កម្មករកាត់ដេរប្រហែល៤០០នាក់ សន្លប់ពេលកំពុងធ្វើការ

ដើម្បីស្តាប់ព័ត៌មាននេះ

កម្មករកាត់ដេរចំនួនប្រហែល៤០០នាក់បានដួលសន្លប់កាលពីដើមសប្តាហ៍នេះ ពេលដែលពួកគេកំពុងបំពេញការងារ ហើយមន្ត្រីពេទ្យការងាររបស់រដ្ឋាភិបាល
រកឃើញថា ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងរោងចក្រនោះ គឺជាហេតុ
បណ្តាលឱ្យកម្មករទាំងនោះដួលសន្លប់យ៉ាងដូច្នោះ។

លោកជៀប មុនី សូមជូនសេចក្តីរាយការណ៍ពិស្តា៖

បន្ទាប់ពីភ្លៀងរាំងបានបន្តិច កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ អ្នកស្រីឈួន
ម៉ាឡៃ អាយុ ២៨ឆ្នាំ បានដើរចេញពីបន្ទប់ជួលតូចមួយរបស់ខ្លួន សំដៅទៅ
កន្លែងលក់បង្អែម ដែលគេលក់នៅក្បែរបន្ទប់ជួលនោះ ចម្ងាយប្រហែលជា៤០
ម៉ែត្រ។

អ្នកស្រី ឈួន ម៉ាឡៃ ដែលទើបទទួលទានទឹកក្រឡុកហើយ នៅកន្លែងលក់
បង្អែមនោះ និងមើលទៅរាងស្លេកស្លាំងបន្តិច បានប្រាប់ថា អ្នកស្រីកម្រទទួល
ទានទឹកក្រឡុកណាស់ ព្រោះអ្នកស្រីខ្វះខាតលុយកាក់។ ប៉ុន្តែពេលនេះអ្នកស្រី
ដាច់ចិត្តហ៊ានចំណាយថវិកា២.០០០រៀលសម្រាប់ទិញទឹកក្រឡុកមួយកែវមក
ទទួលទាន ព្រោះអ្នកស្រីចង់ឱ្យមានកម្លាំងកំហែងឡើងវិញ បន្ទាប់ពីអ្នកស្រី
ដួលសន្លប់នៅថ្ងៃ ដែលអ្នកស្រីធ្វើការក្នុងរោងចក្រកាត់ដេរឈ្មោះឌឹ វាលបេស
ខេមបូឌា។

"អញ្ចេះ! ខ្ញុំធ្លាប់ សុខភាពខ្ញុំខ្លាំង ដល់ពេលហើយមកឈរៗសន្លប់អត់ដឹងខ្លួន។
ខ្លាចតែថ្ងៃក្រោយសុខភាពខ្ញុំខ្សោយអញ្ចឹង" ។

កាលពីរសៀលថ្ងៃច័ន្ទដើមសប្តាហ៍នេះ កម្មករកាត់ដេរនៅរោងចក្រឌឹ វាលបេស
ខេមបូឌាដែលស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ជាយ
ក្រុងភ្នំពេញ ចំនួនប្រហែល៤០០នាក់ក្នុងចំណោមកម្មករ១.៥៤០នាក់ បានដួល
សន្លប់ ក្នុងខណៈពេលដែលពួកគេកំពុងធ្វើការនៅក្នុងរោងចក្រនេះ ហើយពួក
គេត្រូវបានរោងចក្របញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ និង មន្ទីរព្យាបាលឯកជនមួយ
ចំនួនក្នុងទីក្រុងភ្នំពេញ ភ្លាមដើម្បីទទួលការព្យាបាល។

អ្នកស្រីឈួន ម៉ាឡៃ មានប្រសាសន៍ថា អ្នកស្រីត្រូវបានគេបញ្ជូនទៅមន្ទីរព្យា-
បាលឯកជនមួយឈ្មោះសម្ភពអង្គរ ដោយសារថ្ងៃនោះ អ្នកស្រីសន្លប់អស់រយៈ
ពេលជិត៦ម៉ោង បន្ទាប់មកអ្នកស្រីត្រូវគេដឹកយកមកផ្ទះ នៅយប់ថ្ងៃដដែល
ហើយអ្នកស្រីត្អូញត្អែរថា អ្នកស្រីនៅតែមានអាការៈអស់កម្លាំងនៅឡើយ។

