ខួប១៨ឆ្នាំកិច្ចព្រមព្រៀងទីក្រុង ប៉ារីស និងទស្សនៈខុសគ្នា

ដើម្បីស្តាប់ព័ត៌មាននេះ

សង្គមស៊ីវិល និងគណបក្សជំទាស់នៅក្នុងប្រទេសកម្ពុជាបានអំពាវនាវឲ្យមាន
ការគោរពឲ្យបានពេញលេញនូវគោលការណ៍នៃកិច្ចព្រមព្រៀងក្រុងប៉ារីសដើម្បី
នាំឲ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ និងបូរណភាពដែនដី។

លោក គង់ សុឋានរិទ្ធ រាយការណ៍លម្អិតជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖

គណបក្សសិទ្ធិមនុស្សនិងក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជាបានទទូចនៅថ្ងៃសុក្រ
នេះឲ្យមេដឹកនាំប្រទេសកម្ពុជានិងប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ជំរុញការដោះស្រាយបញ្ហាដែល ប្រទេសកម្ពុជាកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន
នេះ។

សេចក្ដីអំពាវនាវនេះធ្វើឡើងនៅចំខួប ទី១៨ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ដែលជាដើមហេតុនៃការនាំសន្ដិភាពដល់ប្រទេសកម្ពុជា ។ ក៏ប៉ុន្ដែរដ្ឋាភិបាល
បានលុបចោលថ្ងៃនេះជាថ្ងៃបុណ្យជាតិទៅវិញ។

កិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១គឺ ដើម្បីបញ្ឈប់
ជម្លោះផ្ទៃក្នុងកម្ពុជា។

កិច្ចព្រមព្រៀងនេះមានការចុះហត្ថលេខាដោយភាគីខ្មែរដែលឈ្លោះគ្នា និងមាន
ប្រទេសចំនួន ១៨ ចុះហត្ថលេខាជាសាក្សី ។ កិច្ចព្រមព្រៀងបានចែងពីគោល
ការណ៍គ្រឹះនៃប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញ
មតិ គោលការណ៍សេរីពហុបក្ស និង គោលការណ៍នៃការធានាដល់បូរណភាព
ទឹកដីជាដើម។

នៅក្នុងសេចក្ដីថ្លែងការណ៍ដែលផ្ញើរជូនបណ្ដាញផ្សព្វផ្សាយនៅចំថ្ងៃរំឭកខួបកិច្ច
ព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនេះ គណបក្សសិទ្ធិមនុស្សបានលើកឡើងថា
កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានធានាដល់ឯករាជ្យ សុខសន្ដិភាពដល់ប្រជាពល
រដ្ឋ ហើយដោយសារតែកិច្ចព្រមព្រៀងនេះបាននាំឲ្យប្រទេសកម្ពុជាមានការវិវត្ត
ជាច្រើន ដូចជាមានការបោះឆ្នោតដោយសេរី មានអង្គការក្រៅរដ្ឋាភិបាលមាន
សេរីពហុបក្ស មានសារព័ត៌មានឯករាជ្យ និង ទទួលបានជំនួយពីបរទេស ជា
ដើម។ ក៏ប៉ុន្ដែសេចក្ដីថ្លែងការណ៍នេះលើកឡើងថា នៅមានបញ្ហាជាច្រើនទៀត
ដែលត្រូវដោះស្រាយបន្ដ ដូចជាការរំលោភលើបូរណភាព អធិបតេយ្យភាពទឹក
ដីលំហូរនៃជនអន្ដោប្រវេសន៍ខុសច្បាប់ពីប្រទេសជិតខាង ភាពទន់ខ្សោយនៃ
ការ អនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការរំលោភលើសិទ្ធិប្រជា
ពលរដ្ឋនិងគម្លាតរវាងអ្នកមាននិងអ្នកក្រដែលបង្កដោយអំពើពុករលួយជាដើម
និងការអភិវឌ្ឍខ្វះសមធម៌។

សេចក្ដីថ្លែងការណ៍ដដែលក៏បានជំរុញឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទី
ក្រុងប៉ារីស និងរាជរដ្ឋាភិបាលកម្ពុជា ជំរុញការដោះស្រាយបញ្ហាទាំងនេះ។

លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សមានប្រសាសន៍ថា បញ្ហាទាំងនេះ
គឺជាកង្វល់របស់ប្រជាពលរដ្ឋកម្ពុជា។

“សុទ្ធតែជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្មែរ នៅលើបូរណភាព អធិបតេយ្យ
ភាពទឹកដី ហើយដែលគួរតែយកស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកដោះ
ស្រាយ ហើយទីពីរកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យសហគមន៍អន្ដរជាតិ ដែលជា
ហត្ថលេខី ជួយក្នុងការអភិវឌ្ឈប្រទេស ។ ឥឡូវការអភិវឌ្ឈបានទៅលើអ្នកមាន
ច្រើនណាស់ បានទៅលើអ្នកធំច្រើនណាស់ "។

ដោយឡែក លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជា
តំណាងឲ្យក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានទាមទារនៅក្នុងសេចក្ដីថ្លែងការណ៍
នៅថ្ងៃនេះដែរ ឲ្យមេដឹកនាំប្រទេសកម្ពុជា គោរពប្រតិបត្តិ គោរពគោលការណ៍
នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងឲ្យលើកយកបញ្ហាការចូលឈ្លានពានរបស់
កងទ័ពថៃមកលើទឹកដីខ្មែរ ទៅឲ្យប្រទេសហត្ថលេខីកិច្ចព្រមព្រៀងនេះជួយ
ដោះស្រាយ។

លោកខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលមិន
អាចធ្វើទំនាក់ទំនងបានទេនៅថ្ងៃនេះ។

ដោយឡែកលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈ
រដ្ឋមន្ដ្រី មានប្រសាសន៍ថា ប្រទេសកម្ពុជាក្រោយពីទទួលបានកិច្ចព្រមព្រៀង
ទីក្រុងប៉ារីស បានក្លាយទៅជាប្រទេសអធិបតេយ្យមួយ ហើយបញ្ហាមួយចំនួន
មិនចាំបាច់ត្រូវការអន្ដរាគមន៍បរទេសនោះទេ ដូចជាបញ្ហាព្រំដែននេះជាដើម។
ហើយតាមរយៈនោះ កម្ពុជាមានការរីកចម្រើនទៅមុខច្រើនណាស់ហើយ។

“ភាសាមួយម៉ាត់គត់ គឺប្រទេសយើងកំពុងតែអភិវឌ្ឈ។អភិវឌ្ឈន៍គ្រប់វិស័យទាំង
អស់ទាំងវិស័យសិទ្ធិមនុស្ស វិស័យសេដ្ឋកិច្ច វិស័យការពារជាតិ សេរីភាពទៅ
លើលទ្ធិប្រជាធិបតេយ្យ។ មិនមែនថា យើងនៅស្ងៀមទេ។ យើងអភិវឌ្ឈបាន
ច្រើនណាស់ "។

លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី មិនបានលើកពីការខ្វះចន្លោះនៃការ
អនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ។ នៅក្នុងពិធីមួយដែលរំឭកដល់
ខួបនៃកិច្ចព្រមព្រៀងនេះ លោកសម រង្ស៊ី បានរំឭកឡើងថា ​ កិច្ចព្រមព្រៀង
ក្រុងប៉ារីសបាននាំឲ្យកម្ពុជានូវសិទ្ធិសេរីភាព បើទោះបីជាសព្វថ្ងៃនេះសេរីភាព
នោះនៅមិនទាន់ពេញលេញក៏ដោយ។

ពីទីក្រុងភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