ពលរដ្ឋខ្មែរអាមេរិកាំងតវ៉ានៅស្ថានទូតខ្មែរ ឱ្យផ្តល់អភ័យឯកសិទ្ធិលោកសម រង្ស៊ី

ដើម្បីមើល វីដេអូ អំពីព័ត៌មាននេះ

ប្រជាពលរដ្ឋខ្មែរមកពីរដ្ឋ Maryland, Virginia, និង Pennsylvania បាននាំ
គ្នាមកប្រមូលផ្តុំគ្នា នៅមុខស្ថានទូតកម្ពុជា ប្រចាំរដ្ឋធានីWashington កាល
ពីថ្ងៃសៅរ៍ ទី២៨ វិច្ឆិកាកន្លងទៅនេះ ដើម្បីធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាល
លោកហ៊ុន សែន ផ្តល់អភ័យឯកសិទ្ធិជូនលោកសម រង្ស៊ី មេដឹកនាំគណបក្ស
ប្រឆាំងសម រង្ស៊ីវិញ។

ប្រជាពលរដ្ឋខ្មែរប្រមាណជាង៨០នាក់នាំគ្នាកាន់បដាភាសាខ្មែរផងអង់គ្លេស
ផងនៅក្រោមអាកាសធាតុ៦អង្សារយ៉ាងត្រជាក់ស្ពឹកដៃជើង នៅមុខស្ថានទូត
កម្ពុជាប្រចាំស.រ.អា.ដើម្បីទាមទារផងដែរ ឲ្យរដ្ឋាភិបាលកម្ពុជាការពារ ទឹកដី
កម្ពុជា នៅតាមបណ្តោយព្រំដែនជាមួយប្រទេសវៀតណាម និង អនុញ្ញាតឲ្យ
មានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។

លោកម៉ែន វណ្ណៈ ដែលជាបាតុករម្នាក់ក្នុងចំណោមបាតុករជាង៨០នាក់នោះ
រៀបរាប់អំពីគោលបំណងរបស់ក្រុមបាតុករនៅថ្ងៃនោះថា៖

“ទីមួយគឺសុំឲ្យរដ្ឋាភិបាលនៅប្រទេសកម្ពុជាធ្វើការពិនិត្យពិចារណាអំពីរឿងព្រំ
ដែន ដែលយួនកំពុងរំលោភឈ្លានពាន កំពុងតែយកទឹកដីរបស់ខ្មែរសព្វថ្ងៃនិង
សុំឲ្យរដ្ឋាភិបាលនៅប្រទេសកម្ពុជាការពារប្រជារាស្ត្ររបស់ខ្លួន ។ ទីពីរស្នើឲ្យ
រដ្ឋាភិបាលផ្តល់សិទ្ធិក្នុងការបញ្ចេញមតិឲ្យគណបក្សប្រឆាំងនិងគណបក្សដទៃ
ទៀតដែលគាត់និយាយអ្វីដែលជាការពិត ឲ្យបានពេញលេញ។ ហើយទីបីស្នើ
ឲ្យសភាកម្ពុជា ដែលជាសភារបស់ហ៊ុន សែន ផ្តល់អភ័យឯកសិទ្ធិ ជូនលោក
សម រង្ស៊ីវិញ ព្រោះសម រង្ស៊ី គឺជាអ្នកការពារផលប្រយោជន៍ប្រជារាស្ត្រ។ ការ
ដកអភ័យឯកសិទ្ធិរបស់សម រង្ស៊ី គឺជាការកាត់ទោសប្រជារាស្ត្រខ្លួនឯង"។

សភាដែលមានសមាជិកភាគច្រើនលើសលប់ពីគណបក្សប្រជាជនកម្ពុជាកាល
ពីថ្ងៃទី១៦ វិច្ឆិកាកន្លងទៅនេះ បានសមេ្រចជាឯកច្ឆន្ទបោះឆ្នោតព្យួរអភ័យឯក
សិទ្ធិសមាជិកសភាតំណាងរាស្រ្តរបស់លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រ-
ឆាំង ដើម្បីបើកផ្លូវឲ្យតុលាការខេត្តស្វាយរៀង ធ្វើការស៊ើបអង្កេតពាក់ព័ន្ធទៅ
នឹងការចោទថា លោកបានបំផ្លិចបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា វៀត
ណាម នៅខេត្តស្វាយរៀង។

លោក ប៉ាង ហៀច ដែលរស់នៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania
ថ្លែងថា លោកបានក្រោកពីដំណេកតាំងពីម៉ោង៥ភ្លឺ ដើម្បីបើកឡានដឹកបងប្អូន
ខ្មែរ៩នាក់ផ្សេងទៀត មកចូលរួមនៅក្នុងបាតុកម្ម នៅថ្ងៃនោះ។