អ្នកស្រីសែម សុគន្ធា អាយុ២៧ឆ្នាំ ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនឌឹ
វាលបេសខេមបូឌា មានប្រសាសន៍ថា ក្រុមហ៊ុនមានការសោកស្តាយចំពោះ
ហេតុការណ៍ដួលសន្លប់របស់កម្មករនៅថ្ងៃច័ន្ទនោះ។

អ្នកស្រីសែម សុគន្ធា ក៏មិនភ្លេចត្អូញត្អែរទេថា ដោយសារព្រឹត្តិការណ៍នោះក្រុម
ហ៊ុនត្រូវខាតបង់ច្រើន ដូចជាខាតបង់ទៅលើការចំណាយសម្រាប់ព្យាបាល
កម្មករអស់ប្រហែល១ម៉ឺនដុល្លារ និង ការចំណាយទៅលើប្រាក់ខែកម្មករដែល
មិនបានមកធ្វើការដោយសារបញ្ហានេះ អស់ប្រហែលជា១៤.000ដុល្លារ និង
ខាតបង់ទៅលើបញ្ហាផ្សេងទៀត។

អ្នកស្រី សែម សុគន្ធា មានប្រសាសន៍ថា រហូតមកដល់ថ្ងៃពុធនេះ ក្រុមហ៊ុន
នៅមិនទាន់ដឹងអំពីមូល ហេតុពិតប្រាកដដែលនាំឱ្យកម្មករដួលសន្លប់នៅថ្ងៃ
ច័ន្ទនោះទេ ក៏ប៉ុន្តែអ្នកស្រីបានព្រលយឱ្យដឹងថា ក្រុមហ៊ុនឌឹ វាលបេស ខេម
បូឌានេះ បានជួលក្រុមហ៊ុនមួយឱ្យមកបាញ់ថ្នាំសម្លាប់សត្វល្អិតក្នុងរោងចក្រ
ដើម្បីការពារកុំឱ្យសត្វល្អិតចង្រៃបំផ្លាញក្រណាត់ និងខោអាវរបស់រោងចក្រ។

"យើងបានជួលខាងក្រុមហ៊ុនសម្លាប់សត្វល្អិតហ្នឹងឱ្យមកបាញ់រៀងរាល់ថ្ងៃសៅរ៍
ក្រោយពេលដែលកម្មករចេញទៅផ្ទះ ។ យើងបាញ់តាំងពីចាប់ផ្តើមដំណើរការ
រោងចក្ររហូតមកដល់ថ្ងៃនេះ យូរហើយ២ឆ្នាំជាងហើយ ។ យើងក៏មិនដែល
មានបញ្ហាអីដែរ។ ទើបតែថ្ងៃច័ន្ទហ្នឹង"។

អ្នកស្រី សែម សុគន្ធា ក៏បានបញ្ជាក់បន្ថែមថា ៖

"យើងបាញ់ទៅតាមរន្ធកៀនៗ កន្លៀតហ្នឹង ដូចជាកន្លែងណាមានស្រមោច មាន
អីអញ្ចឹង គេបាញ់ហើយ ក្នុងលូ ក្នុងអីហ្នឹង។ គេបាញ់ដើម្បីកុំឱ្យមានកន្លាត មាន
កណ្តុរអីឡើងមក"។

លោក ប៉ុល វណ្ណថាត ប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និង
បណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា នេះបើតាមការស្រាវជ្រាវរបស់លោក គឺ
ដោយសារតែថ្នាំសម្លាប់សត្វល្អិតនោះហើយ ទើបធ្វើឱ្យកម្មករដួលសន្លប់។

