រាជរដ្ឋាភិបាលបង្កើនមូលធិនិ អភិវឌ្ឈមូលដ្ឋាន

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបង្កើនការផ្ដល់នូវប្រាក់មូលធនទៅថ្នាក់មូល
ដ្ឋានរហូតដល់១០០លានដុល្លារអាមេរិក។ ហិរញ្ញប្បទាននេះនឹងត្រូវប្រើសម្រាប់
ការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធ និងធារាសាស្រ្ដ។

រដ្ឋាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងបង្កើនការចំណាយ
សម្រាប់ការអភិវឌ្ឈនៅថ្នាក់រដ្ឋបាលមូលដ្ឋានរហូតដល់១០០លានដុល្លារសហ
រដ្ឋអាមេរិកនៅឆ្នាំ២០១០ខាងមុខនេះ។ ក៏ប៉ុន្ដែមន្ដ្រីគណបក្សជំទាស់ធំជាងគេ
នៅក្នុងប្រទេសនិយាយថា ទឹកប្រាក់នេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

លោកគាត ឈន់ ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ
វត្ថុបានប្រកាសនៅក្នុងសិក្ខាសិលាក្នុងទីក្រុងភ្នំពេញ នៅរសៀលនេះថា រដ្ឋាភិ
បាលនឹងបង្កើនហិរញ្ញប្បទានសម្រាប់ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ
និង សង្កាត់ពីចំនួន៨២លានដុល្លារអាមេរិកាំងនៅឆ្នាំ២០០៩ ឲ្យបានកើនដល់
ចំនួន១០០លានដុល្លារនៅឆ្នាំក្រោយនេះ។

លោក គាត ឈន់ មានប្រសាសន៍ថា គម្រោងថវិកាទាំងនេះនឹងត្រូវផ្ដោតទៅ
លើការអភិវឌ្ឈ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងធារាសាស្ត្រ។

“វានៅក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្ដ្រអភិវឌ្ឈន៍ជាតិ។ មែនទែនទៅ ច្រើន
តែផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវ ហើយនិងធារាសាស្ដ្រជាដើម ហើយ
ក៏ជាមានខាងអនាម័យផងដែរ "។

លោកយឹម សុវណ្ណ តំណាងរាស្ដ្រមណ្ឌលភ្នំពេញនិងជាអ្នកនាំពាក្យគណបក្ស
ជំទាស់ សម រង្ស៊ី ដែលគ្រប់គ្រងរដ្ឋបាលថ្នាក់មូលដ្ឋានធំជាងគេ លំដាប់ទីពីរ
បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនោះ បានលើកឡើង
ថា ប្រទេសកម្ពុជាត្រូវការថវិកាច្រើនជាង១០០លានដុល្លារសម្រាប់បំពេញកិច្ច
អភិវឌ្ឈន៍នៅតាមមូលដ្ឋាន ។ តំណាងរាស្ដ្រគណបក្សជំទាស់រូបនេះបន្ថែមថា
រដ្ឋាភិបាលគួរយកចិត្តទុកដាក់បង្កើនថវិកាសម្រាប់វិស័យកសិកម្ម យកចិត្តទុក
ដាក់លើវិស័យអប់រំ និងសុខាភិបាលមូលដ្ឋានឲ្យបានខ្លាំងថែមទៀត។

យ៉ាងណាក៏ដោយ លោកយឹម សុវណ្ណគិតថា ការបង្កើនថវិកាសម្រាប់រដ្ឋបាល
មូលដ្ឋាននេះ ជាការចាំបាច់។

“ការតម្លើងថវិកាគឺជាការចាំបាច់ ហើយយើងគាំទ្រ។ហើយយើងសុំឱ្យមានការ
ត្រួតពិនិត្យឲ្យបានដិតដល់ ដើម្បីធានាថា ថវិកាដែលបានតម្លើងនេះត្រូវបាន
ប្រើប្រាស់ឲ្យចំគោលដៅ ឲ្យមានប្រសិទ្ធិភាព កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃជន
ពុករលួយ"។

ប្រទេសកម្ពុជាគឺជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក ដែលមានប្រជាជន
ក្រីក្រប្រមាណជាង៣០%ក្នុងចំណោមប្រជាជនសរុបជាង១៣លាននាក់។ ក្រៅ
ពីមានការរិះគន់អំពីអំពើពុករលួយជាប្រចាំ ក្រុមអ្នកវិនិយោគតែងតែរអ៊ូរទាំអំពី
ហេដ្ឋារចនាសម្ព័ន្ធនៅទន់ខ្សោយ ដែលប្រទេសនេះ ជាចាំបាច់ត្រូវធ្វើការពង្រឹង
ការវិនិយោគទៅលើមូលដ្ឋានចាំបាច់ជាបន្ថែមទៀត៕