ព្រះរាជអាជ្ញាសាលាក្ដីខ្មែរក្រហម ចង់ឲ្យផ្ដន្ទាទោសឌុចធ្ងន់ធ្ងរបំផុត

សហព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហមចង់ឲ្យមានការផ្ដន្ទាទោសឌុចឲ្យបាន
ធ្ងន់ធ្ងរបំផុត ទៅតាមអំពើឃោរឃៅដែលគាត់បានប្រព្រឹត្តនៅគុកទួលស្លែង។

ក្ដីប្រាថ្នានេះធ្វើឡើងក្នុងពេល ដែលសហព្រះរាជអាជ្ញាធ្វើសេចក្ដីសន្និដ្ឋានចុង
បញ្ចប់របស់ខ្លួននៅក្នុងសវនាការកាត់ទោស ឌុច នៅថ្ងៃអង្គារនេះ។

លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញដូចតទៅ៖

សហព្រះរាជអាជ្ញាទាំងពីររូបបានទាមទារនៅថ្ងៃអង្គារនេះឲ្យសាលាដំបូងរបស់
សាលាក្ដីខ្មែរក្រហមធ្វើការផ្ដន្ទាទោស ឌុច ឲ្យបានធ្ងន់ធ្ងរជាទីបំផុត ស្របពេល
ដែលដំណើរការកាត់ទោសបញ្ចប់ករណីអតីតប្រធានគុកទួលស្លែងដ៏ទារុណកម្ម
រូបនេះត្រូវផ្អាក នៅមុនពេលដែលសហព្រះរាជអាជ្ញាបរទេសបិទបញ្ចប់ការសន្និ
ដ្ឋានរបស់ខ្លួនដោយសារ បញ្ហាបច្ចេកទេស។

ការជំរុញនេះបានកើតឡើងក្នុងពេលដែលសហព្រះរាជអាជ្ញាបានធ្វើសេចក្ដីសន្និ
ដ្ឋានចុងក្រោយរបស់ខ្លួនក្នុងដំណើរឆ្ពោះទៅរកការផ្ដន្ទាទោសឌុច។

លោកស្រីជា លាង សហព្រះរាជអាជ្ញាកម្ពុជា បានមានប្រសាសន៍នៅក្នុងសវនា
ការថា ឌុច គួរតែត្រូវផ្ដន្ទាទោសឲ្យជាប់គុកឲ្យបានយូរបំផុត ដើម្បីឲ្យសមល្មម
ទៅតាមបទឧក្រិដ្ឋដែលបានកើតមានឡើងនោះ។

“ឧក្រិដ្ឋកម្មដែលគាត់កំពុងទទួលរងការកាត់ឲ្យជាប់ទោសនេះគឺជាបទឧក្រិដ្ឋ
ដែលមានសភាពធ្ងន់ធ្ងរបំផុត និងដែលបានប្រព្រឹត្តឡើងប្រឆាំងនឹងមនុស្ស
យ៉ាងច្រើនដែលធ្វើឲ្យគេយល់បានយ៉ាងសាមញ្ញថា គ្មានអ្វីអាចនឹងមកជំនួស
បានឡើយ ក្រៅអំពីការកាត់ទោសរូបគាត់ឲ្យជាប់ពន្ធនាគាររយៈពេលមួយយ៉ាង
យូរនោះទេ "។

លោកស្រីជា លាង បានអធិប្បាយក្នុងសេចក្ដីសន្និដ្ឋានរបស់ខ្លួនថា មន្ទីរស២១
ឬគេស្គាល់ថា គុកទួលស្លែងក្រោមអំណាចរបស់ ឌុច នោះ គឺជាមន្ទីរសន្ដិសុខ
កំពូលបំផុតនៃបណ្ដាញមន្ទីរសន្ដិសុខនៅទូទាំងប្រទេសក្នុងសម័យកម្ពុជាប្រ-
ជាធិបតេយ្យរបស់ពួកខ្មែរក្រហម។

លោកស្រីសហព្រះរាជអាជ្ញាកម្ពុជាបានកត់សំគាល់ជាបន្ថែមថា ឌុច បានបង្ក
ឲ្យមានការរំលោភផ្លូវភេទ និង ការធ្វើទារុណកម្មជាប្រព័ន្ធ ។ ម៉្យាងវិញទៀត
យោងតាមភស្ដុតាងដែលនៅសេសសល់ បានបង្ហាញថា យ៉ាងហោចណាស់
អ្នកទោសចំនួន១២.៣៧៣នាក់ត្រូវបានកត់ត្រាថា បានស្លាប់នៅក្នុងគុកនេះ។

លោកស្រីជា លាង បានលើកឡើងថា នោះគឺជាការបង្កឲ្យមានការស្លាប់ដោយ
ចេតនានិងដោយគ្មានមនុស្សធម៌របស់ ឌុច។

លោក វីលាម ស្មីត (William Smith) សហព្រះរាជអាជ្ញាសញ្ជាតអូស្ដ្រាលី បាន
សង្កត់បន្ថែមតាមរយៈអ្នកបកប្រែដោយយោងទៅតាមអំពើឃោរឃៅដែលបាន
កើតឡើងក្រោមការគ្រប់គ្រងរបស់ ឌុច ថា គុកទួលស្លែងមិនគួរកើតមានជា
លើកទី២ទេ។

“នៅក្នុងរណីនេះ សហគមន៍អន្ដរជាតិ ក៏ដូចជាប្រទេសកម្ពុជា ស ២១ មិនត្រូវ
កើតមានម្ដងទៀតឡើយ"។

កាំង ហ្គិចអ៊ាវ ហៅ ឌុច អាយុ ៦៧ឆ្នាំ បានជាប់ចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម
ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម និង មនុស្ស
ឃាត។

ឌុចគឺជាអតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់ពួកខ្មែរក្រហមម្នាក់ ដែលត្រូវ
កាត់ទោសមុនគេ ក្នុងចំណោមជនសង្ស័យចំនួន៥នាក់ដែលត្រូវចាប់ខ្លួនដែល
ទាក់ទងនឹងការបង្កឲ្យប្រជាជនខ្មែរស្លាប់អស់ជិត២ លាននាក់។

ក្នុងរយៈពេលពេញមួយសប្ដាហ៍នេះគឺជាសវនាការចុងក្រោយក្នុងសំណុំរឿង
របស់ ឌុច ដែលភាគីនិមួយៗត្រូវធ្វើសេចក្ដីសន្និដ្ឋានជាចុងក្រោយ មុននឹង
សាលាដំបូងធ្វើការប្រកាសសាលក្រម ដែលគេជឿថា អាចនឹងធ្វើឡើងក្នុង
អំឡុងដើមឆ្នាំក្រោយនេះ។

ពីរាជធានី ភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងស.រ.អា.៕