ខ្មែរឥស្លាមៈ បន្ថែមទ័ពទៅកាន់ អាហ្វហ្គានីស្ថានមិនល្អ

  • វិញ សុជាតា
    VOA

ដើម្បីស្តាប់ព័ត៌មាននេះ

ពលរដ្ឋខ្មែរឥស្លាមយល់ឃើញថា ការបន្ថែមទ័ពរបស់អាមេរិកទៅកាន់ប្រទេស
អាហ្វហ្គានីស្ថានបានត្រឹមតែធ្វើឱ្យសង្រ្គាមកាន់តែធ្ងន់ធ្ងរឡើងនិងអំពើភេរវកម្ម
កាន់តែរីករាលដាលប៉ុណ្ណោះ។

លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះជូនដូចតទៅ៖

ម៉ាត់ អ៊ីស្លាមីយ៉ាស់ ដែលជានិស្សិតនៅសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ
បាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនកងទ័ព
បន្ថែមទៀតទៅក្នុងប្រទេសអាហ្វហ្គានីស្ថានគឺពុំមែនជាវិធានការល្អនោះទេក្នុង
ការលុបបំបាត់អំពើភេរវកម្មនោះ។ផ្ទុយទៅវិញនាងមើលឃើញថា យុទ្ធសាស្រ្ត
ថ្មីរបស់អាមេរិកនេះបានត្រឹមតែធ្វើឱ្យពលរដ្ឋស៊ីវិលអាហ្វហ្គានស្លាប់កាន់តែច្រើន
ថែមទៀតប៉ុណ្ណោះ។

“សង្រ្គាមរវាងអាមេរិក និង អាហ្វហ្គានីស្ថានវាអូសបន្លាយអស់៨ឆ្នាំហើយគឺអត់
ទាន់បានឃើញលទ្ធផលអ្វីទេគឺថា រកមេដឹកនាំដែលប្រឆាំងហ្នឹងអត់ឃើញផង
ហ្នឹង។ អញ្ចឹងលទ្ធផលនៃការធ្វើសង្រ្គាមហ្នឹងគឺបានត្រឹមតែបាត់បង់។ អ្នកដែល
ស្លាប់ហ្នឹងគឺជាជនស៊ីវិលធម្មតា។ដល់ពេលអញ្ចឹង ការបន្ថែមទ័ពអាមេរិកាំងនៅ
ក្នុងប្រទេសអាហ្វហ្គានីស្ថាន ខ្ញុំគិតថា វាអត់ល្អ”។

នៅដើមខែធ្នូ ឆ្នាំ២០០៩នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack
Obamaបានប្រកាសថា អាមេរិកនឹងបញ្ជូនកងទ័ពចំនួន៣ម៉ឺននាក់បន្ថែមទៀត
ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះដើម្បី
វាយកម្ទេចក្រុម Al-Qaeda និងក្រុមបះបោរតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គា
នីស្ថាន ដែលធ្វើឱ្យកងទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកើនដល់
ចំនួនជាង១០ម៉ឺននាក់ហើយ។

សូមបញ្ជាក់ថា សង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានផ្ទុះឡើងតាំងពីចុង
ឆ្នាំ២០០១ ក្រោយពីមានព្រឹត្តិការណ៍វាយប្រហារភេរវកម្មទៅលើមជ្ឈមណ្ឌល
ពាណិជ្ជកម្មពិភពលោក World Trade Center របស់សហរដ្ឋអាមេរិក កាល
ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។ សហរដ្ឋអាមេរិកបានចោទថា អំពើភេរវកម្ម
នោះត្រូវបានធ្វើឡើងដោយក្រុម Al-Qaeda ដែលមានមូលដ្ឋាននៅក្នុងប្រទេស
អាហ្វហ្គានីស្ថាន។

លោកម៉ូត ហារ៉ីហ្វីន បុគ្គលិកនៃអង្គការ Muslim Aidកម្ពុជា បានមានប្រសាសន៍
ថា យុទ្ធសាស្រ្តថ្មីរបស់ប្រធានាធិបតីអាមេរិកក្នុងសង្រ្គាមនៅអាហ្វហ្គានីស្ថាន
នោះនឹងទទួលបរាជ័យ ដោយសារលោកយល់ថា ចំណាត់ការថ្មីនោះនឹងរឹតតែ
ធ្វើឱ្យក្រុមតាលីបង់ ធ្វើសកម្មភាពរបស់ពួកគេកាន់តែខ្លាំងខ្លាថែមទៀត។

