គ.ជ.ប.:ព្យុះកេតសាណារំខានការ ពិនិត្យឈ្មោះ ចុះឈ្មោះបោះឆ្នោត

ឥទ្ធិពលខ្យល់ព្យុះកេតសាណា និងទឹកជំនន់បានបង្កឱ្យមានការរអាក់រអួលដល់
ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ក្នុងឃុំ-សង្កាត់ជាច្រើន
ដែលធ្វើឱ្យមន្ត្រីរៀបចំការបោះឆ្នោត មានការព្រួយបារម្ភខ្លាចក្រែងដំណើរការ
ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះមានភាពយឺតយ៉ាវ។

លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅ
កាត់ថា(គ.ជ.ប) បានថ្លែងថា គិតរហូតមកដល់ព្រឹកថ្ងៃអាទិត្យនេះដំណើរការ
ពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត មានការរអាក់រអួលក្នុងឃុំ-សង្កាត់
ជាង៤០នៅក្នុងខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ខេត្តកំពង់ធំមាន
ការរអាក់រអួលខ្លាំងជាងគេបំផុតគឺដល់ទៅចំនួន៧ឃុំ។

លោកទេព នីថាមានប្រសាសន៍ថា ដោយសារតែឥទ្ធិពលខ្យល់ព្យុះកេតសាណា
និងទឹកជំនន់ លោកកំពុងមានការព្រួយបារម្ភខ្លាចមានការយឺតយ៉ាវដល់ដំណើរ
ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១
ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩នេះ នៅតាមឃុំ-សង្កាត់នានា។

“គឺយើងពិចារណាទៅលើឃុំ-សង្កាត់មួយចំនួន ក្នុងករណីដែលរអាក់រអួលមិន
អាចបើកដំណើរការបាន។ នៅពេលចុងបញ្ចប់ យើងអាចបន្ថែមរយៈពេលមួយ
ចំនួនទៅតាមលទ្ធភាព នៅចន្លោះដែលច្បាប់អនុញ្ញាតបាន ដើម្បីឱ្យគាត់បាន
បំពេញការងារនេះ” ។

គ.ជ.ប. កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ
ដោយត្អូញត្អែរថា ឥទ្ធិពលខ្យល់ព្យុះ និងទឹកជំនន់ធ្វើឱ្យរអាក់រអួលដល់ដំណើរ
ការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត។

សេចក្តីប្រកាសព័ត៌មាននោះបានឱ្យដឹងថា ដំណើរការរអាក់រអួលគឺដោយសារ
ក្នុងឃុំខ្លះក្នុងខេត្តមួយចំនួន ដូចជាខេត្តព្រះវិហារ គេមិនអាចដឹកសម្ភារៈទៅ
កាន់ការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតបាន ពីព្រោះទឹក
ជន់លិចផ្លូវ ដោយឡែក ដូចជាខេត្តរតនគីរីវិញ មានឃុំចំនួន ២១បានបើក
ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប៉ុន្តែប្រជាពលរដ្ឋមិនអាច
ធ្វើដំណើរទៅចុះឈ្មោះបានដោយសារទឹកជន់លិចខ្លាំង។

លោកអ៊ុំ រីណា អនុប្រធាននាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹក និងឧតុ-
និយម មានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ មានភ្លៀងធ្លាក់ភាគច្រើននៅ
ប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា។

“ភ្លៀងវានៅរាយប៉ាយ ភាគច្រើននៅក្នុងភាគពាយ័ព្យហ្នឹង។ ក្នុងហ្នឹង ដូចជា
ឧទាហរណ៍ថា ឥឡូវមួយខេត្ត វាមាន២០ស្រុក គឺវាមិនមែនទាំង២០ស្រុកទេ។
វាភ្លៀងអាច២ភាគ ៣ ហើយក្នុងហ្នឹងរបាយទឹកភ្លៀងវាច្រើន” ។

កម្ពុជា គឺជាប្រទេសទី៣ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលរងគ្រោះ
ដោយសារខ្យល់ព្យុះកំបុតត្បូង ដ៏កាចសាហាវឈ្មោះ កេតសាណា ដែលបាន
សម្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ចំនួន ១៧ នាក់ និងរាប់សិបនាក់ផ្សេងទៀត ត្រូវ
រងរបួស ចាប់តាំងពីដើមសប្តាហ៍នេះមក។

កាលពីថ្ងៃទី ២៨ ខែកញ្ញាកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានព្រមានប្រជា
ពលរដ្ឋរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះកំបុតត្បូងកេតសាណា
ដោយប្រកាសឱ្យដឹងជាមុនថា ឥទ្ធិពលនៃខ្យល់ព្យុះកំបុតត្បូងនេះ ក៏អាចនឹងបង្ក
ឱ្យមានជំនន់ទឹកភ្លៀងផងដែរ៕ ចប់