័ន្ទនេះបានចាប់ផ្ដើមពិភាក្សានិងអនុម័ត
សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ស្ដីពីអស្សាមិករណ៍ ឬ ការដកហូតកម្មសិទ្ធិ
ស្របច្បាប់ ដែលស្ថិតនៅក្រោមការរិះគន់ជាខ្លាំងពីមន្រ្ដីគណបក្សជំទាស់ និង
សង្គមស៊ីវិលនៅក្នុងប្រទេស។

សេចក្ដីព្រាងច្បាប់ស្ដីពីអស្សាមិករណ៍នេះមាន៨ជំពូក និង ៣៩មាត្រា ។ សេចក្ដី
ព្រាងច្បាប់នេះបានចែងថា រដ្ឋមានសិទ្ធិដកហូតអចលនទ្រព្យពីម្ចាស់កម្មសិទ្ធិដូច
ជាដី សំណង់ កសិដ្ឋានសម្រាប់ជាប្រយោជន៍សាធារណៈ ដូចជាសម្រាប់ការសាង
សង់កំពង់ផែ ព្រលានយន្ដហោះ ផ្លូវថ្នល់ ស្ពាន ការសាងសង់បណ្ដាញអគ្គិសនី
និងថាមពលជាដើម ។ ការរឹបអូសនេះរាប់បញ្ចូលទាំងមូលហេតុចាំបាច់សម្រាប់
សន្ដិសុខ និងបូរណភាពទឹកដីផងដែរ។

លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ធនាគាររបស់រដ្ឋ
សភាបានមានប្រសាសន៍ខណៈដែលសភាពេញអង្គចាប់ផ្ដើមពិភាក្សាជំពូកទី១ថា
ច្បាប់នេះនឹងជួយលើកតម្កើងកម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជា និងជំរុញការវិនិ-
យោគ។

"ច្បាប់នេះ គឺជាមូលដ្ឋានសំខាន់មួយសម្រាប់ឲ្យរាជរដ្ឋាភិបាលបន្ដជំរុញការស្ដារ
ស្ថាបនា និង អភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដសាធារណៈមូលដ្ឋាន រួមមានផ្លូវ
គោកផ្លូវដែក ផ្លូវទឹក នាវាសមុទ្រ និងផ្លូវអាកាស"។

លោកយឹម សុវណ្ណ តំណាងរាស្ដ្រគណបក្សសម រង្ស៊ី មណ្ឌលក្រុងភ្នំពេញបានរិះ
គន់ថា ប្រទេសកម្ពុជាមិន ទាន់ត្រូវការច្បាប់ស្ដីពីអស្សាមិករណ៍នេះនៅឡើយទេ
នៅក្នុងកាលទេសៈសព្វថ្ងៃ ដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់ទទួលរង
គ្រោះដោយសារតែការរំលោភបំពានយកដីធ្លីនិងត្រូវបណ្ដេញចេញពីលំនៅដ្ឋាន
នោះ។

“ហេតុដូច្នេះហើយបានជាយើងមិនអាចលើកដៃអនុម័តច្បាប់ នៅពេលដែលរដ្ឋា
ភិបាលលក់សមុ្បត្តិជាតិ សម្បត្តិរដ្ឋអស់ពីប្រទេសកម្ពុជា ហើយបែរជានាំគ្នាធ្វើ
ច្បាប់ដើម្បីដកហូតទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋ។ ចំណុចខ្សោយនៅ
ក្នុងច្បាប់នេះគឺធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបន្ថែមទៀត"។

យ៉ាងណាក៏ដោយ លោកអ៊ុក រ៉ាប៊ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដែលជាអ្នកការពារច្បាប់នេះ មានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជាគួរមាន
ច្បាប់ស្ដីពីអស្សាមិករណ៍នេះហើយ។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីអស្សាមិករណ៍នេះ ក៏បានចែងផងដែរអំពី
ការផ្ដល់សំណងសមរម្យ និងយុត្តិធម៌ ទៅតាមតម្លៃអចលនទ្រព្យនៅលើទីផ្សារ។
ក៏ប៉ុន្ដែលោកយឹម សុវណ្ណ តំណាងរាស្ដ្រគណបក្សជំទាស់ មានប្រសាសន៍ថា ការ
ផ្ដល់សំណងនាពេលកន្លងមក មិនដែលអនុវត្តតាមតម្លៃអចលនទ្រព្យនៅលើទី
ផ្សារទេ។

កាលពីសប្ដាហ៍មុន ក្រុមមន្ដ្រីអង្គការសង្គមស៊ីវិលបានរិះគន់សេចក្ដីព្រាងច្បាប់ស្ដី
ពីអស្សាមិករណ៍នេះ ដោយលើកឡើងថា សេចក្ដីព្រាងច្បាប់នេះមិនទាន់មាន
ភាពច្បាស់លាស់ ដែលអាចនឹងបង្កឲ្យមានការប៉ះពាល់ដល់ផលប្រយោជន៍របស់
ប្រជាពលរដ្ឋ។

ទោះជាមានការខ្វែងគំនិតគ្នាក្តី ក៏រដ្ឋសភាខ្មែរបានអនុម័តជំពូកទី១ ក្នុងចំណោម
៨ជំពូកនៃសេចក្ដីព្រាងច្បាប់ស្ដីពីអស្សាមិករណ៍នេះ។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋារិទ្ធ VOA សម្លេងស.រ.អា.៕