“ប្រសិនជាលោក Obama គាត់ប្រើជម្រើសបញ្ជូនទ័ព ឬមានគំនិតចង់បោស
សម្អាតក្រុមតាលីបង់ឬក៏ Al-Qaeda ដែលគេថា ជាក្រុមភេរវកម្មហ្នឹង ខ្ញុំគិតថា
ទោះបីយ៉ាងណាគឺមិនអាចទទួលជោគជ័យនោះទេ គឺកាលណាគាត់បន្ថែមទ័ព
ទៅទៀត គឺ ធ្វើឱ្យក្រុមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានហ្នឹងរឹតតែធ្វើភេរ
វកម្ម ឬធ្វើប្រការផ្សេងៗទៀត ដែលអាចធ្វើឱ្យប៉ះពាល់ដល់ពិភពលោកទាំងមូល
ផងដែរ”។

ជាមួយគ្នានេះដែរ លោកសុះមុះសិន ដែលជារដ្ឋលេខាធិការក្រសួងធម្មការនិង
សាសនាក៏មានប្រសាសន៍ផងដែរថា ការបញ្ជូនកងទ័ព ទាំងទ័ពអាមេរិកទាំង
ទ័ពនៃអង្គការ NATOដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បន្ថែមទៀតទៅកាន់ប្រ-
ទេសអាហ្វហ្គានីស្ថាននោះគឺពុំមែនជាជម្រើសល្អនោះទេ។

“អ្វីដែលយើងបារម្ភនោះគឺត្រង់ថា វាប៉ះពាល់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិ
ប្រជាជនកាន់តែច្រើន ។ អញ្ចឹងអ្វីដែលជាទស្សនៈយើងនោះគឺថា បើសិនជា
អាមេរិកាំងអាចរិះរកវិធីចរចាឬក៏ដោះស្រាយតាមផ្លូវសន្តិវិធីណាផ្សេង អាហ្នឹង
ជាការប្រសើរ”។

លោកសុះ មុះសិនបន្ថែមថា សហរដ្ឋអាមេរិកក៏ត្រូវតែផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋ
អាហ្វហ្គានជាអ្នកសម្រេចថា តើពួកគេគាំទ្រឱ្យមានការបញ្ជូនទ័ពបន្ថែមចូល
ក្នុងប្រទេសរបស់ពួកគេដែរឬអត់។

លោកអះម៉ាត់ យះយ៉ា ដែលជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ការបញ្ជូនទ័ពរបស់អាមេរិកបន្ថែម
ទៀតទៅកាន់ប្រទេសអាហ្វហ្គានីស្ថាននឹងគ្មានន័យអ្វីទេ។

លោកអះម៉ាត់ យះយ៉ា ដែលជាប្រធានសមាគមអភិវឌ្ឍន៍ឥស្លាមកម្ពុជាផងដែរ
នោះ មើលឃើញថា បើទោះជាកងទ័ពអាមេរិកអាចសម្លាប់ក្រុមតាលីបាន និង
Al-Qaedaបានក៏ដោយ ក៏ពុំមែនមានន័យថា ពួកគេអាចលុបបំបាត់អំពើភេរវ
កម្មបានដែរ ដោយសារលោកពន្យល់ថា អំពើភេរវកម្មនេះគឺវាស្ថិតនៅក្នុងចិត្ត
របស់បុគ្គលជ្រុលនិយមម្នាក់ៗ។

ដូច្នេះលោកអះម៉ាត់ យះយ៉ា បន្ថែមថា សហរដ្ឋអាមេរិកគួរតែចំណាយប្រាក់
ដែលខ្លួនគ្រោងសម្រាប់ការបញ្ជូនទ័ពបន្ថែមទៀតនោះ ទៅលើការសាងសង់
សាលារៀនឬមន្ទីរពេទ្យជាដើម សម្រាប់ប្រជាជនអាហ្គានវិញប្រសើរជាងដើម្បី
ទាក់ទាញពួកគេកុំឱ្យគាំទ្រក្រុមតាលីបង់តទៅទៀត។

មន្រ្តីដែលកាន់សាសនាឥស្លាមនៅក្នុងស្ថាប័ននីតិបញ្ញត្តិនិងគណៈដឹកនាំជាន់
ខ្ពស់សាសនាឥស្លាមនៅកម្ពុជាមួយចំនួនបានបដិសេធមិនធ្វើអត្ថាធិប្បាយណា
មួយទេ ជុំវិញការបញ្ជូនកងទ័ពបន្ថែមរបស់អាមេរិកទៅក្នុងប្រទេសអាហ្វហ្គានី-
ស្ថាននេះ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOA សម្លេងស.រ.អា.។