ការបង្កើនទ័ពស.រ.អា.នៅអាហ្វហ្គានីស្ថាន មិនមែនជាជម្រើសល្អទេ

  • Michael Lapin
    VOA

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមអ្នកវិភាគបានសម្តែងការភ័យព្រួយអំពីជ័យជំនះលើពួក al-Qaeda និងពួក
Taliban នៅក្នុងប្រទេសAfghanistanតាមរយៈយុទ្ធសាស្ត្រសង្គ្រាមរបស់លោក
ប្រធានាធិបតីសហរដ្ឋអាមេរិក Obama។

លោក ជន សក្តា សូមជូនព័ត៌មាននេះ៖

ក្រុមអ្នកវិភាគខ្មែរបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យុទ្ធសាស្ត្របង្កើនចំនួន
កងទ័ពរបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក Barack Obama មិនគ្រប់
គ្រាន់នឹងយកឈ្នះលើបណ្តាញភេរវកម្ម al-Qaeda និង ពួក Taliban នៅក្នុង
ប្រទេស Afghanistan បានទេ បើសហរដ្ឋអាមេរិកមិនជំរុញការងារសង្គមកិច្ច
សម្រាប់ ការទាក់ទាញទឹកចិត្តរបស់ប្រជាជន Afghanistan នោះ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama កាលពីថ្ងៃពុធ បានដាក់
ចេញនូវយុទ្ធសាស្ត្រសង្គ្រាមនៅ Afghanistan សំដៅលុបបំបាត់ពួក al-Qaeda
និងជួយរដ្ឋាភិបាលទីក្រុង កាប៊ូល ឱ្យបញ្ចប់ការប៉ះបោររបស់ពួកTaliban ដោយ
សម្រេចចិត្តបញ្ជូនកងទ័ពអាមេរិកចំនួន ៣០.០០០នាក់ទៀត ទៅកាន់ប្រទេស
Afghanistan។

លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា បាន
ថ្លែងថា វាជាការលំបាកខ្លាំងណាស់ដើម្បីយកឈ្នះលើពួក al-Qaeda និង ពួក
Taliban នេះ ប៉ុន្តែកងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត NATO ត្រូវតែឈ្នះលើពួកភេរ-
វករអន្តរជាតិ ដើម្បីសន្តិភាព និងកំណើនសេដ្ឋកិច្ចពិភពលោក។

"ខ្ញុំយល់ឃើញថា នេះគ្រាន់តែជាមហិច្ឆិតារបស់សហរដ្ឋអាមេរិកដែលចង់គាស់
រំលើងឫសគល់នៃបណ្តាញភេរវកម្មal-QaedaនិងTaliban ឱ្យរំលំរលាយអស់។ យុទ្ធសាស្ត្រខាងកងទ័ពមួយមុខមិនអាចយកជ័យជំនះលើពួក al-Qaeda និង
Taliban បានទេ។ លុះត្រាតែមានយុទ្ធសាស្ត្រថ្មីនៃគោលនយោបាយ ពង្រីកនូវ
ជីវិតនិងសេដ្ឋកិច្ចរបស់សង្គម។

យុទ្ធសាស្ត្រគ្រប់ផ្នែកទាំងអស់ដែលអាមេរិកាំងចាំបាច់ត្រូវតែសម្រួលការចាំបាច់
របស់ប្រជាជន Afghanistanជាបណ្តើរៗ ដើម្បីឱ្យសាបរលាបនូវអ្វីដែលប្រជា
ជនមិន ត្រូវការចាំបាច់"។

នៅក្នុងប្រទេសកម្ពុជា ខ្មែរក្រហមបានផ្តួលរំលំរបបលន់ នល់ ដែលបានគាំទ្រ
ដោយសហរដ្ឋអាមេរិក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពួកខ្មែរក្រហមបាន
បណ្តេញប្រជាជនឱ្យចេញពីទីក្រុងភ្នំពេញទៅរស់ នៅតាមជនបទដោយធ្វើកសិ-
កម្មរួម និងបរិភោគរួម ព្រមទាំងបានសម្លាប់ប្រជាជនអស់ជិត២លាននាក់ រវាង
ពីឆ្នាំ១៩៧៥ ដល់១៩៧៩។

លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស ADHOC បានបញ្ជាក់ថា បើ
លោក Obama មិនមានយុទ្ធសាស្ត្រសង្គ្រាមថ្មីសម្រាប់ប្រទេស Afghanistan
ទេ រដ្ឋាភិបាលក្រុងកាប៊ូលអាចនឹងត្រូវដួលរលំ និងអាចមានការបង្ហូរឈាមធ្ងន់
ធ្ងរជាងសម័យខ្មែរក្រហមទៅទៀត នៅពេលដែលពួកal-Qaeda និងTaliban
មកកាប់សម្លាប់ប្រជាជនដែលគាំទ្ររដ្ឋាភិបាល។

