ព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំនេះត្រូវបានកត់សម្គាល់ឃើញថា ចំនួនទូក និង
ប្រទីបមានការថយចុះ ស្របពេលដែលថវិកាជាតិមួយចំនួនត្រូវបានកាត់បន្ថយ
ក្នុងការរៀបចំព្រះរាជពិធីនេះ ហើយបុណ្យដ៏ធំនេះក៏មានកង្វល់ពីការឆ្លងរីករាល
ដាលជំងឺផ្តាសាយថ្មី AH1N1 ដែរ។
នាង ធីតា វីន សូមជូនសេចក្តីពិស្តារអំពីរឿងនេះ៖
ព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំនេះចំនួនទូក និង ប្រទីបមានការថយចុះបើប្រៀប
ធៀបទៅឆ្នាំកន្លងទៅហើយថវិកាជាតិមួយចំនួនសម្រាប់រៀបចំក្នុងពិធីនេះក៏មាន
ការកាត់បន្ថយផងដែរ ។
លោកជា សុខុម អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរ
ជាតិបានឲ្យដឹងថា ទូកចូលរួមប្រណាំងមានចំនួន៣៩១តិចជាងឆ្នាំមុនជាង២០
ទូកដោយសារទូកមួយចំនួនមានវ័យចំណាស់មិនអាចចូលប្រកួតបាន។ចំណែក
ឯប្រទីបវិញមានតែ ៩ប៉ុណ្ណោះដែលឆ្នាំមុនមានរហូតដល់២៣ប្រទីប។
មួយវិញទៀតក្នុងឆ្នាំនេះលោកបានឲ្យដឹងថា ដោយសារឥទិ្ធពលនៃវិបត្តិសេដ្ឋកិច្ច
ពិភពលោកធ្វើឲ្យថវិកាជាតិសម្រាប់ចំណាយក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ
មានការកាត់បន្ថយអស់ប្រមាណជា៤០ភាគរយ ក៏ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់
ដល់ដំណើរការនៃព្រះរាជពិធីបុណ្យនេះឡើយ។
“ឆ្នាំនេះទូកមានការថយចុះជាងឆ្នាំមុនឆ្នាំនេះ។ យើងមានតែ៣៩១ទូកទេ ដោយ
ឡែកឆ្នាំទៅយើងមានជាង៤០០ទូក។ ហើយដោយសារទូកខ្លះចាស់ជរា វាទ្រុឌ
ទ្រោម ហើយវាពុកមិនអាចមកធ្វើការប្រណាំងបាន ។ មិនបានអនុញ្ញាតឲ្យទូក
ចាស់ជរាទ្រុឌទ្រោមហើយនោះ មកប្រណាំងទេ ខ្លាចគ្រោះថ្នាក់ដល់កីឡាករ។
ប្រទីបនៅក្នុងឆ្នាំនេះមិនបានធ្វើច្រើនទេ ក៏ប៉ុន្តែយ៉ាងហោចណាស់មាន៩ដែរនឹង
បានចូលរួម” ។
ព្រះរាជពិធីបុណ្យអុំទូក អកអំបុកនិងសំពះព្រះខែត្រូវបានប្រារព្ធធ្វើឡើងជារៀង
រាល់ឆ្នាំដោយក្នុងឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃទី០១ដល់ថ្ងៃទី០៣ខែវិច្ឆិកា ដែលមាន
រយៈពេល៣ថ្ងៃ ដោយប្រព្រឹត្តទៅនៅមុខព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញ ដែល
ជាទីប្រសព្វនៃទន្លេសាបនិងទន្លេមេគង្គ។
ព្រះរាជពិធីបុណ្យនេះគឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនៅកម្ពុជាដែលមាន
ប្រជាប្រិយភាពបំផុត។
មានទេសចរណ៍ក្នុងស្រុកប្រមាណពី៤ទៅ៥លាននាក់ត្រូវបានគេប៉ាន់ប្រមាណថា
