មន្រ្តីរដ្ឋាភិបាលប្រឆាំងរបាយការណ៍ សិទ្ធិមនុស្សទៅ UN

ដើម្បីស្តាប់ព័ត៌មាននេះ

មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានច្រានចោលចំពោះការចោទប្រកាន់ពីអ្នក
ជំនាញរបស់UN ដែលបានរិះគន់ថា សេរីភាពបញ្ចេញមតិនៅកម្ពុជាទន់ខ្សោយ ។

លោកខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រនេះបានបញ្ចេញ
ប្រតិកម្មជំទាស់ភ្លាមៗ ចំពោះការរិះគន់ពីអ្នកជំនាញឯករាជ្យរបស់អង្គការសហ
ប្រជាជាតិ ដែលបានចោទប្រកាន់ថា ប្រព័ន្ធយុត្តិធម៌និងសេរីភាពបញ្ចេញមតិនៅ
កម្ពុជានៅមានលក្ខណៈទន់ខ្សោយនៅឡើយ ។

លោកខៀវ កាញារិទ្ធ បានលើកឡើងថា ការអះអាងនេះប្រាស់ចាកពីការណ៍ពិត
និងពុំបានតាមដានសភាព ការណ៍ពិតនៅកម្ពុជា ។

"គាត់អត់បានមើលរឿងអស់។ គាត់ស្តាប់អ្នកធ្វើការនៅទីនេះ ខ្ជិលពេក អត់ព្រម
ធ្វើការតាមដាន មើលការងារឲ្យអស់ ។ ចង់ឲ្យអ្នកធ្វើការនៅភ្នំពេញឧស្សាហ៍ធ្វើ
ការបន្តិចទៅណា ! កុំឲ្យបើកប្រាក់ខែចោល ដេកខ្ចិលអញ្ចឹង"។

លោក Surya Subedi អ្នកធ្វើរបាយការណ៍ពិសេសរបស់លោកអគ្គលេខាធិការ
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងប្រាប់ដល់កិច្ច
ប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ
ថា នីតិរដ្ឋមានលក្ខណៈទន់ខ្សោយនៅក្នុងប្រទេស។ តុលាការមិនឯករាជ្យ សម
ដូចដែលត្រូវមាន ហើយសិទ្ធិផ្នែកនយោបាយសំខាន់ៗខ្លះ ដូចជា សេរីភាពក្នុង
ការបញ្ចេញមតិ និងការប្រមូលផ្តុំដោយអហឹង្សាត្រូវបានរិតត្បិត។

លោក Surya Subedi បានបន្ថែមទៀតថា ច្បាប់បរិហាកេរ្តិ៍នៅក្នុងប្រទេសកម្ពុជា
បានទៅហួសពីអ្វីដែល ជាកម្រិតសក្តិសមនៃការរិតត្បិតខាងសេរីភាពបញ្ចេញមតិ
ក្រោមច្បាប់អន្តរជាតិ ដែលប្រទេសកម្ពុជាជាភាគីហត្ថលេខីមួយដែរ។ នេះបើតាម
ការបញ្ជាក់របស់លោកដែលប្រទះឃើញនៅក្នុងគេហទំព័ររបស់អង្គការសហប្រជា
ជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។

លោកខៀវ កាញារិទ្ធ បានបញ្ជាក់ថា សេចក្តីរាយការណ៍នេះ ជាការរាយការណ៍
ប្រយោលៗទៅតាមទំព័រការសែត រួចហើយបានរាយការណ៍ទៅទីក្រុងហ្សឺណែវ
តែប៉ុណ្ណោះ ។

"លោកអត់ទាំងដឹងផង ហើយការិយាល័យរបស់គាត់អត់មានតាមដានរឿងអីទាំង
អស់ អញ្ចឹងរាយការណ៍ឲ្យគាត់ចេះតែទៅៗ"។

ផ្ទុយពីការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាល លោកនី ចរិយា ប្រធានក្រុមស៊ើប
អង្កេតរបស់សមាគមសិទ្ធិមនុស្ស ADHOC ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស
នៅកម្ពុជា បានលើកឡើងថា អ្វីដែលជាការអះអាងរបស់លោក Surya Subedi
គឺជាការណ៍ពិត។ លោកនី ចរិយាបានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែធ្វើការ
កែតម្រូវឡើងវិញចំពោះការលើកឡើងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ។

"អ្វីដែលជាការច្រានចោល គិតថា វាជារឿងធម្មតាទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គួរ
តែធ្វើការពិចារណាទៅលើអ្វីដែលជាការលើកឡើងរបស់គេទៅ។ ហើយម្យ៉ាងវិញ
ទៀត ប្រសិនបើយើងធ្វើការច្រានចោលដោយមិនគិតពិចារណា ឬក៏គ្មានមូលដ្ឋាន
ត្រឹមត្រូវ អាហ្នឹង ការច្រានចោលរបស់យើងក៏ហាក់ដូចជាមិនសូវមានតម្លៃប៉ុន្មាន
ដែរ"។

រីឯលោក យឹម សុវណ្ណ អ្នកនាំពាក្យ និង ជាអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី
បានបញ្ជាក់ថា កម្ពុជានៅតែមានការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ហើយ
ប្រព័ន្ធតុលាការនៅតែមិនឯករាជ្យនៅឡើយ ។ លោកមានប្រសាសន៍ថា លោក
បានលើកយករបាយការណ៍របស់លោក Surya Subedi នេះទៅនិយាយនៅក្នុង
កិច្ចប្រជុំរបស់សភាស្តីអំពីក្រមនីតិវិធីព្រហ្មទណ្ឌនៅថ្ងៃសុក្រនេះ ក៏ប៉ុន្តែត្រូវបាន
មន្រ្តីរដ្ឋាភិបាលជំទាស់។

"អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សស្ទើរតែគ្រប់គ្នាទាំងអស់ដែលបាន
មក ហើយកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា តែងតែមានមតិស្រដៀងគ្នា ដែល
គាត់ឆ្លុះបញ្ចាំងពីការណ៍ពិតដែលទាមទារឲ្យរដ្ឋាភិបាល ត្រូវតែកែប្រែគោលនយោ
បាយរបស់ខ្លួនជាបន្ទាន់ទាក់ទងទៅនឹងការគោរពសិទ្ធិមនុស្សនៅកម្ពុជា"។

រដ្ឋសភាប្រទេសកម្ពុជាកំពុងតែពិភាក្សាដេញដោលលើក្រមនីតិវិធីព្រហ្មទណ្ឌដែល
មានចំនួន៦៧២មាត្រា ដែលនៅក្នុងនោះច្បាប់បរិហាកេរ្តិ៍ព្រហ្មទណ្ឌ កំពុងត្រូវបាន
គណបក្សដែលមានសម្លេងភាគតិចនៅក្នុងសភាជំទាស់ ៕