"យុទ្ធសាស្ត្រសង្គ្រាមថ្មីរបស់លោក Obama នៅក្នុងប្រទេសAfghanistanនេះ ប្រហែលជាមិនបានជោគជ័យទេ។ បើកម្លាំងវាយលុកទ្រង់ទ្រាយធំធ្វើបានជោគ
ជ័យ នោះតាំងពីជំនាន់របស់លោកអតីតប្រធានាធិបតីBush នោះលោកBush
បានធ្វើបាត់ទៅហើយ។ ប៉ុន្តែខ្ញុំព្រួយបារម្ភថា ការបញ្ជូនកងទ័ពអាមេរិកបន្ថែម
៣០.០០០នាក់ និងកងទ័ពNATO បន្ថែមចំនួន៧០.០០០នាក់ទៅកាន់ប្រទេស
Afghanistan នេះ មិនត្រឹមតែមិនជោគជ័យទេ តែអាចនឹងជាប់ផុងតទៅទៀត
ដកមិនរួចមកវិញ។ នេះជាបញ្ហាធ្ងន់ធ្ងរសម្រាប់សហរដ្ឋអា មេរិកនិងសម្ព័ន្ធមិត្ត
NATOដែលធ្វើឱ្យមានវិបត្តិមកលើសេដ្ឋកិច្ចពិភពលោកកាន់តែពិបាកថែមទៀត ដោយសារចំណាយកាន់តែច្រើនលើសង្គ្រាមនៅ Iraq និង Afghanistan"។

លោក ធន សារ៉ាយ បានបន្ថែមថា សហរដ្ឋអាមេរិកគួរតែពង្រឹងរដ្ឋាភិបាលទី
ក្រុង កាប៊ូល ឱ្យមានការគាំទ្រពីប្រជាជនកាន់តែទូលំទូលាយ និង ឆាប់រហ័ស
ដើម្បីបន្សាបឥទ្ធិពលភេរវកម្មរបស់ al-Qaeda ហើយនិងការប៉ះបោររបស់ពួក
Taliban ។

"ការបង្កើនកងទ័ពនេះប្រហែលជាមិនល្អទេ បើមិនមានវិធានការក្នុងការធ្វើ ឱ្យ
មានប្រជាប្រិយភាពទៅដល់រដ្ឋការក្រុងកាប៊ូល។ រដ្ឋការក្រុងកាប៊ូល នេះជារដ្ឋ
ការមួយ ដែលចេញពីឆន្ទៈរបស់ប្រជាជន Afghanistan និង បម្រើប្រជាជន
Afghanistan ដោយស្មោះត្រង់។ នេះជាសំណួរដែលចោទឡើង"។

ដោយថ្លែងនៅក្នុងលក្ខណៈជាឯកជន និងជាឪពុកមារបស់កងទ័ពអាមេរិកាំង
ម្នាក់នៅក្នុងប្រទេសAfghanistan លោកផៃ ស៊ីផាន រដ្ឋលេខាធិការប្រចាំទី
ស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា សហរដ្ឋអាមេរិកគួរតែប្រយ័ត្នប្រយ៉ែង
នៅក្នុងការធ្វើសង្គ្រាមនៅ Afghanistan ពីព្រោះសហរដ្ឋអាមេរិកមានបទពិ-
សោធន៍សង្គ្រាមនៅប្រទេសវៀតណាម។

លោកផៃ ស៊ីផាន បានព្រួយបារម្ភចំពោះវាសនានៃសង្គ្រាមនៅ Afghanistan
ដូចសង្គ្រាមនៅវៀតណាម។

"កងទ័ពនេះគ្រាន់តែបង្ហាញនូវសាច់ដុំក្នុងវាយកំចាត់ ឬ បំបាត់នូវកងកម្លាំង
ភេរវករ ក៏ប៉ុន្តែសហរដ្ឋអាមេរិកគួរតែបង្កើនការងារសង្គមកិច្ចឱ្យបានច្រើនជាង
ការប្រើប្រាស់អាវុធ"។

លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងក្រុមមន្ត្រីយោធាខ្មែរ បានបដិ-
សេធមិនអត្ថាធិប្បាយលើយុទ្ធសាស្ត្រ គោលនយោបាយបញ្ជូនកងទ័ពបន្ថែម
របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកObamaទៅប្រទេសAfghanistan
នោះទេ។

ក្រុមមន្ត្រីនៃស្ថានទូតម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ហ្វីលីពីន ប្រចាំនៅក្នុងទីក្រុង
ភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយបញ្ជាក់ថា ពួកអស់លោក
គ្មានសមត្ថភាពធ្វើប្រតិកម្មអំពីយុទ្ធសាស្ត្រសង្គ្រាមថ្មីរបស់លោក Obama នៅ
ប្រទេស Afghanistan នោះទេ។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