នឹងចូលរួមទស្សនា ។ ការចូលរួមយ៉ាងច្រើនកុះករក្នុងព្រះរាជពិធីបុណ្យនេះបាន
ធើ្វឱ្យមន្រ្តីនៃក្រសួងសុខាភិបាលមានការព្រួយបារម្ភជាខ្លាំងចំពោះការរីករាល
ដាលយ៉ាងឆាប់រហ័សនៃមេរោគផ្តាសាយថ្មី AH1N1។
នៅក្នុងប្រទេសកម្ពុជាជំងឺនេះមានអ្នកស្លាប់រហូតទៅដល់៤នាក់ហើយនិងមាន
អ្នកផ្ទុកមេរោគជំងឺផ្តាសាយថ្មីនេះបានកើនឡើងដល់២៣៩នាក់។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ លោកលី សុវណ្ណ អនុប្រធាននាយក
ដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថា ក្រសួងបានត្រៀមខិតប័ណ្ណចំនួន៥០ម៉ឺន
សន្លឹកដើម្បីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់នៃជំងឺគ្រុនផ្តាសាយថ្មីAH1N1 គ្រុន
ផ្តាសាយបក្សី និងគ្រុនផ្តាសាយតាមរដូវកាល។
លោកបានបញ្ជាក់ថា ទូទាំងប្រទេស ក្រសួងត្រៀមមនុស្សប្រមាណជា២០០នាក់
សម្រាប់ដើរចែកខិតប័ណ្ណនេះក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។
“ពេលក្អក ឬ កណ្តាស់ សូមឲ្យប្រើក្រដាសខ្ទប់មាត់ ឬក្រមា និងកន្សែង។ ទីពីរ
សូមឧស្សាហ៍លាងដៃនឹងសាប៊ូជាមួយនិងទឹក និងទីបីកុំខាកស្តោះផ្តេសផ្តាស។ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើតាមតែការអប់រំឲ្យបានខ្ជាប់ខ្ជួន គឺថា
យើងអាចបង្ការជំងឺនេះមិនឲ្យមានការរាតត្បាតហើយមានការសប្បាយរីករាយ
កុំឲ្យមានការភ័យខ្លាចអី ។ ប៉ុន្តែបើមានករណីមានការថ្លោះធ្លោយកើតឡើងក៏
យើងមានមន្ត្រីរបស់យើងចុះទៅស្រាវជ្រាវនិងធ្វើការឆ្លើយតបជាបន្ទាន់ដែរ”។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថស្នងការប៉ូលិសក្រុងភ្នំពេញ
ធ្លាប់បានឲ្យដឹងថា កងកម្លាំងសន្តិសុខចំនួន ៦.៥៣០នាក់ដែលរួមមានកម្លាំង
ប៉ូលិស និងកងរាជអាវុធហត្ថ នឹងត្រូវដាក់ពង្រាយនៅក្នុងទីក្រុងភ្នំពេញដើម្បីថែ
រក្សាសន្តិសុខនិងសណ្តាប់ឆ្នាប់នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនៅថ្ងៃអាទិត្យខាង
មុខនេះ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែមានប្រវត្តិតាំង
ពីយូរយារណាស់មកហើយ ដែលគេរៀបចំពិធីនេះឡើងដើម្បីដឹងគុណដល់ព្រះ
គង្គានិងព្រះធរណីដែលបានផ្តល់ជីវិតរស់នៅនិងសុខុមាលភាពសម្រាប់យើងគ្រប់
គ្នា ហើយពិធីបុណ្យនេះក៏បង្ហាញពីភាពអង់អាចក្លាហាននៃវីរកងទ័ពជើងទឹករបស់
ប្រទេសកម្ពុជាកាលពីសម័យដើមដែលតែងតែឈ្នះមារសត្រូវ។
ពីរាជធានីភ្នំពេញ ខ្ញុំ ធីតា វីន VOA សម្លេងសហរដ្ឋអាមេរិក៕