មេធាវីដើមបណ្ដឹងរដ្ឋប្បវេណី ប្ដឹងឧទ្ធរណ៍សំណុំរឿងឌុច

ដើម្បីស្តាប់ព័ត៌មាននេះ

កុ្រមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី បានប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការ
សម្រេចរបស់សាលាដំបូង ដែលហាមឃាត់ពួកគេមិនឲ្យសួរដេញដោលលើអត្ត
ចរិតឌុច និងមិនឲ្យពួកគេធ្វើសេចក្ដីសន្និដ្ឋានទោសអតីតប្រធានគុកទួលស្លែង
រូបនេះ។

លោក គង់ សុឋានរិទ្ធ រាយការណ៍ពិស្ដារជូនពីទីក្រុង ភ្នំពេញ ដូចតទៅ៖

មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួន២ ក្រុមទើបតែបានដាក់បណ្ដឹងទៅ
កាន់តុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមដើម្បីប្ដឹងជំទាស់ទៅនឹងការសម្រេច
របស់សាលាដំបូង ដែលបាន សម្រេចរារាំងសិទ្ធិរបស់ពួកគេ។

កាលពីថ្ងៃទី២៧សីហា អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមបាន
សម្រេចដាក់បម្រាមមិនឲ្យមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី ចូលរួមធ្វើ
សេចក្ដីសន្និដ្ឋានលើការដាក់ទោស ឌុច និង ហាមមិនឲ្យមេធាវីធ្វើការសួរដេញ
ដោលអំពីអត្តចរិតរបស់ឌុចទេ។

ការសម្រេចនេះបានធ្វើឲ្យជនរងគ្រោះដោយរបបខ្មែរក្រហម ដែលបានសុំតាំង
ខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ធ្វើពហិការមិនព្រមចូលរួមក្នុងសវនាការកាត់
ទោសឌុច។

លោក ហុង គឹមសួន មេធាវីមួយរូបរបស់ដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងក្រុម២
សំណុំរឿង ឌុច បានមានប្រសាសន៍ថា មេធាវីក្រុមរបស់លោកបានដាក់បណ្ដឹង
ជំទាស់ទៅកាន់តុលាការកំពូលកាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយសារតែយល់
ថា ការសម្រេចខាងលើនេះមិនអាចទទួលយកបាន ហើយការសម្រេចនេះ នឹង
ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងសវនាការក្រោយៗ
ទៀត។

“ការបិទសិទ្ធិវាផ្ទុយនឹងគតិច្បាប់។មូលដ្ឋាននៃការទាត់ចោលហ្នឹងមិនបានពន្យល់
ឲ្យសមហេតុសមផលនោះទេ។ហើយយើងមិនសុខចិត្ត។យើងបានប្ដឹងទៅតុលា
ការកំពូល។ ទើបដាក់ម្សិលមិញ "។

បើយោងតាមលោកស្រី អេម៉ានុយអែល ម៉ាកសង់(Emmanuelle Marchand) អ្នកសម្របសម្រួលនៃមេធាវីគ្មានព្រំដែន និងជាជំនួយការផ្នែកច្បាប់របស់មេធាវី
តំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីក្រុម៣ បានឲ្យដឹងថា ក្នុងចំណោមមេធាវីទាំង
៤ក្រុមក្នុងសំណុំរឿងឌុច អតីតប្រធានមន្ទីរស-២១ ឬគុកទួលស្លែងដ៏ទារុណកម្ម
មានតែមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២ ក្រុមទេដែលបានដាក់
បណ្ដឹងប្រឆាំងជំទាស់នឹងការសម្រេចហាមឃាត់សិទ្ធិមេធាវីរបស់អង្គជំនុំជម្រះ
សាលាដំបូងនេះ។

លោកស្រី អេម៉ានុយអែល មានប្រសាសន៍ថា មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីក្រុម
២របស់លោក ហុង គឹមសួន បានប្ដឹងទាមទារសិទ្ធិរួមចំណែកក្នុងការធ្វើសេចក្ដី
សន្និដ្ឋានទោសលើជនជាប់ចោទ រីឯមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីក្រុម
៣របស់លោកស្រី បានទាមទារសិទ្ធិអាចសួរដេញដោលជនជាប់ចោទដូចមេធាវី
ចុងចោទនិងដូចព្រះរាជអាជ្ញាដែរ។

"យើងចាត់ទុកថា គឺជាការរំលោភសិទ្ធិនៃដើមបណ្ដឹងរដ្ឋប្បវេណីបន្ដិច។ គឺជាការ
កាត់ផ្ដាច់ភាពស្មើគ្នារវាងភាគី ។ ដើមបណ្ដឹងរដ្ឋប្បវេណី គឺជាភាគីមួយក្នុងដំណើរ
ការក្ដី។ ហើយតាមរយៈនេះ ភាគីដើមបណ្ដឹងរដ្ឋប្បវេណីមានសិទ្ធិដូចមេធាវីការ
ពារជនជាប់ចោទ និងព្រះរាជអាជ្ញាដែរគឺមានន័យថា សិទ្ធិទាំងសួរសំនួរដល់អ្នក
ជំនាញនិងទាំងសក្សី ដែលផ្ដល់ព័ត៌មានអំពីអត្តចរិតរបស់ជនជាប់ចោទ។

លោកឌឹម សុវណ្ណារម្យ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបានបញ្ជាក់ថា បណ្ដឹង
របស់ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី បានដាក់ដល់តុលាការកំពូល
ហើយ ក៏ប៉ុន្ដែលោកមិនបានផ្ដល់ អត្ថាធិប្បាយលម្អិតអំពីបញ្ហានេះទេ។

ដោយឡែក លោកគង់ ស្រ៊ីម ប្រធានតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហម
មិនអាចទាក់ទងបាន ទេនៅថ្ងៃនេះ។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធVOA សម្លេងសហរដ្ឋអាមេរិក៕