ជនជាតិ Uighur នៅកម្ពុជាបាន ប័ណ្ណ Person of Concern

ដើម្បីស្តាប់ព័ត៌មាននេះ

ជនជាតិ Uighur 22 រូបបានទទួលប័ណ្ណPerson of Concern។ ប័ណ្ណនេះត្រូវ
បានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនចាត់ទុកថា ជាមនុស្សស្ថិត
នៅក្រោមការយកចិតទុកដាក់បំផុត ។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

បន្ទាប់ពីបានស្នាក់នៅក្នុងប្រទេសកម្ពុជា ជនជាតិម៉ូស្លីមភាគតិច Uighurដែល
បានភៀសខ្លួនពី ប្រទេសចិននោះត្រូវបានឧត្តមស្នងការសហប្រជាជាតិទទួល
បន្ទុកជនភៀសខ្លួនផ្តល់ប័ណ្ណ Person of Concern ។ អ្នកទាំងនេះស្ថិតនៅ
ក្រោមការការពារយ៉ាងដិតដល់របស់អង្គការសហប្រជាជាតិ មុននឹងសម្រេចថា
តើផ្តល់ឋានៈជាជនភៀសខ្លួន ឬក៏យ៉ាងណា នេះបើតាមការបញ្ជាក់របស់មន្រ្តី
ក្រសួងការបរទេសខ្មែរ ។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់នៅថ្ងៃច័ន្ទនេះថា
ជនជាតិUighurទាំង២២រូបកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការសហ
ប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។

លោកកុយ គួង បានបញ្ជាក់ទៀតថា រដ្ឋាភិបាលអត់មានវិធានការទៅលើជន
ភៀសខ្លួនទាំងនោះទេ បន្ទាប់ពីពួកគេមានប័ណ្ណ Person of Concernនោះ។

"បញ្ហាជនជាតិចិន Uighur ឥឡូវកំពុងស្ថិតក្នុងការគ្រប់គ្រងពេញលេញរបស់
ឧត្តមស្នងការសម្រាប់ជនភៀសខ្លួនអង្គការសហប្រជាជាតិ ហើយគាត់ទាំង
នោះបានទទួលប័ណ្ណពីឧត្តមស្នងការហ្នឹងឈ្មោះថា Person of Concernក្នុង
ឋានៈជាមនុស្សដែលគេយកចិត្តទុកដាក់។ហើយចំពោះបញ្ហានេះគឺរដ្ឋាភិបាល
កម្ពុជាយើងអត់មានវិធានការទៅលើអ្នកទាំងនោះទេ ដោយសារគាត់ស្ថិតនៅ
ក្នុងការគ្រប់គ្រងរបស់ឧត្តមស្នងការជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ
ណាស់"។

ជនជាតិUighurចំនួន២២រូបដែលនៅក្នុងនោះមានកុមារចំនួន៣រូបបានភៀស
ខ្លួនចេញពីតំបន់ ហ្សិន ហ្សាង ដែលជាតំបន់រំជើបរំជួលមួយគ្រប់គ្រងដោយ
រដ្ឋាភិបាលចិនបានចូលមកដល់ប្រទេសកម្ពុជា កាលពីអំឡុង ខែវិច្ឆិកា តាម
ច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង នេះបើតាមការបញ្ជាក់ពីមន្រ្តីអង្គការសហ
ប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនមួយរូបដែលសុំមិនបញ្ចេញឈ្មោះ។

ជនជាតិ Uighur ទាំង២២រូបនេះមានសុខភាពល្អធម្មតាទេ ហើយកំពុងស្ថិត
នៅក្រោមការយាមកាមយ៉ាងដិតដល់ពីអាជ្ញាធរសមត្ថកិច្ចរបស់រដ្ឋាភិបាលខ្មែរ
នេះបើតាមការបញ្ជាក់របស់មន្រ្តី UNHCR។

លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់
ថា ប្រសិនបើកម្ពុជារកឃើញថា ជនជាតិ Uighurទាំងនោះ បានឆ្លងដែនមក
ប្រទេសកម្ពុជាដោយខុសច្បាប់ នោះពួកគេអាចប្រឈមមុខការចាប់បញ្ជូនខ្លួន
ចេញពីប្រទេសកម្ពុជា ។

"ឲ្យតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់UNHCR យើងពិនិត្យមើលមានលិខិត
ឯកសារធ្វើដំណើអី លិខិតឆ្លងដែនអីអត់មាន បានសេចក្តីថា ចូលទឹកដីកម្ពុជា
ខុសច្បាប់។ ចូលខុសច្បាប់ ច្បាប់អន្តោ ប្រវេសន៍យើងមានហើយ ចូលតាម
ច្រកណា ចេញតាមច្រកហ្នឹង"។

លោកចាន់ សាវ៉េត មន្រ្តីផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស ADHOC បាន
មានប្រសាសន៍ថា ប្រសិនណាបើជនជាតិUighurទាំងនោះត្រូវបានចាប់បញ្ជូន
ខ្លួនឲ្យត្រឡប់ទៅវិញ ពួកគេនឹងប្រឈមមុខការកាត់ទោសប្រហារជីវិតដោយ
រដ្ឋាភិបាលចិន។

"មិននៅក្នុងប្រទេសកម្ពុជា ក៏គួរឲ្យអង្គការសហប្រជាជាតិទទួលបន្ទុកខាងផ្នែក
ជនភៀសខ្លួននេះរៀបចំឯកសារដើម្បីឲ្យពួកគាត់អាចគេចផុតពីគ្រោះគេហៅ
ថា ហានិភ័យទាំងឡាយ។ ប្រសិនបើពួកគាត់អាចត្រឡប់ទៅវិញនោះនឹងមាន
រឿងមួយដ៏ធ្ងន់ធ្ងរ។ វាអាចប៉ះពាល់ដល់អាយុជីវិតទៀត"។

យោងតាមទីភ្នាក់ងារសារព័ត៌មានXinhau របស់ចិនដែលបានចុះផ្សាយដោយ
កាសែតជាភាសាអង់គ្លេសមួយឈ្មោះថា The Cambodia Daily បានឲ្យដឹង
ថា ការប៉ះទង្គិចគ្នាដោយអំពើហិង្សារវាង សមាជិកនៃជនជាតិហានភាគច្រើន
របស់ចិន និង សមាគមនជនជាតិភាគតិច Uighur នៅភាគពាយព្យ ប្រទេស
ចិនបានសម្លាប់មនុស្សយ៉ាងតិចប្រមាណ ២០០នាក់ ហើយបានបង្កឲ្យរបួស
រហូតដល់ជាង១.០០០នាក់កាលពីខែកក្កដា។

កាលពីថ្ងៃព្រសហ្បតិ៍ ជនជាតិភាគតិច Uighur ចំនួន៥នាក់ ដែលពាក់ព័ន្ធ
នឹងកុបកម្មនោះ បានទទួលទោសប្រហារជីវិតនៅក្នុងប្រទេសចិននិង ៩នាក់
ផ្សេងទៀតត្រូវបានកាត់ទោសរួចហើយ ។

ខ្ញុំ ហេង រស្មី រាយការណ៍ VOAពីទីក្រុងភ្នំពេញ ។