"ដល់ពេលយើងមកមើលក្នុងរោងចក្រ យើងសង្កេតឃើញការប្រើប្រាស់សារ
ធាតុគីមីហ្នឹង វាខុសលក្ខណៈបច្ចេកទេស បានន័យថា គាត់ប្រើ pesticide អូន
យល់ហើយ pesticide ថ្នាំសម្លាប់សត្វល្អិត"។

លោក ប៉ុល វណ្ណថាត មានប្រសាសន៍ថា ចាប់តាំងពីខែមុនរហូតមកដល់ខែ
តុលានេះក្រសួងការងារ រកឃើញរោងចក្រចំនួន៣ រាប់ទាំងរោងចក្រ ឌឹ វាល
បេស ខេមបូឌាផងដែរ ដែលបានប្រើប្រាស់សារធាតុគីមី ដោយមិនត្រឹមត្រូវ
តាមលក្ខណៈបច្ចេកទេស ក៏ប៉ុន្តែលោកបដិសេធមិនប្រាប់ឈ្មោះរោងចក្រចំនួន
២ផ្សេងទៀតទេដោយលោកគ្រាន់តែបង្ហើបថា រោងចក្រទាំងនោះ ស្ថិតនៅក្នុង
ទីក្រុងភ្នំពេញ។

លោក ប៉ុល វណ្ណថាត ក៏បានជំរុញឱ្យរោងចក្រប្រើប្រាស់តែសារធាតុគីមីទាំង
ឡាយណា ដែលអាចសម្លាប់បានតែសត្វល្អិត និងអាចមានផលប៉ះពាល់ទៅ
លើមនុស្សក្នុងកម្រិតទាបបំផុត។

"ឥឡូវខាងខ្ញុំនេះកំពុងតែធ្វើ ហើយឯកឧត្តមរដ្ឋមន្ត្រី លោកយកចិត្តទុកដាក់
ណាស់ដើម្បី ផ្សាយព័ត៌មានហ្នឹងជូនដល់រោងចក្រទាំងអស់ឱ្យបានជ្រាបពីផល
ប៉ះពាល់នៃការប្រើប្រាស់សារធាតុគីមី ហើយនិងការសំអាតបរិយាកាសនៅ
កន្លែងធ្វើការដើម្បីឱ្យលោកថ្នាក់ដឹកនាំតាមរោងចក្រហ្នឹង លោកមានការប្រុង
ប្រយ័ត្ន កុំឱ្យករណីហ្នឹងកើតឡើងហើយកើតទៀត " ។

លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានកត់
សំគាល់ថា ចាប់តាំងពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ននេះ មានកម្មករប្រ-
ហែលជា២ទៅ៣ម៉ឺននាក់ ដែលដួលសន្លប់ក្នុងពេលពួកគេកំពុងធ្វើការក្នុងរោង
ចក្រកាត់ដេរ នៅទូទាំងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ លោក ជា មុនី បានព្រមានយ៉ាងដូច្នេះ ៖

"បើសិនជារដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះកម្មករ-កម្មការិនីទេ នៅពេល
ដែលកម្មករ-កម្មការិនី គាត់មានសុខភាពទន់ខ្សោយ ថ្ងៃអនាគត យើងនឹងបាត់
បង់កម្លាំងពលកម្ម ទី១។ ទី២ យើងនឹងចំណាយ ថវិកាជាច្រើនដើម្បីថែរក្សា
សុខភាពរបស់ពួកគាត់"។

បច្ចុប្បន្ននេះ មន្ត្រីរដ្ឋាភិបាលបានប៉ាន់ប្រមាណថា មានកម្មករប្រមាណជា៣៦
ម៉ឺននាក់កំពុងធ្វើការនៅក្នុងវិស័យកាត់ដេរ និង ស្បែកជើងក្នុងរោងចក្រចំនួន
ប្រហែល៥២០ ក្នុងប្រទេសកម្ពុជា ដោយពួកគេម្នាក់ៗទទួលបានប្រាក់ខែអប្ប-
បរមាចំនួន៥០ដុល្លារក្នុង១ខែ។

រាយការណ៍ពីទីក្រុងភ្នំពេញ ខ្ញុំ ជៀប មុនី VOA សម្លេងសហរដ្ឋអាមេរិក៕