“ខ្ញុំមកថ្ងៃនេះគឺមានចិត្តមួយ ចង់ជួយដល់ខ្មែរយើងនៅពីក្រោយ។ រឿងដែល
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្វើមិនត្រឹមត្រូវ លើប្រជាជនខ្មែរ។ ប្រជាជន
យើងទាមទារឲ្យគាត់គិតគូររឿងព្រំប្រទល់ដីធ្លីខ្មែរយើង។ កុំឲ្យពួកគាត់ចេះតែ
ទាមទាររាល់ថ្ងៃ"។

អ្នកស្រី ជ័យ អមរ៉ុង ជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ នៅរដ្ឋVirginia។
អ្នកស្រីថ្លែងថា ទោះជាបានមករស់នៅស.រ.អា.អស់ពេល២០ឆ្នាំហើយក្តី ក៏
អ្នកស្រីនៅតែមិនភ្លេចដល់ទុក្ខព្រួយរបស់ប្រជាពលរដ្ឋកម្ពុជាទេ។

“ទោះជាខ្ញុំជាជនជាតិអាមេរិកក្តី ប៉ុន្តែខ្ញុំមិនភ្លេចសាច់ឈាមយើងជាខ្មែរទេ។
ហើយណាមួយឃើញបងប្អូនយើងនៅស្រុកខ្មែរត្រូវគេធ្វើបាប រាល់ថ្ងៃរស់នៅ
ដោយមិនដឹងថា ថ្ងៃស្អែកទៅជាយ៉ាងណា។ ខ្ញុំមានការឈឺចាប់ណាស់ ហើយ
សង្ឈឹមថា បងប្អូនខ្មែរយើងទាំងអស់ ដែលនៅសេសសល់ពីការសម្លាប់របស់
ប៉ុល ពត និងការសម្លាប់របស់យួនហើយនិងសៀម ដែលវា ធ្វើបាបរាល់ថ្ងៃ
ហ្នឹង ធ្វើឲ្យជនជាតិខ្មែរយើង មានការស្រឡាញ់គ្នា រឹតតែខ្លាំងឡើងៗ" ។

លោកសម រង្ស៊ី ដែលកំពុងថិតនៅក្នុងទ្វីបអឺរ៉ុបដើម្បីស្វែងរកការគាំទ្រឲ្យមាន ការប្រគល់អភ័យឯកសិទ្ធិសមាជិកសភាជូនលោកវិញនោះ បានថ្លែងអំណរ
គុណដល់ក្រុមបាតុករតាមរយៈទូរស័ព្ទ។

“ខ្ញុំអរគុណបងប្អូនជាអនេកកប្បការ ។ សូមលំអោនកាយជម្រាបលាត្រឹមតែ
ប៉ុណ្ណេះចុះ តែការតស៊ូរបស់យើងនឹងបន្តរហូតដល់ទទួលបានជ័យជំនះ ១០០
ភាគរយជាស្តាពរ"។

“ជ័យយោ លោកសម រង្ស៊ី!”

ក្រុមបាតុករបានស្រែកអំពាវនាវឲ្យលោកឯកអគ្គរាជទូតកម្ពុជា ហែម ហេងចេញ
មកទទួលយកញត្តិរបស់ពួកគេយ៉ាងដូច្នេះថា៖

“នៅពេលនេះ សូមលោកអញ្ជើញចេញមកទទួលញត្តិ បាទ ។ សូមលោក
អញ្ជើញចេញមកទទួលញត្តិ។ សូមលោកចេញមកទទួលញត្តិបាទ"។

ពុំមានមន្ត្រីស្ថានទូតកម្ពុជាណាម្នាក់ចេញមកទទួលញត្តិរបស់ក្រុមបាតុករទេ។ វីអូអេក៏មិនអាចទាក់ទងជាមួយមន្ត្រីស្ថានទូតកម្ពុជា ដើម្បីសុំអត្ថាធិប្បាយជុំវិញ
ការធ្វើបាតុកម្មនេះដែរ។ ប៉ុន្តែលោក ងួនញ៉ិល អនុប្រធានសភាទីមួយសភាជាតិ
បានថ្លែងប្រាប់វីអូអេ តាមទូរស័ព្ទថា ពុំមានការដាក់សម្ពាធអ្វីមួយពីវៀតណាម ក្នុងការដកអភ័យឯកសិទ្ធិសមាជិកសភារបស់លោកសម រង្ស៊ី ដូចការចោទប្រ-
កាន់នោះទេ។ ហើយលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាន
ថ្លែងប្រាប់ វីអូអេ សម្លេងស.រ.អា.ថា លោកសម រង្ស៊ី ញុះញង់ចង់ឲ្យកម្ពុជានិង
វៀតណាមមានទំនាស់នឹងគ្នា។

នៅប្រហែលវេលាម៉ោង២រសៀល ក្រុមបាតុករបានបញ្ចប់បាតុកម្មរបស់ពួកគេ
ជាមួយនឹងចម្រៀងខ្មែរមួយបទ។

រាយការណ៍ពីរដ្ឋធានី Washington ខ្ញុំ ប៉ូចរាសី វីអូអេ ផ្នែកខេមរភាសា ។