កម្ពុជាផ្តល់តួនាទីជាទីប្រឹក្សាសេដ្ឋកិច្ច ដល់លោកThaksin

ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជាបានសម្រេចជាផ្លូវការផ្តល់តួនាទីជាទីប្រឹក្សាសេដ្ឋកិច្ចដល់អតិត
នាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra ។ ការផ្តល់តួនាទីនេះកើតឡើងនៅ
ពេល ដែលភាពតានតឹងខាងពាក្យសម្តីរវាងប្រទេសទាំងពីរនៅមិនទាន់ស្ងប់នៅ
ឡើយ។

លោក ហេង រស្មី ជូនសេចក្តីរាយការណ៍ដូចតទៅ៖

ព្រះមហាក្សត្រនៃប្រទេសកម្ពុជា បានប្រកាសតែងតាំងជាផ្លូវការអតីតនាយក
រដ្ឋមន្រ្តីថៃThaksin Shinawatraជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន និង ជាទីប្រឹក្សារដ្ឋាភិបាលទទួលបន្ទុកសេដ្ឋកិច្ច នេះបើតាមព្រះ
រាជក្រិត្យដែលបានឡាយប្រហស្ថលេខាដោយព្រះករុណាព្រះបាទសម្តេចបរម
នាថនរោត្តមសីហមុនី ។

ការប្រកាសតែងតាំងនេះស្របពេលដែលរដ្ឋាភិបាលនៅតែប្រកាន់ឥរិយាបទថា
នឹងផ្តល់សិទ្ធិជ្រក កោនផ្នែកនយោបាយដល់លោកThaksin Shinawatra។

ការប្រកាសរបស់រដ្ឋាភិបាលនេះ បានកើតមានឡើងក្រោយពីអតីតរដ្ឋមន្រ្តីថៃ
Thaksin Shinawatra បានប្រកាសច្រានចោលការផ្តល់សិទ្ធិជ្រកកោនផ្នែក
នយោបាយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីជៀសវាងកុំឲ្យមានការ
ប៉ះទង្គិចគ្នាផ្នែកការទូតរវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា លោកនឹងរៀបចំគេហ-
ដ្ឋានមួយដល់លោកThaksin Shinawatra ហើយនឹងមិនធ្វើបត្យាប័ន័លោក
Thaksin ទេ ប្រសិនណាបើលោកចង់មកស្នាក់នៅ កម្ពុជា ។

ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នេះ បានបង្កឲ្យមានសង្រ្គាម
ពាក្យសម្តីគ្នារវាងលោក Abhisit Vejjajiva នាយករដ្ឋមន្រ្តីថៃ ជាមួយនឹងប្រ-
ទេសកម្ពុជា លើបញ្ហារបស់លោកThaksin។

លោកផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បាន
និយាយយោងតាមសេចក្តីថែ្លងការណ៍របស់រដ្ឋាភិបាលដែលចេញផ្សាយនៅថ្ងៃ
ពុធនេះថា កម្ពុជានៅប្រកាន់ជំហរស្វាគមន៍លោកThaksinនិងបដិសេធការធ្វើ
បត្យាប័នណាមួយ ពីព្រោះកម្ពុជាជាប្រទេសឯករាជ្យមិន ស្ថិតនៅក្រោមគំនាប
នៃប្រទេសណាមួយទេ។

"ជាទូទៅ ជំហរយើងនៅតែតាមរបៀបច្បាប់ដដែល។ យើងរក្សាសិទ្ធិប្រទេស
មួយអធិបតេយ្យ ឯករាជ្យ។យើងរក្សាសិទ្ធិយើងមិននៅក្រោមគំនាបអ្នកណា។
អ្វីដែលជាខ្លឹមសារនៃច្បាប់ គឺ Thaksin នៅតែអាចអញ្ជើញចូលមកស្រុកខ្មែរ
ដោយគ្មានការទទួលបត្យាប័នពីកម្ពុជា"។

ការប្រកាន់ជំហរតឹងរឹងរបស់រដ្ឋាភិបាលកម្ពុជាលើករណីផ្តល់សិទ្ធិជ្រកកោនផ្នែក
នយោបាយដល់លោក Thaksinនេះ បានបង្កឲ្យមន្រ្តីគណបក្សប្រឆាំងនិងមន្រ្តី
សង្គមស៊ីវិលមានការព្រួយបារម្ភអំពីទំនាក់ ទំនងការទូតនៃប្រទេសទាំងពីរ។

លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្តនិងជាអ្នកនាំពាក្យនៃគណបក្សសម រង្ស៊ី
បានលើកឡើងថា កម្ពុជាមានបញ្ហាខ្លួនឯងដែលត្រូវដោះស្រាយច្រើនណាស់។ យើងពុំមានសមត្ថភាពអ្វីទៅដោះស្រាយបញ្ហានយោបាយនៃប្រទេសគេទេ ។

"យើងកំពុងជួបវិបត្តិសេដ្ឋកិច្ច ហើយប្រជាពលរដ្ឋយើងក្រ បាត់បង់ដីធ្លី ពុក
រលួយពេញផ្ទៃប្រទេស។គួរណាស់តែយើងដោះស្រាយបញ្ហាដែលយើងកំពុងជួប
ប្រទះខ្លួនឯង ប្រសើរជាជាងចំណាយធនធាន និង ចំណាយពេលវេលាទៅគិត
គូរអំពីបញ្ហានៅក្នុងប្រទេសគេដែលយើងពុំមានសមត្ថភាពដោះស្រាយ"។

ចំណែកលោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានមានប្រសាសន៍
ថា ប្រសិនណាបើរដ្ឋាភិបាលនៅតែប្រកាន់ជំហរបែបនេះ នឹងអាចប៉ះពាល់ដល់
ផលប្រយោជន៍ជាតិ។

"ខ្ញុំមើលឃើញថា បើសិនជាយើងផ្តល់ឲ្យអតីតនាយករដ្ឋមន្រ្តីសៀមឲ្យមកស្នាក់
នៅក្នុងប្រទេស យើងរយៈពេលយូរធ្វើឲ្យក្រុមសៀមមួយចំនួនហ្នឹងថា នឹង
សប្បាយចិត្ត ហើយនឹងបង្កបញ្ហាឲ្យកើតមានរវាងកម្ពុជាយើង និងសៀមហ្នឹង
ហើយបាទ"។

លោកThaksin Shinawatra អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានបណ្តេញចេញពី
មុខតំណែងកាលពីឆ្នាំ២០០៦ដោយរដ្ឋប្រហារមិនបង្ហូរឈាមមួយ ហើយក្រោយ
មកលោកបានបន្តស្នាក់នៅនិរទេសនៅឯបរទេសបន្ទាប់ពីតុលាការនៃប្រទេស
ថៃបានរកឃើញថា លោកជាប់ពាក់ព័ន្ធទៅ នឹងករណីអំពើពុករលួយ។

លោកAbhisit Vejjajiva នាយរដ្ឋមន្រ្តីថៃ ធ្លាប់បានមានប្រសាសន៍ប្រាប់ទីភ្នាក់
ងារសារព័ត៌មានបារាំងមួយឈ្មោះថា AFP នៅក្នុងទីក្រុងបាងកកបានដកស្រង់
សម្តីមកចុះផ្សាយថា កម្ពុជាដែលជាប្រទេសសមភាគី គួរតែទុកទំនាក់ទំនងនិង
បញ្ហានយោបាយឲ្យនៅដាច់ដោយឡែកពីគ្នា។

ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